ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេវាកម្ម​រថយន្ត​ក្រុង​ទទួល​ការ​គាំទ្រ​យឺតៗ


អ្នក​ដំណើរ​ចុះ​ពី​​រថយន្ត​ក្រុង​ដែល​ជា​ផ្នែក​នៃ​គម្រោង​សាកល្បង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤។
អ្នក​ដំណើរ​ចុះ​ពី​​រថយន្ត​ក្រុង​ដែល​ជា​ផ្នែក​នៃ​គម្រោង​សាកល្បង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤។

រយៈ​ពេល​ជិត​៥​ខែ​ហើយ​ដែលសេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​បាន​ចាប់​ដំណើរការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីវង្ស​ប៉ុន្តែ​សេវាកម្ម​នេះ​ហាក់​ដូចជា​នៅ​តែ​មិន​ទាន់បាន​ផ្លាស់​ប្តូរផ្នត់​គំនិត​អ្នក​ក្រុង​ភ្នំពេញ​ជា​ដុំ​កំភួននៅ​ឡើយ។​

ម៉ោង​ប្រមាណ​ជាង​ ៨​កន្លះ​ព្រឹក​នៅ​ត្រង់​ចំណត​រថយន្តពេទ្យ​ចិន​ គេ​សង្កេតឃើញ​មានអ្នក​ដំណើរ​ប្រហែល​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​រង់​ចាំ​ធ្វើ​ដំណើរ។ អ្នក​ដំណើរ​ត្រូវ​ឈ​រង់​ចំា​ប្រហែល​ជាង​ ១៥​នាទី​ទើប​មាន​រថយន្ត​ក្រុង​មក​ដល់។

​លោក​វី​ រ៉ង់​ អាយុ​២២ឆ្នាំ​ គឺជា​អតិថិជន​ជាប្រចាំ​របស់​រថយន្ត​ក្រុង​សាធារណៈ។ ​ពាក់អាវ​ពណ៍​ក្រហម​ឆ្នូត​ខ្មៅ​ ​កម្មករផលិត​ផ្ទាំង​ផ្សាយ​ពាណិជ្ជ​កម្ម​រូប​នេះបានដើរ​ឡើង​រថយន្តឆ្ពោះ​ទៅ​កាន់​គល់​ស្ពាន​ ​ផ្សារ​ច្បារ​អំពៅ។​ ​នៅទីនេះ​គឺជា​ចំណត​ចុង​ក្រោយ​របស់​រថយន្ត​ក្រុង​ដែល​ចេញ​ដំណើរ​ពី​គល់​ស្ពាន​ជ្រោយ​ចង្វា។

ក្នុង​មួយថ្ងៃៗ​លោក ​វី​ រ៉ង់​ ​ត្រូវ​ធ្វើ​ដំណើរ​ពីរ​ដង​តាម​រថយន្ត​ក្រុង។ លោក​ហៅ ​ការ​ធ្វើដំណើរ​នេះ​ថា​មាន​សុវត្ថិភាព​និង​ចំណាយ​ប្រាក់​តិច។

លោក​បញ្ជាក់​ថា៖«ពី​មុន​ខ្ញុំជិះ​មុន​ដំបូង​ខ្ញុំ​ឃើញ​អត់​ច្រើន​ផង។​ឥឡូវ​មនុស្ស​រឹត​តែ​ច្រើន»។

លោក​បាន​បន្ថែម​ថា​លោក​សង្កេត​ឃើញ​អ្នក​ធ្វើ​ដំណើរ​មាន​ច្រើន​និង​តិច​ទៅតាម​ទំហំ​រថយន្ត​តូច​ឬ​ធំ។

សំបុត្រ​រថយន្តក្រុង​ក្នុង​មួយ​ជើង​តម្លៃ​១.៥០០រៀលក្នុង​ចម្ងាយ​ផ្លូវ​ប្រវែង៧​គីឡូម៉ែត្រ។​ ប៉ុន្តែថ្លៃសេវា​ដឹក​ជញ្ជូន​នឹង​ថ្លៃជាង​នេះ​ពីបួន​ទៅប្រាំដង​ប្រសិន​បើ​គេ​ប្រើ​ប្រាស់សេវា​ដឹក​ជញ្ជូន​ផ្សេង​ពី​រថយន្ត​ក្រុង។​

កំពុង​អង្គុយ​នៅ​កៅអី​ជួរ​ខាង​ក្រោយលោក​ វី​ រ៉ង់​ លោកសុខ​ គួន ​ជា​យោធា​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង។ លោក​តែង​ធ្វើដំណើរ​ជាប្រចាំ​តាម​រថយន្ត​ក្រុង​សា​ធារណៈ​ស្ទើររៀង​រាល់​អាទិត្យពេលដែល​លោក​ចេញ​ពី​ផ្ទះ​របស់​លោក​នៅ​ម្តុំ​ផ្សារ​ច្បារ​អំពៅ​ឆ្ពោះ​ទៅ​ខេត្ត​កំពង់ឆ្នាំង។​

លោក​បញ្ជាក់​ថា៖ «ជិត​ពេញ​កៅ​អី​ឡាន​ហ្នឹងតែ​ម្តង​ មនុស្ស​កើន​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​ដូចជា​ខ្ញុំ​ជា​ដើម​ហ្នឹងពេល​ទៅ​កន្លែង​ធ្វើការ​ម្តង​ខ្ញុំ​អត់​ជិះម៉ូតូ​របស់ខ្ញុំ​ទេ​ខ្ញុំ​សុខ​ចិត្ត​ជិះឡាន​ក្រុងដោយ​សារវា​ធានា​សុវត្ថិភាព»។

លោក​ឈាង​ ចាន់​ថូ​អាយុ​ ៤១​ ​អ្នក​បើ​កបរ​រថយន្ត​ថ្លែង​ថា​ចំនួន​អ្នក​ធ្វើ​ដំណើរ​ក្នុង​មួយ​ថ្ងៃៗ​សរុប​ច្រើន​ជាង​១០០​នាក់។​ ភាគ​ច្រើន​គឺ​ជាក្រុម​អ្នក​ធ្វើ​ការ​រដ្ឋ។

ពាក់​អាវ​ពណ៍​ឈាម​ជ្រូក​ មួក​ខៀវ​អ្នក​បើក​បរ​រថយន្តដដែលបន្ថែមថា​ប្រៀប​ធៀប​នឹង​ពេល​ដែល​ចាប់​ផ្តើម​ដំបូងចំនួន​អតិថិជន​កើនឡើង។​

«មនុស្ស​អត់​ធ្លាក់​ថយ​អ្វីទេ​ លើកលែង​តែ​ថ្ងៃសៅរ៍​ថ្ងៃអាទិត្យ​គេអត់​ធ្វើ​ការ​ អាហ្នឹង​វាថយ​បន្តិច។ បើថ្ងៃ​ធម្មតាៗ​ភ្ញៀវ​នៅ​តែ​ដដែល»។

អង្គុយ​នៅ​ជ្រុងម្ខាងនៃ​ផ្នែក​ខាង​ក្រោយ​រថយន្ត​ក្រុង​នេះ ក​ញ្ញាសួន​ ស្រី​ពេជ្រ​អាយុ​២៤​ឆ្នាំ​គឺ​ជា​អ្នក​ត្រួត​ពិនិត្យ​រថយន្ត​ក្រុង។ ​អ្នក​ត្រួត​ពិនិត្យ​រូប​នេះនិយាយ​ថាចំនួន​អ្នក​ធ្វើ​ដំណើរ​ដែល​ភាគ​ច្រើន​មក​ពី​ចម្រុះ​មជ្ឈដ្ឋាន​ហើយពេលវេលា​មមាញឹក​គឺ​នៅម៉ោង​៨​ព្រឹក​ និង​ម៉ោង​៦​ល្ងាច។

«​ច៎ា​កើ​នឡើង​ កាល​ពីមុន​យើង​មិនសូវមាន​ការ​ផ្សព្វ​ផ្សាយ​ចឹង​ប្រជា​ពលរដ្ឋ​ជា​ពិសេស​អ្នក​មកពីខេត្ត​គាត់​អត់​សូវ​ដឹង​ ឥឡូវ​យើង​ផ្សព្វផ្សាយ​គេដឹង​ច្រើន​ប្រជាពល​រដ្ឋ​គាត់​ក៏​គាំទ្រ​ច្រើន​ដែរ»។

អ្នក​ស្រីសុខ​ លៀប​អាយុ​៤១​ឆ្នាំ​ជា​មន្ត្រី​បម្រើការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ថែម​ថា៖ «បើ​តាម​អ្វីដែល​មីង​សង្កេត​ឃើញ​គឺថា​បើ​ម៉ោង៥​ ឬ​៦វិញ​គឺ​ថា​មនុស្ស​ច្រើន​ដល់​យើង​ត្រូវឈរ»។

លោក​ស្រី​មើល​ឃើញ​សេវាកម្ម​រថយន្ត​ក្រុង​លើស​ពី​ការ​គ្រាន់តែ​ដឹកអ្នក​ដំណើរ។ លោក​ស្រី​យល់​ថា​វា​ជា​មោទនភាព​មួយ​របស់​ប្រទេស​ជាតិ៖ «ខ្មែរ​យើង​គួរ​មាន​ឡាន​ក្រុងចឹង​កុំ​ឲ្យ​ចាញ់​ប្រទេស​គេ»។

ក្រោម​កិច្ច​សហការ​រវាង​សាលារាជធានី​ភ្នំពេញ​និង​អង្គការ​ចៃកា​(JICA)សេវាកម្ម​រថយន្ត​ក្រុង​សាកល្បង ​បាន​ចាប់ដំណើរការ​កាលពី​ថ្ងៃ​ទី០៤​ ខែកុម្ភៈ​ដោយ​ប្រើ​ប្រាស់​រថយន្តក្រុង​សរុប​ចំនួន​ ១០​គ្រឿង។​គោល​បំណង​នៃ​ការដាក់​សេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍​និង​កាត់​បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​ដំណើរ​ក្នុងក្រុង។​ប៉ុន្តែ​កិច្ច​សហការ​នោះ​ត្រូវ​បាន​បញ្ចប់​ក្រោយ​ពីរយៈ​ពេល​សាកល្បង​មួយ​ខែ។

ក្នុង​ពេល​បច្ចុប្បន្ន​សាលារាជធានី​ភ្នំពេញ​សហការ​ជាមួយ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញដើម្បី​បន្ត​ដំណើរ​ការសាក​ល្បង​លើសេវាកម្ម​រថយន្តក្រុង​សាធារណៈ​នេះ។

​កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុនចិន​មួយ​ដែល​មាន​ឈ្មោះថា​ Global ​Development ​Cambodia ​ក៏ធ្លាប់​បាន​ធ្វើ​ការ​ចរចា​ដើម្បី​បន្ត​គម្រោង​រថយន្តក្រុង​សា​ធារណៈ​នេះ​ ប៉ុន្តែ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ណា​មួយ​ឡើយ។ ​ភាគី​ក្រុម​ហ៊ុន​បាន​អៈអាង​ថា​ដោយ​សារ​បញ្ហា​បច្ចេក​ទេស​ដែលពាក់​ព័ន្ធ​និង​កិច្ច​ព្រម​ព្រៀង។

យ៉ាង​ណា​មិញលោក​ ឡុង​ឌីម៉ង់​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញថ្លែងថា​សាលាក្រុង​គ្រោងនឹង​ចាប់​ពង្រីក​ផ្លូវ​រត់​របស់​រយន្ត​ក្រុង​បន្ថែម​ទៀត​នៅក្នុងទី​ក្រុង​ភ្នំពេញ។ ​លោក​បន្ថែម​ថា​ចំនួន​អ្នក​ធ្វើដំណើរ​បាន​កើន​ឡើង​ជាមធ្យមៗ​ក្នុង​១​ថ្ងៃ​មាន​អ្នក​ធ្វើដំណើរ​សរុប​ប្រហែល​ជាង​១៣០០​នាក់។

លោក​បន្ថែម​ថា៖ «សម្តែង​ឲ្យ​ឃើញ​ពីការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ មួយ​ថ្ងៃ​ជា​មធ្យម​១២០០​ ១៣០០នាក់​ បើ​សិន​ជា​ខ្សែ​រត់​បន្ថែម​ទៀត​ខ្ញុំជឿ​ជាក់​ថា​ប្រជាពលរដ្ឋ​នឹង​បន្ត​ការ​គាំទ្រ។ អនុសាសន៍​របស់​ប្រជាពលរដ្ឋ​កន្លង​មក​យើង​ឃើញថា​គាត់​ចង់​មាន​ខ្សែរ​រត់​បន្ថែមទៀត»។

​អ្នក​នាំ​ពាក្យ​រូប​នេះ​ឲ្យ​ដឹង​ថា​សាលា​ក្រុង​បាន​បញ្ជា​ទិញ​រថយន្ត​ក្រុង​ចំនួន​ ៤០​គ្រឿង​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បីឆ្លើយ​តប​នឹង​ផែនការ​ពង្រី​ក​ខ្សែ​ដឹក​ជញ្ចូន​អ្នក​ដំណើរ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញដូចជា​ ការ​ពង្រីក​ខ្សែ​រថយន្ត​នៅតាម​ផ្លូវ​មុន្នីវង្ស​រហូតដល់​ក្រុង​តាខ្មៅ​ បន្ថែម​ខ្សែ​រថយន្ត​តាម​បណ្តោយផ្លូវ​កម្ពុជា​ក្រោម​ និង​មហាវិថី​ម៉ៅសេទុង​ជាដើម៕

XS
SM
MD
LG