ក្រុមតំណាងពលរដ្ឋរងគ្រោះដោយការរំលោភបំពានដីធ្លីតាមសហគមន៍ជាច្រើន បានប្រមូលផ្តុំតវ៉ាក្នុងរាជធានីភ្នំពេញដើម្បីសុំឲ្យមានការដោះលែងសកម្មជនដីធ្លី និងសកម្មជននយោបាយដែលកំពុងជាប់ឃុំ។ ក្រុមអាជ្ញាធរបានរារាំងក្រុមបាតុករអហិង្សាទាំងនោះ មិនឲ្យធ្វើបាតុកម្មទេ ដោយចាត់ទុកថា ជារឿងគ្មានច្បាប់និងការទាមទារ ហួសកម្រិតច្បាប់កំណត់។
តំណាងពលរដ្ឋរងគ្រោះដោយសារការរំលោភបំពានដីធ្លីជាង១០០នាក់នៅថ្ងៃ អង្គារនេះបានប្រឈមមុខនឹងអាជ្ញាធរនៅពេលធ្វើបាតុកម្មអហិង្សាដើម្បីទាមទារឲ្យអាជ្ញាធរ រដ្ឋាភិបាលមានការដោះស្រាយការរំលោភបំពានដីធ្លី ផ្ទះសម្បែងពួកគេ និងដោះលែងសកម្មជនដែលកំពុងជាប់ឃុំទាំង១៩នាក់ រួមមានព្រះសង្ឃប៉ុន្មានអង្គផងនោះ។
ការរារាំងជាច្រើនកន្លែងរបស់ប៉ូលិសរាជធានីភ្នំពេញនោះធ្វើឡើងនៅពេលដែលសកម្មជនដីធ្លីមកពីតំបន់ជាច្រើន រួមទាំងបឹងកក់ អតីតអ្នកបឹងកក់ បូរីកីឡា ថ្មគោល និងអេសអូអេសជិតព្រលានយន្តហោះ បានប្រមូលផ្តុំគ្នានៅជិតស្ថានទូតស.រ.អា. ហើយមានបំណងដើរដង្ហែក្បួនទៅកាន់ទីលានប្រជាធិបតេយ្យក្បែរនោះដើម្បីបន្តបាតុកម្មរបស់ពួកគេ។
អ្នកស្រីជុំ ង៉ាន់ សកម្មជនដីធ្លីនៅបូរីកីឡា បានបញ្ជាក់ថា ការតវ៉ានេះគឺធ្វើឡើង ដោយអហិង្សា នៅពេលអាជ្ញាធរមិនដោះស្រាយបញ្ហារំលោភដីធ្លីជូនពួកគាត់ មិនតែប៉ុណ្ណោះថែមទាំងបន្តចាប់ខ្លួននិងគំរាមចាប់ខ្លួនបន្ថែមទៀត។
«ចា៎! ដោយសារតែអាជ្ញាធរ គាត់មិនដឹងថា គាត់គិតយ៉ាងម៉េចពីការធ្វើបាតុកម្មហ្នឹង តែគោលបំណងរបស់យើងទាមទាររកដំណោះស្រាយហើយនឹងរកយុត្តិធម៌ឲ្យអ្នកជាប់ពន្ធនាគារ។ ហើយអាជ្ញាធរគាត់តែងតែរារាំងមិនឲ្យយើងធ្វើ ដូចសាលាក្រុងម្សិលមិញ ដែលចូលទៅសាលក្រុង សាលាក្រុងមិនអនុញ្ញាតឲ្យធ្វើបាតុកម្ម អីអញ្ចឹង ធ្វើឲ្យយើងហ្នឹងអស់សង្ឃឹមមែនទែនលើអាជ្ញាធរ ដូចថា បំបិទសិទ្ធិ សេរីភាពពួកយើងណា!»។
អ្នកស្រីបានអះអាងទៀតថា អាជ្ញាធរបានកុហកប្រជាពលរដ្ឋក្នុងការសន្យាដោះស្រាយបញ្ហាដីធ្លីនេះរយៈពេលបីឆ្នាំហើយ តែមិនបានធ្វើនោះទេ។ លោកស្រីបានបន្ថែមថា ការចង់បង្ក្រាបដោយអំពើហិង្សារបស់អាជ្ញាធរមិនទទួលបាន ជោគជ័យទេនៅថ្ងៃនេះ ដោយសារពលរដ្ឋ និងសកម្មជនទាំងអស់ប្រើធម៌ អហិង្សាទប់ទល់នឹងអាជ្ញាធរ។ តែអ្នកស្រីបានបញ្ជាក់ថា គេបានរារាំងមិនឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យទេ។
