បន្ទាប់ពីបានឈរថតរូបអនុស្សាវរីយ៍នៅវិមានរដ្ឋសភាជាតិ លោកសម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំសមាជិកសភាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួន៥៥រូបទៅធ្វើពិធីសច្ចាប្រណិធានស្បថចូលកាន់មុខតំណែងជាសមាជិកសភាតំណាងរាស្ត្រពេញសិទ្ធិក្រោមព្រះរាជាធិបតេយ្យភាពពីព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។
សមាជិកសភាជាប់ឆ្នោតទាំង៥៥ ក្នុងសម្លៀកបំពាក់បងក្បិន និងអាវសកតាំង មានទឹកមុខញញឹមញញែម ក្នុងខណៈពេលដែលអ្នកតំណាងរាស្ត្រទាំងនោះបានជួបជុំគ្នានៅវិមានរដ្ឋសភាដើម្បីរង់ចាំក្បួនម៉ូតូសនាំមុខឆ្ពោះទៅកាន់ព្រះបរមរាជវាំង។
មុនពេលចេញពីមន្ទីររដ្ឋសភា មេដឹកនាំគណបក្សសង្គ្រោះជាតិបានឈរថតរូបអនុស្សាវរីយ៍ជាមួយសមាជិកសភាដោយលើកដៃលេខ៧ជាសញ្ញាតំណាងឲ្យលេខរៀងទី៧របស់គណបក្សសង្គ្រោះជាតិ។
ការស្បថចូលកាន់មុខតំណែងរបស់សមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិទាំង៥៥រូបនេះបានបិទបញ្ចប់ការធ្វើពិហិការចំនួនជាង១០ខែ បន្ទាប់ពីគណបក្សនេះបានប្រកាសស្វែងរកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោតនៅខាងក្រៅរដ្ឋសភា។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមិនបានធ្វើអត្ថាធិប្បាយអ្វីច្រើនទេ នៅពេលដែលក្រុមអ្នកកាសែតបានចោមរោមសួរលោកពេលចេញពីព្រះបរមរាជវាំង។
លោកសម រង្ស៊ីមានប្រសាសន៍ថាយើងបានបំពេញកាតព្វកិច្ចរបស់យើងរួចហើយ។
លោកបាននិយាយថា៖« ពិធីសច្ចាប្រណិធានបានចប់សព្វគ្រប់ហើយក្រោមព្រះរាជអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់នៃព្រះមហាក្សត្រ។យើងបានបំពេញកាតព្វកិច្ចរបស់យើង»។
ចំណែកលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិវិញ មានប្រសាសន៍ថា បើទោះបីជាយើងធ្វើពិធីសច្ចាប្រណិធានរួចហើយក៏ដោយ ក៏យើងនៅតែតស៊ូដោយអហិង្សាតទៅទៀតដើម្បីយុត្តិធម៌។
លោកបាននិយាយថា៖«យើងបានបំពេញអ្វីដែលយើងបានសន្យា ហើយយើងមានអភ័យឯកសិទ្ធិពេញលេញ។ ថ្ងៃនេះយើងអាចធ្វើការតស៊ូដោយអហិង្សាតទៅទៀតដោយអត់មានប្រព័ន្ធតុលាការណាយកមកគំរាមយើងដើម្បីឲ្យយើងមានការភ័យខ្លាចទៀតទេ»។
ពិធីស្បថចូលកាន់មុខតំណែងនៃសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានកើតមានឡើងបន្ទាប់ពីសមាជិកសភាជាប់ឆ្នោតទាំង៨រូបនិងសកម្មជនមួយរូបត្រូវបានអាជ្ញាធររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចាប់ដាក់ពន្ធនាគារអស់រយៈពេលមួយសប្តាហ៍ ក្រោយពីមានអំពើហិង្សាមួយនៅសួនប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា។
ឥឡូវនេះសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៣នាក់ផ្សេងទៀតកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារនៅឡើយ។
លោកសុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សង្ឃឹមថា នឹងមានការសម្របសម្រួលផ្នែកនយោបាយ ហើយសកម្មជនទាំង៣នាក់នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗខាងមុខនេះ។
លោកនិយាយថា៖ «ខ្ញុំជឿជាក់ថា វាជារឿងនយោបាយ។ ករណីនយោបាយមិនអាចបន្តទៅទៀតទេ នៅក្នុងករណីដែលអ្នកតំណាងរាស្ត្រយើងបានចូលស្បថ។ចំណែកសកម្មជន៣នាក់នឹងអាចមានដំណោះស្រាយនៅពេលក្រោយ នៅពេលឆាប់ខាងមុខនេះ»។
លោកសុន ឆ័យមានប្រសាសន៍ថា នៅពេលធ្វើពិធីស្បថចូលកាន់មុខតំណែងរួចហើយ គណបក្សសង្គ្រោះជាតិនឹងចូលប្រជុំសភានៅថ្ងៃទី៨ខាងមុខ។
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ប្រធានគណបក្សសង្គមរាស្ត្រ រាជាធិបតេយ្យ បានប្រាប់វីអូអេតាមទូរស័ព្ទពីប្រទេសបារាំងថា គណបក្សសង្គ្រោះជាតិបានជួបប្រទះនូវភាពទាល់ច្រកផ្នែកនយោបាយបានជាសម្រេចចិត្តចូលស្បថចូលកាន់មុខតំណែង។
ព្រះអង្គម្ចាស់ ដែលធ្លាប់ជាប្រធានរដ្ឋសភា បានមានបន្ទូលថា តាមបទពិសោធន៍កន្លងមក ព្រះអង្គមានជំនឿថា គណបក្សសង្គ្រោះជាតិគ្មានអំណាចនឹងតតាំងក្នុងរដ្ឋសភាដើម្បីដោះស្រាយបញ្ហាចម្បងៗរបស់ប្រទេសជាតិបានទេ។
ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំមិនសង្ឃឹមថា គណបក្សសង្គ្រោះជាតិមានលទ្ធភាពនឹងកែទម្រង់ កែលម្អសភាជាតិនោះទេ ពីព្រោះបទបញ្ជាផ្ទៃក្នុងមានហើយ ហើយការបោះឆ្នោតត្រូវការប៉ុន្មាន ពាក់កណ្តាលបូកមួយ»។
លោកឈាង វុន សមាជិកសភាខាងគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ដោយអបអរសារទរនៅពេល ដែលឃើញគណបក្សសង្គ្រោះជាតិឈានដល់ចំណុចធ្វើពិធីសច្ចាប្រណិធានស្បថចូលកាន់មុខតំណែង។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអរណាស់។ ខ្ញុំអរមែនទែន។ ជាថ្មីម្តងទៀតជោគជ័យនេះជាជោគជ័យរបស់ប្រជាពលរដ្ឋ ជោគជ័យរបស់ប្រជាធិបតេយ្យនៅកម្ពុជា ហើយយើងទាំងអស់គ្នាត្រូវអបអរសារទរ»។
លោកឈាង វុនបានបញ្ជាក់ថា ចំណែកឯសកម្មជនបីនាក់របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួនចុងក្រោយពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យនោះទុកឲ្យតុលាការសម្រច ថាតើមានទោស ឬក៏គ្មានទោស៕