កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ រដ្ឋាភិបាលកម្ពុជាបានដកខ្លួនជាផ្លូវការពីកិច្ចសហការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលប្រឈមមុខនឹងការជំទាស់យ៉ាងខ្លាំងពីពលរដ្ឋកម្ពុជាដែលរស់នៅក្រៅប្រទេស រហូតមានការធ្វើបាតុកម្មប្រឆាំងនឹងកិច្ចសហការនេះនៅប្រទេសមួយចំនួន។
ការប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏ចម្រូងចម្រាសនេះទទួលបានការសាទរពីប្រជាជនកម្ពុជា ទាំងអ្នកមាននិន្នាការគាំទ្រ និងជំទាស់នឹងរដ្ឋាភិបាល ហើយអ្នកតាមដានសង្គមកម្ពុជាខ្លះលើកឡើងថា រដ្ឋាភិបាល ឬស្ថាប័នតុលាការកម្ពុជាគួរពិចារណាដោះលែងអ្នកទាំងឡាយណាដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ ចំពោះការរិះគន់ ឬការតវ៉ាជំទាស់នឹងគម្រោងនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការប្រកាសរបស់រដ្ឋាភិបាលកម្ពុជា និងគណបក្សកាន់អំណាចដកខ្លួនពីកិច្ចសហការ CLV-DTA នេះ ទទួលបានការសាទរពីសាធារណមតិទូទៅ។ ប៉ុន្តែលោកថា សង្គមស៊ីវិលនៅមានក្តីកង្វល់ចំពោះពលរដ្ឋមួយចំនួនដែលបានបន្តជាប់ឃុំខ្លួនក្នុងពន្ធនាគារ ទាក់ទងនឹងការជំទាស់កិច្ចសហការមួយនេះ។
លោកបន្ថែមថា៖ «យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការងារសិទ្ធិមនុស្សហ្នឹងគឺសុំឱ្យតុលាការលោកពិចារណា និងពិនិត្យមើលទៅលើបញ្ហាទាំងអស់នេះផងដែរ ពីព្រោះបើយើងមើលទៅពួកគាត់ត្រូវការការសិក្សាបន្តទៅទៀត ព្រោះពួកគាត់ជាទំពាំងស្នងឫស្សីផងដែរ ហើយចំពោះអ្នកផ្សេងៗទៀត គឺអាស្រ័យទៅលើតុលាការដែលលោកពិនិត្យមើលទៅលើបញ្ហាទាំងអស់នេះ ហើយបើសិនជារកទៅ ឃើញថា មិនមានកំហុសទេ អាហ្នឹងគួរមានការដោះលែងពួកគាត់»។
បើតាមលោក អំ សំអាត ប្រជាពលរដ្ឋនិងយុវជនជាង១០០នាក់ត្រូវបានចាប់ខ្លួន តែមានការដោះលែងមកវិញមួយចំនួន ហើយក្នុងចំណោមប្រជាពលរដ្ឋជាង១០០នាក់នោះ មានជាង ៦០ នាក់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ន។ ក្នុងនោះមានសិស្សចំនួនប្រមាណ ៤ នាក់ដែលមានអាយុក្រោម ១៨ ឆ្នាំ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយចំនួន ដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងជាបន្ទាន់ អ្នកដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់យកទៅឃុំខ្លួនទាំងនោះ។
អង្គការទាំងពីរបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «យ៉ាងហោចណាស់មនុស្ស ៥៩ នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ដែលរួមមានសកម្មជនបរិស្ថាន សិទ្ធិមនុស្ស និងសកម្មជនផ្សេងទៀត ព្រមទាំងកុមារមួយចំនួនទៀត នៅតែត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ ដោយគ្រាន់តែបង្ហាញទស្សនៈរបស់ពួកគេដោយសន្តិវិធី។ អាជ្ញាធរគួរតែទម្លាក់ចោលភ្លាមៗរាល់ការចោទប្រកាន់»។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន យល់ថា នៅពេលរដ្ឋាភិបាលសម្រេចដកខ្លួនចេញពីកិច្ចសហការ CLV-DTA នេះ ពលរដ្ឋទាំងឡាយដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកន្លងមកក៏គួរតែត្រូវបានដោះលែង ព្រោះអ្នកទាំងនោះគ្រាន់តែបានបង្ហាញការបារម្ភចំពោះការខាតបង់របស់កម្ពុជានៅក្នុងការបន្តកិច្ចសហការនោះ។
លោកថ្លែងថា៖ «ខ្ញុំក៏អំពាវនាវដែរ សុំឱ្យតុលាការកម្ពុជាគួរតែទម្លាក់បទចោទចំពោះអ្នកដែលរិះគន់តវ៉ារឿងគម្រោង CLV នេះ ព្រោះមកដល់ពេលនេះ គម្រោងហ្នឹងក៏ត្រូវបានបញ្ចប់ហើយ ដូច្នេះការចោទប្រកាន់នានា ដែលពាក់ព័ន្ធគម្រោង CLV ដោយសារការបញ្ចេញមតិ ដោយសារការទាមទារហ្នឹងគួរតែត្រូវបានទម្លាក់បទចោទឱ្យមានសេរីភាពដែរបាទ»។
ទាក់ទិនការដកខ្លួនរបស់រដ្ឋាភិបាលចេញពីកិច្ចសហការនេះ អតីតតំណាងរាស្ត្រគណបក្សជំទាស់រូបនេះថ្លែងថា រដ្ឋាភិបាលបានសម្រេចចិត្តខាងនយោបាយមួយត្រឹមត្រូវ ហើយជាជំហានវិជ្ជមានមួយសម្រាប់កម្ពុជា ដោយសារវាបានធ្វើឱ្យអ្នកដែលបារម្ភពីការបាត់បង់ទឹកដី និងធនធានធម្មជាតិស្ងប់ចិត្ត និងបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងការគោរពទៅតាមការទាមទាររបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
លោកបន្ថែមថា ប្រជាពលរដ្ឋចាប់ពីពេលនេះ គួរតែរក្សាការតាមដានការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាឱ្យបានជាប់លាប់ ដើម្បីបញ្ចៀសភាពជ្រួលច្របល់ទៅតាមបញ្ហាដែលបានកើតឡើងដោយមិនបានត្រៀមខ្លួនទុកជាមុន ដូចករណី CLV នេះជាដើម។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ តែគ្មានការឆ្លើយតបសំណួរដែលផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីនថ្លែងថា ការដកខ្លួនរបស់កម្ពុជាពីកិច្ចសហការ CLV-DTA និងការអនុវត្តច្បាប់គឺជារឿងពីរដាច់ដោយឡែកពីគ្នា ដូច្នេះលោកថា តុលាការនឹងបន្តទៅតាមនីតិវិធីចំពោះអ្នកដែលត្រូវបានចាប់ដាក់ក្នុងពន្ធនាគារ។
លោកប្រាប់វីអូអេថា៖ «ការដកខ្លួនចេញពី CLV ហ្នឹងវាជារឿងមួយ ការសម្រេចចិត្តរបស់រដ្ឋាភិបាល។ ចំណែកឯវិធានការច្បាប់ គឺជារឿងមួយផ្សេងទៀត។ វាអត់មានអីពាក់ព័ន្ធអីគ្នានោះទេ ហើយវិធានការច្បាប់ទៅលើអ្នកដែលប្រព្រឹត្តល្មើសកន្លងមកហ្នឹង វាមិនមែនដោយសារតែការរិះគន់ ការបញ្ចេញមតិនោះទេ ក៏ប៉ុន្តែដោយសារតែប្រព្រឹត្តទៅនឹងអំពើល្មើសច្បាប់ ពាក់ព័ន្ធដល់ការប្រមូលផ្តុំ ការរៀបចំផែនការ និងគម្រោងក្នុងការផ្តួលរំលំរដ្ឋាភិបាល។ អីចឹង អត់មានពាក់ព័ន្ធអីគ្នានោះទេ។ អ៊ីចឹង ការអនុវត្តច្បាប់គឺនៅតែបន្ត»។
កិច្ចសហការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ដែលត្រូវបានអនុវត្តអស់រយៈពេល ២៥ ឆ្នាំដោយរដ្ឋាភិបាលទីក្រុងភ្នំពេញ ទីក្រុងហាណូយ និង ទីក្រុងវៀងចន្ទន៍នោះ បានក្លាយជាប្រធានបទដ៏រសើបមួយក្នុងនយោបាយកម្ពុជានាប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ ២០២៤ នេះ ដោយសារមានការពិភាក្សាទាំងក្នុងនិងក្រៅបណ្តាញទំនាក់ទំនងសង្គមថា កម្ពុជាអាចខាតបង់ប្រយោជន៍ច្រើនដោយការយកខេត្តចំនួនបួននៅភាគឦសានប្រទេសកម្ពុជាទៅដាក់ក្នុងគម្រោងនោះ។
ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្រា្តលី បានធ្វើបាតុកម្មប្រឆាំងនឹងគំនិតផ្តួចផ្តើម ឬកិច្ចសហការនៃការអនុវត្តគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV-DTA នេះ ដោយលើកឡើងអំពីការភ័យខ្លាចនៃការបោះបង់អធិបតេយ្យភាពមួយផ្នែកទៅវៀតណាម ឬបើកឱ្យមានការចូលមកនៃជនអន្តោប្រវេសន៍ច្រើនពីប្រទេសវៀតណាម។
ប៉ុន្តែមន្ត្រីកម្ពុជាធ្លាប់លើកឡើងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។ នៅក្នុងការកិច្ចសហការនោះ កម្ពុជាបានដាក់ខេត្តចំនួនបួននៅភាគឦសានប្រទេសគឺ ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។
នៅក្នុងសារពិសេសមួយថ្លែងទៅកាន់ពលរដ្ឋកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និង វៀតណាម (CLV-DTA) កាលពីថ្ងៃទី ២០ ខែកញ្ញា។ ប៉ុន្តែលោកថា រដ្ឋាភិបាលនៅតែបន្តអនុវត្តផែនការនានាដែលបានគ្រោងទុក ដើម្បីបន្តដំណើរការអភិវឌ្ឍន៍នៅក្នុងតំបន់ភូមិភាគឦសានរបស់កម្ពុជា ទោះមាន ឬគ្មានកិច្ចសហប្រតិបត្តិការនោះ។ លោកឱ្យដឹងទៀតថា គិតមកដល់ពេលនេះ មានពលរដ្ឋប្រមាណ ៧០ ម៉ឺននាក់ បានចូលរួមបរិច្ចាគថវិកា ប្រមាណ ២១ លានដុល្លារ ដោយស្ម័គ្រចិត្តដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន៕
វេទិកាបញ្ចេញមតិ