អង្គការសង្គមស៊ីវិល ចាត់ទុកការស្លាប់របស់លោកបណ្ឌិត កែម ឡី ថា ជាការបាត់បង់ទ្រព្យសម្បត្តិសាធារណៈដ៏មានតម្លៃមួយរបស់កម្ពុជា។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃច័ន្ទទី១១ ខែកក្កដា ឆ្នាំ២០១៦៖
«ចំពោះខ្ញុំ ការបាត់បង់លោក កែម ឡីនេះ មិនមែនគ្រាន់តែជាការបាត់បង់ជាទ្រព្យសម្បត្តិគ្រួសាររបស់លោកទាំងមូលទេ គឺលោក កែម ឡី គាត់ក្លាយជាទ្រព្យសម្បត្តិសាធារណៈទៅហើយ។ បានន័យថា គាត់ជាទ្រព្យសម្បត្តិមួយរបស់ខ្មែរទាំងអស់គ្នា ហើយការបាត់បង់លោក កែម ឡី គឺជាការបាត់បង់ទ្រព្យរបស់ប្រជាពលរដ្ឋខ្មែរទូទៅ»។
លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែស កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ខណៈដែលលោកកំពុងអង្គុយនៅក្នុងហាងលក់ទំនិញនៅស្ថានីយឥន្ធនៈកាល់តិច នៅក្នុងទីក្រុងភ្នំពេញ។
លោកត្រូវបានសាធារណជនជាតិ និងអន្តរជាតិ ទទួលស្គាល់ជាទូទៅថាជា អ្នកវិភាគបញ្ហានយោបាយនិងសង្គមដ៏គួរឲ្យជឿជាក់ម្នាក់នៅក្នុងប្រទេសកម្ពុជា ដោយសារការវិភាគរបស់លោក ជារឿយៗ និយាយត្រង់ៗ និងចំៗបញ្ហាដែលកំពុងកើតឡើងនៅក្នុងប្រទេស។
ពីរថ្ងៃមុនពេលលោកត្រូវបានបាញ់ស្លាប់ លោក កែម ឡី បានធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍ស្រាវជ្រាវថ្មី និងដ៏រសើបមួយដែលចេញផ្សាយដោយអង្គការ Global Witness ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
របាយការណ៍ដែលមានចំណងជើងថា «Hostile Takeover»នេះ បានលាតត្រដាងពីទំហំទ្រព្យសម្បត្តិដ៏មហាសាលរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបង្ហាញថា សមាជិកក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីដែលកាន់អំណាចជាង៣ទសវត្សរ៍មកហើយនេះ មានឬធ្វើជាប្រធានក្រុមហ៊ុនចំនួនជាង១០០ ដែលមានតម្លៃជាទឹកប្រាក់យ៉ាងតិច២០០លានដុល្លារ។ របាយការណ៍នេះ ក៏ចោទប្រកាន់ថា របររកស៊ីនៃក្រុមហ៊ុនរបស់ក្រុមគ្រួសារលោក ហ៊ុន សែន ក៏ជាប់ពាក់ព័ន្ធនឹងទម្រង់នៃអំពើពុករលួយដូចជាទំនាស់ផលប្រយោជន៍រវាងមុខតំណែងសាធារណៈ និងឯកជនជាដើម។
អ្នកវិភាគមួយចំនួន បានសម្ដែងការព្រួយបារម្ភថា ការបាញ់សម្លាប់លោក កែម ឡី ដែលជាអ្នកវិភាគបញ្ហានយោបាយដ៏លេចធ្លោម្នាក់នៅក្នុងប្រទេសកម្ពុជានេះ នឹងធ្វើឲ្យមានការធ្លាក់ចុះការជជែកពិភាក្សាជាសាធារណៈនិងដោយចំហទៅលើបញ្ហាជាតិសំខាន់ៗ ជាពិសេសបញ្ហាទាក់ទងនឹងអ្នកដឹកនាំនយោបាយ ឬអ្នកជំនួញ ដែលមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា។
ប៉ុន្តែ លោក ប៉ា ងួនទៀង យល់ខុសពីនេះទៅវិញ។
លោកថា៖ «ពេលលោក កែម ឡី មុននឹងស្លាប់ យើងឃើញមានការដុះដាលនៃអ្នកវិភាគនិងអ្នកចូលរួមក្នុងសង្គម ហើយមានការចងក្រងគ្នាជាបណ្ដាញជាក្រុម។ ពេលដែលលោកស្លាប់ទៅ អាចលនាហ្នឹង វាកើតជាយន្តការទៅហើយ គឺវាអត់មានការបាត់ទេ»។
លោក ប៉ា ងួនទៀង បានលើកឧទាហរណ៍នៃការបន្តចលនារបស់អ្នកចូលរួមក្នុងកិច្ចការសង្គម ក្រោយពីការបាញ់សម្លាប់មេដឹកនាំសហជីពសេរីកម្មករ លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ និងការបាញ់សម្លាប់សកម្មជនការពារបរិស្ថាន លោក ឈុត វុទ្ធី កាលពីឆ្នាំ២០១២ កន្លងទៅនេះ។
«ពេលលោក ឈុត វុទ្ធី ស្លាប់ទៅ មានបាត់បង់ឯណា សំឡេងហ្នឹង គឺវាកើតឡើងលើសដើម។ សកម្មជនព្រៃឡង់ គឺកាន់តែខ្លាំង ហើយសកម្មជនការពារនៅអារ៉ែង ទាំងយុវជន ទាំងសហគមន៍ក៏កាន់តែខ្លាំង»។
លោកថ្លែងបន្តថា ទោះបីជាការស្លាប់លោក កែម ឡី គឺជាការបាត់បង់ដ៏ធំធេងរបស់កម្ពុជាក៏ដោយ ក៏លោកជឿថា មនសិការប្រជាពលរដ្ឋខ្មែរ ដែលចង់បានសង្គមមួយស្អាតស្អំ នឹងបន្តបេសកកម្មរបស់លោក កែម ឡី ជាបន្តទៀត៕