ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​កម្លាំង​ជាតិគ្រោង​រៀប​ចំ​សមាជ​ជ្រើស​រើស​ប្រធាន​បក្ស​សាជា​ថ្មី​ ក្រោយ​តុលាការដក​សិទ្ធិធ្វើនយោបាយ​របស់ លោក ​ស៊ុន​ ចន្ធី


រូបឯកសារ៖ ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ​ថតរូប​ជុំគ្នា​ក្រោយ​កិច្ច​ប្រជុំ​មួយ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)
រូបឯកសារ៖ ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ​ថតរូប​ជុំគ្នា​ក្រោយ​កិច្ច​ប្រជុំ​មួយ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)

គណ​បក្ស​កម្លាំង​ជាតិ​គ្រោងរៀប​ចំ​សមាជ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ​ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​បក្ស ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​មិន​ទទួល​ស្គាល់​លទ្ធផល​សមាជ​វិសាមញ្ញ​របស់​គណបក្ស​កាលពី​ខែកញ្ញា​កន្លង​ទៅ​។ នេះបើតាម​ លោក រ៉ុង​ ឈុន​ ដែលជា​ទីប្រឹក្សា​របស់​គណបក្ស​ជំទាស់​មួយ​នេះ។

កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០២៤​ លោក ជា មុនី ​ត្រូវ​បាន​អង្គ​សមាជ​បោះ​ឆ្នោត​ឲ្យ​ធ្វើជាប្រធាន​បក្សជំនួស លោក ស៊ុន​ ចន្ធី ដែល​ត្រូវបានតុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ២ឆ្នាំ​ពី​បទ​«ញុះញង់» និង​ដក​សិទ្ធិ​ធ្វើ​នយោ​បាយ​របស់​លោកទាំង​ស្រុង ​កាលពី​ពេល​ថ្មីៗ​នេះ​។

បើ​តាម​ទីប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ លោក រ៉ុង​ ឈុន ​គណបក្ស​នឹង​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​បក្ស​ដើម្បី​កំណត់​ថ្ងៃ​ធ្វើ​សមាជ ​ក្នុងការ​ឈាន​ទៅ​រៀប​ចំ​ក្បាល​ម៉ាស៊ីន​គណបក្ស​ ​ព្រោះ​មិន​អាច​ទុក​តួនាទី​ប្រធាន​បក្សនៅ​ទំនេរ​បែប​នេះ​នោះ​ទេ​។

លោក​ប្រាប់​វីអូអេ​ថា​៖ «​នៅ​ពេល​ចូល​ឆ្នាំនេះ​ចប់ ​យើង​នឹង​ជជែក​គ្នា[ជាមួយ​]​ក្បាល​ម៉ាស៊ីន​បក្ស ថា​តើ​យើង​នឹង​រៀប​ចំ​កំណត់​ពេល​វេលា ​[ថា]​ពេលណា​ដើម្បី​សមាជ ឬ​មួយ​ធ្វើ​ម៉េច​តម្រូវ​ទៅ​តាម​នីតិវិធី​ យើង​មិន​អាច​បន្ត​ទុក​បែប​អ៊ីចឹង​បាន​ទេ​»។

លោក​បន្ថែម​ថា ​គណ​បក្ស​កម្លាំង​ជាតិ​ រក្សា​ជំហរស្វែង​រក​យុត្តិ​ធម៌​ដល់ ​លោក ស៊ុន ចន្ធី និង​សកម្ម​ជន​នយោ​បាយ​ផ្សេង​ទៀត​ ហើយ​គណបក្សទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្ម​ជន​សង្គម ​និង​សកម្ម​ជន​នយោ​បាយ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារឲ្យ​មាន​សេរីភាព​ ​ដែលរួមមាន​លោក ស៊ុន ចន្ធី ​លោក ថាច់ សេដ្ឋា ​លោក​ កាក់ កុម្ភារ កញ្ញា សេង ធារី ​និង​លោក កឹម សុខា ​ជាដើម​។

