ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​ លោក ថាច់ សេដ្ឋា ដាក់​ពន្ធ​នាគារ​​១​ឆ្នាំ​កន្លះ ក្នុង​សំណុំ​រឿង​សែក​អត់​សាច់​ប្រាក់


លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ដាក់​ពន្ធនាគារ​១ឆ្នាំ​កន្លះ នៅ​ក្នុង​សំណុំ​រឿង​ចេញសែក​អត់​សាច់​ប្រាក់ ​ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ដើម​ឆ្នាំ​២០២៣ តាម​ពាក្យ​បណ្តឹង​របស់​ក្រុម​ហ៊ុន​បញ្ចាំ​មួយ​។

តុលាការ​បាន​បង្គាប់​ឱ្យ​លោក ថាច់ សេដ្ឋា បង់​ប្រាក់ពិន័យចំនួន​៨​លាន​រៀល ដោយក្នុង​នោះ​៣​លាន​រៀល​ចូល​រដ្ឋ និង​៥​លាន​រៀល​ បង់​សង​ជំងឺ​ចិត្ត​ដល់​ក្រុម​ហ៊ុន​បញ្ចាំ​រិន​ឆាយ ផន​សប​(Rin Chhay Pawn Shop)។ ​លោក​ក៏​ត្រូវ​បង់​លុយ​ជំពាក់ចំនួន​៣​៣.​៤០០ដុល្លារ​អាមេ​រិក(បីម៉ឺនបីពាន់បួនរយ) ​ឱ្យក្រុម​ហ៊ុន​បញ្ចាំ​នេះ​ផងដែរ​។ ​នេះ​បើ​តាម​ការ​ប្រកាស​របស់​អ្នក​ស្រី ឈុន ដាវី ​ចៅ​ក្រម​ជំនុំ​ជម្រះ​ ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​អ្នកស្រី ថាច់ សុខ​បូរ៉ានី ​ភរិយា​របស់​លោក ​ថាច់ សេដ្ឋា ​យល់​ថា​ការ​សម្រេចរបស់តុលាការ​ជា​រឿង​អ​យុត្តិ​ធម៌​សម្រាប់​ស្វាមី​។ ​អ្នក​ស្រី​ស្នើ​សុំ​ឱ្យ​តុលា​ការ​ដោះ​លែង និង​ទម្លាក់​បទ​ចោទ​ប្រកាន់​។

អ្នក​ស្រី​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ខាង​ក្រៅ​តុលាការ​ថា​៖ ​«មិន​យុត្តិ​ធម៌​ជាមួយ​ប្តី​ខ្ញុំ​ទេ​ ដោយ​សារ​អី​ គ្រាន់​តែ​សែក​ស្អុយ​មួយ​សន្លឹក​សោះ​ចាប់​គាត់​ដាក់​គុក ​រហូត​ដល់​១ឆ្នាំ​កន្លះ ​ហើយ​និយាយ​រួម​ទៅ​វា​មិន​យុត្តិ​ធម៌​ចំពោះ​ប្តី​ខ្ញុំ ​ហើយ​គ្រាន់​តែ​បង្ហាញ​ភស្តុ​តាង​ក៏​អត់​មាន​បាន​បង្ហាញ​អី​ទាំង​អស់​»។

​លោក ថា​ច់ សេដ្ឋា ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ​កាល​ពី​ខែ​មករា ​ឆ្នាំ​២០​២៣​ ​បន្ទាប់​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បញ្ជាក់​ថា ​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ក្រុមហ៊ុន​រិន​ឆាយ ​ផន​សប ​(Rin Chhay Pawn Shop) ​ដែល​ប្តឹង​អ្នក​នយោ​បាយ​ជំទាស់​រូប​នោះ​ ​ពី​រឿង​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ចំនួន​៥​សន្លឹក​ ​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០​១៩​។

​ដោយ​ឡែក​ក្នុង​សវនាការនាព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ ​ចៅ​ក្រម​ជំនុំ​ជម្រះ​ក៏​បាន​លើក​យក​ការចោទ​ប្រកាន់​លោក ​ថាច់ សេដ្ឋា ​មួយ​ករណី​ទៀត ​ពី​បទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ​និង​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង​»​មក​ជំនុំ​ជម្រះ​ផង​ដែរ​។

​អ្នក​ស្រី ឈុន ដាវី ​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ ​បញ្ជាក់​ប្រាប់​លោក ថាច់ សេដ្ឋា ថាការ​ចោទ​ពី​បទ​ញុះ​ញង់​នោះ​ គឺ​ពាក់​ព័ន្ធ​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​តាម​បណ្តាយ​សង្គម ​យូធ្យូប ​(Youtube) ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មករា ​ឆ្នាំ​២០​២៣ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​កន្លែង​ផ្សេង​ទៀត ​ដូច​ជា​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

