ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិល​និង​ស.រ.អា.​ស្នើឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ស៊ី​ជម្រៅ​ និង​ឯករាជ្យ​អំពី​ឃាតកម្ម​លោក​ កែម ឡី


ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​និង​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ និង​ស្រាវជ្រាវ​សង្គម​ដ៏​ល្បី​ក្នុង​ប្រទេស​កម្ពុជា និង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់ ​និង​ឥត​លម្អៀង។

ក្នុង​ពេល​ដែល​ក្រសួង​ការ​បរទេស​នៃ​សហ​រដ្ឋ​អាមេរិក​ អង្គការ​សង្គម​ស៊ីវិល​នានាស្នើ​ឲ្យ​មាន​កិច្ច​ស៊ើប​អង្កេត​ដ៏​ស៊ី​ជម្រៅ ​និង​ឯករាជ្យ​មួយ​លើ​ឃាតកម្ម​លោក​បណ្ឌិត​ កែម ឡី លោក​ ហ៊ុន សែន ​បាន​ស្នើ​កុំឲ្យ​ប្រជា​ពលរដ្ឋ ​និង​គណបក្ស​នយោបាយ​យក​រឿង​ឃាតកម្ម​នេះ​ភ្ជាប់​ជា​រឿង​នយោបាយ។​

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​និង​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ និង​ស្រាវជ្រាវ​សង្គម​ដ៏​ល្បី​ក្នុង​ប្រទេស​កម្ពុជា និង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់ ​និង​ឥត​លម្អៀង។​

ក្រសួង​ការ​បរទេស​អាមេរិក​បាន​នាំមុខ​គេ​ក្នុង​ការ​បញ្ចេញ​ប្រតិកម្មចំពោះ​ការ​បាញ់​សម្លាប់អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ដោយ​ហៅ​ករណី​បាញ់​ប្រហារ​នេះ​ថា​ គឺ​ជា​រឿង​ដ៏​បារម្ភ ហើយ​សហរដ្ឋ​អាមេរិក​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។​

លោក​ John Kirby អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហ​រដ្ឋអាមេរិក​។
លោក​ John Kirby អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហ​រដ្ឋអាមេរិក​។

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ Jonh Kirby អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហ​រដ្ឋអាមេរិក​ដែល​ចេញ​ផ្សាយ​នា​ថ្ងែ​អាទិត្យ​ ​ហើយ​ដែល​ VOA​ ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បាន​សរសេរ​ថា៖​ «យើង​មាន​ការ​រន្ធត់​ និង​បារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​ស្តីពី​ការ​បាញ់​សម្លាប់​ដ៏​រន្ធត់​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​គឺលោក​បណ្ឌិតកែម ឡី។​ ​យើង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅក្នុង​ករណីនេះ ​ហើយ​បាន​កត់​សម្គាល់​ផង​ដែរ​ពី​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ​និង​សូម​អំពាវនាវ​ឲ្យអាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​ក្នុង​ករណី​នេះ​ដោយ​ហ្មត់ចត់​ ​និង​មិន​លម្អៀង»។​

លោក​ John Kirby​ ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ក៏​បាន​ចូល​រួម​រំលែក​មរណ​ទុក្ខ​របស់​ក្រុម​គ្រួសារ​មិត្ត​ភក្តិ ​និង​សហការី​របស់​លោកបណ្ឌិត ​កែម ឡី ​ដែរ ​ក្រៅ​ពី​បាន​កត់​សម្គាល់​ការ​បេ្តជ្ញា​របស់​អាជ្ញាធរ​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​នោះ។​

ស្រដៀង​គ្នា​នោះ​ដែរ​ ស្ថានទូត​សហ​រដ្ឋអាមេរិក​ក្នុង​ប្រទេស​កម្ពុជា​ ​នា​ថ្ងៃ​ច័ន្ទ​នេះ​ ​ក៏​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​លោក​ កែម ឡី​ ចំពោះ​ការបាត់បង់​រូប​លោក ​ដែល​ជា​អ្នក​ជំនាញ​កម្ពុជា​មួយ​រូប។​

ក្នុង​អត្ថបទ​ដែល​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ​ស្ថានទូត​អាមេរិក​បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​«សហរដ្ឋអាមេរិក​នឹង​នៅ​ជា​មួយ​កម្ពុជា​ ​ក្នុង​ពេល​ដ៏​ក្រៀម​ក្រម​នេះ»។​

លោក​ កែម ឡី​ ​អ្នកវិភាគ​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​សង្គម​ដ៏​ល្បី​ល្បាញ​ ​ដែល​ធ្លាប់​តែ​និយាយ​តាម​បណ្តាញ​សារ​ព័ត៌មាន​នានា​ ​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​នៅ​នឹង​កន្លែង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ​លោក​ កែម ឡី​ ត្រូវ​បាន​ជន​សង្ស័យ​បាញ់​ជា​ច្រើន​គ្រាប់​ ​និង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ។ សព​របស់​លោក​ត្រូវ​បាន​មនុស្ស​រាប់​ពាន់​នាក់​ចូល​រួម​ដង្ហែទៅ​តម្កល់​នៅ​វត្ត​ក្ដី​ចាស់​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ក្រុង​ភ្នំពេញ​ ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា។​

មិន​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មាន​ការ​បាញ់​សម្លាប់​លោក ​កែម ឡី​ ​លោក​ ​Maina Kiai​ ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​ប្រមូល​ផ្តុំ​និង​ការ​ជួបជុំ ​ក៏​បាន​ដាក់​ជា​ចម្ងល់​ចំពោះ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី ក្រោយ​ពី​លោក​ធ្វើ​ការ​វិភាគ​ទៅ​លើ​របាយការណ៍​របស់​អង្គការ Global Witness អំពី​ការ​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ និង​ក្រុមហ៊ុន​ជាង​១០០​តាម​បែប​ប្រទូសរ៉ាយ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ។​

អត្ថបទ​មួយ​ដែល​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​Maina Kiai​ ​កាល​ពី​ម្សិលមិញ​ ​បាន​សរសេរ​ថា៖​ «មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្លាប់អ្នក​វិភាគ​នយោបាយ​កម្ពុជា​គឺ​លោក​ កែម ឡី​ នា​ថ្ងៃ​នេះ។ ស្ថានភាព​ទំាង​នោះ​ហាក់​ដូច​ជា​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នៃ​ការ​សង្ស័យ​មួយ​ចំនួន​ ​ដោយ​សារ​តែ​លោក​ជា​អ្នក​រិះគន់​រដ្ឋាភិបាល ​ហើយ​ទើប​តែ​ធ្វើ​ការ​វិភាគ​ក្នុង​សារ​ព័ត៌មាន​អំពី​របាយ​កាណ៍​របស់​ Global Witness ​លើ​ការ​ក្តោប​ក្តាប់​ជំនួញ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី»។​

លោក​ប្រេសិត​អង្គការ​សហ​ប្រជាជាតិ​រូប​នេះក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​ប្រកប​ដោយ​ឯករាជ្យ ​និង​រលូន​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៃ​កម្ពុជាបាន​ទម្លាក់​កំហុស​ព្រឹតិ្តការ​នៃ​ការ​បាញ់​ប្រហារ​នា​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​លើ​កម្សោយ​របស់​សមត្ថកិច្ច​កម្ពុជា​ក្នុង​ការ​គ្រប់​គ្រប់​អាវុធ​ជាតិ​ផ្ទុះ​ ​ហើយ​លោក​ក៏​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ ទុក​ពេល​វេលា​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់​លើ​ករណី​នេះ​ផង​ដែរ។លោក​ក៏​បាន​ព្រមាន​ផង​ដែរ​មិន​ឲ្យ​គណបក្សនយោបាយក្នុង​ប្រ​ទេស​កម្ពុជា​យក​ករណី​បាញ់​ប្រហារ​លើ​រូប​លោក​ កែម ឡី​ ជា​ការ​កេង​ចំណេញ​នយោបាយ​របស់​ខ្លួន។​

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារនៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្នុង​ក្រុង​ភ្នំពេញ​ ​លោក ហ៊ុន សែន ​ថ្លែង​យ៉ាង​ដូច្នេះ៖​

«ដូច្នេះ​សង្ឃឹម​ថា​ ប្រជា​ពលរដ្ឋ​របស់​យើង​នឹង​ទុក​លទ្ធភាព​ឲ្យ​ក្រសួង​មាន​សមត្ថ​កិច្ច​ ​ស្ថាប័ន​មាន​សមត្ថ​កិច្ច ធ្វើ​កិច្ចការ​របស់​គេ​ដោយ​ត្រឹមត្រូវ​ហ្មត់ចត់​ ​ហើយ​ដែល​ចៀសវាង​បង្វែ​បញ្ហា​សោកនាដកម្ម​មួយ​នេះទៅ​ជា​បញ្ហា​ខាង​នយោបាយ​ដែល​នាំ​ឲ្យ​ល្អក់​កករ​ទៅ​ដល់​សភាពការណ៍​របស់​យើង។​ ​សង្ឃឹម​ថា​ រឿង​ទំាង​នេះ អ្នក​នយោបាយ​ផ្សេង​ទៀត​នឹង​មិន​ប្រើ​បញ្ហា​ទាំង​នេះ​ ធ្វើ​ជា​បញ្ហា​នយោបាយ​ ជា​ការ​អុចអាល​ដែល​នាំឲ្យ​ជាតិ​ចលាចល​នោះ​ទេ»។​

មក​ដល់​ពេល​ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​មួយ​រូប​ ​ដែល​អះអាង​ថា ​ខ្លួន​មាន​ឈោ្មះ​ ជួប សម្លាប់​ ​ដែល​សង្ស័យ​ថា​ បាន​បាញ់​លោក​ កែម ឡី​ ជា​ច្រើន​គ្រាប់​ ដោយ​ជន​នេះ​អះអាង​ថា លោក​បណ្ឌិត កែម ឡី​ ​ជំពាក់​លុយ​ខ្លួន​ប្រមាណ​៣ពាន់​ដុល្លារ​អាមេរិក។ យ៉ាង​ណា​ក៏​ដោយ​ អ្នក​គាំទ្រ​លោក​ កែម ឡី​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​លោក​នេះ​តែ​មន្ទិល​សង្ស័យ​អំពី​អត្តសញ្ញាណ​ និង​ការ​អះអាង​របស់​ជន​នេះ​នៅ​ឡើយ។​

លោក​ លី សុផាន់ណា ​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​«ទទួល​យក​ករណី»​បាញ់​ប្រហារ​លោក កែម ឡី​ ដើម្បី​ស៊ើប​អង្កេត​បន្ត​ទៀត​ ហើយ​តុលាការ​កំពុង​ដំណើរ​ការ​សួរ​ចម្លើយ​ជន​សង្ស័យ។​

លោក​ កែម ឡី ​ត្រូវ​គេ​ស្គាល់​ថា ​ជា​អ្នក​វិភាគ​កិច្ចការ​សង្គម​ និង​នយោបាយ​មួយ​រូប​ដែល​ហ៊ាន​រិះគន់​ធ្ងន់ៗ​ទៅ​លើ​រដ្ឋាភិបាល​ និង​គណបក្ស​ប្រឆាំង​ ​ជាពិសេស​នៅ​ពេល​ដែល​មាន​ភាព​តានតឹង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។ នា​ឆ្នាំ​២០១៤​ ​លោក​ក៏​បាល​ចូលរួម​ និង​ជួយ​បង្កើត​គណបក្ស​ថ្មីមួយ​ឈ្មោះ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន។​ ​កាល​ពី​សប្តាហ៍​កន្លង​ទៅ ក្រោយ​ពី​មាន​ការ​ចេញ​ផ្សាយ​របាយ​ការណ៍របស់​អង្គការ​ Global Witness លោក ​កែម ឡី​ បាន​ធ្វើ​ការ​វិភាគ​ជា​ច្រើន​រិះគន់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ​និង​ក្រុម​គ្រួសាររបស់​លោក​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ក្រុមហ៊ុន ​និង​សេដ្ឋ​កិច្ច​ប្រទេស ​មាន​ទឹក​ប្រាក់​ជាង​២០០លាន​ដុល្លារ៕

XS
SM
MD
LG