ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ គ្រាប់ពូជ​វប្បធម៌​សន្ទនា​ត្រូវការ​ថែទាំ​ជា​ប្រចាំ


លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)
លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

ខណៈដែល​មេដឹកនាំ​នយោបាយ​ជាន់​ខ្ពស់​ទាំងពីរ​រូប គឺ​លោក​ ហ៊ុន សែន និង​លោក សម រង្ស៊ី កំពុង​លើក​កម្ពស់​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិវិធី ដំណើរការ​ដាំដុះ​ផ្នត់គំនិត​នៃ​វប្បធម៌​សន្ទនា​នេះ​ទទួល​បាន​ចំណាប់​អារម្មណ៍ និង​ប្រតិកម្ម​ចំរុះ​ពី​ប្រជាពលរដ្ឋ​កម្ពុជា។

យោង​តាម​ប្រវត្តិសាស្ត្រ​នយោបាយ​របស់​កម្ពុជា វប្បធម៌​សន្ទនា​នេះ​ធ្លាប់​ចេញ​ជា​រូបរាង​ឡើង​តាំងពី​ទសវត្សរ៍៩០​មក​ម្ល៉េះ។ នេះ​បើ​យោង​តាម​ការ​បកស្រាយ​របស់​លោក ឈាង វណ្ណារិទ្ធិ សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​តំបន់​អាស៊ីបាស៊ីហ្វិក​នៃ​សាកលវិទ្យាល័យ Leeds នៃ​ចក្រភព​អង់គ្លេស។

«‍យើង​ឃើញ​ថា​កាលពី​ទសវត្សរ៍​៩០ ក៏​មាន​វប្បធម៌​សន្ទនា​ និង​ចរចា​រវាង​ភាគី​ដែល​ឈ្លោះ​គ្នា ហើយ​បាន​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១។ បន្ទាប់​មក​ឆ្នាំ​១៩៩៣ ក្រោយ​ការ​បោះឆ្នោត ក៏​មាន​ការ​វិវាទ​នយោបាយ​ជ្រាលជ្រៅ​ដែរ ហើយ​ក៏​មាន​ការ​ចែករំលែក​អំណាច​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ឈ្នះ​ឆ្នោត និង​គណបក្ស​ប្រជាជន​ដែល​ជាប់​បន្ទាប់ និង​គណបក្ស​ផ្សេង​ទៀត​ ហើយ​បាន​បង្កើត​ជា​រដ្ឋាភិបាល​ចម្រុះ»។

ក៏​ប៉ុន្តែ​ លោក​យល់​ថា វប្បធម៌​សន្ទនា​កាល​ពី​អតីតកាល​មាន​លក្ខណៈ​ខុស​ពី​វប្បធម៌​សន្ទនា​នា​ពេល​សព្វថ្ងៃ​នេះ ដែល​មិន​មែន​ក្នុង​រូបភាព​បែងចែក​អំណាច​នោះ​ទេ។

«‍អ្វី​ដែល​កើត​ឡើង​វា​ខុស​ពី​មុន​គឺ​ត្រង់​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺជា​គណបក្ស​ប្រឆាំង ហើយ​នៅ​ក្រៅ​រដ្ឋាភិបាល មិន​ចូល​នៅ​ក្នុង​រដ្ឋាភិបាល​ទេ ហើយ​ប្រើ​គេ​ហៅថា​ឥទ្ធិពល​នយោបាយ គេ​ហៅ​ថា សម្ពាធ​នយោបាយ​របស់​ខ្លួន​តាម​សភា ដែល​ជា​អង្គ​នីតិបញ្ញត្តិ​មួយ​ដែល​ឯករាជ្យ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ផ្នែក​នីតិប្រតិបត្តិ​របស់​រដ្ឋាភិបាល អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​មួយ​ចំនួន»។

លោក រ៉ែន នឿត អ្នក​តាម​ដាន​ព័ត៌មាន​របស់​វីអូអេ បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​ចំពោះ​វប្បធម៌​សន្ទនា​នេះ​ជា​សារ​តាម​ប្រព័ន្ធសង្គម​របស់​វីអូអេ ដោយ​ផ្តល់​និយមន័យ​នៃ​វប្បធម៌​សន្ទនា​ថា​ជា​«‍ការ​ផ្លាស់ប្តូរ​មតិ​យោបល់ គំនិត ទស្សនៈ​ក្នុង​ន័យ​ដោះស្រាយ​បញ្ហា»។ លោក​បន្ថែម​ទៀត​ថា វប្បធម៌​សន្ទនា​នេះ​មិនមែន​ជា​ការ​សន្ទនា​បែប​ផ្អែម​ល្អែម​នោះ​ទេ តែ​ជា​ការ​សន្ទនា​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​យោបល់​ទៅវិញ​ទៅមក​យ៉ាង​សកម្ម​ដើម្បី​ស្ថាបនា​សង្គម។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ​គឺ​ថា មេដឹកនាំ​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ថា បញ្ហាជាតិ​អ្វី​ខ្លះ​ដែល​គួរ​តែ​ត្រូវ​យក​មក​ដោះស្រាយ តាម​ដំណើរការ​នៃ​វប្បធម៌​សន្ទនា​នេះ​នៅ​ឡើយ​ទេ។ លោក សុខ លាំង ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​តាមដាន​បញ្ហា​ក្នុង​សង្គម​យ៉ាង​ដិតដល់​យល់​ថា ជា​ដំបូង វប្បធម៌​សន្ទនា​នេះ​គួរតែ​យក​បញ្ហា​តូចៗ​មក​ដោះស្រាយ។