អ្នកស្រី ស៊ា ណារ៉េត តំណាងអតីតពលរដ្ឋបឹងកក់ ដែលត្រូវបណ្តេញចេញ បាន អះអាងថា ការធ្វើបាតុកម្មនេះគឺដើម្បីសុំឲ្យមានដំណោះស្រាយដីធ្លី និងការដោះ លែងសកម្មជនសិទ្ធិដីធ្លី និងសកម្មជននយោបាយ តែត្រូវអាជ្ញាធររារាំងគ្រប់កន្លែងដែលក្រុមបាតុករចង់សម្តែងមតិ។
«យើងធ្វើទៅ គេមានកម្លាំង ពេលយើងជួបជុំគ្នានៅទូតអាមេរិក។ ហើយខ្ញុំហែរ ទៅទីលាន តែគេមិនឲ្យទៅទីលាន។ គេរារាំង ដាក់រនាំង ហើយពួកខ្ញុំក៏ដកមកកន្លែងយាយពេញវិញ។ ហើយគេដាក់កម្លាំងមកកន្លែងយាយពេញទៀត ហើយមានប៉ូលិសខ័ណ្ឌដូនពេញ ឡានស្នងការសម្រាប់ចាប់ពួកខ្ញុំនេះ។ ហើយពួកខ្ញុំអង្គុយ ហើយគាត់ថា គាត់មិនអាចឲ្យនៅទីសារធារណៈណាមួយ ដោយខូចសណ្តាប់ធ្នាប់។ អញ្ចឹងពួកខ្ញុំអង្គុយអហិង្សានៅទីនោះ តែមិនមានអ្នកណាមួយចេញមកដោះស្រាយទេ»។
សកម្មជនដីធ្លី និងសកម្មជននយោបាយត្រូវចាប់ខ្លួនជាបន្តបន្ទាប់តាំងពីចុងឆ្នាំទៅ ដែលរួមមានអ្នកស្រីទេព វន្នី តំណាងសកម្មជនបឹងកក់ និងលោកមាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ។ ការចាប់ខ្លួននេះត្រូវគេចាត់ទុកថា មិនសមស្របតាមច្បាប់ទេ ព្រោះពួកគេគ្រាន់តែសម្តែងមតិដោយអហិង្សានោះ និងការរកជំនួយអន្តរាគមន៍ដោះស្រាយបញ្ហាទឹកលិច បញ្ហារំលោភបំពានដីធ្លីដែលប្រព្រឹត្តដោយក្រុមអ្នកមានអំណាច ហើយនឹងទាមទារឲ្យដោះស្រាយបញ្ហាសង្គមនានានោះ។
ទោះជាយ៉ាងណាក៏ដោយ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា អាជ្ញាធររារាំងក្រុមបាតុករថ្ងៃនេះគឺដោយសារថា ក្រុមបាតុករបានទាមទារច្រើនពេក ហួសពីកម្រិតដែលសាលារាជធានីដោះស្រាយបាន ហើយសាលារាជធានីបានជំរាបរួចហើយថា គ្មានច្បាប់អនុញ្ញាតឲ្យធ្វើបាតុកម្មរយៈពេល១ខែជាប់គ្នានៅទីលានប្រជាធិបតេយ្យនោះទេ។
«ទី១ វាគ្មានច្បាប់ណាដែលតម្រូវឲ្យយើងអនុញ្ញាតឲ្យធ្វើបាតុកម្ម១ខែជាប់គ្នា Sit in អញ្ចឹង របៀបអនាធិបតេយ្យបែបហ្នឹងគឺអត់មានទេ តាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី»។
