ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សង្កេត​ការណ៍​អន្តជាតិ​ខ្លះយល់​ថា​ ការ​បោះឆ្នោត​យុត្តិធម៌​


លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បោះឆ្នោត​ថ្ងៃ​២៨​កក្កដា ឆ្នាំ២០១៣។​
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បោះឆ្នោត​ថ្ងៃ​២៨​កក្កដា ឆ្នាំ២០១៣។​
ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​អន្តរជាតិ​ ដែល​មាន​ឈ្មោះ​ថា ​សន្និសីទអន្តរ​ជាតិ​ស្តីពី​គណ​បក្ស​នយោបាយ​អាស៊ី​ហៅ​កាត់​ថា ​ICAPP ​និង​ក្រុម​អ្នក​ប្រជា​ធិបតេយ្យ​អន្តរ​ជាតិ​អាស៊ី​ប៉ាស៊ីហ្វិក​និយម​កណ្តាល​ហៅ​កាត់​ថា​ CAPDI ​ដែល​មាន​ទំនោរ​ទៅ​រក​គណបក្ស​កាន់​អំណាច ​បាន​ប្រកាស​ថា​ ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាណត្តិទី​៥​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ យុត្តិ​ធម៌​ តម្លាភាព ​គ្មាន​ការ​គំរាម​កំហែង ​និង​គ្មាន​អំពើ​ហិង្សាទេ។​

សេចក្តី​អះ​អាង​នេះ​គឺ​ផ្ទុយ​គ្នា​នឹង​ការ​រក​ឃើញ​របស់​អង្គការ​ឯករាជ​ និង​គណបក្ស​ប្រឆាំង។​

នៅ​ក្នុង​សន្និសីទសារ​ព័ត៌មាន​នៅ​ថ្ងៃច័ន្ទ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ លោក​សេន ​មូសា​ហ៊ិត ​ហ៊ូស​សេន ​សា​យីត​ Sen ​Mushahid​ Hussain ​Sayet ​ជា​អគ្គ​លេខាធិ​ការ​នៃ​ CAPDI​ និង​ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់​ ICAPPបាន​ថ្លែងថា ​ក្រុម​អ្នក​សង្កេត​ការណ៍​របស់​លោក​សង្កេត​ឃើញ​ថា ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាណត្តិ​នេះ​គឺ​ដំណើរ​ការ​ទៅ​រលូន​ សេរី ​យុត្តិធម៌ ​និង​ គ្មាន​អំពើ​ហិង្សា។​

លោក​និយាយថា៖ «ចាត់ទុក​ការ​បោះឆ្នោត​នៅ​កម្ពុជា​ពេល​នេះ​ជា​ជោគ​ជ័យ​នៃ​ឆន្ទៈរ​បស់​ប្រជា​ពលរដ្ឋ​ និង​ជ័យ​ជំនះរ​បស់​ប្រជាជន​កម្ពុជា ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​សម្រាប់អនាគត​ដ៏​ល្អ។ ហើយ​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយរ​លូន​ មានតម្លាភាព ​សេរី ​និង​យុត្តិធម៌»។

ជា​មួយ​គ្នា​នោះ​ដែរ ​លោក​ឈាង​ វុន ​ប្រធាន​គណៈ​កម្មការ​ទំនាក់​ទំនង​កិច្ច​ការ​បរទេស​អន្តរ​ជាតិ ​និង​ព័ត៌មាន​បាន​ចាត់​ទុក​ថា​ ការ​វាយតម្លៃនៃ​ការ​បោះ​ឆ្នោត​នេះ​ពិត​ជា​សុក្រិត្យ​ត្រឹម​ត្រូវ​ទៅ​តាម​សភាព​ការណ៍​ជាក់​ស្តែង​ដែល​បាន​កើត​មាន​ឡើង។​

