ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណ​បក្ស​សង្គ្រោះជាតិ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​លទ្ធផល​បោះឆ្នោត


ពលរដ្ឋ​​ដែល​​មិន​បាន​បោះឆ្នោត​​​បានដាក់ពាក្យ​បណ្តឹង​នៅស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។​
ពលរដ្ឋ​​ដែល​​មិន​បាន​បោះឆ្នោត​​​បានដាក់ពាក្យ​បណ្តឹង​នៅស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។​
គណបក្ស​ជំទាស់​ប្តឹង​ជំទាស់​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​បាន​ប្រកាស​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឈ្នះ​នោះ។​ ពីរដ្ឋធានី​វ៉ាស៊ីន​តោន លោក​សុខ​ ខេមរា​នៃ​វីអូអេ​បាន​រាយ​ការណ៍​ថា​ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​បាន​អះអាង​ថា ​គ.ជ.ប.​ត្រូវ​តែ​ដោះស្រាយ​បណ្តឹង​ដោយ​យុត្តិ​ធម៌​និង​តម្លាភាព​ហើយ​នឹង​បើក​កញ្ចប់​ឆ្នោត​និង​របាយ​ការណ៍​បោះឆ្នោត​ផ្ទៀង​ផ្ទាត់​ដោយ​មាន​ការ​ចូលរួម​សង្កេត​ការណ៍​ពី​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​រួម​ទាំង​អ.ស.ប.​ផង​ដែរ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ដាក់​ពាក្យប្តឹង​ជា​ផ្លូវ​ការទៅ​កាន់​គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​កាលពី​ថ្ងៃពុធ​ដើម្បី​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ដំបូង​ដែល​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឈ្នះ​ឆ្នោត​នោះ។​

ពាក្យ​បណ្តឹង​ទាំងនោះ​មាន​ពីរ​ប្រភេទ​គឺ​ទីមួយ​ជា​ពាក្យ​បណ្តឹង​ដែលគណបក្ស​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ហើយទី​២​គឺជា​ពាក្យ​បណ្តឹង​មក​ពី​ខេត្ត​ចំនួន​១៥​ដែល​ប្តឹង​ពី​ភាព​មិន​ប្រក្រតី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។​ បណ្តឹង​ទាំង​នេះ​កើត​ឡើង​បន្ទាប់ពី​គ.ជ.ប.​បាន​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ដំបូង​កាលពី​ថ្ងៃទី​១២​ខែ​សីហា ​ហើយ​ត្រូវ​គណបក្ស​ជំទាស់​ច្រាន​ចោល។ ​គណបក្ស​ជំទាស់​អះអាង​ថា ​លទ្ធផលចេញ​ពី​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ ខែ​កក្កដា​ ដែលខ្លួន​បាន​ទទួល​បង្ហាញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ឈ្នះ​៦៣​អាសនៈ​ ហើយ​ដែល​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន។​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​កួយ ប៊ុនរឿន​ និង​លោក​ យ៉ែម ប៉ុញ្ញឫទ្ធិ​បាន​ថ្លែង​ថា ​លទ្ធផល​ដែល​គ.ជ.ប.​បាន​ប្រកាស​មិន​ត្រូវ​គ្នា​នឹង​លទ្ធផល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ទេ។​

លោកកួយ ប៊ុនរឿន​ ដែល​ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់ឆ្នោត​ក្នុង​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​លទ្ធផល​នៃ​ការ​បោះឆ្នោត ​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​រក​ឃើញ​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​៦៣​អាសនៈ ​តែ​លទ្ធ​ផលបណ្តោះ​អាសន្ន​របស់​គ.ជ.ប.​មាន​ការ​ប្រែប្រួល​ច្រើន​ មិន​ស៊ីគ្នា​ទៅ​នឹង​សន្លឹក​ឆ្នោត​ ដែល​គណបក្ស​លោក​បាន​ទទួល​ទេ។​

លោក​និយាយថា៖​ «ដូច្នេះ​ដើម្បី​បង្ហាញ​ថា​ តើ​លទ្ធផល​ណាមួយ​ត្រូវ​នោះ​ ​លុះត្រា​តែ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បង្ហាញ​សុឆន្ទៈ​ទៅ​មើល​ក្នុង​កញ្ចប់​សុវត្ថិភាព ​«ក»​ ដែល​មាន​ទាំង​សន្លឹកឆ្នោត​ ​មាន​ទាំង​របាយ​ការណ៍​អំពី​ការ​បោះ​ ការ​រាប់​ហើយ​នឹង​របាយ​ការណ៍​នៃ​ការ​គូស​សន្លឹក​ឆ្នោត​ទាំង​អស់​នោះ»។​

