កាលពីឆ្នាំ ២០១៤ នៅពេលដែលក្រុមអ្នកជំនាញផ្នែកអាហារូបត្ថម្ភរបស់អង្គការយូនីសេហ្វ (UNICEF) ចុះស្រាវជ្រាវអំពីសារធាតុអ៊ីយ៉ូដនៅក្នុងអំបិលដែលដាក់លក់នៅតាមទីផ្សារក្នុងប្រទេសកម្ពុជា លោក Arnaud Laillou អ្នកដឹកនាំក្រុមស្រាវជ្រាវ ចង់រកឃើញឲ្យប្រាកដថា តើក្រុមអ្នកផលិតអំបិលបានដាក់សារធាតុអ៊ីយ៉ូដនៅក្នុងអំបិលលើសដែរឬទេ។
កាលពីឆ្នាំ២០១០ អង្គការយូនីសេហ្វបានបញ្ឈប់ជំនួយផ្គត់ផ្គង់សារធាតុអ៊ីយ៉ូដទៅឲ្យក្រុមអ្នកផលិតអំបិល ពីព្រោះ តាមជាក់ស្តែង កម្មវិធីស្តីអំពីការលាយបញ្ចូលសារធាតុអ៊ីយ៉ូដក្នុងអំបិលដែលមានរយៈពេលប្រមាណជាងមួយទសវត្សរ៍ ចាប់ផ្តើមឡើងតាំងពីអំឡុងឆ្នាំ ១៩៩០ បានអនុវត្តដោយជោគជ័យ ដោយរាជរដ្ឋាភិបាល។
តែជាអកុសល ការស្រាវជ្រាវថ្មីនេះរកឃើញថាអំបិលគ្រួស ដែលដាក់លក់ក្នុងទីផ្សារនៃប្រទេសកម្ពុជាប្រមាណ ៩០ភាគរយ ពុំមានសារធាតុអ៊ីយ៉ូដទេ ហើយអំបិលម៉ដ្ឋប្រមាណ ៤០ភាគរយទៅ ៥០ភាគរយ ក៏ពុំមានសារធាតុអ៊ីយ៉ូដដែរ។
លោកLaillou អ្នកជំនាញដែលដឹកនាំក្រុមស្រាវជ្រាវលើសារធាតុអ៊ីយ៉ូដក្នុងអំបិលនៅកម្ពុជា បានប្រាប់ VOA ថា នេះគឺជារឿងដ៏រន្ធត់មួយសម្រាប់ក្រុមអ្នកស្រាវជ្រាវ។
ឯកសារស្រាវជ្រាវនោះបញ្ជាក់ថា បញ្ហាកង្វះសារធាតុអ៊ីយ៉ូដនៅក្នុងអំបិលនៅកម្ពុជាគឺជាបញ្ហាប្រឈមមួយដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សុខភាពសាធារណៈទាំងមូលនាពេលបច្ចុប្បន្ន បើទោះជាកន្លងមក បញ្ហាដដែលនេះធ្លាប់បានដោះស្រាយម្តងរួចមកហើយក្តី។
គ្រួសារដែលក្រីក្រ និងរស់នៅតាមជនបទជាអ្នកដែលងាយរងគ្រោះខ្លាំងបំផុត ពីកង្វះសារធាតុអ៊ីយ៉ូដក្នុងអំបិល ហើយយោងតាមឯកសារស្រាវជ្រាវនេះដដែល គេរកឃើញថា ស្ត្រីជាម្តាយ និងកុមារ លើសពី៦០ភាគរយ ខ្វះសារធាតុអ៊ីយ៉ូដក្នុងសារពាង្គកាយ។
លទ្ធផលនៃការស្រាវជ្រាវថ្មីនេះ ផ្ទុយគ្នាពីលទ្ធផលនៃការស្រាវជ្រាវចាស់ដែលធ្វើឡើងមុនគ្នា ៣ឆ្នាំ។ តាមរបាយកាណ៍ស្រាវជ្រាវចាស់ឲ្យដឹងថា ក្រុមអ្នកផលិតអំបិលបានដាក់សារធាតុអ៊ីយ៉ូដចូលទៅក្នុងអំបិល ហើយក្រុមអាជ្ញាធរដែលមានសមត្ថកិច្ចបានអនុវត្តទៅតាមអនុក្រឹត្យឆ្នាំ២០០៣ ដែលស្តីអំពីការគ្រប់គ្រងអាជីវកម្មអំបិលអ៊ីយ៉ូដ។
