ប្រធានគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី ប្រកាសថា លោកនឹងស្បថទាក់ទងនឹងការចោទថា មានការលួចសន្លឹកឆ្នោតក្នុងការបោះឆ្នោតនាខែកក្កដាឆ្នាំ២០១៣។ ប៉ុន្តែលោកអះអាងថា មានតែការធើ្វតាមបច្ចេកទេសទើបអាចបញ្ជាក់ការណ៍ពិតបាន។
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ទទួលការបបួលទៅស្បថពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងការចោទថា មានការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតនាខែកក្កដាឆ្នាំ២០១៣។
ការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិចំពោះការស្បថនេះគឺធ្វើឡើង បន្ទាប់ពីរូបលោកបានត្រឡប់មកពីការធ្វើដំណើរនៅក្រៅប្រទេសអស់រយៈពេលមួយខែកន្លងទៅនេះ។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃពុធ លោក សម រង្ស៊ី បានមានប្រសាសន៍ថា ការស្បថអាចធ្វើឡើងពេលណាក៏បាន តែការរាប់សន្លឹកឆ្នោតឡើងវិញត្រូវធ្វើឡើងតាមបែបវិទ្យាសាស្រ្ត។
«រឿងស្បថជារឿងមួយ ជារឿងអបិយជំនឿ ប៉ុន្តែយើងត្រូវផ្តោតអារម្មណ៍ទៅលើបច្ចេកទេស វិទ្យាសាស្រ្ត បើចង់បញ្ជាក់ថា ការបោះឆ្នោតកន្លងទៅមានភាពសុក្រិត្យ ឬក៏យ៉ាងដូចម្តេចគួរណាស់យើងរាប់សន្លឹកឆ្នោតឡើងវិញទៅ។ យើងបើកហិបឆ្នោត យើងបើកបាវដែលយើងដាក់សន្លឹកឆ្នោត យើងរាប់ឡើងវិញទៅតាមបច្ចេកទេសច្បាស់លាស់ហ្នឹង យើងដឹងសខ្មៅភ្លាម»។
លោកបន្ថែមថា៖ «រឿងស្បថមិនអីទេ ចាំពេលណាក៏បានដែរ ប៉ុន្តែអ្វីដែលចាំបាច់យើងត្រូវតែធ្វើអ្វីតាមបច្ចេកទេសច្បាស់លាស់»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះអាសនៈចំនួន៦៨ ហើយគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥ក្នុងសម័យបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣ ប៉ុន្តែគណបក្សប្រឆាំងមិនសុខចិត្តដោយចោទថា លទ្ធផលមានការគៃបន្លំ ហើយបានតវ៉ា ដែលនាំឱ្យមានការជាប់គាំងនយោបាយជិតមួយឆ្នាំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទកន្លងទៅនេះ បានបបួលលោកសម រង្ស៊ី រួមទាំងតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាទៅស្បថនៅឯព្រះអង្គដងកើ អំពីការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោត។
លោកថ្លែងនៅឯរដ្ឋសភាកាលពីពេលនោះថា៖ «ខ្ញុំគិតថា មានតែវិធីមួយគត់ដែលដោះស្រាយបានបញ្ហា គឺស្បថតែម្តង ស្បថឲ្យរន្ទះបាញ់តែម្តងបានៗ! ខ្ញុំថា ចាំឯកឧត្តម សម រង្ស៊ី មក ខ្ញុំបបួលធ្វើពិធីស្បថនៅព្រះអង្គដងកើ។ ទីមួយអារឿងលួចសន្លឹកឆ្នោតនេះ ត្រូវតែបបួលគ្នាស្បថ បើអ្នកណាមិនហ៊ានស្បថគឺបោកប្រាស់ប្រជាពលរដ្ឋប្រជាជាតិតែម្តង»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកមួយ យល់ថា ការយកការស្បថមកលាយឡំក្នុងនយោបាយគឺជាគ្រោះថ្នាក់មួយដល់ប្រទេសជាតិ។
«ពាក្យលោកថា ការស្បថគឺជារឿងទាល់ច្រករបស់មនុស្ស ហើយសម្រាប់អ្នកនយោបាយគឺជារឿងទាល់ច្រកផង ជារឿងបោកប្រាស់ផង។ ខ្ញុំមើលទៅមិនមានប្រយោជន៍អីទេ។ ជាក់ស្តែង យើងត្រូវការភស្តុតាងទាំងសងខាងច្បាស់លាស់ ហើយប្រជាពលរដ្ឋគួរតែតាមដានខ្លឹមសារជាជាងលើការស្បថហ្នឹង។ បើសិនស្បថរួចខ្លួន ស្បថរួចខ្លួន ម្នាក់ៗចេះតែស្បថហើយឲ្យប្រជាពលរដ្ឋធ្វើតាម។ ខ្ញុំមើលទៅគ្រោះថ្នាក់សម្រាប់ប្រទេសជាតិយើង។ ជាក់ស្តែងបើសិនស័ក្តិសិទ្ធមែនគឺអ្នកនយោបាយស្រុកខ្មែរប្រហែលជាអត់មាននៅច្រើនទេដល់ពេលបច្ចុប្បន្ននេះ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិទើបតែត្រឡប់មកពីការជួបសន្ទនាជាមួយក្រុមអ្នកគាំទ្រនៃគណបក្សរបស់លោកនៅសហរដ្ឋអាមេរិក ប្រទេសបារាំង និងកាន់ណាដា ក្នុងដំណើរដែលមានរយៈពេលមួយខែនេះ៕