ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ជំនុំជម្រះ​ទោស​លោក​​អ៊ុក ពេជ្រ​សំណាង​លើ​សំណុំរឿង​ហិង្សា​​ទីពីរ​


រូប​ថត​ឯកសារ៖ ក្រុម​សមត្ថកិច្ច​បង្ក្រាប​នៅ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ (VOA)
រូប​ថត​ឯកសារ៖ ក្រុម​សមត្ថកិច្ច​បង្ក្រាប​នៅ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ (VOA)

សាលាដំបូង​ក្រុង​ភ្នំពេញនឹង​ប្រកាស​សាលក្រម​ដល់​លោក ​អ៊ុក ពេជ្រសំណាង​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែ​កញ្ញា​ខាងមុខនេះ​ ទាក់​ទិន​នឹង​សំណុំ​រឿង​ បង្ក​ហិង្សា​ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ​បន្ទាប់​ពី​តុលាការ​បាន​បើក​អង្គ​សវនាការ​សួរ​ដំណើរ​ដើម​ទង​នៃ​សំណុំ​រឿង​នេះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារ​ក្តី​និង​អ្នកការពារ​សិទ្ធិ​មនុស្ស។​

ការ​បើកសវនាការ​នេះ​ ធ្វើ​ឡើងស្រប​ពេល​ដែល​សកម្ម​ជន​នយោបាយ​រូប​នេះ​កំពុង​ជាប់​ឃុំ​ដោយករណី​ដាច់​ឡែក​មួយ​ទៀត​ ទាក់​ទិន​នឹង​សំណុំ​រឿង​ហិង្សា​ដែល​បាន​កើត​ឡើង​នៅ​ក្បែរ​ស្ពាន​នាគ​ជាប់​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ ឆ្នាំ​២០១៤។​

លោក​ ជូង​ ជូងី​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​អ៊ុក​ ពេជ្រសំណាង​មាន​ប្រសាសន៍​ថា​ តុលាការ​បាន​ចាប់​ផ្តើម​សួរ​ដេញដោល​ កូន​ក្តី​លោក​នៅ​ថ្ងៃ​អង្គារ។​ លោក​បញ្ជាក់​ថា នៅ​ក្នុង​ការ​សួរ​ដេញដោល​នេះ​ ដើមបណ្តឹង​ដែល​ជាក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ និង​សាក្សី​ពុំបាន​ផ្តល់​ភស្តុតាង​ជាក់​ច្បាស់​ណាមួយ​ដែល​អាច​ដាក់​បន្ទុក​លើ​កូន​ក្តី​លោក​នោះ​ទេ។​

«ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រើ​ហិង្សា​ គឺ​សន្តិ​សុខ​សាលាខណ្ឌ​ដូន​ពេញ​ចំនួន​ប្រាំ​នាក់​ ដែល​ថា​ខ្លួន​ជា​អ្នក​រង​គ្រោះ​ហ្នឹង​ គឺ​អត់​មាន​បាន​បញ្ជាក់​ប្រាប់​តុលាការ​ ថា​ អ៊ុក ពេជ្រសំណាង ​ហ្នឹង​ជា​អ្នក​បង្ក​ហិង្សា​ឬ​ជា​អ្នក​វាយ​ទៅ​លើ​គាត់​ទេ។​ ហើយ​ក្រៅ​ពី​សន្តិ​សុខ​ដែល​រងគ្រោះ​ប្រាំ​នាក់​ហ្នឹង​ ក៏​អត់​មាន​សាក្សី​ណា​ ឆ្លើយ​ដាក់​បន្ទុក​ថា​ អ៊ុក ពេជ្រសំណាង​ វាយ​ទៅ​លើ​សន្តិ​សុខ​ហ្នឹង​ដែរ»។

លោក​មេធាវី​រូប​នេះ​បញ្ជាក់​បន្ថែម​ថា​៖

«ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ ពី​រឿង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​ គឺ​អត់​មាន​សាក្សី​អត់​មាន​ភស្តុតាង​ណា​បង្ហាញ​ថា​ គាត់​ប្រើ​ហិង្សា​ទៅ​លើ​ប៉ូលិស​ ឬ​ក៏​កងរាជ​អាវុធ​ហត្ថ​ឬក៏ទាហាន​ ដែល​ជា​មន្ត្រី​សាធារណៈ​នោះ​គឺ​ក៏​អត់​ដែរ»។​ ​

ការ​សួរ​ដេញដោល​កាលពី​ថ្ងៃ​អង្គារ គឺ​ផ្តោត​លើ​សំណុំ​រឿង​ទី​ពីរ​របស់​លោក​ អ៊ុក ពេជ្រសំណាង​ ដែល​បាន​កើត​ឡើង​កាល​ពីខែ​តុលា​ ឆ្នាំ​២០១៤​ដដែល​នេះ។​ សំណុំរឿង​នេះ​ ទាក់​ទង​នឹង​ហេតុការណ៍​ដែល​លោក ​អ៊ុក ពេជ្រសំណាង ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​លោក​បាន​ បើក​ម៉ូតូ​កង់​បី​ដែល​ដឹកអ្នក​តវ៉ាបុក​របា​ដែក​របស់​កង​សន្តិ​សុខ​ខណ្ឌ​ដូនពេញ​ ខណៈ​ដែល​លោក​និង​ប្រជាពលរ​ដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ​ព្យាយាម​ដាក់​ញ្ញតិ​មួយ​នៅ​ឯ​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កាល​ពីថ្ងៃទី២០​ ខែ​តុលា​ឆ្នាំ​២០១៤កន្លង​ទៅ។​

នៅ​ក្នុង​គ្រា​នោះ​ មាន​អ្នក​ភូមិច្រើន​ជាង១០០​នាក់​មកពី​ខេត្ត​ព្រះ​វិហារ ​ដែល​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ បាន​ប៉ុន​ប៉ង​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ តែ​ការ​ប៉ះទង្គិច​គ្នា​មួយ​បាន​កើត​ឡើង​ បង្ក​ឲ្យ​ក្រុម​អ្នក​តវ៉ា​ដែល​បាន​ចូលរួម១៨​នាក់​ផ្សេង​ទៀត​រង​របួស។​ ក្នុង​ពេល​ប្រទូសរ៉ាយ​គ្នា​នោះ​ដែរ​ កង​សន្តិសុខ​បាន​យក​ដំបង​ និង​ឧបករណ៍​ឆក់​មក​វាយ​តបតអ្នក​តវ៉ា​ផង​ដែរ។​ ប្រធាន​សន្តិសុខ​ ខណ្ឌ​ដូន​ពេញ​ គឺ​លោក​គីម វុត្ថា​ បាន​អះអាង​ថា​ សន្តិ​សុខ​ប្រាំនាក់​បាន​រង​របួស។​

លោក​អំ សំអាត​ ប្រធាន​បចេ្ចកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​បាន​ចូលរួម​សង្កេត​អង្គ​សវនាការ​ផង​ដែរ​នោះ​ មាន​ប្រសាសន៍​ថា​ តុលាការ​នឹង​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​នេះ​ នៅ​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ខាង​មុខ​នេះ​ ហើយ​ថា​ ការ​សួរ​ដេញ​ដោល​ មិន​បាន​ផ្តល់ភស្តុតាង​គ្រប់​គ្រាន់​សម្រាប់​ធ្វើការ​ផ្តន្ទា​ទោស​លោក​អ៊ុក ពេជ្រសំណាង​នោះ​ទេ។​

«បើ​សិន​ជា​យើង​សំឡឹង​មើល​ការ​ជំនុំជម្រះ ព្រឹក​មិញ​នេះ​ ក៏​យើង​មើល​ទៅ​លើ​ការ​ ជជែក​ដេញ​ដោល​ គ្នា​ទាំង​ជន​រងគ្រោះ​ដែល​ ជា​សន្តិសុខ​ក្តី​ ទាំង​មន្ត្រី​ដែល​បាន​ទៅ​ផ្តល់​ ជា​កសិណសាក្សី​ ឬ​ក៏​ផ្តល់​អំពី​ ការ​ធ្វើការ​របស់​ខ្លួន​ក្តីហាក់​ដូច​មិន​មាន​ការ​ចង្អុល​បង្ហាញ​ថា​ លោក​អ៊ុក ពេជ្រ​សំណាង​ហ្នឹង​ជា​អ្នក​ដែល​បាន​ បាន​ប្រព្រឹត្ត​ផ្ទាល់​មក​លើ​ ដូច​ជា​បទ​ហិង្សា​ហ្នឹង​ ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈក្តី​វា​ហាក់​បី​ដូច​ជា​គ្មាន​ភស្តុតាង»។

លោក​បញ្ជាក់​ថា​តុលាការ​ក៏បាន​ចាក់​វីដេអូ​ឃ្លីប បង្ហាញ​ពី​ទិដ្ឋភាព​ប៉ះ​ទង្គិច​ដែរ​ តែ​ខ្សែ​វីដេអូ​នេះ​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាក់​លាក់​ថា​ លោក​អ៊ុក ពេជ្រ​សំណាង​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​ យ៉ាងណាមិញ​ លោក​អំ សំអាត​ ឲ្យ​ដឹង​ផង​ដែរ​ថា​ លោក​អ៊ុក ពេជ្រសំណាង​ ត្រូវ​តែ​ទទួល​ការ​ព្យាបាល​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ ដោយ​លោក​គ្រប់​គ្រង​ខ្លួន​ឯង​មិន​បាន​នៅ​ក្នុង​ការ​សួរ​ដេញដោល​នៅ​ថ្ងៃ​អង្គារ​នេះ។

VOA ​ពុំ​អាច​ទំនាក់​ទំនង​ លោក​គីម​ វុត្ថា​ ប្រធាន​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​បាន​ទេ​។ លោក​ចាន់ យូរ៉ាន់​ អធិការ​ប៉ូលិស​ខណ្ឌ​ដូន​ពេញ​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ។​

លោក​អ៊ុក ពេជ្រ​សំណាង​បាន​ត្រូវ​តុលាការ​ដាក់​ពន្ធនាគារ​អស់​ជាច្រើន​ខែ​ក្នុង​ពេល​កន្លង​មក​ប៉ុន្តែ​ត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​មុន​ពេល​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​ជាថ្មី​ចំនួន​៧ឆ្នាំ​កាលពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ លើ​សំណុំរឿង​ហិង្សា​ដែល​បាន​កើត​ឡើង​នៅ​ក្បែរ​ស្ពាន​នាគ​ជាប់​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៤៕

XS
SM
MD
LG