«‍អញ្ចឹង​មេដឹកនាំ​ទាំងពីរ​គួរតែ​ពិចារណា​នៅ​ក្នុង​ការ​ជ្រើស​រើស​បញ្ហា​ណា​ដែល​តូច​ល្មម​ហើយ​គិត​ថា យើង​មាន​ការ​ខ្វែង​គំនិត​គ្នា​តិចតួច ហើយ​រក​ជោគជ័យ​ឲ្យ​បាន​មួយ​ចំនួន​សិន មុន​នឹង​ដោះស្រាយ​បញ្ហា​ធំៗ​របស់​ជាតិ​ទៅ​ខាង​មុខ​ទៀត»។

ចាប់​តាំង​ពី​គំនិត​នៃ​វប្បធម៌​សន្ទនា​នេះ​ត្រូវ​បាន​បណ្តុះ​ឡើង មាន​ប្រតិកម្ម​អវិជ្ជមាន និង​មន្ទិលសង្ស័យ​លើ​ដំណើរការ និង​ប្រសិទ្ធភាព​នៃ​វប្បធម៌​នេះ​មួយ​កម្រិត​ដែរ។ ឧទាហរណ៍ ថ្មីៗ​នេះ​ព្រះ​អង្គ​ម្ចាស់ នរោត្តម រាណឫទ្ធិ ដែល​ជា​អតីត​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​រិះគន់​លោក សម រង្ស៊ី និង​គំនិត​វប្បធម៌​សន្ទនា​នេះ​ថា គ្រាន់​តែ​ជា​ការ​បោកប្រាស់​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ លោក សុខ លាំង មាន​ប្រតិកម្ម​វិជ្ជមាន​ ចំពោះ​ការ​បណ្តុះ​គ្រាប់​ពូជ​នៃ​វប្បធម៌​សន្ទនា​នេះ ដោយ​យល់​ថា វា​ជា​ការ​ផ្លាស់​ប្តូរ​ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​មក​ស្វែងរក​ដំណោះស្រាយ​បែប​សន្តិភាព​វិញ។

«‍ខ្ញុំ​គិត​ថា ការ​សន្ទនា​នេះ គឺ​បើ​សិន​ជា​វា​មាន​បញ្ហា​អ្វី​មួយ​ទាក់ទង​នឹង​បញ្ហា​ជាតិ ឬ​បញ្ហា​រវាង​គណបក្ស​ទាំង​ពីរ​នេះ​គឺ​គេ​ជជែក​គ្នា។ កាល​ណា​បាន​ជជែក​គ្នា​កាន់​តែ​ច្រើន​ដង គឺ​នឹង​មាន​ការ​យល់​គ្នា​កាន់​តែ​ច្រើន ហើយ​វា​នឹង​កាន់​បន្ថយ​នូវ​ការ​គិត​ដែល​គ្មាន​ភស្តុតាង ការ​គិត​ពិចារណា​មិន​បាន​ដិតដល់ ហើយ​ដែល​ចេះ​តែ​សន្និដ្ឋាន​ដោយ​ខ្លួន​ឯង និង​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​ហ្នឹង​ដែល​នាំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ជា​អំពើ​អ្វី​មួយ ឧទាហរណ៍​ដូច​ជា​អំពើ​ហិង្សា​ជា​ដើម »។

ឆន្ទៈ​នយោបាយ​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ទៅ​តាម​គោលដៅ។ លោក ឈាង វណ្ណារិទ្ធិ យល់​ថា មេដឹកនាំ​ទាំង​ពីរ​ពិតជា​មាន​ឆន្ទៈ​នយោបាយ​ដ៏​ប្រាកដ​មួយ​ក្នុង​ការ​បណ្តុះ​វប្បធម៌​សន្ទនា ដើម្បី​ទុក​ជា​គំរូ​នៃ​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ​តាម​បែប​សន្តិវិធី។

