ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ចង់​កែ​ច្បាប់​បិទ​សិទ្ធិ​អ្នក​នយោបាយ​ជាប់​ពិរុទ្ធភាព


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី ​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ចន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី ​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ចន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​ (ឡេង ឡែន/VOA)

លោក​សុខ ឥសាន​ ជា​តំណាង​រាស្រ្ត ​និង​ជា​​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់ ​VOA ​ថា ​ក្រុម​អ្នក​ច្បាប់​របស់​គណបក្ស​កាន់​អំណាច​កំពុង​សិក្សា​ និង​រៀបចំ​​សំណើ​​ធ្វើ​វិសោធនក​ម្ម​​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​ តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី។ ​លោក​បន្ថែម​ថា ​ក្រោយ​បញ្ចប់​ការ​ពិភាក្សា​ ​ក្រុម​ការងារ​នឹង​បញ្ជូន​សេចក្តី​ស្នើ​នោះ​ទៅ​រដ្ឋ​សភា​ក្នុង​ពេល​ឆាប់ៗ​នេះ។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​អ្នក​ក្រោម​អំណាច​របស់​លោក​សរសេរ​សំណើ​ធ្វើ​វិសោធនកម្មច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​នឹង​កំណត់​ថា ​ប្រធាន​ ឬ​អនុ​ប្រធាន​គណ​បក្ស​នយោបាយ​ត្រូវតែ​ជា​ជន​គ្មាន​ទោស​ពៃរ៍។​ ហើយ​លោក​ក៏​ចង់​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ដើម្បី រំលាយ​ចោល​គណបក្ស​នយោបាយ​ណា​ដែល​ធ្វើ​ខុស​ច្បាប់។​

លោក​ហ៊ុន សែន​ថ្លែង​បែប​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រដល់​និស្សិត​ជាង​៥​ពាន់​នាក់។​ លោក​បាន​ចំណាយ​ពេល​ក្នុង​ការ​ចែក​សញ្ញា​ប័ត្រ​នោះ ​ដោយ​លើក​ឡើង​ថា ​រដ្ឋសភា​គួរ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ និង​អនុវត្ត​អស់​រយៈ​កាលជាង២០​ឆ្នាំ​មក​ហើយ​នោះ។​

លោក​ហ៊ុន សែន​លើក​ឡើង​ថា ​ប្រធាន ​ឬ​អនុ​ប្រធាន​បក្ស​នយោបាយ​ណា​ដែល​ជា​ទណ្ឌិត ​ឬ​ជា​ពិរុទ្ធ​ជន​ មិន​អាច​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធាន ​ឬ​អនុ​ប្រធាន​គណបក្ស​នយោបាយ​តទៅ​ទៀត​នោះ​ទេ។​ លោក​បន្ថែមថា ​លោកចង់​ឲ្យ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នៅ​កម្ពុជាមានលំនាំដូចច្បាប់ក្នុង​ប្រទេស​ថៃ ​ដោយ​កំណត់​ថា ​គណបក្ស​នយោបាយ​ណា​ដែល​ធ្វើ​ផ្ទុយ​ពី​ច្បាប់​នឹង​ត្រូវ​រំលាយ​ចោល​តែ​ម្តង។​

លោក​មាន​ប្រសាសន៍​ថា៖ ​«វា​មិន​ដែល​ឲ្យ​អាណា​អ្នក​ទោស​មក​ធ្វើ​ប្រធាន​គណ​បក្សយ៉ាង​ម៉េច​ទេ! ​ដាក់​ក្នុង​ហ្នឹង​ ហើយ​មិន​មែន​និយាយ​លេង​ទេ ​ធ្វើ​ហើយ​ណា៎។​ ខ្ញុំ​ស្នើ​សុំ​ថា ​ប្រជុំ​តែ​មួយ​ល្ងាច​ហ្នឹង​បាន​ហើយ!​ កុំ​ប្រជុំ​យូរ​ពេក! មើល​ហើយ​សម្រេច​ទៅ!​ រួច​ហើយ​ធ្វើ​ញត្តិ​ចុះ​ហត្ថលេខា​ស្នើ​ទៅរដ្ឋសភា​ទៅ!»​

លោក​សុខ ឥសាន​ ជា​តំណាង​រាស្រ្ត ​និង​ជាអ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់ ​VOA ​ថា ​ក្រុម​អ្នក​ច្បាប់​របស់​គណបក្ស​កាន់​អំណាច​កំពុង​សិក្សា​ និង​រៀបចំសំណើធ្វើ​វិសោធនក​ម្មច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​ តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី។ ​លោក​បន្ថែម​ថា ​ក្រោយ​បញ្ចប់​ការ​ពិភាក្សា​ ​ក្រុម​ការងារ​នឹង​បញ្ជូន​សេចក្តី​ស្នើ​នោះ​ទៅ​រដ្ឋ​សភា​ក្នុង​ពេល​ឆាប់ៗ​នេះ។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពីក្រុម​តំណាង​រាស្រ្ត​ និង​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្សសង្គ្រោះ​ជាតិ​បាន​ទេ។​