សារធាតុអ៊ីយ៉ូដមានសារៈសំខាន់ដល់ការអភិវឌ្ឍផ្នែកខួរក្បាលមនុស្ស និងសម្រួលតួនាទីរបស់អរម៉ូន។ ឧទាហរណ៍ថា ប្រសិនបើស្ត្រីមានផ្ទៃពោះ ពុំទទួលទានអាហារ ផ្ទុកសារធាតុអ៊ីយ៉ូដបានគ្រប់គ្រាន់ ខួរក្បាលកូនក្នុងផ្ទៃនឹងមិនអាចអភិវឌ្ឍដោយប្រក្រតីនោះទេ។ សារធាតុអ៊ីយ៉ូដពិតជាសំខាន់ ដែលអង្គការសុខភាពពិភពលោកបានពិពណ៌នាអំពីកង្វះសារធាតុអ៊ីយ៉ូដថា ជា «មូលហេតុតែមួយ និងធំបំផុត [នៅលើពិភពលោក] តែអាចចៀសវាងបាន ដើម្បីកុំឲ្យឈានដល់ការអន់ថយផ្នែកសតិបញ្ញា»។
អ្នកជំនាញស្រាវជ្រាវសារធាតុអ៊ីយ៉ូដក្នុង អំបិល លោក Laillou មានប្រសាសន៍ប្រាប់ VOA ថាកង្វះសារធាតុអ៊ីយ៉ូដ ជាគ្រោះថ្នាក់មួយសម្រាប់កុមារកម្ពុជា។
«ឧទាហរណ៍ថា ប្រទេសកម្ពុជាកំពុងតែដាក់ទុនថវិកាជាច្រើនទៅលើក្រសួងអប់រំ ក្នុងការអភិវឌ្ឍវិស័យអប់រំទៅដល់ក្មេងៗ។ ក៏ប៉ុន្តែប្រសិនបើក្មេងៗទាំងនោះខ្វះសារធាតុអ៊ីយ៉ូដក្នុងសារពាង្គកាយ នោះខួរក្បាលរបស់ពួកគេមិនអភិវឌ្ឍល្អ ព្រោះវាអាចកាត់បន្ថយកម្រិត IQ (ដែលជាកម្រិតវាស់វែងសមត្ថភាពនៃការគិត) របស់ពួកគេដល់ទៅ ១៣ កម្រិត។»
ការបាត់បង់កម្រិត IQ ឬសមត្ថភាពនៃការគិតដល់ទៅ ១៣ កម្រិតនេះ ត្រូវបានលោក Laillou ពន្យល់ថា វាខ្ពស់ជាងការដែលបាត់បង់ កម្រិត IQ ឬសមត្ថភាពនៃការគិតរបស់កុមារ ដែលមិនបៅទឹកដោះម្តាយ ៦ខែដំបូង។ ពោលគឺ កុមារដែលមិនបៅទឹកដោះម្តាយ ៦ខែដំបូង ប្រឈមនឹង ការបាត់បង់កម្រិត IQ តែប្រមាណ ៣ កម្រិតប៉ុណ្ណោះ។
ការបញ្ចូលសារធាតុអ៊ីយ៉ូដក្នុងអំបិល ត្រូវបានគេចាត់ទុកថាជាការចំណាយដែលអស់ថវិកាតិច ហើយជាវិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការអភិវឌ្ឍផ្នែកសុខភាពសាធារណៈ។ ការលាយអ៊ីយ៉ូដចំណាយតែប្រមាណ ២សេន ឬ ១០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាមនៃអំបិល។
ក្នុងមួយឆ្នាំៗ អំបិលប្រមាណ ៨ម៉ឺនទៅ១០ម៉ឺនតោន ផលិតនៅក្នុងប្រទេសកម្ពុជា។ អំបិលស្ទើរតែ ១០០ ភាគរយ ផលិតចេញពី សមាគមអ្នកផលិតអំបិលកែប និងកំពត (SPCKK)។ អ្នកជំនាញបានឲ្យដឹងថា ការគ្រប់គ្រងក្នុងការបញ្ចូលសារធាតុអ៊ីយ៉ូដក្នុងអំបិលឲ្យត្រឹមត្រូវ គួរតែពុំមានបញ្ហាសាំញ៉ាំនោះទេ ពីព្រោះថា អំបិលស្ទើរតែ ១០០ ភាគរយផលិតចេញពីកន្លែងតែមួយ។ សមាគមអ្នកផលិតអំបិលកែប និងកំពត (SPCKK)ផលិតអំបិលគ្រួស ហើយចែកចាយបន្តទៅក្រុមសិប្បករស្ងោរអំបិលដើម្បីផលិតជាអំបិលម៉ដ្ឋ។
បើអនុក្រឹត្យស្ដីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ សមាគមអ្នកផលិតអំបិលកែប និងកំពត ក៏ដូចជាឈ្មួញកណ្តាល ត្រូវតែគោរពការដាក់បញ្ចូលសារធាតអ៊ីយ៉ូដក្នុងផលិតផលអំបិលរបស់ពួកគេឲ្យបានត្រឹមត្រូវ។
តាមរយៈ លោក ប៊ុន ណារិន ប្រធានផ្នែកបច្ចេកទេស នៃសមាគមអ្នកផលិតអំបិលកែប និងកំពត បានឲ្យដឹងថា ម៉ាស៊ីនលាយបញ្ចូលអ៊ីយ៉ូដ ដែលអង្គការយូនីសេហ្វធ្លាប់បានឧបត្ថម្ភកន្លងមកត្រូវបានខូចខាត ហើយសមាគមនៅមិនទាន់បានរកគ្រឿងបន្លាស់មកជួសជុលម៉ាស៊ីនដែលខូចទាំងនោះនៅឡើយ។
បច្ចុប្បន្ន ម៉ាស៊ីនលាយបញ្ចូលអ៊ីយ៉ូតដែលដំណើរការ នៅសល់ចំនួន ៤គ្រឿងប៉ុណ្ណោះសម្រាប់ផលិតកម្មទាំងមូល ហើយលោកថា វាមិនអាចបំពេញតម្រូវការទីផ្សារបានឡើយ។
លោក ប៊ុន ណារិន ប្រាប់ VOA តាមទូរស័ព្ទ បន្តទៀតថា សមាគមរបស់លោកបានឲ្យកម្មករបាចសារធាតុអ៊ីយ៉ូដទៅក្នុងអំបិលដោយប្រើឧបករណ៍បាញ់ដោយដៃ។ លោកពន្យល់ថា នេះជាវិធីសាស្ត្រមួយដែលអាចជួយសម្រួលដល់ផលិតកម្មជំនួសម៉ាស៊ីនដែលចាស់ និងខូច។ តែលោកបញ្ជាក់ថា វិធីសាស្ត្រ នេះមិនអាចធានាថា នឹងធ្វើឲ្យមានសារធាតុ អ៊ីយ៉ូដស្មើសាច់ក្នុងអំបិល តាមកម្រិតស្តង់ដានោះទេ។
«កម្មករជួនកាលធ្វើការមិនប្រឹតប្រៀង ដូចកន្លែងម៉ាស៊ីនគេបញ្ជាក្នុងរោងចក្រធំៗ គេបញ្ជាតាមកុំព្យូទ័រអីទេ។ យើងធ្វើការតាមមនុស្ស អញ្ចឹងអាចមានការខ្វះចន្លោះតិចតួច។ គឺថាវាមិនសុក្រឹត្យ ១០០% ដូចម៉ាស៊ីនដែលគេហ្វិច(fixed) ទេបាទ»។
បើតាមអ្វីដែល ប្រធានបច្ចេកទេសនៃសមាគមអ្នកផលិតអំបិលបានរៀបរាប់ វាផ្ទៀងផ្ទាត់ ជាមួយនឹងការស្រាវជ្រាវ របស់លោក Laillou ដែលរកឃើញថា ៩០ភាគរយនៃអំបិលគ្រួសនៅក្នុងកម្ពុជាពុំមានសារធាតុអ៊ីយ៉ូដ។ លើសពីនេះទៅទៀត អ្វីដែលជាបញ្ហានោះគឺថា អំបិលដែលចេញពីសមាគមអ្នកផលិតអំបិលកែប និងកំពត ត្រូវបានគេវេចខ្ចប់ ដោយមានដាក់ស្លាកសញ្ញាបញ្ជាក់ថា មានផ្ទុកសារធាតុអ៊ីយ៉ូដត្រឹមត្រូវតាមស្តង់ដា។