​ចៅ​ក្រមរូបនេះ​បាន​ចោទ​សួរលោក ​ថាច់​ សេដ្ឋា ​ថា​តើ​ពិត​ជា​បាន​និយាយ​អំពី​ថ្ងៃ​៧​មករា​ ឆ្នាំ​១៩​៧៩ និងការ​សង់​ស្តូប​មិត្ត​ភាព​កម្ពុជា​វៀត​ណាម ​ធ្វើ​ឱ្យ​«​បែក​បាក់​ជាតិ» ​និង​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណ​បក្ស​ប្រជា​ជន​កម្ពុជា ពិត​មែន​ឬ​ទេ​?

​លោក ថាច់ សេដ្ឋា ​ដែល​ជា​ប្រធាន​សមា​គម​ខ្មែរ​កម្ពុជា​ក្រោម ​បញ្ជាក់​ទៅ​ចៅ​ក្រម​ថាលោក​ពិត​ជា​បាន​លើក​ឡើង​អំពី​ប្រវត្តិ​សាស្ត្រ​ទាំង​នោះ​ជាមួយ​ពលករ​ខ្មែរ​ និង​សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀន​នៅ​ប្រទេស​កូរ៉េ​ពិត​មែន​។ ​ប៉ុន្តែ​លោក​ថា​ការ​លើក​ឡើង​អំពី​ប្រវត្តិ​សាស្ត្រ​ទាំង​នោះ ​យោង​តាម​ឯក​សារ​ប្រវត្តិ​សាស្ត្រជា​ច្រើន​ដែល​លោក​បាន​អាន ​ដែល​រួម​ទាំង​ប្រវត្តិ​កកើត​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ប្រវត្តិ​បក្ស​ប្រជា​ជន​បដិវ​ត្តន៍​ខ្មែរ​ ឯក​សារ​នៃ​ការ​កាត់​ក្តី​របស់សាលា​ក្តី​ខ្មែរ​ក្រហម​ និង​ឯក​សារ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ បូក​រួម​សៀវ​ភៅ​«​អង្គ​ការ​ជា​នរណា»​ ដែល​បានសរ​សេរ​អំពី​ប្រវត្តិ​សាស្ត្រកម្ពុជា​។

បើ​តាម​លោក ថាច់ សេដ្ឋា ​«​បើអ្នកនយោ​បាយ​និយាយអំពីនយោ​បាយ​មិន​បាន​ បែរ​ជា​ញុះ​ញង់​ អ៊ីចឹង​ឱ្យនិយាយ​រឿង​កំប្លែ​ង​?»​។ ​លោកបាន​ឆ្លើយ​តប​ទៅ​តំណាងអយ្យការ​បន្ថែម​ថា«​ស្គាល់​ពាក្យ​ពហុ​បក្ស​ទេ​? ​បើ​ពហុ​បក្ស​គឺ​ជា​ពហុ​គំនិត ​ដោយ​មិន​មែន​ស្រប​តាម​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទេ​។ ​បើ​ស្រប ​ខ្ញុំ​មិន​បាច់​បង្កើត​គណ​បក្ស​ទេ​»។

​ទោះ​ជា​យ៉ាង​ណា ​តំណាង​អយ្យ​ការ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ លោក សេង ហៀង​ ចាត់​ទុក​ថា​ការ​ថ្លែងរបស់​លោក ថាច់ សេដ្ឋា ​មាន​ចេតនា​ចង់​ទម្លាក់​កំហុស​ដល់​រ​ដ្ឋា​ភិបាល​កម្ពុជា​ និងដើម្បីបញ្ឆេះ​កំហឹ​ង​ពល​រដ្ឋ​។

​ប៉ុន្តែ​លោក​ ថាច់ សេដ្ឋា ​ការពារ​ខ្លួន​នៅ​ក្នុង​បន្ទប់​សវនាការ​ថា​ ការ​និយាយ​អំពី​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ គឺ​លោក​មាន​ចេតនា​ប្រាប់ពល​រដ្ឋ​ឱ្យ​យល់ដឹង ​និង​ដាស់ស្មារតី​ជាតិ​កុំ​ឱ្យ​ភ្លេច​តែ​ប៉ុណ្ណោះ​។ ​លោក​អះ​អាង​ថា​លោក​មិន​មា​ន​ចេតនាញុះ​ញង់ ​និង​បង្ក​អសន្តិ​សុខ​សង្គម​ណា​មួយ​ឡើយ​។

​លោក ថាច់ សេដ្ឋា បន្ថែម​ថាការ​ថ្លែង​អំពី​ប្រវត្តិ​សាស្ត្របែប​នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ​ និង​ថា​ក្រោយ​ការ​ថ្លែង​របស់​លោក​ត្រូវ​បាន​បុគ្គល​ដទៃ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ​ ក៏មិន​ដែល​ឃើញភាព​ចលា​ចល និង​អសន្តិ​សុខ​សង្គម​កើត​ឡើង​ និង​មិន​ឃើញ​រដ្ឋា​ភិបាល​កម្ពុជា​និង​វៀត​ណាម​ឈ្លោះ​គ្នា​ដែរ​។

​បើ​តាម​លោក​មេធាវី​ សំ សុគង់ ​ដែល​ការពារក្តី​ឱ្យលោក ថាច់ សេដ្ឋា​ ភស្តុ​តាង​ជា​វីដេអូ​ដែលនគរ​បាល​យក​មក​ប្តឹង​លោក​ ថាច់ ​សេដ្ឋា ​ដោយ​យក​តាមបណ្តាញ​សង្គម​Youtube​នោះ ​មិន​បាន​បង្ហាញ​ប្រភព​ច្បាស់​លាស់​ថា​ជារ​បស់​អ្នក​ណា​ទេ​ ហើយវីដេអូ​បង្ហោះ​នោះ​បាន​កាត់​យក​ខ្លី ​ឬ​បង្រួញ​យក​មក​ផ្សព្វ​ផ្សាយ​ដែល​ជា​ធាតុ​ផ្សំ​នៃ​ការ​ចោទ​ប្រកាន់​មិនគ្រប់​គ្រាន់​។ ម្យ៉ាង​ទៀត​ លោក​ថា​ភស្តុ​តាង​ដាក់បន្ទុក​ មិន​មាន​អ្វី​ក្រៅ​ពី​សម្តី​របស់​លោក ថាច់ សេដ្ឋា ​និង​សម្តី​របស់​សមត្ថ​កិច្ច ​និង​របាយ​ការណ៍​សមត្ថ​កិច្ច​ដែល​យក​មក​ពី​Youtube ​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​។

ដូច្នេះ​លោក សំ សុគង់ ស្នើ​ឱ្យ​ចៅ​ក្រមទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក ​ថាច់ សេដ្ឋា ​ក្នុង​សំណុំ​រឿង​ញុះ​ញង់​នេះ​។

ជាមួយ​គ្នា​នោះ ​សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា ​គឺ​លោក សឺន​ ជុំជួន ថ្លែង​ការពារកូនក្តី​នៅ​ចំពោះ​មុខ​ចៅក្រម​ថា​លោក ថាច់ សេដ្ឋា មិន​បាន​និយាយ​អ្វី​ខុស​ពី​ការ​ពិត​នោះ​ទេ ព្រោះ​ការ​លើក​ឡើង​យោងតាមឯក​សារ​ប្រវត្តិ​សាស្ត្រ ​និង​សៀវភៅ​ដែល​មាន​ចំណង​ជើង​«​អង្គកា​រជា​អ្នក​ណា​»​។

​លោក សឺន ជុំជួន ​បញ្ជាក់​ដែរ​ថា​ ការចោទ​ប្រកាន់កូន​ក្តី​លោក​ពី​បទ​ចោទ​ញុះ​ញង់ គួរ​តែ​តុលាការ​ផ្អែក​ទៅតាម​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​អន្តរ​ជាតិ​នានា ​ព្រោះ​ច្បាប់​ទាំង​នោះ​សុទ្ធ​តែចែង​អំ​ពី​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សម្តែង​មតិ​។

លោក​ប្រាប់​អ្នក​សារព័ត៌មាន​ក្រៅ​តុលាការ​ថា៖​«​ការ​ចោទ​របស់​តំណាង​អយ្យ​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ឱ្យ​មាន​ស្ថាន​ភាព​វឹក​វរ​ដល់​ស្ថាន​ភាព​សង្គម ​ទាក់​ទង​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ជា​ដើម​។ ជា​សង្ខេប​មក​វិញ​ ខ្ញុំ​ថា​ផ្អែក​ទៅ​តាម​អ្វី​ដែល​លទ្ធផល​នៃ​ការ​ពិភាក្សា​ដេញ​ដោល​ហ្នឹង ​គឺ​ធាតុ​ផ្សំ​មិន​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​ចោទ​កូន​ក្តី​ខ្ញុំ​»។

នៅ​ក្នុង​សំណុំ​រឿង​ចែក​សែក​អត់​លុយ លោក សឺន ជុំជួន ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ការ​ផ្តន្ទា​ទោស​កូន​ក្តី​របស់​លោក ​មិន​បាន​ផ្អែក​លើ​មូល​ដ្ឋាន​គ្រប់​គ្រាន់​ណា​មួយឡើយ។ ​លោក​នឹង​ពិភាក្សា​ជាមួយ​សហ​មេធាវី​ថា​នឹង​ប្តឹង​ទាស់​ឬ​យ៉ាង​ណា​។

លោក​ថ្លែង​ថា៖ «​សម្រាប់​ខ្ញុំ​ ដោយសារ​យើង​ផ្អែក​ទៅ​តាម​ឯកសារ​ភស្តុតាង​កន្លង​មក ដែល​យើង​ពិភាក្សា​ដេញ​ដោលនោះ ដូច​ថា​មិន​មាន​មូល​ដ្ឋាន​គ្រប់​គ្រាន់​ទេ​ សម្រាប់​ឱ្យ​តុលា​ការ​គាត់​ពិចារណា​ និង​ផ្តន្ទា​ទោស​កូន​ក្តី​ខ្ញុំ។ អ៊ីចឹង​មាន​ការ​សោក​ស្តាយ​ដែរ សម្រាប់​អ្វី​ដែល​ជា​ការ​ប្រកាស​សាល​ក្រម​ថ្ងៃ​នេះ​ ហើយ​ចាំ​មើល​ខ្ញុំ​នឹង​ពិភាក្សា​ជា​មួយ​សហ​មេធាវី​ ថា​តើ​យើង​គួរ​តែ​ប្តឹង​ទៅ​តុលា​ការ​ជាន់​ខ្ពស់​ ឬ​យ៉ាង​ណា»។

​វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​តុលា​ការ​ លោក ​ប្លង់ សុផល​ និង​លោក ​អ៊ី រិន្ទ ​បាន​នៅ​ឡើយ​ទេ​។

​ក្រោយ​បញ្ចប់​សវ​នាការ​ក្នុង​សំណុំ​រឿង​ញុះ​ញង់​នា​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ អ្នកស្រី ឈុន ដាវី ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​លើក​ឡើង​ថា​ តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ ​វេលា​ម៉ោង​៩​ព្រឹក​។

​លោក រ៉ុង ឈុន អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​ថ្លែង​ថា ​នេះ​ជា​រឿង​អយុត្តិ​ធម៌​សម្រាប់​លោក ថាច់ សេដ្ឋា ​ហើយ​វា​ជារឿង​នយោ​បាយ​ច្រើន​ជាង​។

លោក​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​តុលាការ​ថា​៖ «​ពី​ព្រោះ​រឿង​ករណី​សែក​ស្អុយ​នេះ បើ​តាម​អំណះ​អំណាង​របស់​សាច់​ញាតិ​គាត់ ​ក៏​ដូច​ជា​ខ្លួន​គាត់​ ​មាន​ន័យ​ថាបាន​ដោះ​ស្រាយ​ បាន​សង​គ្នា​រួច​រាល់​អស់​ហើយ​ ហើយ​តុលាការ​ ក៏បាន​កាត់អី​ពេល​កន្លង​មក។ ​ប៉ុន្តែ​យក​ករណី​ហ្នឹង​យក​មក​ដាក់​បន្ទុក​លើ​គាត់​វិញ​។ ​ហើយ​យើង​ឃើញ​ថា​រឿង​ហ្នឹង​វា​ភ្ជាប់​ទៅ​នឹង​នយោ​បាយ​ច្រើន​ជាង​ ជៀស​ជាង​ការ​អនុវត្ត​ច្បា​ប់​»។

លោក រ៉ុង ឈុន ចង់​ឃើញ​រដ្ឋាភិបាល​អាណត្តិទី​៧​បើក​លំហ​សេរី​ភាព​នយោ​បាយ និង​ត្រូវ​ដោះ​លែង​សកម្ម​ជន​សង្គម​ ​សកម្ម​ជន​នយោ​បាយ​ដែល​កំពុង​ជាប់​ឃុំទាំង​អស់​ ដើម្បី​បង្ក​បរិយា​កាស​អំណោយ​ផលដល់​ការ​ដឹក​នាំ​ប្រទេស​ និង​ដើម្បីទទួល​បាន​អត្ថ​ប្រយោ​ជន៍​នានា​ពី​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​របស់​សហភាព​អឺរ៉ុប និង​GSPរ​បស់​សហ​រដ្ឋ​អាមេរិកឡើង​វិញ​៕

XS
SM
MD
LG