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ ក៏​កំពុង​រង​ការ​ចោទ​ប្រកាន់​ និង​រងការ​ផ្តន្ទាទោស​ប្រមាណ​៧​ករណី។ ​ចំណែក​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង ​ទើប​តែត្រូវ​បាន​ព្រះ​មហា​ក្សត្រ​លើកលែង​ទោស​ពាក់ព័ន្ធ​នឹង​រឿង​អា​ស្រូវ​ស្នេហា​ដ៏​ចម្រូង​ចម្រាស​ជាមួយ​នារី​វ័យ​ក្មេង​ម្នាក់ ​ដែល​គួរឲ្យ​មន្ទិល។​ ក្រៅ​ពី​នោះ ​ក្នុង​ពេល​ថ្មីៗ​នេះ​ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ត្រូវ​បាន​ជន​អនាមិក​បង្ហោះ​រូបភាព​ និង​ខ្សែ​អាត់​សំឡេង​ ព្រមទាំងសរសេរ​លើបណ្តាញ​អ៊ីនធឺណែត​ថា​ ពួកគេ​កំពុង​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​ ឬ​ក៏​លេង​ល្បែង​ស៊ីសង​ក្នុង​កាស៊ីណូ​ជាដើម។​

លោក​យឿង សុធារ៉ា ​មន្រ្តី​ច្បាប់និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ខុមហ្រ្វែល​ ​មាន​ប្រសាសន៍​ថា ការ​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់ស្តីពី​គណបក្ស​នយោបាយ​គឺ​ជា​រឿង​ល្អ។ ​លោក​ថា ​រដ្ឋាភិបាលគួរតែ​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ដើម្បី​ចែង​ពី​ការ​កំណត់​ហិរញ្ញ​វត្ថុរបស់​គណបក្ស​នីមួយៗ ​និង​វិសោធនកម្ម​ច្បាប់​ដើម្បី​មិនឲ្យមន្រ្តី​រាជការ​ និង​មន្រ្តី​តុលាការ​ពាក់​ព័ន្ធនឹង​គណបក្ស​នយោបាយ​ណាមួយ​ ជា​ជាង​ស្នើ​ឲ្យ​មាន​វិសោធន​កម្ម​ច្បាប់​ដែល​សំដៅ​ទៅ​លើ​តែ​ការ​រំលាយ​ ឬ​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណ​បក្សប្រឆាំង​នោះ។

លោក យឿង សុធារ៉ា សមាជិកក្រុមអ្នកវិភាគឯករាជ្យវ័យក្មេង​នៃបណ្តាញ«​កាហ្វេ​នយោបាយ‍» Politikoffee ចូល​រួម​ជា​វាគ្មិនពិភាក្ស​អំពី «ឱកាសសម្រាប់អ្នកដឹកនាំខ្មែរជំនាន់ក្រោយនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧/១៨» នៅ​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (លឹម សុធី/VOA)
លោក យឿង សុធារ៉ា សមាជិកក្រុមអ្នកវិភាគឯករាជ្យវ័យក្មេង​នៃបណ្តាញ«​កាហ្វេ​នយោបាយ‍» Politikoffee ចូល​រួម​ជា​វាគ្មិនពិភាក្ស​អំពី «ឱកាសសម្រាប់អ្នកដឹកនាំខ្មែរជំនាន់ក្រោយនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧/១៨» នៅ​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

លោក​បញ្ជាក់​ថា៖ ​«[ច្បាប់ស្តីពី]​គណបក្ស​នយោបាយ​យើង​អត់ទាន់​មាន​កំណត់​ដាក់​ឲ្យថា ​ចៅ​ក្រម​ ឬ​ព្រះ​រាជ​អាជ្ញា​ហ្នឹង​នៅ​ឆ្ងាយពី​គណបក្ស​នយោបាយ​ទេ។​ ដូច្នេះ​ពួកគេ​នៅ​តែមាន​សិទ្ធិ​ អាច​ក្លាយ​ជា​សមាជិក ​មិនតែ​ប៉ុណ្ណោះ​ក្លាយ​ជា​សមាជិក​សកម្ម​របស់​គណបក្ស​នយោបាយ​ថែម​ទៀត។​ មួយ​ទៀតរឿង​ហិរញ្ញ​គណបក្ស​នយោបាយ ខ្ញុំ​ឃើញប្រទេស​ជាច្រើន​ដែល​គេ​កំណត់​និយាយ​ឲ្យ​ច្បាស់​តែ​ម្តង​ក្នុង​ច្បាប់​ស្តីពីគណបក្ស​នយោបាយ​ហ្នឹង ពាក់ព័ន្ធ​នឹង​ហិរញ្ញ​វត្ថុ​របស់គណបក្ស​នយោបាយ​នីមួយៗ​ថា​ មូលនិធិ​របស់​គណបក្ស​នយោបាយ​ហ្នឹង​បាន​មក​ពី​ណា? មួយ​រយៈ​កាលឃោសនា​បោះ​ឆ្នោត​ហ្នឹង​ចំណាយ​លើ​អ្វី​ខ្លះ? ​ចំណាយ​ប៉ុន្មាន?​ ហើយ​ត្រូវ​ផ្សព្វផ្សាយ​ទៅ​ឲ្យ​គេ​ដឹង»។​

លោកយឿង សុធារ៉ា​បន្ថែម​ថា ​ការបញ្ជារ​បស់​លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​មាន​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ ​និងដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោតក្នុង​ពេល​ខាង​មុខ៕

XS
SM
MD
LG