ប្រសិនបើក្រុមអ្នកសិប្បកម្មស្ងោរអំបិល ដែលទទួលអំបិលគ្រួសពីសមាគមអ្នកផលិតអំបិលកែប និងកំពត មិនបានធ្វើតេស្តរកកម្រិតអ៊ីយ៉ូដក្នុងអំបិលនោះទេ ហើយប្រសិនបើក្រុមអ្នកវេចខ្ចប់អំបិលជាកញ្ចប់ៗតូចៗ ដែលទទួលអំបិលតពីក្រុមអ្នកស្ងោរអំបិល មិនបានធ្វើតេស្តរកកម្រិតអ៊ីយ៉ូដក្នុងអំបិលផងដែរនោះ ពួកគេនឹងមិនដឹងអំពីកម្រិតអ៊ីយ៉ូដក្នុងអំបិល ថាតើគួរថែមសារធាតុអ៊ីយ៉ូដយ៉ាងណាឲ្យត្រឹមត្រូវតាមស្តង់ដាឡើយ។
ប្រសិនបើ គេមិនបានដាក់បន្ថែមសារធាតុអ៊ីយ៉ូដទៅក្នុងអំបិលតាមភាពជាក់ស្តែងទៅតាមស្តង់ដាទេ នោះលទ្ធផលដែលបានមកគឺអំបិលដែលគ្មានជាតិអ៊ីយ៉ូដ ឬអំបិលដែលកម្រិតអ៊ីយ៉ូដមិនត្រូវតាមស្តង់ដា ដាក់លក់ក្នុងទីផ្សារកម្ពុជា។នេះជាបញ្ហាដែលកំពុងតែកើតឡើង។
លោក កុយ រិទ្ធីយ៉ា វ័យ ៥៧ ឆ្នាំ ជាឈ្មួញគ្រប់គ្រងសិប្បកម្មវេចខ្ចប់អំបិលមួយដែលដំណើរការអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ ក្រោយពីការណែនាំពីអង្គការយូនីសេហ្វអំពី អត្ថប្រយោជន៍នៃសារធាតុអ៊ីយ៉ូដ និងតួនាទីរបស់អ្នកផលិត ឈ្មួញ និងអ្នកវេចខ្ចប់ក្នុងការដាក់សារធាតុអ៊ីយ៉ូដចូលទៅក្នុងផលិតផលអំបិលមក សិប្បកររូបនះក៏ចាប់ផ្តើមអនុវត្តមកដល់សព្វថ្ងៃ។
បច្ចុប្បន្ន លោក រិទ្ធីយ៉ា ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដើម្បីធ្វើតេស្តរកកម្រិតសារធាតុអ៊ីយ៉ូដក្នុងអំបិលម៉ដ្ឋ មុននឹងឲ្យកម្មកររបស់ចំនួន ៣ នាក់វេចខ្ចប់អំបិល។ សិប្បកម្មរបស់លោក ដែលមានស្លាកសញ្ញារូបភ្នំ វេចខ្ចប់អំបិល ប្រមាណ ៥០០ គីឡូក្រាមក្នុងមួយថ្ងៃ។ តាមលក្ខណៈបច្ចេកទេសសារធាតុអ៊ីយ៉ូដក្នុងអំបិលត្រឹមត្រូវតាមស្តង់ដាគឺ មានកម្រិតពី ៣០ ទៅ ៦០ មីលីក្រាមអ៊ីយ៉ូដក្នុងអំបិលមួយគីឡូក្រាម (៣០-៦០ ppm)។
ទោះជាយ៉ាងណាក៏ដោយ លោកមិនបានធ្វើតេស្តរកកម្រិត សារធាតុអ៊ីយ៉ូតក្នុងអំបិលគ្រួស ដែលលោកនាំចូលនោះទេ។ តែលោក គ្រាន់តែប្រើទឹកថ្នាំដើម្បីតេស្តថា អំបិលគ្រួសនោះមាន ឬគ្មានសារធាតុអ៊ីយ៉ូដប៉ុណ្ណោះ ដោយវាមិនបញ្ជាក់អំពីកម្រិតបរិមាណឡើយ។
លោក កុយ រិទ្ធីយ៉ាមានប្រសាសន៍ប្រាប់ VOA ថា លោកសម្គាល់ឃើញបញ្ហាកង្វះសារធាតុអ៊ីយ៉ូដក្នុងអំបិលនេះកំពុងតែកើតឡើងវិញ ហើយយល់ថា នេះវាអាចបណ្តាលមកពីប្រើប្រាស់សារធាតុ អ៊ីយ៉ូដដែលហួសកាលកំណត់ ឬការលាយដោយមិនបានយកចិត្តទុកដាក់។
«វាមានលក្ខណៈពីរ។ ទី១ អ៊ីយ៉ូដហ្នឹងវាអាចបាត់បង់គុណភាព។ ការយកចិត្តទុកដាក់ យើងមិនអាចមើលឃើញយើងថា មិនបាន។ តែដែលខ្ញុំចោទសំខាន់គឺថា ខ្លាចអ៊ីយ៉ូដហ្នឹងវា បាត់បង់គុណភាពធ្វើឲ្យការលាយទៅវាបាត់ (កម្រិតសារធាតុអ៊ីយ៉ូដ)។ ហើយកត្តាទី២ គឺអ្នកធ្វើហ្នឹងគាត់មិនសូវយកចិត្តទុកដាក់ផងក៏មិនដឹង។»
ឯកសារស្រាវជ្រាវរបស់អង្គការយូនីសេហ្វដដែលបញ្ជាក់យ៉ាងច្បាស់ទៀតថា បញ្ហាស្ថិតនៅត្រង់ផ្នែកផលិតកម្ម និងផ្នែកអាជ្ញាធរ។ ផ្នែកផលិតកម្មគឺ សំដៅទៅលើការអនុវត្តរបស់សមាគមអ្នកផលិតអំបិលកែប និងកំពត (SPCKK)ក្រុមសិប្បករស្ងោរអំបិល និងអ្នកវេចខ្ចប់។ ចំណែកឯផ្នែកអាជ្ញាធរវិញ គឺ «ការបរាជ័យ» ក្នុងការធានាយ៉ាងណាឲ្យក្រុមផលិតករគោរពទៅតាមច្បាប់។
កម្មវិធីស្តីអំពីការលាយបញ្ចូលសារធាតុអ៊ីយ៉ូដក្នុងអំបិលនៅកម្ពុជាចាប់ផ្តើមឡើងតាំងពីអំឡុងឆ្នាំ ១៩៩០ ដែលយោងតាមការសិក្សាស្រាវជ្រាវមួយនៅពេលនោះគេរកឃើញថា កុមារកម្ពុជា ១ នៅក្នុងចំណោម៥នាក់ មានជំងឺពកក។ រហូតមកទល់នឹងឆ្នាំ ២០១០ តាមរយៈកម្មវិធីដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា កម្ពុជាបានទទួលជោគជ័យដែលធ្វើឲ្យគេជឿថា កង្វះជាតិអ៊ីយ៉ូដលែងជាបញ្ហាទៀតហើយ។ ដូចនេះ អង្គការយូនីសេហ្វ ក៏បានបញ្ឈប់ការផ្តល់ជំនួយលើសារធាតុអ៊ីយ៉ូដមកកម្ពុជាក្នុងឆ្នាំ ២០១០។
រហូតដល់ឆ្នាំ ២០១១ តម្លៃរបស់សារធាតុអ៊ីយ៉ូដកើនឡើង ៣ដង ក្រោយពីគ្រោះថ្នាក់នៃបន្ទុះនុយក្លេអ៊ែរ នៅឯខេត្តហ្វូគូស៊ីម៉ា ប្រទេសជប៉ុន។ ពេលនោះ គេឃើញថាក្រុមអ្នកផលិត ក៏បញ្ឈប់ការទិញចូលនៃសារធាតុអ៊ីយ៉ូដ ឯក្រុមអាជ្ញាធរក៏ពុំមានវិធានការណាមួយដើម្បីធានាថា ការលាយបញ្ចូលសារធាតុអ៊ីយ៉ូដនៅក្នុងអំបិលនៅតែត្រូវបានគេបន្តអនុវត្តដដែល។ ជាលទ្ធផល បញ្ហាសុខភាពសាធារណៈនេះនៅតែបន្តកើតឡើងវិញដល់សព្វថ្ងៃ និងមិនត្រូវបានគេចាប់អារម្មណ៍ឡើយ។
បច្ចុប្បន្ន អង្គការយូនីសេហ្វ បន្តសហការជាមួយនឹងអនុគណៈកម្មការជាតិលុបបំបាត់បញ្ហា កង្វះជាតិអ៊ីយ៉ូដ នៃក្រសួងផែនការ ដើម្បីបង្កើតប្រព័ន្ធស្តង់ដាថ្មីមួយដើម្បីគ្រប់គ្រងទៅលើក្រុមអ្នកផលិតអំបិល។ ទោះជាយ៉ាងណាក៏ដោយ គម្រោងថ្មីនេះត្រូវបានគេរំពឹងថា នឹងបន្តការអនុវត្តបន្ថែមប្រមាណ ២ឆ្នាំទៀតដើម្បីទទួលបានជោគជ័យ។
