ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​នឹង​ចូល​គាត់​ព្រះ​មហាក្សត្រ​ធ្វើ​សច្ចា​ប្រណិធាន​ថ្ងៃ​ស្អែក


ពិធី​ស្បថ​ចូល​កាន់​តំណែង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ (វីអូអេ)
ពិធី​ស្បថ​ចូល​កាន់​តំណែង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ (វីអូអេ)

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​គ្រោង​នឹងធ្វើ​សច្ចាប្រណិធាននៅ​ព្រះ​បរមរាជវាំង​នៅ​ថ្ងៃ​អង្គារ​ស្អែក​វេលា​ម៉ោង​៤​រសៀល​ដើម្បី​បំពេញ​អភ័យ​ឯក​សិទ្ធិសមាជិក​សភា​របស់​ខ្លួន។​

ការ​ចូល​ស្បថ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ចរចា​លម្អិត​របស់​ខ្លួន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា ​បាន​បញ្ចប់​ទៅ​ជា​ស្ថាពរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ យឹម សុវណុ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ។​

«ថ្ងៃ​នេះ​គណៈអចិន្ត្រៃយ៍​របស់​គណបក្ស​បាន​សម្រេច​ថា ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ទាំង​អស់​នឹង​ចូល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​ព្រះ​បរមរាជវាំង​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង​បួន​រសៀល ដោយ​សារ​ថា​ ក្រុម​ការងារ​ទាំង​បី​ដែល​បាន​ជួប​ជុំ​គ្នា​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ដើម្បី​អនុវត្ត​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​២២​ហ្នឹង​គឺ​បាន​សម្រេច​ការងារ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​អស់​ហើយ ​ហើយ​នៅ​មាន​ចំណុចនៅ​សេសសល់​បន្តិច​បន្តួច យើង​នឹង​ចាប់ផ្តើម​ធ្វើ​ការងារ​ក្រោយ​ពី​ចូល​ប្រជុំ​សភា»។​

កិច្ច​ចរចា​លម្អិត​រវាង​គណបក្ស​ទាំង​ពីរ​ដែល​សម្រេច​បាន​នោះ​ រួម​មាន​ការ​បង្កើត​ឱ្យ​មាន​តុល្យភាព​អំណាច​នៅ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដោយ​មាន​សមាសភាព​ជា​សមាជិក​គណបក្ស​ទាំង​ពីរ​ ម្ខាង​៤នាក់​ និង​សមាជិក​ឯករាជ្យ​ម្នាក់​ ដែល​គណបក្ស​ទាំង​ពីរ​សម្រេច​ជ្រើសរើស​លោក​ស្រី​ពុង ឈីវកេក​ ប្រធាន​អង្គការ​លីកាដូ។​ ក្រៅ​ពី​នោះ​ក៏​មាន​គោល​ការណ៍​សំខាន់ៗ​នៃ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ​និង​ព្រមព្រៀង​លើ​សេចក្តី​ព្រាង​នៃ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ ជំពូក​ទី​៥ ​មាត្រា​៧៦​ ទាក់ទង​នឹង​អង្គការ​បោះឆ្នោត។​ នេះ​បើ​តាម​លោក​យឹម សុវណ្ណ។​

យ៉ាង​ណា​ក៏​ដោយ​ លោក ​យឹម សុវណ្ណ ​បញ្ជាក់​ថា ​គណបក្ស​លោក​មិន​ទាន់​កំណត់​ថ្ងៃ​ចូល​ប្រជុំ​សភា​នៅ​ឡើយ​ទេ ​ដោយ​រង់ចាំ​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​លោក​បន្ត​ទៀត។​

សូម​បញ្ជាក់​ថា ​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​រួម​នៅ​ថ្ងៃ​ទី​២២ ​ខែ​កក្កដា ​ជា​លទ្ធផល​ដែល​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំ​នៅ​កម្ពុជា។ ​ហើយ​គណបក្ស​ទាំង​ពីរ​បាន​សម្រេច​បង្កើត​គណៈកម្មការ​ចំនួន​បី​ដើម្បី​ចរចា​លម្អិត​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ។​

លោក​ ឈាង វ៉ុន ​តំណាងរាស្ត្រ​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ ចាត់​ទុកការ​ស្បថ​ចូល​កាន់​តំណែង​នៅ​រដ្ឋ​សភា​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ជា​ការ​គោរព​ឆន្ទៈ​ម្ចាស់​ឆ្នោត ​និង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ។​

«ខ្ញុំ​យល់​ថា​ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ ជា​ការ​ល្អ​ហើយ​ក្នុង​នាម​ជា​មន្ត្រី​ជាន់​ខ្ពស់​គបក្ស​ប្រជាជន ​ដែល​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋសភា ​ការ​ចូលរួម​របស់​គណបក្ស​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​សភា​ចំពោះ​ខ្ញុំ ​គឺ​ល្អ​ពីរ​ដង ​ព្រោះ​យើង​ត្រូវ​រួបរួម​គ្នា​កាន់​ដៃ​គ្នា ​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​រដ្ឋ​សភា​ បម្រើ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​៦,៣​លាន​នាក់​ដែល​បាន​បោះឆ្នោត​ផ្តល់​ការ​ទុក​ចិត្ត​លើ​គណបក្ស​យើង​ទាំង​ពីរ»។​

លោក​ នី ចរិយា ​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​ថ្លែង​ថា​ចំណាត់​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​ជា​ការ​សម​ហេតុ​សម​ផល និង​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​គណបក្ស​ទាំង​ពីរ​ពិភាក្សា​លើ​កំណែ​ទម្រង់​ដែល​ខ្លួន​បាន​ព្រមព្រៀង​គ្នា​ និង​កំណែ​ទម្រង់​ដទៃ​ទៀត។​

«យើង​កុំ​គិត​រឿង​ឆាប់​ពេក ​រឿង​យឺត​ពេក។ ​ខ្ញុំ​គិត​ថា ​បើ​ឆាប់​កាន់​តែ​ល្អ​ ឱ្យ​តែ​ការ​ចូល​ស្បថ​នេះ​ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​ ក្នុង​ការ​ដែល​យើង​ចូល​ទៅ​ធ្វើ​កំណែ​ទម្រង់​ក្នុង​ស្ថាប័ន​សំខាន់ៗ​បាន។​ ឧទាហរណ៍​ថា​ យើង​បាន​ជជែក​គ្នា​ហើយ​នៅ​ខាង​ក្រៅ​នេះ ​មុន​យើង​ចូល​ទៅ​នេះ​ អំពី​រឿង​កែ​ទម្រង់​ផ្សេងៗ​ ដូចជា​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ អំពី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ​ឬ​ស្ថាប័ន​ផ្សេងៗ​ទៀត​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ​ យើង​ក៏​មិន​ដឹង​ថា​ នៅ​ខាង​ក្រៅ​ហ្នឹង​ដើម្បី​អ្វី​ដែរ។​ យើង​ត្រូវ​តែ​ចូល​ទៅ​ស្បថ​ទៅ​ធ្វើ​កិច្ចការ​ហ្នឹង​នៅ​ក្នុង​រដ្ឋ​សភា»។​

យ៉ាង​ណា​ក៏​ដោយ ​លោក​នី ចរិយា​យល់​ថា​ ការ​សម្រេច​ចិត្ត​ចូល​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ជា​ឱកាស​ដើម្បី​ឱ្យ​គណបក្ស​ទាំង​ពីរ​បង្ហាញស្នាដៃ​ ក៏​ដូចជា​ប្រសិទ្ធិភាព​នៃ​កំណែ​ទម្រង់​នានា​សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយឆ្នាំ​២០១៨៕

XS
SM
MD
LG