ប្រធាន​បក្ស​កម្លាំង​ជាតិ ​លោក ស៊ុន ចន្ធី ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​២​ឆ្នាំ ​ក្រោម​បទ​ចោទ​«ញុះ​ញង់​បង្ក​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ​កាល​ពី​ថ្ងៃទី​២៦ ​ខែធ្នូ ​ឆ្នាំ​២០២៤ ដោយ​ក្នុង​នោះ ​ចៅ​ក្រម​ជំនុំ​ជម្រះ ​ក៏​បានដក​សិទ្ធិ​របស់​លោក ស៊ុន ចន្ធី​ ​មិន​ឲ្យ​បោះ​ឆ្នោត ​និង​ដក​សិទ្ធិ​មិនឲ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​ស្ថាពរ និង​ពិន័យ​ជា​ប្រាក់៤​លាន​រៀល​។

គណ​បក្ស​កម្លាំង​ជាតិ​ បាន​ចាត់​ទុក​ការផ្តន្ទា​ទោស​លោក ស៊ុន ចន្ធី ថាជារឿង​អយុត្តិ​ធម៌​ ​និង​មិន​អាច​ទទួល​យក​បាន​។ គណ​បក្ស​ជំទាស់​នេះ​ ​លើក​ហេតុផល​ថា ​រូបភាព​នេះជាការ​រើស​អើង និង​គម្រាម​កំហែង​ខាង​នយោបាយ ​ដែល​បានរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត និង​បាន​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ក៏​ដូចជា​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​។ ​

លោក ស៊ុន ចន្ធី ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ​ចាប់​ខ្លួន​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ​កាល​ពីថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ គ្រា​ដែល​លោក​វិល​ត្រឡប់ពី​ប្រទេស​ជប៉ុន​វិញ ​ទីដែល​លោក​ជួប​ជុំអ្នក​គាំទ្រ​គណប​ក្ស និង​បានថ្លែង​សារ​នយោបាយ​អំពី​ការ​រើស​អើង​ខាង​នយោ​បាយ​នៅកម្ពុជា និង​ភាព​លម្អៀង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​បណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ។ ​

ដំណាលគ្នា​នឹងពេល​ដែល លោក ​ស៊ុន ចន្ធី ​បន្ត​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍​សាត់ គណបក្ស​កម្លាំង​ជាតិ​ កាលពី​ពាក់​កណ្តាល​ ខែ​កញ្ញា ឆ្នាំ​២០២៤ ​បាន​បោះឆ្នោត​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​ឲ្យ ​លោក ជា មុនី ​អតីត​មេដឹក​នាំ​សហជីព​ ​ធ្វើ​ជា​ប្រធាន​បក្ស​ជំនួស​លោក ស៊ុន ចន្ធី ​ខណៈ​លោក សុខ គឹមសេង ​គឺ​ជា​អនុ​ប្រធាន​គណ​បក្ស​។ ​ប៉ុន្តែ​ក្រសួង​មហា​ផ្ទៃ​មិន​ទទួល​ស្គាល់​លទ្ធ​ផល​សមាជ​វិសាមញ្ញ​នោះ​ទេ​ ដោយ​ថា​គណ​បក្ស បាន​អនុវត្ត​ខុស​លក្ខន្តិកៈ​ ត្រង់មាត្រា​ច្បាប់មួយ​ចំនួន ​ដែល​ទាមទារ​ឲ្យគណ​បក្សរៀប​ចំ​ឡើង​វិញ​។ បច្ចុប្បន្ន ​លោក ជា មុនី ​មាន​តួនាទី​ជា​ប្រធាន​បក្ស​ស្តីទី​។ ​នេះ​បើ​តាម​លោក រ៉ុង ឈុន។ ​

ដោយ​ឡែក​ជុំវិញ​ការ​ផ្តន្ទា​ទោស លោក ស៊ុន ចន្ធី​ នោះ ​មេធាវី​ការពារក្តី​ឲ្យ​មេ​បក្ស​ជំទាស់​រូបនេះ​ គឺ​លោក​ ជូង ជូងី ​មិន​ទាន់​ដឹង​ថា ​កូន​ក្តី​របស់​លោក​សម្រេច​ប្តឹង​ទាស់ ឬ​យ៉ាង​ណា​នោះ​ទេ​ ដោយ​សារ​តែ​លោក​មិន​ទាន់​ទទួល​បាន​សាល​ក្រម​ គ្រា​កូនក្តី​កំពុង​ស្ថិតក្នុង​ពន្ធនាគារ​ខេត្តពោធិ៍​សាត់​។