លោក វែន គាហាក់ ប្រធាននៃអនុគណៈកម្មការជាតិលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូត បានឲ្យដឹងថា ប្រព័ន្ធអាជ្ញាបណ្ណថ្មីសម្រាប់ផលិតករអំបិល គឺជាការដាក់កម្រិតតឹងរ៉ឹងថ្មីមួយដែលស្របតាមវិធានការច្បាប់គ្រប់គ្រងទៅលើសារធាតុអ៊ីយ៉ូដក្នុងអំបិល។
«នៅពេលដែលផលិតករអំបិលសុំ License សុំប្រកាសបើកសិប្បកម្មគាត់ គាត់ត្រូវមានលក្ខខណ្ឌថាគាត់ត្រូវមានម៉ាស៊ីន គាត់ត្រូវមានម្សៅអ៊ីយ៉ូដ គាត់ត្រូវមានស្លាកសញ្ញាផ្ទាល់ខ្លួនរបស់គាត់ គាត់ត្រូវមានអំបិលដែលមានគុណភាពសមស្រប បានក្រសួងព្រមចេញ License ឲ្យគាត់ process (បើកដំណើរការ)។ មានន័យថាអាហ្នឹងជាផ្នែកច្បាប់មួយដែលក្រសួងត្រូវចង។»
កង្វះវិធានការក្នុងការដាក់កំហិតតាមផ្លូវច្បាប់ ដើម្បីជំរុញឲ្យមានការគោរព និងអនុលោមតាម គឺជាផ្នែកមួយនៃបញ្ហាកន្លងមក ក៏ប៉ុន្តែលោក វែន គាហាក់ ពុំបានអត្ថាធិប្បាយអំពីកង្វះវិធានការដឹកនាំដោយភ្នាក់ងាររាជរដ្ឋាភិបាលដើម្បីអនុវត្តទៅតាមក្រឹត្យក្រមនៃច្បាប់កន្លងមកនោះទេ។
ទោះជាមានការរកឃើញនូវកញ្ចប់អំបិលមួយចំនួនពុំមានសារធាតុអ៊ីយ៉ូដ និងរកឃើញឈ្មោះស្លាកសញ្ញាដែលក្លែងបន្លំដាក់ស្លាកថាមានសារធាតុអ៊ីយ៉ូត នៅតាមទីផ្សារក៏ដោយលោក វែន គាហាក់ បញ្ជាក់បន្ថែមថា កន្លងមកគេពុំឃើញមានផលិតករណាម្នាក់ជាប់ទោសទណ្ឌតាមវិធានការច្បាប់ សូម្បីតែមួយករណីនោះឡើយ។
សព្វថ្ងៃ បញ្ហាដែលនៅតែចោទឡើងនោះគឺថា គ្រប់កញ្ចប់អំបិលដែលដាក់លក់នៅលើទីផ្សារ សុទ្ធតែមានស្លាកសញ្ញាបញ្ជាក់ថាជាអំបិលអ៊ីយ៉ូដត្រឹមត្រូវ បើទោះជាគេរកឃើញមិនមានកម្រិតត្រឹមត្រូវ ឬរកឃើញថាគ្មានសារធាតុអ៊ីយ៉ូដក៏ដោយ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមការងារនៃក្រសួងផែនការបានធ្វើតេស្តទៅលើគ្រប់ស្លាកសញ្ញា ឬម៉ាកនៃអំបិល។ ផែនការផ្សេងៗទៀតគឺការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មាន អំពីស្លាកសញ្ញាទាំងឡាយដែលអ្នកទិញគួរទុកចិត្ត។
អ្នកជំនាញបញ្ជាក់ទៀតថា ការលុបបំបាត់កង្វះសារធាតុអ៊ីយ៉ូដគឺជា បញ្ហាដែលងាយនឹងចៀសផុត ប្រសិនបើមានការគ្រប់គ្រងតឹងរ៉ឹងទៅលើផលិតផលអំបិល ដែលមានដាក់លក់នៅលើទីផ្សារទាំងអស់៕