«‍ខ្ញុំ​គិត​ថា ភាគី​ទាំងពីរ​មាន​ឆន្ទៈ​នយោបាយ។ ឆន្ទៈ​នយោបាយ​សំខាន់​ណាស់។ ទាល់តែ​យើង​មាន​ឆន្ទៈ​នយោបាយ​ហើយ ទើប​យើង​អាច​ធ្វើ​អ្វីៗ​ទៅ​មុខ​បាន»។

ដោយ​ឡែក ពាក្យ​ថា​វប្បធម៌​មាន​ន័យ​ស៊ី​ជម្រៅ ហើយ​ការ​បណ្តុះ​គោល​គំនិត​នីមួយៗ​ត្រូវការ​ពេល​វេលា​យូរ ដើម្បី​បញ្ជ្រាប​គំនិត​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​វប្បធម៌។ លោក សុខ លាំង យល់​ថា គោល​គំនិត​នៃ​វប្បធម៌​សន្ទនា​នេះ​មិន​ទាន់​ក្លាយ​ជា​វប្បធម៌​នៅ​ឡើយ​ទេ។

«‍ការ​ពិត​វា​មិន​ទាន់​ក្លាយ​ជា​វប្បធម៌​នៅ​ឡើយ​ទេ។ វា​គ្រាន់​តែ យើង​ថា ឥឡូវ​យើង​ដាំ​វប្បធម៌​សន្ទនា។ អញ្ចឹង​យើង​ត្រឹម​តែ​រើស​ពូជ​វប្បធម៌​សន្ទនា​នេះ​យក​មក​ដាំ ដើម្បី​ឲ្យ​វា​មាន​ដុះ​ជា​ផ្លែ ជា​ស្លឹក ជា​មែក។ អញ្ចឹង​យើង​ត្រូវ​តែ​មាន​ការ​ស្រោច​ទឹក ដាក់​ជី​ថែទាំ​វា​ឲ្យ​បាន​ល្អ»។

លោក សុខ លាំង បាន​បន្ថែម​ទៀត​ថា គោល​គំនិត​នៃ​វប្បធម៌​សន្ទនា​នេះ​អាច​ក្លាយ​ជា និង​ត្រូវ​បាន​ចាត់​ទុក​ជា​វប្បធម៌​សន្ទនា​បាន លុះ​ត្រា​តែ​ប្រជាពលរដ្ឋ​គ្រប់​រូប​យល់​ដឹង​បាន​ទូលាយ ទទួល​ស្គាល់​ និង​អនុវត្ត​វប្បធម៌​នេះ។

«‍ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់​ពី​វប្បធម៌​សន្ទនា គឺ​មេដឹកនាំ​ទាំង​ពីរ​នៃ​គណបក្ស​ទាំង​ពីរ​ត្រូវ​ផ្សព្វផ្សាយ។ កាល​ដែល​យើង​ផ្សព្វផ្សាយ ហើយ​និង​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់ ថា​អ្វី​ទៅ​ជា​វប្បធម៌​សន្ទនា ហើយ​គេ​ធ្វើ​យ៉ាង​ម៉េច​នៅ​ក្នុង​វប្បធម៌​សន្ទនា​ហ្នឹង។ នៅ​ពេល​ណា​ដែល​ប្រជាជន​បាន​កាន់តែ​យល់​ច្បាស់ និង​ចាប់​ផ្តើម​អនុវត្ត​វប្បធម៌​សន្ទនា នៅ​ពេល​ដែល​មន្ត្រី​គណបក្ស​ចាប់ផ្តើម​អនុវត្ត​វប្បធម៌​សន្ទនា មនុស្ស​ទាំង​អស់​ចាប់ផ្តើម​អនុវត្ត​វប្បធម៌​សន្ទនា​ហើយ ទើប​វប្បធម៌​សន្ទនា​នេះ​បាន​ក្លាយ​ជា​ដើមឈើ​មួយ​ដែល​រឹងមាំ ខ្យល់​បក់​មក​ល្មមៗ​វា​អត់​រលំ»។

លោក ឈាង វណ្ណារិទ្ធិ ក៏​ទទួល​ស្គាល់​ថា វប្បធម៌​សន្ទនា​នេះ​អាច​រីក​លូត​លាស់​ទៅ​បាន​ល្អ​ប្រសើរ លុះ​ត្រា​តែ​មាន​ការ​ចូលរួម និង​គាំទ្រ​ពី​សំណាក់​មេដឹកនាំ​ថ្នាក់​លើ និង​ថ្នាក់​ក្រោម។

«‍បើ​ខាង​លើ​មាន​ឆន្ទៈ​នយោបាយ​ ហើយ​ខាង​ក្រោម​អត់​ជឿ ទៅ​អត់​រួច​ទេ។ នេះ​វា​ប្រហែល​ជា​អាច​បរាជ័យ។ អញ្ចឹង​ទេ វា​ត្រូវការ​មួយ​រយៈ ដើម្បី​ឲ្យ​គេ​ហៅ​ថា​គំនិត និង​ទ្រឹស្តី ក៏​ដូច​ជា​គោលការណ៍​នៃ​វប្បធម៌​សន្ទនា​នេះ វា​ជ្រាប​ចូល​ទៅ​ដល់ ពី​លើ​រហូត​មក​ដល់​ក្រោម»។

