សាលាដំបូងក្រុងភ្នំពេញបានសម្រេចនៅថ្ងៃព្រហស្បតិ៍នេះ កាត់ទោសលោក អ៊ុក ពេជ្រសំណាង ឲ្យជាប់ក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ពីបទបង្កហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ។
ការប្រកាសសាលក្រមកាត់ទោសសកម្មជននយោបាយបក្សប្រឆាំងរូបនេះ ធ្វើឡើងស្របពេលដែលលោកកំពុងស្ថិតក្នុងពន្ធនាគារ ដោយសារករណីដាច់ដោយឡែកមួយទៀត ទាក់ទិនសំណុំរឿងហិង្សាដែលបានកើតឡើងនៅក្បែរស្ពាននាគជាប់ទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៤។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ប្រាប់វីអូអេថា ការប្រកាសសាលក្រមនេះ ត្រូវបានធ្វើឡើងដោយគ្មានភស្តុតាងគ្រប់គ្រាន់ ហើយថាការកាត់ទោសនេះ ជាការដាក់សម្ពាធនយោបាយមួយ ទៅដល់អ្នកគាំទ្រនៃបក្សប្រឆាំងឯទៀតផងដែរ។
«យើងគិតថា ជាការដាក់សម្ពាធមួយ ហើយក៏វាអាចចូលក្នុងសម្ពាធនយោបាយមួយ ដើម្បីបំបាក់ស្មារតីទៅលើអ្នកគាំទ្រគណបក្សប្រឆាំងផ្សេងៗទៀត ក្នុងការចូលរួមសកម្មភាពផ្សេងៗ»។
សាលក្រមដែលប្រកាសដោយចៅក្រម អ៊ឹម វណ្ណៈ ក៏បានតម្រូវឲ្យលោក អ៊ុក ពេជ្រសំណាង អាយុ៥១ឆ្នាំ បង់ប្រាក់ពិន័យជូនរដ្ឋចំនួន៤លានរៀល និងបង្គាប់ឲ្យសងសំណងដល់ជនរងគ្រោះ៥នាក់ជាសន្តិសុខរបស់ខណ្ឌដូនពេញចំនួន១០លានរៀលផងដែរ។
សាលក្រមដែលតុលាការប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ផ្តោតទៅលើសំណុំរឿងទីពីររបស់លោក អ៊ុក ពេជ្រសំណាង ដែលបានកើតឡើងកាលពីខែតុលា ឆ្នាំ២០១៤។ សំណុំរឿងនេះ ទាក់ទិនហេតុការណ៍ដែលលោកត្រូវបានចោទប្រកាន់ថា បានបើកម៉ូតូកង់បីដឹកអ្នកតវ៉ា បុករបាដែករបស់កងសន្តិសុខខណ្ឌដូនពេញ ខណៈដែលលោកនិងប្រជាពលរដ្ឋមកពីខេត្តព្រះវិហារព្យាយាមដាក់ញ្ញតិមួយនៅឯគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០១៤កន្លងទៅ។
នៅក្នុងគ្រានោះ មានអ្នកភូមិច្រើនជាង១០០នាក់មកពីខេត្តព្រះវិហារ ដែលរងគ្រោះដោយការបណ្តេញចេញពីលំនៅដ្ឋាន បានព្យាយាមដាក់ញ្ញតិជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែការប៉ះទង្គិចគ្នាមួយបានកើតឡើង បង្កឲ្យក្រុមអ្នកតវ៉ាដែលបានចូលរួម១៨នាក់ផ្សេងទៀតរងរបួស។ ក្នុងពេលប៉ះទង្គិចគ្នានោះ កងសន្តិសុខបានយកដំបង និងឧបករណ៍ឆក់មកវាយតប់អ្នកតវ៉ាផងដែរ។ ប្រធានសន្តិសុខ ខណ្ឌដូនពេញ លោក គីម វុត្ថា បានអះអាងនៅពេលនោះថា សន្តិសុខប្រាំនាក់បានរងរបួស។
លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោកអ៊ុក ពេជ្រសំណាង បានហៅការប្រកាសសាលក្រមនេះ ថាជារឿងអយុត្តិធម៌សម្រាប់កូនក្តីលោក ព្រោះកូនក្តីលោកពុំបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះឡើយ។
«លោក អ៊ុក ពេជ្រសំណាង គាត់ស្រែកថាអយុត្តិធម៌សម្រាប់គាត់ គឺដាក់ទោសគាត់ដែលអត់មានកំហុស។ អញ្ចឹងគឺខ្ញុំនឹងពិភាក្សាជាមួយគាត់ក្នុងការប្តឹងឧទ្ធរណ៍ពីករណីហ្នឹង»។
លោក ហួត ចាន់យូរ៉ាន់ អធិការប៉ូលិស ខណ្ឌដូនពេញ បដិសេធមិនធ្វើការអត្ថាអធិប្បាយ ដោយលោកបានលើកទូរស័ព្ទ តែដាក់ចុះវិញ។ VOA មិនអាចទំនាក់ទំនងលោកគីម វុត្ថា ប្រធានសន្តិសុខ ខណ្ឌដូនពេញបានទេ។
អ្នកស្រី ទិត្យ ណារិន វ័យ៤៨ឆ្នាំ ភរិយារបស់លោក អ៊ុក ពេជ្រសំណាងបានច្រានចោលនូវសាលក្រមនេះ ហើយចាត់ទុកថា នេះជាការសម្រេចយ៉ាងអយុត្តិធម៌។ អ្នកស្រីថ្លែងថា ចាប់ពីពេលដែល លោកអ៊ុក ពេជ្រ សំណាងត្រូវបានដាក់ឲ្យស្ថិតក្នុងពន្ធនាគារ អ្នកស្រីមានការលំបាកក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។ អ្នកស្រីនិយាយថា៖
«ពិបាកខ្លាំងដោយសារ ពេលធ្វើដំណើរទៅសួរសុខទុក្ខប្តី ពីផ្ទះទៅព្រៃស ហើយខ្ញុំនិងត្រូវការចិញ្ចឹមចៅកំព្រា ដោយសារខ្ញុំហ្នឹងវេទនា ហើយកូនដែលត្រូវស្លាប់ហ្នឹងអ្នករកចំណូល ហើយឪពុកក៏អ្នករកចំណូល ដល់ពេលឥឡូវហ្នឹងត្រូវស្លាប់ហើយ ត្រូវជាប់គុកទៀត ខ្ញុំហ្នឹងលំបាកមែនទែន»។
កូនប្រុសច្បងក្នុងគ្រួសារដ៏ក្រីក្រនៃលោក អ៊ុក ពេជ្រសំណាង ឈ្មោះ ហេង មេសា អាយុ៣៥ឆ្នាំ បានស្លាប់ដោយសារជំងឺមហារីកថ្លើម កាលពីខែកក្កដាឆ្នាំ២០១៥។ ការស្លាប់របស់លោក ហេង មេសា កើតឡើង ខណៈដែលសាលាដំបូងក្រុងភ្នំពេញប្រកាសសាលក្រមមួយផ្សេងទៀតដល់លោក អ៊ុក ពេជ្រសំណាង ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំទាក់ទងនឹងសំណុំរឿងហិង្សានៅទីលានប្រជាធិបតេយ្យ៕