កុមារា កាក់ សុវណ្ណច្ឆ័យ កូនប្រុសបង្កើតរបស់សកម្មបក្សជំទាស់ពីររូបត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ៨ខែពីបទ«ញុះញង់»ប៉ុន្តែនឹងត្រូវដោះលែងឆាប់ៗនេះក្រោយសាលក្រមត្រូវបានកាត់តម្រឹម និងបានអនុវត្តទោសជិតកន្លះឆ្នាំគិតពីថ្ងៃចាប់ខ្លួនមក។
បើតាមអ្នកស្រី ព្រំ ចន្ថា អាយុ៤៣ឆ្នាំម្តាយរបស់ក្មេងប្រុសវ័យ១៦ឆ្នាំរូបនេះសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឲ្យកូនប្រុសគាត់អនុវត្តទោស៤ខែ១៥ថ្ងៃពីបទញុះញង់តាមប្រព័ន្ធទំនាក់ទំនងសង្គម Telegram (តេឡេក្រាម)ហើយទោសដែលនៅសល់ត្រូវបានព្យួរ។
ក្មេងប្រុសរូបនោះ នឹងត្រូវបានដោះលែងតែត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល២ឆ្នាំ ពោលគឺប្រហាក់ប្រហែលនឹងពេលដែលរូបគេចម្រើនវ័យបាន១៨ឆ្នាំ។
អ្នកស្រី ព្រំ ចន្ថាប្រាប់ក្រុមអ្នកកាសែតនៅក្រៅរបងតុលាការរាជធានីនាថ្ងៃចន្ទនេះថា តុលាការគួរទម្លាក់រាល់ការចោទប្រកាន់ទាំងអស់មកលើកូនរបស់គាត់ដែលជាក្មេងប្រុសម្នាក់និងមានជំងឺប្រចាំកាយ។
អ្នកស្រីបន្ថែមថាការបន្តឲ្យកូន ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនោះគឺជារឿងមិនអាចទទួលយកបានផងដែរព្រោះអ្នកស្រីជឿថា កូនប្រុសរបស់គាត់បានប្រើតែសិទ្ធិនិយាយស្តីប៉ុណ្ណោះ។អ្នកស្រីនិយាយថា៖ «គាត់ត្រូវទម្លាក់រាល់ការចោទទាំងអស់ហ្មង។ អានេះគឺវាខុសនីតិវិធីទាំងស្រុងហ្មង។ ហើយដូចថា ក្មេងផងហើយយកគាត់ទៅ ទៅដាក់ពន្ធនាគារដោយបំបាក់ស្មារតីគាត់ហើយនិងការចងចាំរបស់គាត់ក៏វាស្រុតចុះយ៉ាងខ្លាំងទៀត ដល់ពេលចឹងទៅមានការលំបាកយ៉ាងខ្លាំងហ្មងហើយត្រូវតាមដានទៀត ហើយឲ្យខ្ញុំហ្នឹងមកបញ្ចេញមុខគ្រប់ខែទាំងអស់គឺថាដល់ខែ គឺថាមកបង្ហាញខ្លួន»។
អ្នកស្រី ព្រំ ចន្ថា ស្ថិតក្នុងចំណោមស្ត្រីតវ៉ាដែលគេឲ្យឈ្មោះថា«ស្ត្រីថ្ងៃសុក្រ»ដែលបានចេញមុខតវ៉ាជាបន្តបន្ទាប់ទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងក្រុមសកម្មជនបក្សប្រឆាំងជាស្វាមីជាង១០នាក់ដែលកំពុងជាប់ក្នុងពន្ធនាគារ។
ក្មេងប្រុសកាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ គឺជាកូនរបស់លោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញរបស់អតីតគណបក្សសង្គ្រោះជាតិ។
កុមាររូបនោះដែលត្រូវម្តាយអះអាងថាមានជំងឺអូទីហ្សឹមឬជំងឺរវើរវាយភាន់វិញ្ញាណត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ហើយបញ្ជូនទៅតុលាការក្រោមបទចោទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ប្រមាថអ្នករាជការសាធារណៈ» បន្ទាប់ពីកុមាររូបនោះបានបង្ហោះសាររិះគន់មន្ត្រីរដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។
ការយកក្មេងប្រុសនេះមកផ្តន្ទាទោសតាមផ្លូវតុលាការបានរងការរិះគន់ជាបន្តបន្ទាប់ពីក្រុមអ្នកការពារសិទ្ធិមនុស្សនិងអ្នកជំនាញអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
បើតាមអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកលីកាដូក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ នឹងត្រូវដោះលែងពីពន្ធនាគារវិញក្នុងខែនេះប៉ុន្តែត្រូវបានដាក់ឲ្យស្ថិតក្រោមការព្យួរទោសសាកល្បងរយៈពេល២ឆ្នាំដោយតម្រូវឲ្យរូបគេបង្ហាញខ្លួននៅចំពោះមុខតុលាការគ្រប់ពេលដែលត្រូវបានកោះហៅឬជូនដំណឹងទៅតុលាការប្រសិនបើផ្លាស់ប្ដូរអាសយដ្ឋានក៏ដូចជាត្រូវសុំការអនុញ្ញាតប្រសិនបើចង់ចាកចេញពីប្រទេសព្រមទាំងលក្ខខណ្ឌផ្សេងទៀត។
អង្គការលីកាដូបានកត់សម្គាល់ថា សវនាការសំណុំរឿងខាងលើនេះត្រូវបានប្រព្រឹត្តឡើងជាសាធារណៈនាព្រឹកនេះ ហើយអ្នកឃ្លាំមើលត្រូវបានអនុញ្ញាតឲ្យចូលបន្ទប់សវនាការដែលមានវត្តមានរបស់កុមារនេះ។ប៉ុន្តែក្រោយមក អ្នកឃ្លាំមើលត្រូវបានតម្រូវឲ្យចេញពីបន្ទប់សវនាការមុនពេលប្រកាសសាលក្រម។
បើតាមអង្គការលីកាដូបន្ទាប់ពីចាកចេញពីបន្ទប់សវនាការក្រោយពីការប្រកាសសាលក្រមម្ដាយរបស់កុមារត្រូវបានមន្ត្រីតុលាការហែហមចេញពីអគារតុលាការខណៈដែលអ្នកស្រីព្យាយាមប្រាប់ទៅអ្នកឃ្លាំមើលនិងអ្នកសារព័ត៌មានដែលកំពុងរង់ចាំនៅខាងក្រៅតុលាការពាក់ព័ន្ធនឹងការប្រកាសសាលក្រមនេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលរបស់អង្គការលីកាដូលោក អំ សំអាតយល់ការកាត់ក្តីរបស់តុលាការក្រុងភ្នំពេញឲ្យក្មេងប្រុសអាយុ១៦ឆ្នាំដែលមានជំងឺអូទីហ្សឹមឲ្យមានទោស៨ខែនោះនឹងទទួលរងការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិដែលឲ្យតម្លៃលើការគោរពសិទ្ធិមនុស្ស។
លោក អំ សំអាត ប្រាប់វីអូអេទៀតថាសាធារណជននឹងមិនជឿថាក្មេងដែលមានភាពមិនប្រក្រតីខាងសតិស្មារតីអាចទៅប្រព្រឹត្តបទញុះញង់ដូចការចោទរបស់តុលាការទេ។
លោកថ្លែងថា៖ «គេមិនជឿជាក់អីចឹងទៅណ៎ាហើយនិងការប្រមាថមន្ត្រីរាជការសាធារណៈអីពីព្រោះមើលទៅគឺការណ៍ដែលគាត់បញ្ចេញមតិហ្នឹងគឺទៅតាមប្រព័ន្ធតេឡេក្រាមឬក៏ប្រព័ន្ធបណ្តាញសង្គមហ្នឹងទេ។ មិនមានការបរិហារអីទូលំទូលាយយ៉ាងណាទេ។ គេមិនជឿជាក់ថាក្មេងប៉ុណ្ណឹងទៅប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការនោះទេ»។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីមេធាវីការពារក្តីឲ្យក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ លោក សំ សុគង់បានទេនៅថ្ងៃចន្ទនេះតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
កុមារ កាក់ សុវណ្ណច្ឆ័យ ធ្លាប់ត្រូវបានចាប់ខ្លួន កាលពីពេលកន្លងមកប៉ុន្តែមិនត្រូវបានចោទប្រកាន់ទេកាលនោះ ហើយក៏ធ្លាប់ត្រូវបានជនមិនស្គាល់មុខវាយដំផងដែរ។
បន្ទាប់ពីការចាប់ខ្លួនគាត់កាលពីខែតុលាឆ្នាំមុន នៅខាងមុខទីស្នាក់ការកណ្តាលចាស់នៃគណបក្សសង្គ្រោះជាតិ កុមាររូបនេះ ត្រូវបានគេរាយការណ៍ថាត្រូវបាននគរបាលដាល់ និងទះកំផ្លៀងគាត់ក្នុងអំឡុងពេលសួរចម្លើយ។ ពីរថ្ងៃក្រោយមក គាត់ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់។
នៅខែមេសាឆ្នាំនេះ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារមានស្រាំឆ្អឹងលលាដ៍ក្បាល បន្ទាប់ពីបុរសពីរនាក់បានជិះម៉ូតូតាមវាយគាត់ដោយដុំឥដ្ឋ។ នេះបើតាមការកត់សម្គាល់របស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៕