លោក​មេធាវី​ ជូង ជូងី ប្រាប់​វីអូអេ​នៅថ្ងៃពុធ​ថា​៖​«ខ្ញុំអត់​ទាន់​បាន​ទៅ​ជួប​គាត់​នៅ​ឡើយ​ទេ ​ដោយសារ​តែ​ផ្លូវ​ឆ្ងាយ​ ហើយខ្ញុំ​បាន​សាល​ក្រម​សិន​ ចាំ​ទៅ​ជួបគាត់​អាហ្នឹង​គឺ​ផ្តល់​ប្រឹក្សា​ផ្លូវច្បាប់​ដល់​គាត់​ពេញ​លេញ​។ ឥឡូវ​ ហ្នឹង​យើង​មិន​ទាន់​បាន​សាល​ក្រម​ទេ កំពុង​តែ​តឿន​ក្រឡា​បញ្ជី​ឲ្យឆាប់​បាន​សាល​ក្រម​»។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោ​បាយ​លោក ​ឯម សុវណ្ណារ៉ា​ យល់​ថា​គណ​បក្ស​កម្លាំង​ជាតិ​ ​ត្រូវតែ​រក​យុទ្ធ​សាស្ត្រ​ក្នុង​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ឡើង​វិញ ​ដើម្បី​ជំរុញសកម្ម​ភាព​នយោបាយ និងកៀរ​គរ​អ្នក​គាំទ្រ។

លោក​សង្កេត​ឃើញ​ថា ​បច្ចុប្បន្ន​នេះ​ សមាជិក​ថ្នាក់​ដឹក​នាំ​គណ​បក្ស​កម្លាំង​ជាតិ ​មិន​ទាន់ឃើញ​មាន​បុគ្គល​ណា​ដែល​លេចធ្លោ​នៅ​ឡើយទេ ​ខណៈ​អ្នក​នយោបាយ​ជើង​ចាស់​ដែល​លេច​ធ្លោ ​សុទ្ធ​តែ​ជាប់ក្តី​ក្តាំ​នៅ​តុលាការ​ដូចជា​ លោក ស៊ុន ចន្ធី និង​លោក រ៉ុង ឈុន ​ជាដើម​។ ​

លោក​ប្រាប់​វីអូអេថា​៖ «ពាក់​ព័ន្ធ​នឹង​តួនាទី​របស់​គាត់ [ស៊ុន ចន្ធី​] ប្រធាន​បក្ស ​អ៊ីចឹងពេលនេះ ​គណ​បក្ស​ត្រូវ​រកវិធី​សាស្ត្រ ឬ​យុទ្ធ​សាស្ត្រ​ថ្មី នៅ​ក្នុង​ផ្លាស់​ប្តូរ​ថ្នាក់ដឹក​នាំ​គណប​ក្ស​ឡើង​វិញ មិន​អ៊ីចឹង​អត់​មាន​អ្នក​ដឹកនាំ​មាន​សកម្ម​ភាព​ខ្លាំង​ទេ​»។

បើតាមលោក ឯម ​សុវណ្ណារ៉ា​ ​ការ​ផ្តន្ទា​ទោស និង​ដក​សិទ្ធិ​នយោ​បាយ​របស់ លោក ស៊ុន ចន្ធី ​ក៏​បាន​បង្ហាញ​អំពី​រូបភាពគំរាម​កំហែង ​និង​ការរឹត​ត្បិត​ផង​ដែរ​។ លោក​បន្ត​ថា​ តុលាការ​មាន​សិទ្ធិ​ក្នុង​ការ​កាត់​ក្តី​និង​សម្រេច​ ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ មាន​ការ​វិនិច្ឆ័យ និង​គិតគូរ​រៀងៗ​ខ្លួន​ បូក​រួមមតិ​អន្តរ​ជាតិ​ជា​អ្នក​សង្កេត​តាម​ដាន ​ដូច្នេះកម្ពុជា​គួរ​តែ​មាន​យន្តការ​ ដើម្បី​ឲ្យអ្នក​នយោយ​អាចបញ្ចេញទស្សនៈ​បាន ​ដោយ​ពុំ​គួរ​ចាប់ចង​អ្នក​នយា​បាយ​ដែល​មាន​មតិ​ផ្ទុយ​នោះ​ទេ ព្រោះ​វា​ជា​រូប​ភាព​មិន​ល្អ​សម្រាប់​កម្ពុជា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG