សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី១៦ ខែសីហានេះ សម្រេចឃុំខ្លួនលោកហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ីជាបណ្តោះអាសន្នក្រោមបទចោទប្រកាន់បីគឺ «ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និង ញុះញង់»។ នេះបើតាមការបញ្ជាក់ពីលោកជួង ជូងី មេធាវីមួយរូបក្នុងចំណោមមេធាវីបួនរូបដែលការពារក្តីឲ្យលោកហុង សុខហួរ។
ការចោទប្រកាន់នេះធើ្វឡើងបន្ទាប់ពីការសួរដេញដោលពីតុលាការអស់រយៈពេលជាងបួនម៉ោងនៅព្រឹកថ្ងៃអាទិត្យនេះ នៅឯសាលាដំបូងរាជធានីភ្នំពេញ។ លោកហុង សុខហួរ ដែលកាន់សញ្ជាតិបារាំងខ្មែរ ត្រូវបានអមដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច និងកងអន្តរាគមន៍ពិសេសរបស់អគ្គស្នងការនគរបាលជាតិកម្ពុជា ឆ្ពោះទៅកាន់ពន្ធនាគារព្រៃស ក្រោយពេលលោកទទួលបានការចោទប្រកាន់ពីតុលាការ។ ក្រុមអ្នកតវ៉ាបានរក្សាភាពស្ងៀមស្ងាត់ នៅពេលលោកហុង សុខហួរត្រូវបានដឹកចេញពីតុលាការរាជធានីភ្នំពេញ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុខច្រកទ្វារចូលសាលាដំបូងរាជធានីភំ្នពេញ លោកជួង ជូងីមានប្រសាសន៍ថា លោកហុង សុខហួរត្រូវបានចោទប្រកាន់ដោយលោកព្រះរាជអាជ្ញារងមាស ច័ន្ទពិសិដ្ឋ ហើយថា ក្រុមមេធាវីការពារក្តីឲ្យលោកហុង សុខហួរនឹងដាក់ពាក្យប្តឹងសុំឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
«ខ្ញុំនឹងដាក់សុំឲ្យដោះលែងគាត់នៅក្រៅឃុំបណ្តោះអាសន្ន ដោយដាក់ប្រាក់ធានា ពីព្រោះគាត់នឹងមិនរត់ទៅណាទេ ប្រសិនបើគាត់រត់ គាត់អត់អាចមកធ្វើ សមាជិកព្រឹទ្ធសភាបានទេ»។
លោកមេធាវីបញ្ជាក់បន្ថែមថា តុលាការពុំបានចោទប្រកាន់លោកហុង សុខហួរពីបទប្រព្រឹត្តអំពើក្បត់ជាតិ ដូចការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីកាលពីបួនថ្ងៃមុននោះទេ។
រីឯភរិយារបស់លោកហុង សុខហួរគឺអ្នកស្រីគុណ លំអង ប្រធានចលនាស្រ្តីនៃគណបក្សសង្គ្រោះជាតិសម្តែងក្តីក្តុកក្តួលនៅក្រោយពេលដែលតុលាការសម្រេចបញ្ជូនស្វាមីរបស់អ្នកស្រីទៅកាន់ពន្ធនាគារព្រៃស ដោយអ្នកស្រីបាននិយាយជាមួយនិងដំណក់ទឹកភ្នែកយ៉ាងដូច្នេះថា៖
«ខ្ញុំគិតថា ខុសនីតិវិធី។ ប្តីខ្ញុំនៅមានអភ័យឯកសិទ្ធិនៅឡើយ យកគាត់ទៅព្រៃស»។
អ្នកស្រីគុណ លំអងបន្តថា អ្នកស្រីពុំបានដឹងអំពីការចោទប្រកាន់ពីតុលាការទៅលើស្វាមីអ្នកស្រីនោះឡើយ ហើយបានស្រែកដង្ហោយឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគោរពច្បាប់នៅក្នុងប្រទេសកម្ពុជា។
«ខ្ញុំអត់ដឹងថា ចោទពីបទអីខ្លះទេ។ ប៉ុន្តែចំពោះខ្ញុំគឺថាធ្វើនេះ ទង្វើនេះគឺឃោរឃៅ ខុសនីតិវិធីទាំងស្រុង។ ប្តីខ្ញុំនៅមានអភ័យឯកសិទ្ធិនៅឡើយ ហើយរឿងអីគាត់ អភ័យឯកសិទ្ធិរបស់ព្រឹទ្ធសភា អត់ទាន់ដកទេ។ ហើយថ្ងៃនេះឮថា បញ្ជូនទៅគុកព្រៃស។ សូមបងប្អូនជួយគិតមើលចុះ ថាតើយុត្តិធម៌នៅកន្លែងណា? ខ្ញុំសូមទាមទារអង្វរសម្តេចនាយករដ្ឋមន្ត្រីសុំធ្វើតាមច្បាប់។ នេះមិនមែនច្បាប់ទេគឺខុសពីនីតិវិធីហើយ សូមឲ្យគិតគូរឡើងវិញ»។
ការចាប់ និងឃុំខ្លួនលោកហុង សុខហួរដោយអាជ្ញាធរមានសមត្ថកិច្ចនិងតុលាការកើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចតាមចាប់ខ្លួនលោកសមាជិកព្រឹទ្ធសភាគណបក្សជំទាស់រូបនេះជាបន្ទាន់។ ការបញ្ជានេះធើ្វឡើងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយនៅឯវិទ្យាសា្ថនជាតិអប់រំកាលពីថ្ងៃព្រហស្បតិ៍។
លោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលបានចោទលោកហុង សុខហួរថា បានកាឡៃខ្លឹមសារដើមនៃសន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាមដែលបានចុះនៅឆ្នាំ១៩៧៩ ហើយថា ការប្រព្រឹត្តរបស់លោកហុង សុខហួរជា«អំពើក្បត់ជាតិ»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសដូច្នេះនៅពេលលោកបើកទូរស័ព្ទដៃមើលបណ្តាញសង្គម Facebook ដែលមានបង្ហោះវីដេអូបទបង្ហាញរបស់លោកហុង សុខហួរអំពីផែនទីព្រំដែនកម្ពុជាវៀតណាម។
ក្នុងការបង្ហាញនោះ លោកសមាជិកព្រឹទ្ធសភាក៏បានបង្ហាញសន្ធិសញ្ញារវាងសាធារណរដ្ឋប្រជាមានិតកម្ពុជានិងសាធារណរដ្ឋសង្គមវៀតណាមចុះនៅខែកុម្ភៈឆ្នាំ១៩៧៩ផងដែរ។ ក្នុងបទបង្ហាញរបស់លោក លោកហុង សុខហួរបង្ហាញថា វៀតណាមចូលមកក្នុងទឹកដីកម្ពុជាច្រើនជាងកម្ពុជាចូលទៅវៀតណាម។
ថ្លែងនៅក្នុងពិធីចែកសញ្ញប័ត្រនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចំអកឲ្យលោកហុង សុខហួរថា ស្រឡាញ់ពន្ធនាគារ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានព្រមានប្រើរថក្រោះផងដែរ ប្រសិនបើមានការតបត។
«អាគាត់នេះ គាត់ស្រឡាញ់គុក។ បើគាត់មិនទៅជាប់គុក គុកមកតាមសួរសុខទុក្ខគាត់ រួចហើយថា ស្អីឡើងប្រើប្រព័ន្ធតុលាការ ប្រើទាហាន ប្រើប៉ូលិស។ អុញ! ចុះបើធ្វើរាជរដ្ឋាភិបាលមិនប្រើទាហាន ប្រើប៉ូលិស ប្រើនរណា? ហើយតែមានរឿងអីទៅប្តឹងតុលាការហើយ ហើយតែធ្វើខុសគេចាប់ហើយ។ វាមានស្អី! ហើយនរណាចាប់? វាមានតែប៉ូលិសយុត្តិធម៌ នគរបាលយុត្តិធម៌របស់គេ! អាហ្នឹងគេបញ្ចេញរថក្រោះហើយ អាហ្នឹងរឿងមានតែអញ្ចឹង»។
លោកកោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនធ្វើការអធិប្បាយ ហើយបានបង្វែសំណួរទៅលោកមាស ច័ន្ទពិសិដ្ឋ។ លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ក៏បានបដិសេធមិនធ្វើការអធិប្បាយដែរ ដោយលោកពុំមានការអនុញ្ញាតពីតុលាការឲ្យផ្តល់បទសម្ភាសន៍តាមទូរស័ព្ទ។
លោកហុង សុខហួរអាចនឹងត្រូវជាប់ក្នុងពន្ធនាគារពី៥ទៅ១០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា លោកបានប្រព្រឹត្តដូចការចោទប្រកាន់នេះមែន។ នេះបើតាមការបញ្ជាក់ពីលោកមេធាវីជួង ជូងី។
ដោយឡែក លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានវិលត្រឡប់ពីបរទេសមកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃអាទិត្យនេះដែរ ពុំបានធ្វើការអធិប្បាយច្រើនទៅលើការសម្រេចរបស់តុលាការនោះទេ ដោយលោកមានប្រសាសន៍ថា៖
«ខ្ញុំមិនអាចនិយាយអ្វីបានទេ ដរាបណាមិនទាន់បានលទ្ធផលជាវិជ្ជមានទេ។ ខ្ញុំមកនេះ ខ្ញុំមានគម្រោង ហើយមានបំណងផ្តួចផ្តើមគំនិតខ្លះណ៎ាដើម្បីធ្វើម៉េចឲ្យអ្នកដែលជាប់ឃុំឃាំងទាំងអស់បានត្រូវគេដោះលែង»។
លោកសម រង្ស៊ី ដែលជាប្រធានសំឡេងភាគតិចនៅក្នុងរដ្ឋសភាជាតិ និងជាដៃគូសន្ទនារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងបញ្ជាក់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្ថែមថា តំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិនឹងពិចារណាទៅលើលទ្ធភាពក្នុងការធ្វើវិសាធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដើម្បីកំណត់ឲ្យជាក់លាក់នូវការប្រើប្រាស់ផែនទីរបស់ព្រះរាជាណាចក្រកម្ពុជា៕