ក្នុងពេលដែលក្រសួងការបរទេសនៃសហរដ្ឋអាមេរិក អង្គការសង្គមស៊ីវិលនានាស្នើឲ្យមានកិច្ចស៊ើបអង្កេតដ៏ស៊ីជម្រៅ និងឯករាជ្យមួយលើឃាតកម្មលោកបណ្ឌិត កែម ឡី លោក ហ៊ុន សែន បានស្នើកុំឲ្យប្រជាពលរដ្ឋ និងគណបក្សនយោបាយយករឿងឃាតកម្មនេះភ្ជាប់ជារឿងនយោបាយ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក និងមន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះការបាញ់ប្រហារលោកបណ្ឌិត កែម ឡី អ្នកវិភាគ និងស្រាវជ្រាវសង្គមដ៏ល្បីក្នុងប្រទេសកម្ពុជា និងស្នើឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងឥតលម្អៀង។
ក្រសួងការបរទេសអាមេរិកបាននាំមុខគេក្នុងការបញ្ចេញប្រតិកម្មចំពោះការបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏សំខាន់របស់ប្រទេសកម្ពុជា ដោយហៅករណីបាញ់ប្រហារនេះថា គឺជារឿងដ៏បារម្ភ ហើយសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
សេចក្តីថ្លែងការណ៍របស់លោក Jonh Kirby អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកដែលចេញផ្សាយនាថ្ងែអាទិត្យ ហើយដែល VOA ទទួលបាននាព្រឹកថ្ងៃច័ន្ទនេះបានសរសេរថា៖ «យើងមានការរន្ធត់ និងបារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានស្តីពីការបាញ់សម្លាប់ដ៏រន្ធត់លើអ្នកវិភាគនយោបាយដ៏សំខាន់របស់ប្រទេសកម្ពុជាគឺលោកបណ្ឌិតកែម ឡី។ យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងករណីនេះ ហើយបានកត់សម្គាល់ផងដែរពីការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យមានការស៊ើបអង្កេត និងសូមអំពាវនាវឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតក្នុងករណីនេះដោយហ្មត់ចត់ និងមិនលម្អៀង»។
លោក John Kirby អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិកក៏បានចូលរួមរំលែកមរណទុក្ខរបស់ក្រុមគ្រួសារមិត្តភក្តិ និងសហការីរបស់លោកបណ្ឌិត កែម ឡី ដែរ ក្រៅពីបានកត់សម្គាល់ការបេ្តជ្ញារបស់អាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតនោះ។
ស្រដៀងគ្នានោះដែរ ស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជា នាថ្ងៃច័ន្ទនេះ ក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារលោក កែម ឡី ចំពោះការបាត់បង់រូបលោក ដែលជាអ្នកជំនាញកម្ពុជាមួយរូប។
ក្នុងអត្ថបទដែលចុះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្ថានទូតអាមេរិកបានសរសេរក្នុងន័យដើមយ៉ាងដូច្នេះ៖«សហរដ្ឋអាមេរិកនឹងនៅជាមួយកម្ពុជា ក្នុងពេលដ៏ក្រៀមក្រមនេះ»។
លោក កែម ឡី អ្នកវិភាគ និងជាអ្នកស្រាវជ្រាវសង្គមដ៏ល្បីល្បាញ ដែលធ្លាប់តែនិយាយតាមបណ្តាញសារព័ត៌មាននានា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅនឹងកន្លែងកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។ សមត្ថកិច្ចឲ្យដឹងថា លោក កែម ឡី ត្រូវបានជនសង្ស័យបាញ់ជាច្រើនគ្រាប់ និងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងក្នុងស្ថានីយប្រេងឥន្ធនៈមួយ។ សពរបស់លោកត្រូវបានមនុស្សរាប់ពាន់នាក់ចូលរួមដង្ហែទៅតម្កល់នៅវត្តក្ដីចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
មិនបានប៉ុន្មានម៉ោងក្រោយពីមានការបាញ់សម្លាប់លោក កែម ឡី លោក Maina Kiai អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិប្រមូលផ្តុំនិងការជួបជុំ ក៏បានដាក់ជាចម្ងល់ចំពោះការបាញ់សម្លាប់លោក កែម ឡី ក្រោយពីលោកធ្វើការវិភាគទៅលើរបាយការណ៍របស់អង្គការ Global Witness អំពីការក្ដោបក្ដាប់សេដ្ឋកិច្ច និងក្រុមហ៊ុនជាង១០០តាមបែបប្រទូសរ៉ាយរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ។
អត្ថបទមួយដែលចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់លោក Maina Kiai កាលពីម្សិលមិញ បានសរសេរថា៖ «មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្លាប់អ្នកវិភាគនយោបាយកម្ពុជាគឺលោក កែម ឡី នាថ្ងៃនេះ។ ស្ថានភាពទំាងនោះហាក់ដូចជាបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នៃការសង្ស័យមួយចំនួន ដោយសារតែលោកជាអ្នករិះគន់រដ្ឋាភិបាល ហើយទើបតែធ្វើការវិភាគក្នុងសារព័ត៌មានអំពីរបាយកាណ៍របស់ Global Witness លើការក្តោបក្តាប់ជំនួញរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី»។
លោកប្រេសិតអង្គការសហប្រជាជាតិរូបនេះក៏បានស្នើឲ្យមានការស៊ើបអង្កេតមួយប្រកបដោយឯករាជ្យ និងរលូនផងដែរ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជាបានទម្លាក់កំហុសព្រឹតិ្តការនៃការបាញ់ប្រហារនាថ្ងៃអាទិត្យកន្លងទៅលើកម្សោយរបស់សមត្ថកិច្ចកម្ពុជាក្នុងការគ្រប់គ្រប់អាវុធជាតិផ្ទុះ ហើយលោកក៏ស្នើឲ្យប្រជាពលរដ្ឋកម្ពុជា ទុកពេលវេលាឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើករណីនេះផងដែរ។លោកក៏បានព្រមានផងដែរមិនឲ្យគណបក្សនយោបាយក្នុងប្រទេសកម្ពុជាយកករណីបាញ់ប្រហារលើរូបលោក កែម ឡី ជាការកេងចំណេញនយោបាយរបស់ខ្លួន។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារនៅទីបញ្ជាការកងរាជអាវុធហត្ថក្នុងក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ៖
«ដូច្នេះសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងទុកលទ្ធភាពឲ្យក្រសួងមានសមត្ថកិច្ច ស្ថាប័នមានសមត្ថកិច្ច ធ្វើកិច្ចការរបស់គេដោយត្រឹមត្រូវហ្មត់ចត់ ហើយដែលចៀសវាងបង្វែបញ្ហាសោកនាដកម្មមួយនេះទៅជាបញ្ហាខាងនយោបាយដែលនាំឲ្យល្អក់កករទៅដល់សភាពការណ៍របស់យើង។ សង្ឃឹមថា រឿងទំាងនេះ អ្នកនយោបាយផ្សេងទៀតនឹងមិនប្រើបញ្ហាទាំងនេះ ធ្វើជាបញ្ហានយោបាយ ជាការអុចអាលដែលនាំឲ្យជាតិចលាចលនោះទេ»។
មកដល់ពេល អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនសង្ស័យមួយរូប ដែលអះអាងថា ខ្លួនមានឈោ្មះ ជួប សម្លាប់ ដែលសង្ស័យថា បានបាញ់លោក កែម ឡី ជាច្រើនគ្រាប់ ដោយជននេះអះអាងថា លោកបណ្ឌិត កែម ឡី ជំពាក់លុយខ្លួនប្រមាណ៣ពាន់ដុល្លារអាមេរិក។ យ៉ាងណាក៏ដោយ អ្នកគាំទ្រលោក កែម ឡី ក៏ដូចជាក្រុមគ្រួសារលោកនេះតែមន្ទិលសង្ស័យអំពីអត្តសញ្ញាណ និងការអះអាងរបស់ជននេះនៅឡើយ។
លោក លី សុផាន់ណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ បានឲ្យដឹងថា តុលាការក្រុងភ្នំពេញបាន«ទទួលយកករណី»បាញ់ប្រហារលោក កែម ឡី ដើម្បីស៊ើបអង្កេតបន្តទៀត ហើយតុលាការកំពុងដំណើរការសួរចម្លើយជនសង្ស័យ។
លោក កែម ឡី ត្រូវគេស្គាល់ថា ជាអ្នកវិភាគកិច្ចការសង្គម និងនយោបាយមួយរូបដែលហ៊ានរិះគន់ធ្ងន់ៗទៅលើរដ្ឋាភិបាល និងគណបក្សប្រឆាំង ជាពិសេសនៅពេលដែលមានភាពតានតឹងនយោបាយក្រោយការបោះឆ្នោត។ នាឆ្នាំ២០១៤ លោកក៏បាលចូលរួម និងជួយបង្កើតគណបក្សថ្មីមួយឈ្មោះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ កាលពីសប្តាហ៍កន្លងទៅ ក្រោយពីមានការចេញផ្សាយរបាយការណ៍របស់អង្គការ Global Witness លោក កែម ឡី បានធ្វើការវិភាគជាច្រើនរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកពាក់ព័ន្ធនឹងការកាន់កាប់ក្រុមហ៊ុន និងសេដ្ឋកិច្ចប្រទេស មានទឹកប្រាក់ជាង២០០លានដុល្លារ៕