អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៥រូប បានដើរចូលរួមប្រជុំសភាជាលើកដំបូងដើម្បីបញ្ចប់ការធ្វើពហិការរបស់ខ្លួន ដែលមានអាយុកាលជាង១០ខែនិងក៏ជាការបញ្ចប់ការរិះគន់ថារដ្ឋសភានិងរដ្ឋាភិបាលដែលបានកើតចេញក្រោយការបោះឆ្នោតមិនស្របច្បាប់ដែរ។
ក្រោយពីបានបើកកិច្ចប្រជុំជាលើកដំបូងមេដឹកនាំគណបក្សប្រជាជនកម្ពុជានិងមេដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើការសន្យាមួយអន្លើដោយផ្ទាល់មាត់ជាសាធារណៈថានឹងបញ្ឈប់វប្បធម៌«ទឹកឡើងត្រីស៊ី ស្រមោច និង ទឹកហោចស្រមោចស៊ីត្រី» និង វប្បធម៌ លាបពណ៌ដាក់គ្នាទៅវិញទៅមកហើយងាកមករួមដៃគ្នាកសាងប្រទេសវិញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតក្រោយពីកិច្ចប្រជុំរដ្ឋសភាថាកិច្ចប្រជុំរដ្ឋសភាថ្ងៃនេះបានបង្ហាញថាវិបត្តិនយោបាយបានបិទបញ្ចប់ហើយ។ យើងឈានចូលក្នុងដំណាក់កាលថ្មីមួយដែលយើងអនុវត្តឱ្យបានពេញលេញនិងត្រឹមត្រូវនូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងគណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា។
លោកមានប្រសាសន៍ថាអ្នកនយោបាយនឹងខិតខំបង្ហាញសុឆន្ទៈបង្ហាញភាពស្មោះត្រង់និងការទុកចិត្តគ្នាទៅវិញទៅមកដើម្បីបង្កើតនូវវប្បធម៌មួយថ្មី គឺវប្បធម៌សន្ទនា។
លោកនិយាយថា៖«យើងបញ្ចប់វប្បធម៌ច្បាំងគ្នា ច្បាំងគ្នាជាពាក្យសំដីក៏ដោយ យកឈ្នះយកចាញ់រៀងៗខ្លួន មិនអញ្ចឹងទៀតទេ វប្បធម៌សន្ទនាគឺទាំងអស់គ្នាស្វែងរកគំនិតល្អ គំនិតជាវិជ្ជមានដើម្បីការពារប្រទេសជាតិយើង ការពារទាំងទឹកដី ហើយលើកដម្កើងយុត្តិធម៌សង្គម ក្នុងប្រទេសជាតិយើង»។
គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរួមប្រជុំសភា ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៣ ហើយគណបក្សប្រជាជនកម្ពុជាបានបើកកិច្ចប្រជុំសភានិងបោះឆ្នោតដំបូងដោយបោះឆ្នោតតែងតាំងសមាជិករដ្ឋសភានិងរដ្ឋាភិបាលជាកញ្ចប់ដោយឯកបក្ស។
