ជាងមួយឆ្នាំក្រោយពីសេវាឡានក្រុងក្នុងក្រុងភ្នំពេញបានដំណើរការ អ្នកប្រើប្រាស់សេវានេះនៅរាជធានីភ្នំពេញមានការកើនឡើងជាបន្តបន្ទាប់។ ប្រជាពលរដ្ឋមួយចំនួននៅក្នុងរាជធានីភ្នំពេញបានងាកមកប្រើសេវាឡានក្រុង ដោយសារតែតម្លៃថោកសមរម្យនិងមានសុវត្ថិភាពជាងការប្រើប្រាស់មធ្យោបាយផ្សេងទៀត។
សេវារថយន្តក្រុងក្នុងរាជធានីភ្នំពេញ ដែលមានអាយុទើបតែជាង១ឆ្នាំ ទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីដ៏ចំណាស់នេះ ដែលមានប្រជាជនយ៉ាងហោចណាស់២លាននាក់។
អ្នកដំណើរភាគច្រើនបានប្រាប់ VOA ក្នុងសប្តាហ៍នេះថា មូលហេតុចម្បងដែលពួកគាត់ចង់ងាកមកប្រើប្រាស់ឡានក្រុង ជាសេវាដឹកជញ្ជូនសាធារណៈដែលមានបីខ្សែនេះ គឺដោយសារវាមានតម្លៃថោក ងាយស្រួល និងអាចចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍នេះ។
សូមចុចទស្សនា៖
ដូចអ្នកដំណើរផ្សេងៗដែរ លោកស្រី យឹម ផល្លា ដែលរស់នៅក្នុងខណ្ឌច្បារអំពៅ ប្រើប្រាស់សេវាឡានក្រុងខ្សែទី១ជាប្រចាំ ដោយអ្នកស្រីបោះបង់ចោលការបើកបររថយន្តផ្ទាល់ខ្លួន។ លោកស្រីធ្វើដំណើរយ៉ាងហោចណាស់៦លើកក្នុង១ថ្ងៃតាមរថយន្តនេះ ដើម្បីទទួល និងជូនកូនស្រីទៅសាលារៀននៅកណ្តាលក្រុង ព្រោះវាមានភាពងាយស្រួល និងអាចជួយកាត់បន្ថាយការស្ទះចរាចរណ៍ក្នុងក្រុងភ្នំពេញ។
ពេលកំពុងអង្គុយក្នុងរយន្តក្រុងខ្សែទី១ជាមួយកូនស្រី លោកស្រីយឹម ផល្លាបានប្រាប់ VOA យ៉ាងដូច្នេះថា៖
«ចា៎ គំនិតខ្ញុំគិតដូចខ្ញុំនិយាយពីមុនអញ្ចឹងគឺចង់ឲ្យបន្ថែមតទៅទៀត ហើយចង់ឲ្យប្រជាជនទាំងអស់ហ្នឹងផ្លាស់ប្តូរគំនិតមកជិះឡានក្រុង ព្រោះអីវាស្រួល ត្រជាក់ស្រួល ស្រួលជាងឡានរបស់ខ្ញុំទៀត ហើយវាកាត់បន្ថយការចំណាយច្រើន និងគ្រោះថ្នាក់ចរាចរណ៍បានច្រើន។ ពេលខ្លះខ្ញុំឃើញអ្នកពោះធំអី គាត់ជិះម៉ូតូឌុប មានកូនមានអី គាត់អត់មានគំនិតមកជិះឡានក្រុងវិញ»។
ដូចគ្នានោះដែរ អ្នកធ្វើដំណើរមួយរូបទៀតគឺលោកស្រី ស៊ី ថន អាយុ៣៥ឆ្នាំនិងជាគ្រូបង្រៀននៅអនុវិទ្យាល័យទឹកល្អក់ ក៏ឈប់ជិះម៉ូតូឌុប ហើយមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះផងដែរ។ អ្នកស្រីបានប្រាប់ VOA ថា អ្នកស្រីអាចសន្សំថវិកាប្រមាណជិត១ម៉ឺនរៀលក្នុងការជិះមួយលើកៗ។ ហើយអាចជៀសវាងគ្រោះថ្នាក់ចរារចណ៍ផងដែរ។ ក៏ប៉ុន្តែវាអាចមានការយឺតយ៉ាវបន្តិច។
«ជិះឡានក្រុងវាមានសុវត្ថិភាពជាងប្រើសេវាផ្សេងៗ ដូចជាជិះម៉ូតូឌុបអីហ្នឹង។ ហើយឡានក្រុង និយាយឲ្យចំ គឺវាស្រួល។ ពេលខ្លះយើងត្រូវចាំយូរដែរ ប៉ុន្តែបើយើងដឹង កំណត់ម៉ោងឡានចេញ ម៉ោងប៉ុន្មានអីអញ្ចឹង មកចាំក៏វាមិនយូរប៉ុន្មានដែរ»។
សាលារាជធានីភ្នំពេញបានចាប់ផ្តើមបើកសេវាឡានក្រុងនេះសារជាថ្មីចាប់តាំងពីដើមឆ្នាំ២០១៤មកម្ល៉េះ បន្ទាប់ពីរាជធានីនៃប្រទេសដ៏ក្រីក្រនេះ មានការកកស្ទះចរាចរណ៍ច្រើន។ ប្រជាពលរដ្ឋភាគច្រើន ដែលរស់នៅក្នុងរាជធានីភ្នំពេញ បានបែរមកប្រើសេវាដឹកជញ្ជូនសាធារណៈនេះ ជាបន្តបន្ទាប់ ដោយចំណាយត្រឹមតែ១.៥០០រៀលតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ សេវារថយន្តក្រុង៣ខ្សែនេះអាចរកចំណូលយ៉ាងហោចណាស់១០ម៉ឺនដុល្លារអាមេរិកក្នុង១ខែៗ។
យោងតាមសាលារាជធានីភ្នំពេញបានឲ្យដឹងថា អ្នកប្រើប្រាស់សេវាឡានក្រុងនៅថ្ងៃពុធកន្លងទៅនេះមានចំនួនជាង៦.២០០នាក់ក្នុងនោះមានអ្នកបង់ប្រាក់ចំនួន៣.៩០០នាក់។
ប្រជាពលរដ្ឋភាគច្រើនប្រើប្រាស់សេវារថយន្តក្រុងខ្សែទី១ពីខណ្ឌច្បារអំពៅ ទៅជាយម្ខាងទៀតនៃរាជធានីភ្នំពេញក្នុងសង្កាត់ព្រែកព្នៅ។
លោកស្រី ម៉ៅ ស្រីនិច អ្នកបម្រើការលើរថយន្ត បានប្រាប់ VOA ឲ្យដឹងថា ប្រជាពលរដ្ឋដែលប្រើប្រាស់សេវាដឹកជញ្ជូនសារធារណៈនេះ មានការកើនឡើងជាលំដាប់ ជាពិសេសនាពេលដែលប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចេញពីធ្វើការ ដែលធ្វើឲ្យអតិថិជនខ្លះត្រូវឈរចាំរថយន្តក្រុង។
«វាអត់ទៀង និយាយរួមបាន២០នាក់ឡើង។ ជួនកាលបានច្រើនដល់ទៅ ១០០នាក់ជាង។ ប៉ុន្តែមួយរយៈហ្នឹងគឺវាស្បើយ ចង់និយាយថា វាស្បើយមនុស្ស ដោយសារតែយើងបន្ថែមឡានច្រើនទៀត។ កាលមុន ឡានយើងតិចគឺបានមនុស្សច្រើន តែឥឡូវមានឡានច្រើន មួយឡានៗដាក់មនុស្សបានជាង២០ទៅ៣០នាក់ ឬ៤០នាក់។ តែបើល្ងាចគឺបានមនុស្សជិះច្រើន »។
កាលពីឆ្នាំ២០០១ សេវាដឹកជញ្ជូនសាធារណៈនេះត្រូវបានដាក់ឲ្យសាកល្បងក្នុងក្រុងភ្នំពេញ តែពុំទទួលបានជោគជ័យទេ ដោយសារអ្នកប្រើប្រាស់សេវានេះមានចំនួនតិច។ ហើយគម្រោងនានានៃការបង្កើត សេវាដឹកជញ្ជូនសាធារណៈក្នុងក្រុងដ៏ក្រីក្រនេះមិនត្រូវបានគេយកមកពិភាក្សាមួយរយៈ។
លោក អៀរ ចរិយា អ្នកវិភាគឯករាជផ្នែកសុវត្ថិភាពចរាចរណ៍ បានឃើញពីចំណុចវិជ្ជមាននៃការប្រើប្រាស់សេវាដឹកជញ្ជូននេះ ព្រោះវាអាចនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង បន្ថយចំនួនយានយន្តដែលក្រុងភ្នំពេញកំពុងតែប្រឈម និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ក៏ប៉ុន្តែលោកបានស្តីបន្ទោសថា ចំនួនយានយន្តក្នុងក្រុងភ្នំពេញមានការកើនឡើងយ៉ាងគំហុគក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺដោយសារតែដំណើរការសេវានេះមានការយឺតយ៉ាវ។
«ការដែរទុកចោល ពន្យារពេលការប្រើប្រាស់សេវានេះគឺធ្វើឲ្យរាជធានីភ្នំពេញយើងមានការកកស្ទះធំដូចសព្វថ្ងៃនេះ។ បើសិនជាពេលនោះ នាឆ្នាំ២០០១ បើសិនសេវាឡានក្រុងមានតាំងពីពេលនោះ ហើយចេះតែរីកចម្រើន មានគ្រប់ទីកន្លែង ហើយមានខ្សែគ្រប់កន្លែងក្នុងក្រុងភ្នំពេញ។ ខ្ញុំជឿជាក់ថា ការកកស្ទះក្នុងរាជធានីភ្នំពេញអាចមានការធូរស្រាលជាងពេលសព្វថ្ងៃនេះទៀត»។
លោកអៀរ ចរិយាបានបន្តថា សាលាក្រុងភ្នំពេញគួរតែរៀបចំឲ្យមានចំណតយានយន្តក្បែរស្ថានីយឡានក្រុងសាធារណៈដើម្បីសម្រួលដល់អ្នកប្រើសេវានេះ និងបង្កើតឲ្យមានផ្លូវថ្មើរជើងឡើងវិញ ដែលសព្វថ្ងៃត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើអាជីវកម្ម។ ជាងនេះទៀត ត្រូវមានចំណាត់ការចំពោះអ្នកដែលចតយានយន្តក្នុងកន្លែងចំណតឡានក្រុងផងដែរ។
តាមរបាយការណ៍ដើមឆ្នាំ២០១៥របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចំនួនយានយន្ត ដែលបានចុះបញ្ជីនៅក្រសួងនេះក្នុងឆ្នាំ២០១៤កន្លងទៅបានកើនឡើង១៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៣។ ចំនួនយានយន្តសរុបនាឆ្នាំ២០១៤កើនឡើងដល់២,៧៨លាន ក្នុងនោះម៉ូតូមានចំនួន២,៣៥លានគ្រឿង។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាឡានក្រុង បានស្នើឲ្យមានការបង្កើនសេវាឡានក្រុង និងបន្ថែមចំនួនឡានក្រុង ដើម្បីកាត់បន្ថយការរង់ចាំឡាន៕