ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Human Rights Watch៖ លោក ហ៊ុន ម៉ាណែត ដើរ​តាម​លំអាន​ឪពុក​ធ្វើឱ្យ​ធ្លាក់​ចុះសិទ្ធិ​មនុស្ស


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក​ទី៤៥ នៅប្រទេសឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក​ទី៤៥ នៅប្រទេសឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

របាយការណ៍​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ឆ្នាំ​២០២៤ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Human Rights Watch ​បង្ហាញ​ថា​ រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បាន​គាប​សង្កត់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លំហ​សង្គម​ស៊ីវិល​ ការ​ចូល​រួម​ក្នុង​សកម្ម​ភាព​នយោបាយ ​និង​សេរីភាព​ជា​មូលដ្ឋាន​គ្រឹះ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២៤។​

នៅ​ក្នុង​របាយ​ការណ៍​ដែល​ត្រូវ​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃទី​១៦ ​ខែ​មករា​ ឆ្នាំ​២០២៤​ អង្គការ ​Human Rights Watch​ លើក​ឡើង​ថា​ អាជ្ញាធរ​បាន​បង្កើន​ការ​កាត់​បន្ថយ​នូវ​សិទ្ធិ​សម្តែង​មតិ​ដោយ​សេរី​ សេរីភាព​ផ្សព្វ​ផ្សាយ​ព័ត៌មាន ​និង​សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី ​និង​បាន​បង្កើន​ការ​ចាប់​ខ្លួន​ដោយ​មូលហេតុ​នយោបាយ ​និង​ឃុំ​ឃាំង​ក្រុម​ប្រឆាំង ​និង​អ្នក​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល។​

លោក​ ប្រាយអូនី លូ ​(Bryony Lau)​ នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សបាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ ​«នាយក​រដ្ឋមន្រ្តី​កម្ពុជា​ លោក ​ហ៊ុន ម៉ាណែត​ បាន​បន្ត​ដើរ​តាម​លំអាន​របស់​ឪពុក​លោក ​ដោយ​បង្កើន​ការប្រើ​ប្រាស់​ច្បាប់​ដែល​មាន​លក្ខណៈ​គាប​សង្កត់ ​និង​ប្រព័ន្ធ​តុលាការ​ដែល​លម្អៀង​ផ្នែក​នយោបាយ​ ក្នុង​ការ​បំបិទ​សំឡេង​អ្នក​ហ៊ាន​រិះគន់ ​និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស»។​

លោក​បន្ត​ទៀត​ថា៖​ «ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ​ពិត​ណាស់​មាន​តែ​ឈ្មោះ ​ហើយ​មាន​លំហ​សេរី​ភាព​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ដែល​នៅ​សេស​សល់​សម្រាប់​ទស្សនៈ​រិះគន់​ សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ធ្វើឡើង​ក្រោម​ការ​គំរាម​កំហែង ​និង​ធ្វើទុក្ខ​បុក​ម្នេញ​ជា​ប្រចាំ»។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ ​Human Rights Watch​ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ដោយ​បំពាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៩៤​នាក់ ​កាល​ពី​ចុង​ខែ​កក្កដា​ ឆ្នាំ​២០២៤​ ដោយសារ​តែ​ពួកគេ​បាន​រិះគន់​ជា​សាធារណៈ​ដល់​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ​កម្ពុជា​ ឡាវ វៀតណាម ហៅ​កាត់​ថា DTA / CLV។ ​របាយ​ការណ៍​បន្ថែម​ថា ​យ៉ាង​ហោច​ណាស់​នៅ​មាន​មនុស្ស​ចំនួន​៣៣​នាក់​ដែល​ប្រឈម​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ះ​បោរ ​និង​បទ​ញុះញង់ ​និង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ។ ​អង្គការ​ HRW​ បន្ថែម​ថា ​អាជ្ញាធរនៅ​បន្ត​កំណត់​គោល​ដៅ​ និង​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន ​អ្នក​សារ​ព័ត៌មាន និង​អ្នក​តស៊ូ​មតិ​សិទ្ធិ​ការ​ងារ​សម្រាប់​ការងារ​ពួកគេ​ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស។​

អង្គការ​ Human Rights Watch ​បញ្ជាក់​ក្នុង​របាយ​ការណ៍​ថា៖​ «ដៃគូ​អភិវឌ្ឍន៍​ និង​រដ្ឋាភិបាល​ផ្សេងៗ​ទៀត ​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​គួរ​មាន​ការ​អំពាវនាវ​រួម​គ្នា​ និង​ជា​សាធារណៈ​ឱ្យ​បញ្ចប់​ការ​វាយ​ប្រហារ​ប្រឆាំង​ការ​សម្តែង​មតិ​ដោយ​សេរី​ ការ​ចូលរួម​ក្នុង​សកម្ម​ភាព​នយោបាយ ​និង​ការ​ជួបជុំ​ដោយ​សន្តិវិធី»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក ​ប៉ែន បូណា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា ​របាយ​ការណ៍​របស់​អង្គការ ​Human Rights Watch ​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទេ​ ហើយ​របាយ​ការណ៍​ក៏​មិន​បាន​ធ្វើ​ឡើង​ស្របទៅ​តាម​វិជ្ជាជីវៈ​ជំនាញ​នោះ​ដែរ​ដោយ​លោក​ថា​ មាន​របៀប​វារៈ​នយោបាយ​នៅពី​ក្រោយ​ ដើម្បី​បង្ខូច​កម្ពុជា។​

