ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​រក្សា​ជំហរ​អំពី​កំណែ​ទម្រង់​គជប


លោក សម រង្ស៊ី ថ្លែង​នៅឯ​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ទីតាំង​នៅ​ចាក់​អង្រែ​លើ ក្នុង​ឱកាស​ប្រារព្វ​ខួប​មួយ​ឆ្នាំ​នៃ​​ការបង្កើត​គណបក្ស​របស់​លោក។
លោក សម រង្ស៊ី ថ្លែង​នៅឯ​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ទីតាំង​នៅ​ចាក់​អង្រែ​លើ ក្នុង​ឱកាស​ប្រារព្វ​ខួប​មួយ​ឆ្នាំ​នៃ​​ការបង្កើត​គណបក្ស​របស់​លោក។
ភ្នំពេញ៖ លោក​ សម រង្ស៊ី​ មេដឹក​នាំគណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​លក្ខខណ្ឌ​ចំនួន​បី​ចំណុច​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ផ្លាស់​ប្តូរ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដើម្បី​ចៀស​វាង​ភាព​មិន​ប្រក្រតី​កើត​មាន​ឡើង​ក្រោយ​ពេល​បោះ​ឆ្នោត។

លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​គាំទ្រ​នៅ​ពេល​ដែល​លោក​ចុះ​សួរ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​កំពត​និង​ខេត្ត​តាកែវ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដូច​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ កំណែ​ទម្រង់​ស៊ីជម្រៅ​ត្រូវ​តែ​ធ្វើ​ឡើង​ចំពោះ​គជប​ពីព្រោះ​គណបក្ស​របស់​លោក​មិន​អាច​ទុក​ចិត្តសមាសភាព​នៃ​គជប​សព្វ​ថ្ងៃ​នេះ​ទេ។​

លោក​ សម រង្ស៊ី បាន​ផ្តល់​ជម្រើស​បី​ក្នុង​ការ​ផ្លាស់​ប្តូរ​សមាសភាព​នៃ​គជប។ ទី១​សមាសភាព​នៃ​គជប​ត្រូវ​តែ​មាន​សមាសភាព​ស្នើ​គ្នា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ គណបក្ស​សង្គ្រោះជាតិ​។ ទី២​ សមាសភាព​គជប​ត្រូវ​ជ្រើស​ចេញ​ពី​អង្កការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឯករាជ្យ។

លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​ថា សមាសភាព​នៃ​គជប​ត្រូវ​មាន​ប្រាំបួន​រូប​ គឺ​បី​រូប​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ បី​រូប​មក​ពីគណបក្ស​ប្រជាជន​និង​ បី​រូប​ផ្សេងទៀត​ជាអ្នក​អាជ្ញា​កណ្តាល។​

«ត្រូវ​តែ​ប្តូរ​សមាសភាព។ ធ្វើ​យ៉ាង​ណា​ឲ្យ​គជប​ហ្នឹង​ឯករាជ្យ។ បើ​មិន​ឯក​រាជ្យទេ​ ឲ្យ​មាន​តុល្យភាព។ កុំ​ឲ្យ​ស្ថិត​នៅ​ក្រោម​បញ្ជា​គណបក្ស​ណាមួយ​ឲ្យ​សោះ។ ឥឡូវ​វា​មាន​តែ​ពីរ​គណបក្ស។ អញ្ចឹង​ទាល់​តែគណបក្ស​ពីរ​ហ្នឹង​ឯក​ភាព​គ្នា​ជ្រើស​រើស​សមាជិក​ហើយ​ប្រធាន​ថ្មី​នៃ​គជប»។

លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​ថា ប្រសិន​បើ​មិន​ឯកភាព​គ្នា​ចំពោះ​ការ​ផ្លាស់​ប្តូរ​សមាសភាព​នៃ​គជប​នោះ​ទេ គណបក្ស​សង្គ្រោះជាតិ​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ជាថ្មី​ម្តង​ទៀត។​

សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បច្ចុប្បន្ន​នេះ​មាន​ចំនួន​ប្រាំបួន​រូប​តែ​ភាគ​ច្រើនិ​ជា​សមាជិក​នៃ​គណបក្ស​គ្រប់​គ្រង​អំណាច។​

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ចាត់​ទុកថា​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្វើ​ឲ្យ​លទ្ឋផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៣​ទទួល​ការ​រិះ​គន់​ថា ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​ដោយ​សារ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។​

យោង​តាម​លទ្ឋផល​បោះ​ឆ្នោត​ដែល​បាន​ប្រកាស​ដោយ​គជប គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​៦៨​អសនៈ​ ចំណែក​ឯ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អសនៈ។​

គណបក្ស​សង្គ្រោះជាតិ​បាន​ទាត់​ចោល​លទ្ឋផល​ដែល​ចេញ​ដោយ​គជប​ហើយ​បាន​បន្ត​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ជាច្រើន​លើក​រហូត​ដល់​មាន​ការ​បង្ក្រាប​ដោយ​អំពើ​ហឹង្សា​ពី​កង​កម្លាំង​សម្ថកិច្ច​របស់​រដ្ឋាភិបាល​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​ប្រាំមួយ​នាក់​ រង​របួស​ជាច្រើន​នាក់​ និង​ចាប់​ខ្លួន​ដាក់​ពន្ឋនាគារ​២៣នាក់។ ក៏ប៉ុន្តែ​ក្រោយ​មក​ពីរ​នាក់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។​

លោក​ ឈាង វ៉ុន​ សមាជិក​គណៈកម្មការ​ចរចារ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា សមាសភាព​គជប​ត្រូវ​តែ​ជ្រើស​ចេញ​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​តែ​ប៉ុណ្ណោះ។

«គណបក្ស​សង្គ្រោះជាតិ​ដែល​គាត់​ទាមទារ​ស្នើ​គ្នា​នេះ​ជាសិទ្ឋិ​របស់​គាត់។ ក៏​ប៉ុន្តែ​គណបក្ស​ប្រជាជន​គាត់​មាន​ការ​គិត​គូរ​របស់​គាត់​ដែរ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​នៅ​គង់វង្ស។ យើង​ត្រូវ​ធ្វើ​តាម​សំណូម​ពរ​របស់​ប្រជាជន​ដែរ»។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មិន​ទាន់​បាន​បញ្ជាក់​ថា​នឹង​បែង​ចែក​សមាសភាព​នៃ​គជប​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​គ្នា​ទេ។ ចំណុច​នេះ​គណបក្សទាំង​ពីរ​មិន​ទាន់​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ៕
XS
SM
MD
LG