ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​តវ៉ា​នឹង​វៀតណាម​ដែល​ជីក​ស្រះ​ទឹក​ចូល​ដី​ខ្មែរ


លោក​អ៊ុំ សំអាន​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ឈរ​ថត​រូប​នៅ​ក្បែរ​ស្រះមួយ​ក្នុង​ចំណោម​ស្រះ​៥​ដែល​វៀតណាម​ទើប​បាន​ជីក​ក្នុង​ពេល​ថ្មីៗ​នេះ​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ក្នុង​ខេត្តរតនគិរី។ (រូបថត៖ ទំព័រ​ហ្វេសប៊ុក​របស់​លោក​អ៊ុំ សំអាន)
លោក​អ៊ុំ សំអាន​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ឈរ​ថត​រូប​នៅ​ក្បែរ​ស្រះមួយ​ក្នុង​ចំណោម​ស្រះ​៥​ដែល​វៀតណាម​ទើប​បាន​ជីក​ក្នុង​ពេល​ថ្មីៗ​នេះ​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ក្នុង​ខេត្តរតនគិរី។ (រូបថត៖ ទំព័រ​ហ្វេសប៊ុក​របស់​លោក​អ៊ុំ សំអាន)

ក្រសួង​ការបរទេស​កម្ពុជា​បាន​តវ៉ា​នឹង​ប្រទេស​វៀតណាម​ដែល​បាន​ជីកស្រះ​ចំនួន​ប្រាំ​ចូល​ក្នុង​ដី​កម្ពុជា ដែល​កន្លែង​ខ្លះ​បាន​ចូល​រហូតដល់​ជាង​កន្លះ​គីឡូម៉ែត្រ។​

នៅ​ក្នុង​កំណត់​ការទូត​ដែល​បាន​ផ្ញើ​ជូន​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​ នៅថ្ងៃ​សុក្រ​ និង​ត្រូវ​បាន​ដាក់​ផ្សាយ​ជា​សាធារណៈ​ ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា​អាជ្ញាធរ​វៀតណាម​បាន​ជីក​ស្រះ​ចំនួន​៥ ដែល​ទំហំ​នីមួយៗ មាន​៥គុណ​នឹង​១៣ម៉ែត្រ​នៅ​តំបន់ ​ដែល​មិន​ទាន់​ធ្វើការ​វាស់វែង​កំណត់​ខណ្ឌសីមា​ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូយ៉ាដាវ​ ខេត្ត​រតនគីរី។

ក្រសួង​ការបរទេស​បាន​ស្នើសុំ​ឱ្យ​ប្រទេស​វៀតណាម​គោរព​តាម​ខ្សែ​ព្រំដែន​នៃ​ផែនទី​បោន​ខ្នាត​១ភាគ​១០០.០០០​ ហើយ​បាន​និយាយ​យោង​ដល់​សេចក្តី​ប្រកាស​រួម​កាល​ពី​ឆ្នាំ១៩៩៥​ដែល​ចែង​ថា៖

«ភាគី​ទាំងពីរ​រក្សា​ស្ថានភាព​បច្ចុប្បន្ន​ដដែល​មិន​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ ឬ​ដក​ទីតាំង​កំណត់​សំគាល់​ព្រំដែន និង​អប់រំ​ទប់​ស្កាត់​ពលរដ្ឋ​ទាំង​សងខាង​មិន​ត្រូវ​ធ្វើ​ការ​ដាំដុះ ឬ​តាំង​ទីលំនៅ​ឆ្លងដែន និង​សហការ​រក្សា​សណ្តាប់​ធ្នាប់ និង​សន្តិសុខ​ព្រំដែន​រហូត​ដល់​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នេះ‍»។​

លោក អ៊ុំ សំអាន ​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​តាម​ដាន និង​លើក​ឡើង​បញ្ហា​ព្រំដែន​នេះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ​បាន​បញ្ជាក់​ថា​ លោក​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​ជំហរ​ថែរក្សា​ទឹកដី​នេះ​ឱ្យ​បាន​ល្អ​ជានិច្ច ហើយ​ចាំ​មើល​ថា​ ប្រទេស​វៀតណាម​នឹង​ឆ្លើយ​តប​យ៉ាងណា។ បើ​វៀតណាម​មិន​ឆ្លើយតប​ប្រកប​ដោយ​វិជ្ជមាន​ទេ​ រដ្ឋាភិបាល​ត្រូវ​តវ៉ា​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បន្ត​ទៀត។

រីឯ​លោក​ ម៉ៅ មុន្នីវណ្ណ​ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​យល់​ថា​ កម្ពុជា​គួរ​តែ​ទាមទារ​ឱ្យ​វៀតណាម​លុបស្រះ​នោះ​ចោល​វិញ​ ហើយ​ថា៖ «អ្វីដែល​វៀតណាម​បាន​ធ្វើ​ដូច​ជា​ដាំ​ស្វាយ​ចន្ទី ដាំ​កៅស៊ូ​ហ្នឹង​ត្រូវ​តែ​ដកចេញ​សម្អាត​កន្លែង​ហ្នឹង​ឱ្យ​ដូច​ស្ថានភាព​ដើម‍»វិញ។

ប្រទេស​វៀតណាម​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយតប​យ៉ាង​ណា​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG