ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេវា​រថយន្ត​ក្រុង​ដំណើរការ​ ប៉ុន្តែ​ត្រូវ​កែ​សម្រួល​ប្រសើរ​​ឡើង​


ស្រ្តីម្នាក់កំពុងឈររង់ចាំរថយន្តក្រុង នៅ​​ចំណតស្តុបពេទ្យចិនលេខ ៣៨ លើផ្លូវមុនីវង្ស កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។ (រូបថត: រស់ ពុទ្ធិនាថ/VOA)
ស្រ្តីម្នាក់កំពុងឈររង់ចាំរថយន្តក្រុង នៅ​​ចំណតស្តុបពេទ្យចិនលេខ ៣៨ លើផ្លូវមុនីវង្ស កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។ (រូបថត: រស់ ពុទ្ធិនាថ/VOA)

មន្ត្រី​សាលា​ក្រុង​និយាយ​ថា​ ពួក​គេ​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​នេះ​ ហើយ​ក៏​ដោះ​ស្រាយ​បញ្ហា​ចរាចរណ៍​ផង​ដែរ។​

ប្រជាជន​កម្ពុជា​ហាក់​មាន​ការ​គាំទ្រ​សេវា​កម្ម​រថយន្ត​ក្រុង​នា​ពេល​សព្វ​ថ្ងៃ​នេះ នៅ​ពេល​ចរាចរណ៍​ ហាក់​មាន​ភាព​កក​ស្ទះ​យ៉ាង​ខ្លាំង​ដោយ​សារ​មាន​ឡាន​ និង​ម៉ូតូ​ជា​ច្រើន​ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ​នានា ​ហេតុ​នេះ​ការ​ទទួល​យក​សេវា​កម្ម​រថយន្ត​ក្រុង​គឺ​ជា​ជម្រើស​ដ៏​ល្អ។​

សេវា​កម្ម​ឡាន​ក្រុង​ដែល​រត់​ក្នុង​ទីក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ​ត្រូវ​បាន​បើក​ឲ្យធ្វើ​ចរាចរណ៍​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ។ ​កន្លង​មក​នេះ​ ចំនួន​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់ប្រើ​សេវាកម្ម​ឡាន​ក្រុង​នេះ​ហាក់​មាន​ការ​ធ្លាក់​ចុះ ដោយ​សារកំឡុង​ពេល​រង់ចាំ​ឡាន​ក្រុង​មាន​រយៈ​ពេល​យូរ។​ ក្រៅ​ពី​នេះ​ចំណត​ឡាន​ក្រុង​ខ្លះ​មាន​សភាព​ចង្អៀត​ ហើយ​ពេល​ខ្លះ​អ្នក​រង់​ចាំ​ឡាន​ក្រុងត្រូវ​ចំណាយ​ច្រើន​ប្រមាណជាង​កន្លះ​ម៉ោង​ ទើប​ឡាន​ក្រុង​មក​ដល់។ ​

មន្ត្រី​សាលា​ក្រុង​និយាយ​ថា​ ពួក​គេ​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​នេះ​ ហើយ​ក៏​ដោះ​ស្រាយ​បញ្ហា​ចរាចរណ៍​ផង​ដែរ​ ព្រោះថា​ រថយន្ត​ក្រុង​ក៏​កំពុង​តែ​ ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះចរាចរណ៍​យ៉ាង​ខ្លាំង​ដែល​ផង​ដែរ។​

នាង​ហ្វារីដាស​ អាយុ​១៣​ឆ្នាំ​ ដែល​តែង​តែ​ជិះ​ឡាន​ក្រុង​ទៅ​រៀន​រាល់​ថ្ងៃ​ បាន​ឲ្យដឹង​ថា​ ​ឡាន​ក្រុង​ភាគ​ច្រើន​តែង​តែ​មក​យឺត​នៅ​ពេល​ព្រឹក។ ​នាង​បន្ត​ថា៖​ «ភាគ​ច្រើន​ ឡាន​ក្រុង​មក​ទៀង​ទាត់​នៅ​ពេល​ថ្ងៃ​ត្រង់»។ ​

នាង​ហ្វារីដាស​ប្រើសេវា​កម្ម​ឡាន​ក្រុង​នេះ​ដោយ​មិន​ចាំបាច់​បង់​អ្វី​ទាំង​អស់​ ហើយ​នាង​អាច​សន្សំ​លុយ​បាន​ទៀត​ផង។ ​ជាទូទៅ​នាង​ចាំ​ឡាន​ក្រុង​ពី​១០​ទៅ ១៥​នាទី ​ប៉ុន្តែ​នាង​ថា ​ចំណត​ឡាន​ក្រុង​នីមួយៗ​ត្រូវការ​កន្លែង​អង្គុយ​បន្ថែម​ទៀត។ ​នាង​និយាយ​ថា៖​ «បើ​មាន​កន្លែង​អង្គុយ​ វា​ងាយ​ស្រួល​ដល់​យើង​អង្គុយ​ចាំ»។

លោក​ ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ​ បាន​ឲ្យដឹង​ថា៖​«អ្វីៗ​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។​ យើង​ត្រូវ​ការ​ពង្រឹង​បន្ថែម​ជា​ច្រើន​ទៀត​លើ​សេវា​កម្ម​នេះ»។

លោក​ឡុង ឌីម៉ង់ពន្យល់​ថា​ បញ្ហា​ទីមួយ​គឺ​ឡាន​ក្រុង​មិន​ទាន់​មាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។​ លោក​បន្ត​ថា​ ប៉ុន្តែ​បញ្ហា​មួយទៀត​គឺ​ដោយសារ​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជាមិន​មាន​ទម្លាប់​ប្រើប្រាស់​សេវា​ការ​ដឹក​ជញ្ជូន​សាធារណៈ​ ព្រោះ​នេះ​គឺ​ជា​ជំហាន​ដំបូង។ ​លោក​បន្ថែម​ទៀត​ថា៖​ «លើស​ពី​នេះ​ទៀត​វា​គឺ​ដោយ​សារ​ ការ​កក​ស្ទះ​ ចរាចរណ៍»។​

លោក​និយាយ​ទៀត​ថា​ សាលា​រាជ​ធានី​ភ្នំពេញ​កំពុង​តែ​ធ្វើ​កិច្ច​ការ​នេះ​ហើយ​និង​ក៏​កំពុង​តែ​រក​វិធី​ដោះ​ស្រាយ​ផង​ដែរ។ ​

រថយន្ត​ក្រុង​ចំនួន៣​ខែ្ស​ត្រូវ​បាន​បើក​ដំណើរ​ការ​កាល​ពី​ចុង​ឆ្នាំ​២០១៤ ​ហើយ​រត់​ចាប់​ពី​ម៉ោង​៥:៣០ព្រឹក​ដល់​ម៉ោង​៨:៣០​យប់​ជា​រៀង​រាល់​ថ្ងៃ។ ​សំបុត្រ​មួយតម្លៃ​១៥០០​រៀល​មួយ​សន្លឹកស្មើ​និង​០,៣០​ដុល្លារ។ តម្លៃ​សំបុត្រនេះ​គឺសមរម្យ​ដែល​អាច​ទទួល​យក​បាន។​ ចំណែក​ឯ​សិស្ស​និង មនុស្ស​ចាស់​គឺ​ជិះ​ដោយ​មិន​ថ្លៃ។

លោក ​ឡុង់ ឌីម៉ង់ ​បាន​ឲ្យដឹង​ទៀត​ថា​ មនុស្ស​ប្រមាណ​៥.០០០​ទៅ៦.០០០​នាក់​ទទួល​យក​សេវា​កម្ម​រថយន្ត​ក្រុង​នេះ​ជា​រៀង​រាល់​ថ្ងៃ​ ដែល​នេះ​គឺ​ជា​ការ​ចូល​រួម​ចំណែក​មួយ​ក្នុង​ការ​កាត់​បន្ថយបញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​និង​ការ​កក​ស្ទះ​ចរាចរ។​ ​លោក​បន្ត​ថា​ នៅ​ថ្ងៃ​អនាគត​ សាលាក្រុង​ក៏​មាន​គម្រោង​ពង្រីក​សេវា​នេះ​ដោយ​បង្កើន​ចំនួន​ឡាន​ក្រុង​ច្រើន​ថែម​ទៀត។ ​

លោក​ថែ្លង​ដោយ​មាន​សុទិដ្ឋិនិយម​ថា៖​ «បញ្ហា​ទាំង​អស់​នោះ​នឹង​ត្រូវដោះ​ស្រាយ​ក្នុង​ពេល​ឆាប់ៗ»៕

XS
SM
MD
LG