ទារកម្នាក់ក្នុងចំណោមទារក១០នាក់ ឬទារកចំនួន១២លាន៩សែននាក់នៅទូទាំងពិភពលោកមិនទទួលបានវ៉ាក់សាំងទេកាលពីឆ្នាំ២០១៦។ នេះបើយោងតាមអង្គការសុខភាពពិភពលោកដែលហៅកាត់ថា (WHO) ដែលបានឲ្យដឹងកាលពីថ្ងៃចន្ទ។
ទារកទាំងនោះមិនបានទទួលវ៉ាក់សាំងការពារដំបូងមួយក្នុងចំណោមវ៉ាក់សាំងចំនួនបីដែលការពារទារកពីជំងឺខាន់ស្លាក់ ជំងឺតេតាណុស និងជំងឺក្អកមាន់ ដែលគេស្គាល់ថា វ៉ាក់សាំង DTP3។ ហើយក្នុងចំណោមទារកចំនួន៦លាន៦សែននាក់ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺទីមួយក្នុងចំណោមវ៉ាក់សាំងដំបូងទាំងបី មិនបានទទួលវ៉ាក់សាំងពីរបន្ទាប់ទៀតនោះទេ នៅពេលក្រោយមកក្នុងឆ្នាំតែមួយនោះ។
អង្គការ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចាប់តាំងពីឆ្នាំ២០១០មក ភាគរយនៃកុមារដែលទទួលបានវ៉ាក់សាំងបង្ការគ្រប់ចំនួនគឺមានចំនួន៨៦ភាគរយ ដោយគ្មានការប្រែប្រួលនៅក្នុងបណ្តាប្រទេសឬតំបន់ណាមួយកាលពីឆ្នាំមុននោះ។ ចំនួនទារកដែលបានចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកនេះមានកម្រិតទាបជាងគោលដៅដែលចង់ទទួលបានរហូតដល់ចំនួន៩០ភាគរយ»។
កម្រិតវ៉ាក់សាំងក្នុងពេលបច្ចុប្បន្ននេះអាចទប់ស្កាត់ការស្លាប់ពី២ទៅ៣លាននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ពីជំងឺខាន់ស្លាក់ ជំងឺតេតាណុស ជំងឺក្អកមាន់ និងជំងឺកញ្ជ្រិល។ នេះបើយោងតាមអង្គការ WHO ដែលបានហៅការចាក់វ៉ាក់សាំងជាទៀងទាត់ថាជា «អន្តរាគមន៍សុខភាពសាធារណៈដ៏មានប្រសិទ្ធភាពនិងទទួលបានជោគជ័យបំផុតមួយ» ដែលអាចធ្វើបាន។
ប្រទេសចំនួន១៣០ ក្នុងចំណោមប្រទេសទាំង១៩៤ដែលជាសមាជិកអង្គការ WHO បានទទួលការចាក់វ៉ាក់សាំង DTP3 រហូតដល់៩០ភាគរយតាមគោលដៅកំណត់។ ទារកភាគច្រើនដែលមិនទទួលបានវ៉ាក់សាំងការពារ រស់នៅក្នុងបណ្តាប្រទេសដែលមានជម្លោះឬជួបប្រទះនឹងភាពក្រីក្រខ្លាំង៕