លោក​កួយ ប៊ុនរឿន​បាន​បន្ថែម​ថា​ បើគ.ជ.ប.​នៅ​តែ​បិទ​បាំង ​ហើយ​មិន​បង្ហាញ​ការណ៍​ពិត​ នោះ​មិនត្រឹម​តែ​ពលរដ្ឋ​កម្ពុជា​ទេ​ សូម្បីតែ​សហគមន៍​អន្តរ​ជាតិ​ក៏​មិន​មាន​ជំនឿដែរ​ ហើយ​គ.ជ.ប.​នៅតែ​មាន​កេរ្តិ៍​ឈ្មោះ​មិនល្អ​ថា​ រៀបចំ​ការបោះ​ឆ្នោត​មិន​ត្រឹមត្រូវ។​

លោក​បន្តថា៖​ «ទី១​ ​យើង​ត្រូវតែ​ទាមទារ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ពិចារណា​ឡើងវិញ ​ថាអ្វី​ដែល​ជា​បញ្ហា​ដែល​កើត​មាន​ឡើង​ក្រោយ​ការ​បោះឆ្នោត​ ដែល​ពលរដ្ឋ​អ្នក​បោះឆ្នោត​លោក​មិន​សុខចិត្ត​ហ្នឹង​គឺដោយសារ​ទង្វើ​របស់​ខ្លួន​និង​សកម្ម​ភាព​របស់​ខ្លួន​ហ្នឹង​ហើយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។​ ហើយ​ទី២ ​យើង​នៅតែ​ទាមទារ​សុំឲ្យ​មាន​គណៈ​កម្មាធិការ​ឯករាជ្យ​មួយ​ដែល​ជា​ការ​ទទូច​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា អនុញ្ញាតឲ្យអ្នក​ ដែល​មាន​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោតបាន​ចូលរួម​ត្រួត​ពិនិត្យ​អំពី​ភាព​មិន​ប្រក្រតី​ ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​ទាក់ទង​នឹង​ការ​បោះឆ្នោត​ ក៏ដូច​ជា​អ.ស.ប. ​មក​សង្កេត​ការណ៍​រឿង​ភាព​មិន​ប្រក្រតី​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្ហាញ​ជូន​នោះ។​ ហើយ​ចំណុច​ទី៣​បើ​យើង​បង្ហាញ​សុឆន្ទៈ​របៀបហ្នឹង​ហើយ​នៅតែ​មិន​មាន​លទ្ធផល​ ហើយ​គ.ជ.ប.​នៅតែ​មានៈ​ ប្រឆាំង​នឹង​ឆន្ទៈ​ប្រជា​ពលរដ្ឋ។​ ខ្ញុំយល់​ឃើញ​ថា​ ប្រជា​ពលរដ្ឋ​មិន​សុខចិត្ត​ទេ​ ព្រោះ​មាន​ការ​លួច​បន្លំ​ឆន្ទៈ​របស់​គាត់​ ដូច្នេះ​គាត់​នឹង​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​តាម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​គេ​បាន​រំលោភ​នោះ»។​

លោក​យ៉ែម បុញ្ញរិទ្ធ​ បេក្ខជន​តំណាង​រាស្ត្រ​ឈ្នះ​ឆ្នោត​ខេត្ត​ព្រៃវែង និងជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា ​គណបក្ស​លោក​បាន​ដាក់​ពាក្យ​ប្តឹង​កាលពី​ថ្ងៃពុធ​ដើម្បី​ឲ្យ​មាន​ការ​ដោះស្រាយ​ពី​គ.ជ.ប.។​

លោក​និយាយថា៖​ «យើង​សង្ឃឹម​ថា ​បើ​គ.ជ.ប.​ឯករាជ្យ​ អព្យា​ក្រិត្យ ​គាត់​ប្រាកដ​ជា​បើក​ការ​ស៊ើប​អង្កេត ​ហើយ​នឹង​ផ្ទៀងផ្ទាត់​ទៅតាមអ្វី​ដែល​យើង​ប្តឹង​ដើម្បី​ឲ្យ​មាន​តម្លាភាព​ហើយ​នឹង​មាន​យុត្តិធម៌​សម្រាប់​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត​ទាំងអស់​គ្នា​ បាទ»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ទេព នីថា​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​អះអាង​ថា​ មាន​បណ្តឹង​ជាង​១០​ដែល​គ.ជ.ប.​បាន​ទទួល​កាលពី​ថ្ងៃពុធ​ ហើយ​បណ្តឹង​មួយ​ចំនួន​មន្ត្រី​ជំនាញ​បាន​ទទួល​ព័ត៌មាន​បន្ថែម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ ហើយ​មួយ​ចំនួន​ទៀត​កំពុង​សាកសួរ​បន្ថែម​ដើម្បី​ដាក់​ជូន​គ.ជ.ប.​ពិនិត្យ​សម្រេច​មុន​ពេល​បញ្ចប់​ការ​ដោះស្រាយ​បណ្តឹង​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​អះអាង​ថា ​គ.ជ.ប.​នឹង​ពិនិត្យ​បណ្តើរៗ​លើ​បណ្តឹង​ទាំងអស់​នេះ ថា​តើ​បណ្តឹង​នីមួយៗ​ចាត់ទុក​ជា​បាន​ការ​ ឬ​យ៉ាងណា។​

លោក​ឲ្យ​ដឹង​ថា៖​ «ព្រោះ​ថា ​បើ​តាម​ច្បាប់​គេ​ឲ្យ​ប្តឹង​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មួយ​ផ្នែក​ ឬទាំង​អស់​ ហើយ​ត្រូវ​មាន​ភស្តុតាង​ច្បាស់លាស់។ ​គណៈ​កម្មាធិការ​ណា​ធ្វើ​ខុស​នៅ​ពេល​ណា​ កន្លែងណា​ ហើយ​អញ្ចឹង​ទេ ​កាលណា​ករណី​ប្តឹង​រឿង​ផ្សេងៗ អា​ហ្នឹង​គ.ជ.ប.​នឹង​ពិនិត្យ​មើល​ថា ​ត្រូវ​ដោះស្រាយ​របៀប​ម៉េច? ​ព្រោះតាម​ច្បាប់​គឺ​សម្រួច​ទៅ​លើតែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ»។​

គណបក្ស​ជំទាស់​របស់​លោកសម រង្ស៉ី ​និង​លោកកឹម សុខា​បាន​អះអាង​ថា​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ ខែ​កក្កដា​ឆ្នាំ​២០១៣​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ដោយ​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​អ្នក​ជំនាញ​បោះឆ្នោត​ឯករាជ្យ​ និង​ការ​ចូលរួម​ឃ្លាំ​មើល​និង​សង្កេត​ការណ៍​ដោយ​អ.ស.ប.​ដើម្បី​ស៊ើប​អង្កេត​ភាពមិន​ប្រក្រតី​នោះ។​ តែ​គណៈ​កម្មាការ​នោះ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឬ​យល់​ព្រមឲ្យ​បង្កើត​ទេ។​

ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ ភាព​មិន​ប្រក្រតី​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ប៉ោង​ ការ​បោះឆ្នោត​បាន​ច្រើន​ដង​ ទឹក​ថ្នាំ​ជ្រលក់​ម្រាម​ដៃ​បោះ​ឆ្នោត​អាច​លាង​ជ្រះ ការ​បំបាត់​ឈ្មោះ​ពលរដ្ឋ​ជាង​១​លាន​២សែន​នាក់​មិនឲ្យ​បោះឆ្នោត​បាន​ជាដើម។​ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​នៅ​មាន​ពេល​៧២​ម៉ោង​ទៀត​ចាប់ពី​ថ្ងៃ​នេះ​ទៅ​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​បើ​មិន​ពេញ​ចិត្ត​នឹង​ការ​ដោះស្រាយ​របស់​គ.ជ.ប.​លើ​ពាក្យ​បណ្តឹង។ ​តែ​គ.ជ.ប.​នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ចុង​ក្រោយ​នៅថ្ងៃ​ទី​៨​ ខែ​កញ្ញា​ខាង​មុខ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG