សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍បានសម្រេចផ្តន្ទាទោសដោយកំបាំងមុខលើប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពីបទញុះញង់ ហើយបានដកហូតសិទ្ធិធ្វើនយោបាយរបស់មេដឹកនាំគណបក្សជំទាស់រូបនេះ។
លោក ស៊ុន ចន្ធី ត្រូវបានតុលាការចោទប្រកាន់ក្រោមបទចោទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីដើមខែឧសភា ឆ្នាំ ២០២៤ នៅពេលលោកបានវិលត្រឡប់ពីប្រទេសជប៉ុនវិញ ទីដែលលោកបានលើកឡើងនៅចំពោះមុខក្រុមអ្នកគាំទ្រអំពីការរើសអើងខាងនយោបាយនៅកម្ពុជា និងភាពលម្អៀងខាងនយោបាយនៅក្នុងការទទួលបានបណ្ណក្រីក្រ។
បន្ទាប់ពីការប្រកាសសាលក្រមនៅព្រឹកថ្ងៃព្រហស្បតិ៍ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានចាត់ទុកការផ្តន្ទាទោសលោក ស៊ុន ចន្ធី ថាអយុត្តិធម៌ ហើយអ្វីដែលធ្ងន់ធ្ងរនោះ គឺសិទ្ធិធ្វើនយោបាយរបស់លោក ស៊ុន ចន្ធី ត្រូវបានដកហូត។
លោក រ៉ុង ឈុន ប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការថា៖ «មិនត្រឹមតែដាក់ទោស ២ ឆ្នាំ ថែមទាំងដកសិទ្ធិ ដកសិទ្ធិរបស់គាត់ មិនឲ្យបោះឆ្នោត មិនឲ្យឈរឈ្មោះបោះឆ្នោត និងពិន័យ ៤លាន រៀល។ យើងឃើញថា វាធ្ងន់ធ្ងរដែលមនុស្សពុំមានកំហុសអ្វីសោះ គ្រាន់តែប្រើប្រាស់សិទ្ធិមូលដ្ឋាន ត្រូវទទួលទោស។ យើងមានការសោកស្តាយ ហើយការសម្រេចរបស់តុលាការ យើងមើលទៅ វាគឺថា សម្រេចទៅតាមឥទ្ធិពលនយោបាយ»។
លោក រ៉ុង ឈុន ក៏យល់ថា រឿងក្តីក្តាំរបស់លោក ស៊ុន ចន្ធី ទំនងពាក់ព័ន្ធនឹងហេតុផលនយោបាយ ដែលតុលាការមិនអាចរកខុសត្រូវក្នុងរឿងក្តីនេះបានទេ។ លោកក៏បានលើកឡើងថា រាល់អ្នកទោសនយោបាយគួរតែត្រូវបានដោះលែង ដើម្បីស្តារមុខមាត់ និងដំណើរការលទ្ធិប្រជាធិបតេយ្យឡើងវិញនៅប្រទេសកម្ពុជា។
លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៩ ព្រឹក គ្រាដែលលោកទើបតែវិលត្រឡប់មកពីប្រទេសជប៉ុនវិញ។ ក្រោយការចាប់ខ្លួន តុលាការបានបញ្ជាក់ថា លោក ស៊ុន ចន្ធី «បានទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាលលើការចែកបណ្ណក្រីក្រ ថាមានការរើសអើង និងមានភាពលម្អៀងជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ»។
លោក ជូង ជូងី មេធាវីការពារក្តីរបស់លោក ស៊ុន ចន្ធី ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការផ្តន្ទាទោសនាពេលថ្មីៗនេះមានសភាពធ្ងន់ធ្ងរចំពោះកូនក្តី ដែលបានត្រឹមតែបញ្ចេញមតិក្នុងន័យស្ថាបនា នៅពេលលោកបានជួបអ្នកគាំទ្រនៅប្រទេសជប៉ុន។
លោក ជូង ជូងី ថ្លែងថា៖ «ខ្ញុំមើលឃើញថា ធ្ងន់ធ្ងរពេកសម្រាប់លោក ស៊ុន ចន្ធី បើប្រៀបធៀបទៅនឹងអ្វីដែលគាត់និយាយកន្លងមកហ្នឹង គឺសម្រាប់ខ្ញុំជាមេធាវី។ យើងឃើញថា អ្វីដែលលោក ស៊ុន ចន្ធី បាននិយាយនៅប្រទេសជប៉ុន គឺគាត់មិនមែនជាកំហុសទេ គឺជាការរិះគន់ដើម្បីស្ថាបនា»។
មេធាវីការពារក្តីរូបនេះបានឲ្យដឹងទៀតថា កូនក្តីរបស់លោកបានបដិសេធមិនចូលរួមសវនាការ ដោយសារផលវិបាកក្នុងការធ្វើដំណើរពីពន្ធនាគារខេត្តពោធិ៍សាត់ មកកាន់ទីក្រុងភ្នំពេញ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។
លោក ជូង ជូងី ថ្លែងថា៖ «ពីមុនមក គាត់ប្រាប់ខ្ញុំថា គាត់សុំមិនចូលរួមសវនាការទេដោយហេតុថា គាត់ចាញ់ឡាន។ ហើយម្យ៉ាងទៀត ការធ្វើដំណើរដឹកគាត់ទៅមកហ្នឹងជិត៦០០គីឡូ ដូច្នេះធ្វើឲ្យគាត់មានការលំបាកខ្លាំងក្នុងការធ្វើដំណើរដែលដៃជាប់ខ្នោះនៅក្នុងឡានផង គឺហាក់ដូចជាទារុណកម្មសម្រាប់គាត់ក្នុងការដឹកគាត់មកសវនាការ។ ដូច្នេះពីមុនមក គាត់ប្រាប់ខ្ញុំថា គាត់សុំមិនចូលរួមសវនាការទេ។ ដោយឡែកការប្រកាសសាលក្រមថ្ងៃនេះ ខ្ញុំអត់មានទទួលបានដំណឹងអ្វីពីលោក ស៊ុន ចន្ធី ទេ ដោយសារតែគាត់នៅឆ្ងាយ ហើយខ្ញុំក៏អត់បានទៅជួបគាត់ដែរ។ ប៉ុន្តែ តាមខ្ញុំក្តាប់បានពីជំហរគាត់ គាត់សុំមិនចូលរួម ដោយមានការប្រកាសសាលក្រមដោយកំបាំងមុខគាត់ចុះ ហើយខ្ញុំនឹងជូនដំណឹងគាត់តាមក្រោយ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តែគ្មានការឆ្លើយតបសំណួរផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បា្រប់វីអូអេថា ផ្អែកតាមសាលក្រមរបស់តុលាការ លោក ស៊ុន ចន្ធី ត្រូវបានដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតជាអចិន្ត្រៃយ៍។ នេះមានន័យថា អ្នកនយោបាយជំទាស់រូបនេះនឹងបាត់បង់សិទ្ធិនយោបាយជាស្ថាពរ។ បើតាមលោក អំ សំអាត អ្នកនយោបាយជារឿយៗប្រើប្រាស់វោហារស័ព្ទ សម្រាប់ទាញការគាំទ្រ។ ដូច្នេះការផ្អែកលើសម្តីអ្នកនយោបាយមកកសាងសំណុំរឿងឈានដល់ការផ្តន្ទាទោសយ៉ាងដូច្នេះ អាចនឹងបង្កឲ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រទេសគាំទ្រលទ្ធិប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «អ៊ីចឹង ការកាត់ទោសទៅលើលោក ស៊ុន ចន្ធី នេះ ខ្ញុំយល់ឃើញថា អាចនឹងមានការរិះគន់បន្ថែមទៀត ពាក់ព័ន្ធទៅនឹងការរឹតត្បិតនៃលម្ហសេរីភាពផ្នែកនយោបាយ ដែលកន្លងមកទាំងសហគមន៍អឺរ៉ុប ឬក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិហ្នឹង តែងតែលើកឡើងថា សុំឲ្យកម្ពុជាយើងបើកលម្ហសេរីភាពនយោបាយហ្នឹងឲ្យបានពេញលេញ»។
នៅក្នុងការឆ្លើយតបនឹងការធ្លាក់ចុះនៃលម្ហនយោបាយ និងការអនុវត្តសិទ្ធិជាមូលដ្ឋានផ្សេងទៀតនៅកម្ពុជាសភាសហភាពអឺរ៉ុបកាលពីចុងខែវិច្ឆិកា បានគំរាមដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលកម្ពុជា ជាពិសេសទណ្ឌកម្មលើបុគ្គលដែលបានរួមចំណែកធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះយ៉ាងខ្លាំង។
នៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ សភាសហភាពអឺរ៉ុបបានថ្លែងថ្កោលទោសចំពោះការគាបសង្កត់អង្គការសង្គមស៊ីវិលរបស់រដ្ឋាភិបាលកម្ពុជា ហើយបានអំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយ និងសកម្មជន និងជំរុញឲ្យបញ្ឈប់ការយាយីប្រឆាំងនឹងអង្គការសិទ្ធិមនុស្សលេចធ្លោមួយចំនួនដូចជា អង្គការសង់ត្រាល់ជាដើម។
យោងតាមការសម្រេចដដែល សភាសហភាពអឺរ៉ុបក៏បានអំពាវនាវឲ្យគណៈកម្មការ និងរដ្ឋសមាជិកគិតគូរឡើងវិញលើការផ្លាស់ប្តូរចំពោះឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬ Everything But Arms ហៅកាត់ថា EBA ដោយផ្អែកលើការមិនសហការរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយ និងទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស ក៏ដូចជាការបញ្ជូនសារច្បាស់លាស់មួយថា «ការលើកកម្ពស់សិទ្ធិមនុស្ស និងការការពារសិទ្ធិសេរីភាពរបស់សង្គមស៊ីវិលគឺជាលក្ខខណ្ឌកំណត់ទុកជាមុនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ»។
សភាសហភាពអឺរ៉ុបក៏ជំរុញឲ្យរដ្ឋសមាជិក និងសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់និងមានប្រសិទ្ធភាព រួមទាំងការដាក់ទណ្ឌកម្មដែលមានគោលដៅលើអ្នកដែលទទួលខុសត្រូវចំពោះការគាបសង្កត់ផ្នែកនយោបាយ និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា រហូតដល់អ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែង៕
វេទិកាបញ្ចេញមតិ