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ មាន​លំហ​ទូលំ​ទូលាយ​ ដែល​ប្រៀប​បី​ដូច​ជា​«ឋាន​សួគ៌​នៃ​អង្គការ​សង្គម​ស៊ីវិល»។​

លោក​បញ្ជាក់​ថា៖​ «ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​អង្គការ​សង្គម​ស៊ីវិល​គេ​ធ្វើ​សកម្មភាព​ដោយ​សេរី​ ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌច្បាប់​របស់​កម្ពុជា​ លើក​លែង​តែ​អង្គការ​សង្គម​ស៊ីវិល​មួយ​ពីរ​ដែល​បំពាន​ច្បាប់​កម្ពុជា​ ហើយ​មាន​ចំណាត់​ការ​មួយ​ចំនួន​ ហើយ​អង្គការ​នេះ​តែង​តែ​យក​សង្គម​ស៊ីវិល​ពីរ​បី​ហ្នឹង​យក​មក​ធ្វើជា​គោល​ក្នុង​ការ​វាយ​តម្លៃ​ប្រទេស​ទាំង​មូល។​ នេះ​គឺ​ហៅ​ថា​ ការ​វាយ​តម្លៃ​ដែល​គ្មាន​វិជ្ជាជីវៈ ​តែឈរ​លើ​របៀប​វារៈនយោបាយ»។​

លោក​ រ៉ុង ឈុន ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​មួយ​លើក​ឡើងថា​ ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី ​រដ្ឋា​ភិបាល​កម្ពុជា​បាន​បន្ត​ការ​ចាប់​ខ្លួន​មក​លើ​សកម្ម​ជន​សង្គម ​មេ​ដឹកនាំ​គណបក្ស​នយោបាយ​នានា។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​យើង​ឃើញថា​ បញ្ហា​ហ្នឹង​វា​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ ហើយ​ចេះ​តែ​មាន​កំណើន​នៃ​ការ​ចាប់​មិន​ឈប់​ មិន​ឈរ។​ យើង​ឃើញ​ថា​ វា​នៅ​តែ​ជា​ចំណោទ​បញ្ហា»។​

បើ​តាម​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​រូបនេះ​ ប្រជា​ពលរដ្ឋ​សង្ឃឹម​ថា​ ​មេ​ដឹកនាំ​ថ្មី​នឹង​ធ្វើ​ឱ្យ​សេរីភាព​សិទ្ធិ​មនុស្ស​បាន​ល្អ ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ ​មេ​ដឹកនាំ​ថ្មី​ហាក់​មិន​ទាន់​បាន​ស្តារ​សេរីភាព​ទាំង​អស់​នេះ។​

លោក​ រ៉ុង ឈុន ​បន្ត​ថា លោក​ ហ៊ុន ម៉ាណែត នៅតែ​បន្ត​ដើរ​តាម​គោល​នយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ឪពុក​របស់​លោក ​គឺ​លោក ​ហ៊ុន​ សែន​ ជា​ប្រធាន។​

កាល​ពី​កន្លង​ទៅ ​អតីត​នាយក​រដ្ឋមន្រ្តី​លោក ​ហ៊ុន សែន ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា​ ធ្លាប់​បាន​លើក​ឡើង​ថា​ បើ​ទោះ​បី​លោក​មិន​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​តទៅ​ទៀត លោក​នៅ​តែ​គ្រប់​គ្រង​នយោបាយ​កម្ពុជា​ដដែល​ក្នុង​ឋានៈ​ជា​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។​

គួរ​បញ្ជាក់​ថា ​លោក ហ៊ុន ម៉ាណែត​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​បណ្ឌិត្យ​សភា​យោធា West Point ​របស់​សហ​រដ្ឋ​អាមេរិក​ និង​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ពី​សាកល​វិទ្យាល័យ​ក្រុង​ញូវយ៉ក ​និង​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ពី​សាកល​វិទ្យាល័យ​ក្រុង​ Bristol​ នៃ​ប្រទេស​អង់គ្លេស​បាន​កាន់​តំណែង​ត​ពី​ឪពុក​របស់លោក ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​សីហា ​ឆ្នាំ​២០២៣​ បន្ទាប់​ពី​ឪពុក​របស់​លោក ​គឺ​លោក ហ៊ុន សែន ​ដែល​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ជិត​ ៤០ ឆ្នាំ​មក​ហើយ៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG