ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស ខេង​បញ្ជាក់ថា​ មាន​ចលនាកងទ័ពត្រៀម​រក្សា​សន្តិសុខ


លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ថា មានការចល័ត​កងទ័ពមែន។​
លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ថា មានការចល័ត​កងទ័ពមែន។​
នៅ​ទី​បំផុត​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ស្គាល់​ថា​ ពិត​ជាមាន​ការ​ចល័ត​កង​ទ័ព​ចូល​មក​ទីក្រុង​ភ្នំពេញ​ពិត​ប្រាកដ​មែន​ ក៏ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ថា​ មាន​ចំនួន​កង​ទ័ព​ប៉ុន្មាន​ និង​បាន​ឈរ​នៅ​លើ​ទីតាំង​ណា​ពិត​ប្រាកដ​ទេ។​

កាល​ពីដើម​សប្តាហ៍​នេះ​ លោក​បាន​បដិសេធ​ថា​ មិន​មាន​សកម្មភាព​ចល័ត​កង​ទ័ព​ទេ។ ​តែដោយ​សារ​តែ​មាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ភាសារ​អង់គ្លេស​បាន​រាយការណ៍​អំពី​ចល័ត​កង​ទ័ព​ពី​តាម​បណ្តា​ខេត្ត​នានា​ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ​ ទើប​លោក​ស ខេង​បាន​អះអាង​ថា ​ពិត​ជា​មាន​ចល័ត​កង​ទ័ព​ពិត​ប្រាកដ​មែន។​

លោក​ស ខេង​បាន​បញ្ជាក់​ថា​ ការ​ចល័ត​កង​ទ័ព​នេះ​គឺដើម្បី​ទប់​ស្កាត់​ការ​គំរាម​កំហែងធ្វើ​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។​

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​ក្រសួង​ការ​បរទេស ​បន្ទាប់​ពី​មាន​ជំនួបជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ លោកស ខេង​បាន​បញ្ជាក់​ថា៖​«កន្លង​ទៅនេះ​ ឯក​ឧត្តម​សម រង្ស៊ី​ចេះ​តែមាន​យោបល់​បន្ត​បន្ទាប់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដល់​ទៅ​៧​លើក​ បើ​ខ្ញុំ​មិន​ច្រឡំទេ ​អំពី​មហា​បាតុ​កម្ម»។​

ក្រសួង​មហាផ្ទៃ​រយៈ​ពេល​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ចំនួន​ពីរ​លើក ​ដោយ​ទាមទារ​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ត្រូវ​គោរព​តាម​ក្រប​ខណ្ឌ​ច្បាប់​ និង​ប្រកប​ទៅ​ដោយ​សន្តិ​វិធី។​

នៅ​ក្នុង​ពិធី​ថ្លែង​អំណរ​គុណជាមួយ​ប្រជា​ពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​នានា​និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស ប្រសិន​ណា​បើ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​មិន​យុត្តិ​ធម៌។​

លោក​ស ខេង​មានប្រសាសន៍​ថា​ យើង​ទាំង​អស់​គ្នា​ព្រួយ​បារម្មណ៍​សន្តិសុខ​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ។​

លោក​បញ្ជាក់ថា៖«រដ្ឋាភិបាល​ ធម្មតា​ប្រទេស​ណាក៏​ដោយ​ តែង​តែមាន​ការ​រក្សា​សន្តិសុខ​ ស្ថិរភាព​សម្រាប់​ស្រុក​ទេស​ អញ្ចឹង​ហើយ​ខ្ញុំ​មិន​ដឹង​ ថា​តើ​គាត់​អាច​នឹង​គ្រប់​គ្រង​អ្នក​ដែល​ធ្វើ​បាតុកម្ម​បាន ​ឬមិន​បាន?​ នោះហើយ​ជាការ​ព្រួយ​បារម្មណ៍​របស់​យើង​ទាំង​អស់​គ្នា​ មិន​មែន​តែ​រដ្ឋាភិបាល​ទេ»។​

ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​និតិកាល​ទី​៥​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​កាន់​កាប់​អំណាច​ដ៏​យូរ​ជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ប្រកាស​ថា ​ខ្លួន​ជា​អ្នក​ឈ្នះ​ឆ្នោត​រហូត​ដល់​៦៨​អាសនៈ។​

ចំណែក​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា​ក៏​បាន​ប្រកាស​ថា​ ខ្លួន​ជា​អ្នក​ឈ្នះ​ឆ្នោត​ដូច​គ្នា​នេះ​ដែរ ​គឺបាន​អាសនៈ​ចំនួន​៦៣។​ តួលេខ​ខុស​គ្នា​នៃ​ចំនួន​អាសនៈបាន​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​មាន​ភាព​តាន​តឹង​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត។​

ក្នុង​ពេល​ដែល​កំពុង​មាន​វិបត្តិ​នយោបាយ​ កងទ័ព​និង​រថ​ពាសដែក​ត្រូវ​បាន​ដឹក​តាម​បណ្តា​ខេត្ត​នានា​នៃ​ប៉ែក​ពាយព្យ​ឆ្ពោះ​មកកាន់​ទីក្រុង​ភ្នំពេញ ​ដោយ​បំពាក់​នូវ​យុទ្ធភ័ណ្ឌ​ទំនើបៗ ដែល​មើល​ទៅ​ហាក់បី​ដូច​ជា​ការ​ប្រុង​ប្រៀប​ធ្វើ​សង្គ្រាម។​

លោកធន់ សារ៉ាយ​ ប្រធាន​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ឈ្មោះ​អាដហុក ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​ក្រសួង​មហា​ផ្ទៃ​ថា​ បើមាន​ការ​ចល័ត​កង​ទ័ព​បែប​នេះ​ត្រូវ​តែ​មាន​ការ​ពន្យល់​ពី​អាជ្ញាធរ​ដើម្បីឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​កក់​ក្តៅ​ឡើង​វិញ។​

លោក​មាន​ប្រសាសន៍ថា៖​ ​«យើង​នាំគ្នា​ខិត​ខំ​បន្ថយ​កំដៅ​ទាំង​អស់​គ្នា​សិន​ ពីព្រោះ​ថា​ បញ្ហា​កំដៅ​ចេះ​តែ​កើន​ឡើង ​យើង​អាច​មាន​ការ​ព្រួយ​បារម្មណ៍​ដែរ​ ពីព្រោះ​ថា ​បើ​កាលណា​មាន​បាតុកម្ម​អហិង្សា​មួយ​កើត​ឡើង​ ការ​ព្រួយ​បារម្មណ៍​ខាង​រដ្ឋាភិបាល​អម្បាញ់​ម៉ិញ​ លោក​បាន​បញ្ជាក់ហើយថា​ លោក​មាន​ការ​ព្រួយ​បារម្មណ៍​ថា​ ខ្លាច​អាច​មាន​បញ្ហា​គ្រប់​គ្រង​នៃ​ការ​ធ្វើ​បាតុកម្ម​ហ្នឹងមិន​បាន​ល្អ»។​

លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ​ការ​ចល័ត​កង​ទ័ព​គឺ​ជារឿង​មួយ​ដែល​យើង​មាន​ការ​ព្រួយ​បារម្មណ៍​ទាំង​អស់​គ្នា។ ​លោក​បញ្ជាក់​ថា​ ដរាបណា​ជម្រើសនៃ​ការ​ជជែក​គ្នា​រក​និតិវិធី​មិន​ទាន់​អស់​ យើង​ត្រូវ​ប្រឹងប្រែង​ទាំង​អស់​គ្នា​ដើម្បី​ឈាន​ទៅ​រក​ការ​ស្រុះស្រួល​គ្នា៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG