សកម្មជនដីធ្លីមកពីសហគមន៍ចំនួនបួនផ្សេងៗគ្នានៅថ្ងៃពុធនេះបានបរាជ័យក្នុងការប៉ុនប៉ងចូលកាន់កាប់ទីលានប្រជាធិបតេយ្យសារជាថ្មីម្តងទៀតក្នុងខណៈពេលដែលពួកគេបានប្រមូលផ្តុំគ្នាតវ៉ាឈានចូលដល់ថ្ងៃទីពីរដើម្បីទាមទារឱ្យដោះលែងសកម្មជននយោបាយ ព្រះសង្ឃ និង សកម្មជនដីធ្លីដែលកំពុងជាប់ឃុំឃាំង។
មន្ត្រីសិទ្ធិមនុស្ស និង សាក្សីឃើញផ្ទាល់ភ្នែកបានអះអាងថា មានសកម្មជនដីធ្លីប្រមាណ២០នាក់ប៉ុណ្ណោះ បានកាន់បដានិង បូរពណ៍លឿងមកប្រមូលផ្តុំគ្នានៅបរិវេណខាងក្រោយក្បែរស្ថានទូតសហរដ្ឋអាមេរិក ដើម្បីប៉ុនប៉ងចូលកាន់កាប់ទីលានប្រជាធិបតេយ្យតែត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញរារាំង។ ក៏ប៉ុន្តែមិនមានការប៉ះទង្គិចដោយអំពើហិង្សាណាមួយកើតឡើងទេ។
ក្រុមអ្នកតវ៉ាបានត្រឹមតែអង្គុយមួយកន្លែងកាន់ពាក្យស្លោកទាមទារឱ្យដោះលែងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ឃុំក្រោមការតាមឃ្លាំមើលពីមន្ត្រីសិទ្ធិមនុស្ស និង ពីក្រុមអាជ្ញាធរមានសមត្ថកិច្ច។
អ្នកស្រី យ៉ោម បុប្ជា សកម្មជនដីធ្លីមកពីតំបន់បឹងកក់បានអង្គុយកាន់បដាជាមួយសកម្មជនដីធ្លីផ្សេងទៀតបាននិយាយថាសមត្ថកិច្ចបានរឹតបន្តឹងពួកគេមិនឱ្យដើរហែរក្បួនទេសូម្បីតែទៅបន្ទប់ទឹកក៏រឹតបន្តឹងដែរ។
អ្នកស្រីបានបញ្ជាក់ថាការរារាំងនេះហាក់បីដូចជារដ្ឋាភិបាលមិនបានគោរពសិទ្ធិតវ៉ាដោយសន្តិវិធីរបស់ពលរដ្ឋ។ អ្នកស្រីបញ្ជាក់ថាសកម្មជនដីធ្លីនិងបន្តការតវ៉ារហូតរយៈពេលមួយខែបើទោះបីអាជ្ញាធររឹតបន្តឹងក៏ដោយ។
លោកស្រីបញ្ជាក់ថា៖ «ចេញត្រឡប់ទៅវិញមិនឱ្យចេញទៀត។ ទៅបន្ទប់ទឹករារាំងទៀត នេះជារឿងមួយដែលរំលោភប្រជាពលរដ្ឋខ្លាំងក្លាណាស់ដែលយើងមិនអាចទទួលយកបានទេ»។
ក្រុមសកម្មជនដីធ្លីបានជូនដំណឹងដល់សាលាក្រុងភ្នំពេញថាពួកគេនឹងដឹកនាំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដោយអហិង្សារយៈពេលមួយខែដោយចាប់ផ្តើមពីថ្ងៃទី២០ ខែមករា និងបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈខាងមុខនេះដើម្បីទាមទារឱ្យដោះលែងដីធ្លី ព្រះសង្ឃ និង សកម្មជនគណបក្សនយោបាយចំនួន១៩នាក់ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ។
អ្នកស្រី ជុំ ង៉ាន់ សកម្មជនដីធ្លីមកពីសហគមន៍បូរីកីឡាមានប្រសាសន៍ថាគោលបំណងយើងចូលទីលានប្រជាធិបតេយ្យគឺដើម្បីចែកបូរពណ៍លឿងដែលជានិមិត្តសញ្ញានៃការរង់ចាំយុត្តិធម៌អ្នកដែលកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំង។
អ្នកស្រីបញ្ជាក់ថាកម្ពុជាកំពុងតែផ្តាច់ការក្នុងបិទសិទ្ធិរបស់អ្នកតវ៉ាដោយសន្តិវិធី។
លោកស្រីនិយាយថា៖«ខ្ញុំគិតថារបបរបស់យើងនេះគឺផ្តាច់ការ មិនឱ្យប្រជាពលរដ្ឋចូលទៅទីលានប្រជាធិបតេយ្យ។ សូម្បីតែទីលានប្រជាធិបតេយ្យផ្ទាល់ហ្នឹងក៏ផ្តាច់ការដែរ រដ្ឋាភិបាលរារាំងអត់ឱ្យចូលតែម្តង»។
ទីលានប្រជាធិបតេយ្យដែលមានទីតាំងនៅខាងក្រោយស្ថានទូតសហរដ្ឋអាមេរិក ត្រូវបានសាលាក្រុងភ្នំពេញមិនអនុញ្ញាតឱ្យមានការជួបប្រជុំណាមួយកើតឡើងទេចាប់តាំងពីការវាយបង្ក្រាបដោយអំពើហិង្សាទៅលើការតវ៉ារបស់ក្រុមបាតុករដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិកាលពីដើមខែមករាឆ្នាំ២០១៤។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថាការរារាំងរបស់សមត្ថកិច្ចមិនឱ្យជួបប្រជុំនៅទីលានប្រជាធិបតេយ្យជាការរំលោភសិទ្ធិសេរីភាពរបស់ពួកគាត់។
លោកនិយាយថា៖«ក្នុងនាមយើងអង្គការសង្គមស៊ីវិល យើងសុំស្នើទទូចដល់រដ្ឋាភិបាលជាពិសេស សាលារាជធានីភ្នំពេញថាគួរបញ្ចប់វប្បធម៌ដែលប្រើអំពើហិង្សា វប្បធម៌ការគាបសង្កត់ សេរីភាពរបស់អ្នកភូមិជាពិសេសសហគមន៍ដែលរងគ្រោះដោយសារដីធ្លី»។
មានសកម្មជនគណបក្សប្រឆាំង ព្រះសង្ឃ និង សកម្មជនដីធ្លីនៅតំបន់បឹងកក់ ចំនួន១៩ នាក់ ដែលរួមមានអ្នកស្រី ទេព វន្នី និង លោក មាជ សុវណ្ណារ៉ា ប្រធាននាយករដ្ឋព័ត៌មានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសរួចហើយ និងអ្នកខ្លះនៅ រង់ចាំការកាត់ទោស នៅក្នុងសំណុំរឿងសួនប្រជាធិបតេយ្យ និង សំណុំរឿងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ចររាចរណ៍សាធារណៈ៕