ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​អ.ស.ប.​​ស៊ើបអង្កេត​ឃាតកម្ម​លើ​លោក​ កែម ឡី


រូបឯកសារ៖ លោក កែម ឡី អ្នក​វិភាគ​ខាង​សង្គម និង​នយោបាយ​ដ៏​លេចធ្លោម្នាក់ ញញឹម ខណៈពេល​ដែល​លោក​បាន​ចូលរួម​ពិធីបុណ្យ​រំឭក​ខួប​៦៧ឆ្នាំ​ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​កាន់កាប់ នៅ​ជ្រោយចង្វារ ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក កែម ឡី អ្នក​វិភាគ​ខាង​សង្គម និង​នយោបាយ​ដ៏​លេចធ្លោម្នាក់ ញញឹម ខណៈពេល​ដែល​លោក​បាន​ចូលរួម​ពិធីបុណ្យ​រំឭក​ខួប​៦៧ឆ្នាំ​ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​កាន់កាប់ នៅ​ជ្រោយចង្វារ ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០១៦។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ឲ្យ​អ.ស.ប. ​ចូលរួម​ក្នុងការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​សម្លាប់​លោក​ កែម ឡី​ អ្នក​វិភាគ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​សង្គម​ដ៏​លេចធ្លោ​ម្នាក់ ​ដើម្បី​បញ្ចប់​ការ​លាប​ពណ៌​ពី​ការ​កេង​ចំណេញ​នយោបាយ​ ដែល​កំពុង​តែមាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​ពីការ​កេង​ចំណេញ​នយោបាយ​លើ​សព​លោក​ កែម ឡី។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ ការ​ស៊ើប​អង្កេត​ដោយ​ ឯករាជ្យ​ដែល​អាច​បញ្ចប់​ការ​ចោទ​ប្រកាន់​គ្នា​អំពី​ការ​កេង​ចំណេញ​នយោបាយ​ដ៏​ច្របូក​ច្របល់​ក្នុង​ចំណោម​អ្នក​នយោបាយ​ខ្មែរ​នោះ​ គឺ​ត្រូវ​មាន​ការ​ចូលរួម​ស៊ើប​អង្កេត​ពី​អ.ស.ប.​ និង​អ្នក​ជំនាញ​ឯករាជ្យ។​ នេះ​បើតាម​ការ​អះអាង​របស់​លោក​ អេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់​ ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​នៅទី​ស្នាក់ការ​គណបក្ស​ នៅពេល​ដែល​លោក​ថ្លែង​តំណាង​ឲ្យ​ប្រធាន ​និង​អនុប្រធាន​គណ​បក្ស​នេះ។​

«ដូច្នេះ​ហើយ​បាន​ជា​ថា ​ក្នុង​ករណី​ទាក់ទង​នឹង​អំពើ​ឃាតកម្ម​ដ៏​សាហាវ​ព្រៃផ្សៃ​មក​លើ​លោក​បណ្ឌិត​ កែម ឡី​ នេះ ​គឺ​យើង​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ចូលរួម​ជា​លក្ខណៈ​អន្តរ ជាតិ​ ជាពិសេស​អ.ស.ប.​ ឲ្យមាន​ការចូលរួម​ដើម្បី​បញ្ចប់​អំពើ​មនុស្ស​ឃាដ​ដ៏សាហាវ​យង់ឃ្នង​នៅ​ប្រទេស​កម្ពុជា​ ហើយ​ក៏​ដើម្បី​បញ្ចប់​ថា​ វា​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ»។​

លោក​ កែម ឡី​ គឺ​ជា​អ្នក​វិភាគ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​សង្គម​ដ៏ល្បីល្បាញ​ ដែល​ធ្លាប់​តែ​និយាយ​តាម​បណ្តាញ​សារ​ព័ត៌មាន​នានា​ ដោយ​ធ្វើ​ការ​រិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​ក្រុម​គ្រួសារ​លោក ​ហើយ​ដែល​ចុងក្រោយ​នេះ​គឺ​រឿង​របាយ​ការណ៍​របស់​អង្គការ​ Global ​Witness ដែល​បាន​ចោទ​ប្រកាន់​ថា​ គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​មាន​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ ក្រុមហ៊ុន​ជាង​១០០​ ដែល​ជា​ការ​ធានា​អំណាច​ដ៏យូរ​ឆ្នាំ។​ ម្តងម្កាល​លោក ​កែម ឡី ​ក៏បាន​រិះគន់​គណបក្ស​ជំទាស់​របស់​លោក​ សម រង្ស៉ី​ និង​លោក ​កឹម សុខា​ ផងដែរ។ លោក កែម ឡី ​ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ នៅ​ក្នុង​ហាង ​Star Martរបស់​ស្ថានីយ​ចាក់សាំង​ ស្ថិត​នៅ​ក្បែរ​ស្តុប​បូកគោ​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ដែល​បាន​បាញ់​សម្លាប់​លោក​ កែម ឡី​ ជាច្រើន​គ្រាប់​នោះ​ គឺ​មាន​ឈ្មោះ​ ជួប សម្លាប់​ អាយុ​៣៨​ឆ្នាំ​ និង​មាន​ទីលំនៅ​ក្នុង​ខេត្ត​សៀមរាប។ ​ជន​នេះ​អះ​អាង​ថា​ ខ្លួន​សម្លាប់​លោក ​កែម ឡី ​ដោយសារ​តែរឿង​លុយ​ជំពាក់​ចំនួន​៣​ពាន់​ដុល្លារ ​តែ​ការ​អះអាង​នេះ​មិន​ត្រូវបាន​គេ​ជឿ​នោះ​ទេ។ ​ជននេះ​ត្រូវ​តុលាការ​ចោទប្រកាន់​នៅថ្ងៃ​នេះ​ពី​បទ​«ឃាតកម្ម​គិត​ទុក​ជាមុន ​និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»។ ​ប្រភព​ព័ត៌មាន​ខ្លះ​បាន​ប្រាប់​ VOA ​ថា​ ជន​សង្ស័យ​ដែល​ប្រកាស​ថា ​ខ្លួន​ឈ្មោះ​ ជួប សម្លាប់ ​នោះ​ ​មាន​ឈ្មោះ​ពិត​ថា អឿត អាង។​

រូបឯកសារ៖ អគារ​អង្គការ​សហប្រជាជាតិ​នៅ​ពីក្រោយបង្អួច​កញ្ចក់ដែល​មាន​រូបបដា​អង្គការ​សហប្រជាជាតិ។
រូបឯកសារ៖ អគារ​អង្គការ​សហប្រជាជាតិ​នៅ​ពីក្រោយបង្អួច​កញ្ចក់ដែល​មាន​រូបបដា​អង្គការ​សហប្រជាជាតិ។

ដោយ​មិន​បាន​យក​ចិត្តទុក​ដាក់​នឹង​ការ​ចោទ​ប្រកាន់​ ហើយ​ដោយ​មិន​មាន​ជំនឿ​ថា​ ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​អាច​នឹង​ផ្តល់​ ឬ​ធានា​សន្តិសុខ​ដល់​ពលរដ្ឋ​ និង​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​នោះ ​លោក​ អេង ឆៃអ៊ាង ​បាន​បញ្ជាក់​ថា ​ដើម្បី​កុំ​ឲ្យ​មាន​ការ​លាប​ព៌ណទៅវិញ​ទៅមក ​ដើម្បី​កុំ​ឲ្យ​ចាប់​ឃាតករ​ខុស​ដូច​សំណុំ​រឿង​មេដឹកនាំ​សហជីព​ដ៏ល្បីល្បាញ​ គឺ​លោក​ ជា វិជ្ជា​ ដើម្បី​កុំ​ទុក​ចោល​សំណុំ​រឿង​ដោយ​មិន​ទទួល​ខុសត្រូវ​ជាច្រើន ​ដូចជា​ករណី​លោក​ ឈុត វិទ្ធី ​អ្នក​ការពារ​បរិស្ថានដ៏ល្បី​ល្បាញ ​និង​ដើម្បី​កុំឲ្យមាន​ភាព​ស្រពិច​ ស្រពិលនោះ​ ​លោក​បាន​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ស្នើឲ្យ​មាន​អ្នក​ជំនាញ​ឯករាជ្យ​ស៊ើប​អង្កេត​ក្នុង​រឿង​ឃាតកម្ម​លើ​លោក​ កែម ឡី​ នេះ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​មិន​ឲ្យ​គណបក្ស​ជំទាស់​យក​រឿង​ឃាតកម្ម​លោក​ កែម ឡី​ ធ្វើ​ជា​រឿង​នយោបាយ ​ហើយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​មន្ត្រី​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​ជា​អ្នក​ខាត​ចំពោះ​ឃាតកម្ម​លោក​ កែម ឡី។ ការ​ប្រកាស​នេះ​គឺ​ចង់​បញ្ជាក់​ថា​ គណបក្ស​កាន់​អំណាចគ្មាន​ការពាក់​ព័ន្ធ​ក្នុង​រឿង​នេះ​ទេ​ ហើយ​បាន​ចោទ​សួរ​បញ្ឆិត​បញ្ឆៀង​ថា​ នរណា​ជា​អ្នក​ចំណេញ។ តែ​គណបក្ស​ជំទាស់​ហាក់​ទំនង​បាន​ចោទ​ប្រកាន់​មិន​ចំពោះ​ថា​ មាន​ការ​រៀបចំ​កិច្ចកល្យ​ដើម្បី​ទម្លាក់​កំហុស​លើ​គណបក្ស​សង្គ្រោះ​ជាតិ។​

ប្រទេស​កម្ពុជា ​ជាទូទៅ​ មិនសូវ​ធ្លាប់​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​បរទេស​ ក្នុង​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​កើត​ឡើង​ក្នុង​ប្រទេស​ខ្លួន​ដែល​មាន​អធិបតេយ្យ​នោះ​ទេ​ លើក​លែង​តែ​មាន​ការ​យល់​ព្រម​ជាមុន។ VOA ​បាន​ព្យាយាម​ទាក់ទងក្រុម​អាជ្ញាធរ​ប៉ូលិស​ដើម្បី​អាត្ថាធិប្បាយ​បំភ្លឺ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ។​ តែអាជ្ញាធរ​ប៉ូលិសបាន​អះអាង​ប៉ុន្មាន​ថ្ងៃ​នេះ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​អំពី​ការ​រីក​ចម្រើនក្នុង​ការ​ស៊ើប​អង្កេត​ដែល​ទាក់ទង​នឹង​កាម៉េរ៉ា​សុវត្ថិភាព ​ដែល​ផ្តល់​ព័ត៌មាន​សំខាន់ៗ ​ហើយ​នឹង​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ៕

XS
SM
MD
LG