លោក​ វណ្ណារិទ្ធិ បាន​បន្ថែម​ទៀត​ថា បរិបទ​មូលដ្ឋាន​អំណាច​របស់​គណបក្ស​នយោបាយ​ធំៗ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​អំណោយផល​ដល់​ដំណើរការ​អនុវត្ត​វប្បធម៌​សន្ទនា​នេះ។

«‍មូលដ្ឋាន​អំណាច​នៃ​ភាគី​ទាំងពីរ​វា​ប្រហាក់​ប្រហែល​គ្នា។ អញ្ចឹង​ភាគី​មួយ​មិន​អាច​គ្របដណ្តប់​ច្រើន​លើ​ភាគី​មួយ​ទៀត​បាន​ទេ។ ដូច្នេះ យើង​ឃើញ​ថា ភាគី​ពីរ​ហ្នឹង​មាន​មូលដ្ឋាន​អំណាច​ប្រហាក់​ប្រហែល​គ្នា ជាពិសេស​ទាក់​ទង​នឹង​ការ​គាំទ្រ​របស់​ប្រជាជន។ ដូច្នេះ ការ​ចរចា​រវាង​ភាគី​ដែល​មាន​មូលដ្ឋាន​អំណាច​ប្រហាក់ប្រហែល​គ្នា វា​អាច​ផ្តល់​លទ្ធផល​ល្អជាង​ដល់​ផល​ប្រយោជន៍​ជាតិ»។

ខណៈដែល​មេដឹក​នាំ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​វិសាលភាព​នៃ​វប្បធម៌​សន្ទនា​នេះ ប្រតិកម្ម​របស់​សាធារណៈជន​មួយ​ចំនួន​ជំរុញ​ឲ្យ​គ្រាប់​ពូជ​នៃ​វប្បធម៌​សន្ទនា​នេះ​បញ្ជ្រាប​ដល់​ថ្នាក់​ក្រោម។ នេះ​បើ​យោង​តាម​ការ​យល់​ឃើញ​របស់​លោក រ៉ែន នឿត អ្នក​តាម​ដាន​ព័ត៌មាន​របស់​វីអូអេ​តាម​បណ្តាញ​សង្គម។

លោក​ រ៉ែន នឿត បាន​សរសេរថា៖ «‍វប្បធម៌​នេះ​គួរ​តែ​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​តាម​ថ្នាក់​ភូមិ ឃុំ និង​ស្រុក​ដែរ។ ហើយ​បញ្ហា​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ដូច​ជា បញ្ហា​ការ​អប់រំ​កុមារ សុខាភិបាល បរិស្ថាន សិទ្ធិពលរដ្ឋ​ជា​ដើម ត្រូវ​តែ​យក​មក​ដោះ​ស្រាយ​តាម​បែប​វប្បធម៌​សន្ទនា​នេះ»។

លោក សុខ លាំង ក៏​ទទួល​ស្គាល់​ថា ការ​បញ្រ្ជាប​គោល​គំនិត​នៃ​វប្បធម៌​សន្ទនា​នេះ​ដល់​ថ្នាក់​មូលដ្ឋាន​មាន​សារៈសំខាន់ ហើយ​អាច​ជា​គន្លឹះ​មួយ​ក្នុង​ការ​លុប​បំបាត់​វប្បធម៌​ហិង្សា និង​បង្កើន​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ដំណើរការ​តាក់តែង​គោល​នយោបាយ​ជាតិ។

បើ​ទោះ​បីជា​វប្បធម៌​សន្ទនា​នេះ​អាច​ប្រឈម​នឹង​មន្ទិល​សង្ស័យ និង​ការ​មិន​ជឿ​ទុក​ចិត្ត​ចំពោះ​គោលការណ៍​នៃ​វប្បធម៌​សន្ទនា​នេះ​ក្តី ក៏​ប្រតិកម្ម​ពី​សាធារណៈជន​មួយ​ភាគ​ធំ​បាន​គាំទ្រ​ចំពោះ​ការ​បណ្តុះ​វប្បធម៌​នេះ​ឡើង ហើយ​សង្ឃឹម​ថា ទាំង​មេដឹកនាំ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ចាប់​យក និង​អនុវត្ត​វប្បធម៌​សន្ទនា​តាម​បែប​សន្តិវិធី​នេះ​ប្រកប​ដោយ​ភាព​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ដោយ​សុច្ចរិតភាព៕

XS
SM
MD
LG