លោកបន្តថា៖ «ទី២គោលបំណងរបស់គាត់ ក្នុងការធ្វើបាតុកម្មហ្នឹងវាមានច្រើន។ ក្នុងនោះចំណុចមួយដែលយើងមិនអាចធ្វើឲ្យគាត់បានគឺគាត់ស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញអន្តរាគមន៍ទៅស្ថាប័ន តុលាការដើម្បីដោះលែងពិរុទ្ធជនដែលសំណុំរឿងស្ថិតនៅក្នុងដៃតុលាការ»។
លោកនិយាយថា អាជ្ញាធរបានបញ្ជាក់ហើយថា បើនៅតែធ្វើនោះ អ្នកធ្វើជាអ្នកទទួលខុសត្រូវ នៅពេលមានការប៉ះទង្គិចដោយអំពើហិង្សាណាមួយកើតឡើង។ ហើយមួយទៀត លោកបញ្ជាក់ ថា ការអនុញ្ញាតឲ្យធ្វើបាតុកម្មស្មើនឹងការចូលរួមសកម្មភាពខុសច្បាប់ដែរ។
លោកឡុង ឌីម៉ង់ពន្យល់ថា ដោយសាររឿងនោះជារឿងតុលាការដែលជាអំណាចផ្សេង លោកពុំបានបញ្ជាក់ថា ពេលណាសាលារាជធានីនឹងដោះស្រាយ បញ្ហារំលោភបំពានដីធ្លីនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកសៀ ភិរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានឃ្លាំមើលការរារាំងរបស់អាជ្ញាធរប៉ូលិសដោយចាត់ទុកថា សិទ្ធិបញ្ចេញមតិមានការដើរថយក្រោយនៅកម្ពុជា។
«គឺថា វាចង្អៀតសម្រាប់អ្នកដែលមានបញ្ហាដីធ្លី គឺតែងតែមានការរាររាំង ដូចជា អ្នកដែលកំពុងតែជាប់ឃុំ រាល់ថ្ងៃ១០នាក់ជាង គឺត្រូវគេឃុំខ្លួន ដោយសារតែរឿង បាតុកម្ម ដោយសារតែរឿងទឹកលិចផ្ទះ ហើយគាត់តវ៉ាដោយសន្តិវិធីហ្នឹងត្រូវបានគេចោទប្រកាន់ ហើយគេយកច្បាប់ចរាចរអី យកមកអនុវត្តលើពួកគាត់ ដោយអយុត្តិធម៌។ ហើយព្រឹកមិញនេះគាត់គ្រាន់តែសម្តែងមតិនៅមួយកន្លែងនៅទីលានប្រជាធិបតេយ្យ ហើយបែរជាគេមិនអនុញ្ញាតឲ្យគាត់ធ្វើ អាហ្នឹងគឺជា រឿងមួយដែលយើងឃើញថា រដ្ឋាភិបាលកំពុងតែដើរថយក្រោយ ហើយកំពុងរំលោភច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់បាតុកម្ម ដែលគាត់បានចែង ហើយគាត់មិនបានអនុវត្ត»។
ពលរដ្ឋបានអះអាងថា ពួកគេនឹងធ្វើការតវ៉ាជាថ្មីទៀតសុំឲ្យមានដំណោះស្រាយនិងយុត្តិធម៌ ទោះជាមានការរារាំងពីអាជ្ញាធរក្តី។ បាតុកម្មនេះកើតឡើងនៅពេល ដែលអ្នករាយការណ៍ពិសេសរបស់អ.ស.ប.ផ្នែកសិទ្ធិមនុស្សគឺលោកសូរីយា ប្រាសាទ ស៊ូប៊ែឌីកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាដើម្បីវាយតម្លៃបញ្ហាសិទ្ធិមនុស្សចុងក្រោយក្នុងប្រទេសកម្ពុជា៕