គណបក្សសង្គ្រោះជាតិបានវាយប្រហារនិងរិះគន់ធ្ងន់ៗថាជារដ្ឋសភានិងរដ្ឋាភិបាលខុសច្បាប់ខុសរដ្ឋធម្មនុញ្ញដែលចែងថារដ្ឋាភិបាលនិងរដ្ឋសភាត្រូវធ្វើឡើងដោយសេរីនិងពហុបក្ស។គណបក្សនេះបានបន្តធ្វើបាតុកម្មតវ៉ានៅខាងក្រៅសៃវៀនរដ្ឋសភាតែដល់ដំណាក់កាលចុងក្រោយបានសម្រេចចិត្តចូលប្រជុំសភាបន្ទាប់ពីមានជំនួបកំពូលកាលពីចុងខែកក្កដា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅមន្ទីររដ្ឋសភាថាលោកមិនគាំទ្រវប្បធម៌ទឹកឡើងត្រីស៊ី ស្រមោច ទឹកហោចស្រមោចស៊ីត្រី។លោកបានបញ្ជាក់ថារឿងនេះវាមិនល្អទេ អ្នកណាឡើងកាន់អំណាចវាជារឿងមួយក៏ប៉ុន្តែធ្វើយ៉ាងណាឱ្យអ្នកដែលមិនកាន់អំណាចបានសេចក្តីសុខផង។
លោកមានប្រសាសន៍ថា៖«ខ្ញុំមានការជឿជាក់ទៅលើសំដីរបស់ឯកឧត្តមសម រង្ស៊ីហើយសង្ឃឹមថាឯកឧត្តម សម រង្ស៊ី និងអប់រំផ្ទៃក្នុងរបស់គណបក្សគាត់ដើម្បីបញ្ចប់នូវបញ្ហាការបែកបាក់ជាតិនេះ។ ឯខាងគណបក្សប្រជាជនក៏ខិតខំប្រឹងប្រែងដើម្បីអប់រំផ្ទៃក្នុងរបស់ខ្លួន។ ប៉ុន្តែអ្នកទាំងអស់គ្នាបានដឹងហើយថាខាងគណបក្សប្រជាជនមិនមែនជាអ្នកផ្តើមហេតុពីព្រោះនៅក្នុងស្ថានភាពដែលខ្លួនកាន់អំណាចរាប់សិបឆ្នាំ ដែលខ្លួនបានខិតខំធ្វើពីការបែកបាក់មកកាន់ការបង្រួបបង្រួមជាតិ ពីការប្រឈមមុខមកកាន់ការសហការ»។
លោក កែម ឡី អ្នកវិភាគសង្គមមើលឃើញថាតាមបទពិសោធកន្លងមកតែងតែមានការសន្យាគ្នាយ៉ាងដូច្នេះក៏ប៉ុន្តែក្រោយមកបានវាយប្រហារគ្នាដដែល។
លោកមានប្រសាសន៍ថាបើប្រទេសកម្ពុជាគ្មានការជ្រៀតជ្រែកនយោបាយពីប្រទេសចិន និងប្រទេសវៀតណាមហើយមេដឹកនាំងាកមកជជែកគ្នាដើម្បីដោះស្រាយបញ្ហាខ្មែរនិងខ្មែរប្រហែលជានឹងអាចកាច់ចង្កូតប្រទេសឱ្យដើរទៅមុខបាន។
លោកនិយាយថា៖«ខ្ញុំហាក់បីដូចជាមានជំនឿខ្លះដែរប្រសិនបើនយោបាយហ្នឹងវាជានយោបាយខ្មែរ។អត់ឥទ្ធិពលពីចិន ពីយួនច្រើន ពីអាមេរិកច្រើន។ លោក ហ៊ុន សែន និងលោក សម រង្ស៊ីអាចនឹងមិនមានការស្រុះស្រួលគ្នាប្រសិនបើគាត់គិតពីរឿងទៅលើក្មេងជំនាន់ក្រោយ»។
គណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់ធ្វើជាដៃគូក្នុងរដ្ឋាភិបាលចម្រុះជាមួយនឹងគណបក្សប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣មកក៏ប៉ុន្តែក្រោយមកមិនយូរប៉ុន្មានគណបក្សនេះមានជម្លោះផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិពេលនោះជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថាបានលូកដៃចូលយ៉ាងជ្រៅមកបំបែកបំបាក់ផ្ទៃក្នុងគណបក្សរបស់ព្រះអង្គហើយវាសនាចុងក្រោយគណបក្សនោះគ្មានបានទទួលការគាំទ្រសូម្បីតែមួយអាសនៈនៅក្នុងការបោះឆ្នោតអណត្តិទី៥នេះ៕