លោក​និយាយថា៖ «យើង​អត់​មាន​ទេ​មណ្ឌល​ណា​ក៏​បោះ​ឆ្នោត​បាន​ដែរ ​ការ​ខឹង​សម្បារ​បន្តិច​បន្តួច​ នៅស្ទឹង​មាន​ជ័យ​ វាយ​ឡាន​ចោល​តែ​ម្តង។​ យើង​មើល​ទៅ​រូប​ភាព​នេះ​មិន​ធ្ងន់​ធ្ងរ​រហូត​ដល់​ប៉ះ​ពាល់​លទ្ធ​បោះ​ឆ្នោត​នោះ​ទេ។ ​អំពើ​ហិង្សា ​វា​មាន​តិច​តួច​ មិន​មាន​អ្វី​ធំ​ដុំ​នោះ​ទេ»។​

ជុំវិញ​បញ្ហា​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ អ្នក​នាង​គង់ ​រ៉ាវីន​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​គណៈ​កម្មាធិការដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ​ខុម​ហ្រ្វែល​ ដែល​ជា​អង្គការ​ឃាំ្ល​មើល​ការ​បោះ​ឆ្នោត​ឯករាជ្យ​មួយ​ បាន​ឲ្យ​ដឹង​ថា​ ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​នៅ​មិន​ទាន់​អាច​ចាត់​ទុក​បាន​ថា ​មាន​តម្លាភាព​ ឬ​យុត្តិធម៌​បាន​នោះ​ទេ ​ពីព្រោះ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ​ដូច​ជា​បាត់​ឈ្មោះ​ ឈ្មោះ​ខ្លះ​ត្រូ​វ​បាន​គេ​បោះ​ជំនួស​ និង​មាន​អាជ្ញាធរ​ដែន​ដី​ឈរ​នៅ​មុខ​ការិយាល័យ​បោះ​ឆ្នោត​ជា​ដើម។​

នាង​និយាយថា៖ «ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ​គឺ​មាន​ប្រជា​ពលរដ្ឋ​បាន​បាត់​ឈ្មោះ​យ៉ាង​ច្រើន ​ហើយ​ក៏​មាន​អំពើ​ហិង្សា​កើត​ឡើង​ខ្លះ​ដែរ ​ជា​ពិសេស​គឺ​ករណី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ដែល​ធ្វើ​ឲ្យ​មតិ​សា​ធារណៈ​ជន​ គាត់​គិត​ថា ​អត់​មាន​តម្លាភាព​ ពី​ព្រោះ​ថា​ នៅ​ថ្ងៃ​បោះ​ឆ្នោត​នេះ ​ខាង​គ.ជ.ប. ​គាត់​បាន​ ហាម​ប្រាម ​ភ្នាក់​ងារគ​ណ​បក្ស​នយោ​បាយ​អត់​ឲ្យ​យក​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទៅ​ផ្ទៀង​ផ្ទាត់ ​នៅ​ការិ​យា​ល័យ​បោះ​ឆ្នោត​ទេ។​ ​អញ្ជឹង​សួរ​ថា​ តម្លាភាព​ ឬ​អត? យើង​មើល​ឃើញ​ថា ​គ្រាន់​តែ​ប៉ុណ្ណោះ​ ក៏​យើងដឹង​ដែរ​ ថា​តើ​ការ​ហាម​បែប​នេះ​តម្លាភាព​ដែរ​ឬអត់?​»

គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទសារ​ព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​នេះ​ដំណើរការ​ទៅ​ជា​ធម្មតា​ បើ​ទោះ​បី​ជា​នៅ​តាម​មណ្ឌល​ខ្លះ​មាន​បាតុភាព​តវ៉ា​កើត​មាន​ឡើង​ក៏​ដោយ​ ​ក៏​ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នោះ​ទេ។​

ទោះបី​ជា​យ៉ាង​ណា​ គណ​បក្ស​សង្គ្រោះ​ជាតិ​បា​ន​បដិសេធ​លទ្ធ​បឋម​នៃ​ការ​បោះ​ឆ្នោត​នេះ ​ដោយ​សំអាង​ថា ​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរ​ជា​ច្រើនបាន​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG