ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បក្ស​ប្រឆាំង​ព្រួយ​បារម្ភ​​ខ្លាំង ក្រោយមានការបញ្ជាចាប់ខ្លួននៅទឹកដីថៃ​តាមសារ​សំឡេង​លោកហ៊ុន សែន ដែល​មន្ត្រីរដ្ឋាភិបាលថាមិនមែនសំឡេងពិត


រូបឯកសារ៖ អតីត​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែង​អំពី​គម្រោង​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»រវាង​កម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)
រូបឯកសារ៖ អតីត​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែង​អំពី​គម្រោង​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»រវាង​កម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)

លោក ​ផន ផាន់ណា ​និង​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​ដែល​បាន​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ប្រទេស​ថៃ ​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​ពួកគេ ​ក្រោយ​មាន​ការ​បែក​ធ្លាយ​សារ​សំឡេង​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី ​និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា ​គឺ​លោក ​ហ៊ុន សែន ​តាម​បណ្តាញ​សង្គម​ ដែល​បាន​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​កម្ពុជា ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ​តាម​កម្ចាត់​សកម្ម​ជន​បក្ស​ប្រឆាំង​ក្នុង​ទឹក​ដី​ថៃ ​ឱ្យ​ទាល់​តែ​បាន​ ដើម្បី​កាត់​ផ្តាច់​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។​ ពាក់ព័ន្ធនឹងសារសំឡេងនេះ មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា មិនមែនជា​សំឡេង​ពិត​របស់​លោក ហ៊ុន សែន នោះទេ។

លោក​ ផន ផាន់ណា ​ដែល​កំពុង​ជ្រកកោន​នៅ​ក្នុង​ទឹកដី​ថៃ​តាំង​ពីខែ​កក្កដា ​ឆ្នាំ ​២០២២ ​ និង​ទទួល​បាន​ឋានៈ​ជា​ជនភៀស​ខ្លួន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ក្រោយ​មាន​ការ​បញ្ចេញ​សារ​សំឡេង​របស់​លោក ​ហ៊ុន សែន ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​លោក​បាន​ទទួល​ដំណឹង​ថា​ មាន​មនុស្ស​ចុះ​ទៅ​សួរ​រក​រូប​លោក​ដល់​ទីកន្លែង​ដែល​លោក​ស្នាក់ ​ក្នុង​ប្រទេស​ថៃ​ពិត​មែន​ កាល​ពី​ថ្ងៃ​ទី ​២២​ ខែ​កញ្ញា ​ឆ្នាំ​ ២០២៤។​

លោក​ថ្លែង​ថា៖ ​«ជាក់​ស្តែង​ក្រោយ​ពី​សំឡេង​មួយ​បែក​ធ្លាយ​ហ្នឹង​ គឺ​ចៃដន្យ​អី​ខ្ញុំ​បាន​ចេញ​ពី​ផ្ទះ​មុន ​ហើយ​ក៏​ស្រាប់តែ​ក្រុម​ការងារ​ គាត់​នៅ​ទីនោះ ​គាត់​ថា​ មាន​គេ​មក​រក​ខ្ញុំ​ដល់​បន្ទប់​អី​អ៊ីចឹង​ ​មានន័យ​ថា​ លោក ​ហ៊ុន សែន ​បាន​បញ្ជូន​កម្លាំង​មក​រក​ខ្ញុំ​ពិត​ប្រាកដ​មែន»។​

អតីត​សកម្ម​ជន​គណបក្ស​ភ្លើងទៀន ​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន​កាន់​តែខ្លាំង​ និង​ចាត់ទុក​ថា​ ​សារ​សំឡេង​បែក​ធ្លាយ​របស់​លោក​ ហ៊ុន សែន ​មាន​ចរិត​ហិង្សា​ និង​មាន​ចេតនា​ធ្វើ​ទុក្ខ​បុកម្នេញ​ខាង​នយោបាយ​មក​លើ​រូប​លោក។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ខ្ញុំ​គ្រាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​លោក ​ហ៊ុន​ សែន ​ប្រើ​អំណាច​កំពូល​របស់​គាត់​បញ្ជា​កង​កម្លាំង​គ្រប់​ច្រក​មក​តាម​ចាប់​ខ្ញុំ ​មិន​ថា ខ្ញុំ​ស្លាប់​ ឬ​រស់​ មិន​ថា​ ក្នុង​តម្លៃ​ណា ​យក​ខ្ញុំ​ឱ្យ​បាន។​ ហ្នឹង​វា​ហាក់​ដូចជា​ស្តាប់​ទៅ​ព្រៃផ្សៃ​ខ្លាំង​ពេក ​ គ្រាន់​តែ​ខ្ញុំជា​ប្រជា​ពល​រដ្ឋ​ម្នាក់ ​ជា​សកម្ម​ជន​នយោបាយ​ម្នាក់​ ដែល​គ្រាន់​តែ​ចូលរួម​ធ្វើ​នយោបាយ ​និង​បញ្ចេញ​មតិ​ តស៊ូ​មតិ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​ចែង»។

លោក ​ផន ផាន់ណា ​សុំ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​លម្អិត​បន្ថែម​ទេ ​ព្រោះ​លោក​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ​និង​ថា​ ប្រទេស​ថៃ​លែង​ជាទី​សុវត្ថិភាព​របស់​ជន​ភៀស​ខ្លួន​ដូច​មុន​ទៀត​ហើយ។​

លោក ​ផន ផាន់ណា ​គឺ​ជា​សកម្ម​ជន​គណបក្ស​ប្រឆាំង ​ដែល​បាន​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ក្នុង​ប្រទេស​ថៃ​កាល​ពី​ពីរឆ្នាំ​មុន​ ​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ ​បាន​កាត់​ទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ ​៥​ឆ្នាំ ​ក្នុង​សំណុំ​រឿង​គាំទ្រ​ការ​វិល​ត្រឡប់​របស់​មេ​ដឹកនាំ​នយោបាយ​ជំទាស់​គឺ​លោក ​សម រង្ស៊ី ​មក​ប្រទេស​កម្ពុជា។​ ​

ជុំវិញ​សារ​សំឡេង​របស់​លោក​ ហ៊ុន សែន​ នោះ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន​ ថ្លែង​ថា​ ​សំឡេង​នោះ​មិន​មែន​ជា​សំឡេង​ពិត​របស់​ប្រធាន​ព្រឹទ្ធ​សភា ​លោក ​ហ៊ុន សែន ​នោះ​ទេ។​

យ៉ាងណា​ក៏​ដោយ​ នេះ​ជា​សារ​សំឡេង ​ដែល​ត្រូវ​បាន​គេ​យក​មក​បង្ហោះ​ចែក​ចាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​មាន​សរសេរ​ភ្ជាប់​ថា​ ជា​សំឡេង​របស់​លោក​ ហ៊ុន សែន។

សារ​សំឡេង​នេះ​និយាយ​យ៉ាង​ដូច្នេះ​ថា៖​ «ឥឡូវ​បើ​តាម​ដឹង​ វា​កំពុង​រៀបចំ​អីផ្សេងៗ​ទៀត​ដើម្បី​បំផុស​ជា​ចលនា​អ្វី​ផ្សេង​ទៀត​ ដែល​យើង​ក៏​មិន​ត្រូវ​ឱ្យ​អា​មួយ​នេះ ​រួចខ្លួន​ដែរ។ ​អា​ហួត ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការងារ​នេះ ​ដោយ​ធ្វើការ​ជាមួយ​នគរបាល​ថៃ។ ​ហើយ​ក្រុម​អាវ​ក្រហម​ក៏ត្រូវ​តែ​ចូលរួម​ដែរ​ ​ដែល​យើង​ដែល​មាន​ការ​សហការ​ល្អ​ជា​មួយ​យើង ​ត្រូវ​ធ្វើ​សកម្ម​ភាព​នេះ​ផង​ដែរ​ ​ហើយ​ដែល​ត្រូវ​ធ្វើ​សកម្ម​ភាព​ដាច់​ដោយ​ឡែក​ពី​នគរបាល​ថៃ ​និង​កម្លាំង​យើង​ផ្ទាល់​ក៏​ត្រូវ​តាម​យក​អា​មួយ​នេះ​ឱ្យ​បាន​ បើ​ទោះបី​ដោយ​តម្លៃ​ណា​ក៏​ដោយ​ រស់ ឬ​ស្លាប់​ យើង​អត់​ដឹង​ទេ ​តែ​ដឹង​ថា​ អាមួយ​ហ្នឹង​គឺ​មិន​អាច​ទៅ​ណា​ មិន​ឱ្យ​ចេញ​ទៅ​ណា​បាន។ ​ដូច្នេះ​ត្រូវ​អនុវត្ត​វិធាន​ការ​នេះ​ជា​បន្ទាន់​ ដាច់​ខាត​មិន​ឱ្យ​អា ​ផន​ បញ្ញា ​នេះ ​រួច​ខ្លួន​បាន​ទេ។ ​សូម​អនុវត្ត​ភ្លាម»។​

លោក​ ខឹម មុន្នី​កុសល ​ប្រធាន​គណៈ​កម្មការ​សម្រប​សម្រួល​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​និង​ជា​សមាជិក​ម្នាក់​របស់​គណ​បក្ស​ភ្លើង​ទៀន​ដែល​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ​ប្រាប់​វីអូអេ​ថា​ សកម្ម​ជន​ដែល​បាន​ភៀស​ខ្លួន​ស្នាក់​នៅ​ប្រទេស​ថៃ​ រង​ការ​យាយី​ខ្លាំង​ នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត​ ទៅ​ទស្សន​កិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ថៃ ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤​ គ្រា​ដែល​សកម្ម​ជន​គ្រោង​ជួប​ជុំ​ធ្វើ​បាតុកម្ម​«​ប្រឆាំង​នឹង​ការ​ឡើង​កាន់​អំណាច​តពូជ»។​

លោក​ចាត់​ទុក​ថា​ ការ​បន្ត​យាយី ​និង​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ថៃ ​គឺ​ជាចេតនា​បោស​សម្អាត​មិន​ឱ្យ​មាន​ការ​តស៊ូ​មតិ​របស់​សកម្ម​ជន​ពី​ក្រៅ​ប្រទេស។

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ការ​ចាប់​នេះ ​វា​ជា​ការ​គំរាម​កំហែង​ ហើយ​រាំង​ខ្ទប់​ការ​ធ្វើ​នយោបាយ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជា​ជន​ភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​នេះ​តែម្តង។​ អាហ្នឹង​គឺ​ជា​ចេតនា​ដើម្បី​បោស​សម្អាត​មិន​ឱ្យ​មាន​ការ​តស៊ូមតិ​នៅ​ក្នុង​ប្រទេស​ថៃ»។​

បើ​តាម​លោក​ ខឹម មុន្នី​កុសល ​សកម្មជន​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​សុវត្ថិភាព​ និង​សិទ្ធិ​ជ្រក​របស់​ពួកគេ។​ ​

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​ជើង​ចាស់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ប្រាប់​វីអូអេ​ថា​ សារ​សំឡេង​ដែល​ត្រូវ​បាន​ចែក​រំលែក​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ជា​ល្បិច​កល​មួល​បង្កាច់​របស់​ក្រុម​ប្រឆាំង។​

លោក​ថ្លែង​ថា៖​ ​«ករណី​ហ្នឹង​ដូច​គ្មាន​ទេ ​ពីព្រោះ​យើង​មាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​ថៃ​រួច​ហើយ ​ ចាំ​បាច់​អី​ផ្តាំ​ផ្ញើ ​ចាំបាច់​អី​ទៅ​បញ្ជា​ថែម​ទៀត?​ អ៊ីចឹង​ទេ ​រឿង​សារ​សំឡេង​ យក​សំឡេង​ថា​ ជា​សំឡេង​របស់​សម្តេច​នេះ ​ខ្ញុំ​យល់​ថា​ គេ​អាច​ធ្វើ​បាន​អីតើ!​ ឥឡូវ​យើង​មាន​បច្ចេក​វិទ្យា​ទំនើប។​ យើង​អាច​ធ្វើ​បាន​សំឡេង​ប្រហែលៗ​ហ្នឹង។​ ​អាហ្នឹង​ចេះ​តែ​យក​មក​ចោទ!​ ខ្ញុំ​ក៏​យល់​ឃើញ​ថា​ នេះ​វា​មិន​មែន​ជា​ការណ៍​ពិត​ទេ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ​លោក ​ឆាយ គឹម​ខឿន ​បាន​នៅ​ឡើយ​ទេ។

ដោយ​ឡែក​ជុំវិញ​បញ្ហា​នេះ ​មន្ត្រី​សិទ្ធិ​មនុស្ស​សម្តែង​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ពាក់ព័ន្ធ​លម្ហ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​និង​សិទ្ធិ​នយោបាយ ​ដែល​កំពុង​រង​ការ​យាយី​ជា​បន្ត​បន្ទាប់។​

លោក​ នី សុខា ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លើក​ឡើង​ថា មតិ​ជាតិ ​និង​អន្តរ​ជាតិ​តែងតែ​ទទូច​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លម្ហ​សេរីភាព​ឡើង​វិញ ​ខណៈ​បញ្ហា​សិទ្ធិ​មនុស្ស​គឺ​នៅ​តែ​បញ្ហា​នាំ​ឱ្យ​ព្រួយ​បារម្ភ។​ ​

បើ​តាម​មេ​ដឹកនាំ​សមាគម​រូប​នេះ​ ​អង្គការ​សង្គម​ស៊ីវិល​មិន​គាំទ្រ​អ្នក​ដែល​ប្រើប្រាស់​សេរីភាព​ហួស​ព្រំដែន​ទេ​ ប៉ុន្តែ​សូម​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ និង​អនុវត្ត​តាម​បទដ្ឋាន​អន្តរជាតិ ​ដោយ​កុំ​ពន្យល់​ក្នុង​លក្ខណៈ​ចង្អៀត​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នេះ។​

លោក​បន្ថែម​ថា៖ ​«សូម​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​បទដ្ឋាន​អន្តរ​ជាតិ ​ពិសេស​សេចក្តី​ពន្យល់​លេខ​៣៤ ​និយាយ​អំពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ សេរីភាព​នៃ​ការ​ជួប​ជុំ​ និង​សកម្ម​ភាព​នយោបាយ​អ្វី​ផ្សេងៗ ​ដែល​រដ្ឋាភិបាល ​ពិសេស​អាជ្ញាធរ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់ ​ហើយ​ឱ្យ​បាន​ស៊ី​ជម្រៅ​ ហើយ​ខិត​ខំ​ធ្វើ​យ៉ាង​ណា ​បើក​លម្ហ​សេរីភាព​ ព្រោះ​ថា​ សេរីភាព​ទាំង​អស់​ហ្នឹង​ វា​ជួយ​ដល់​រដ្ឋាភិបាល»។

កាលពី​ខែ​ឧសភា​ ឆ្នាំ ​២០២៤ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​បាន​ចេញ​របាយ​ការណ៍​មួយ​ ដោយ​កត់​សម្គាល់​ថា​ អាជ្ញាធរ​ថៃ​បាន​និង​កំពុង​ជួយ​ដល់​រដ្ឋាភិបាល​ប្រទេស​ជិត​ខាង​របស់​ខ្លួន ​រួម​មាន​កម្ពុជា​ផង​ដែរ ​ដើម្បី​ចាត់​វិធាន​ការ​ខុស​ច្បាប់​ប្រឆាំង​នឹង​ជន​ភៀស​ខ្លួន ​និង​អ្នក​ប្រឆាំង​មក​ពី​បរទេស។​ អង្គការ​នេះ​បញ្ជាក់​ថា​ ​ការណ៍​នេះ​នាំ​ឱ្យ​ប្រទេស​ថៃ​កាន់​តែ​គ្មាន​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​ប្រទេស​របស់​ខ្លួន។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា​ សកម្ម​ភាព​របស់​ប្រទេស​ថៃ​បាន​បំពាន​លើ​ច្បាប់​អន្តរជាតិ ​ក៏​ដូច​ជា​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ និង​សន្ធិ​សញ្ញា​ផ្សេង​ទៀត​ដែល​ប្រទេស​ថៃ​បាន​ផ្តល់​សច្ចាប័ន​ក្នុង​ការ​រារាំង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ ហើយ​សកម្ម​ភាព​នេះ​ក៏​បាន​បំពាន​ច្បាប់​របស់​ប្រទេស​ថៃ​ស្តីពី​ការ​ទប់​ស្កាត់ ​និង​បង្ក្រាប​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៣៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG