ក្នុងចំណោមនោះ មានកុមារអាយុក្រោម ៥ ឆ្នាំ ជាង ៣ សែន ៦ ម៉ឺននាក់ បានស្លាប់ដោយសាររោគរាករូស និងមនុស្សជាច្រើនអ្នកផ្សេងទៀតបានស្លាប់ដោយសារជំងឺនានា ដូចជាជំងឺអាសន្នរោគ ជំងឺរាគមួល ជំងឺថ្លើមប្រភេទ A និងជំងឺគ្រុនពោះវៀន ជាដើម។
របាយការណ៍រួមគ្នា ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក និងអង្គការ UNICEF នេះ បានរកឃើញថា មនុស្សដែលរស់នៅតាមតំបន់ជនបទនៅក្នុងតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិក និងនៅក្នុងទ្វីបអាស៊ី ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការកើតជំងឺ និងការស្លាប់ ដោយសារគ្មានទឹកស្អាតប្រើប្រាស់ និងដោយសារបញ្ហាពាក់ព័ន្ធនឹងអនាម័យផ្សេងៗទៀត។
លោក Bruce Gordon អ្នកសម្របសម្រួលទទួលបន្ទុកផ្នែកទឹកប្រើប្រាស់ អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន នៃអង្គការសុខភាពពិភពលោក បាននិយាយថា របាយការណ៍នេះ គឺជារបាយការណ៍ដំបូងបង្អស់ដែលធ្វើការវាយតម្លៃលើសារៈសំខាន់នៃអនាម័យផ្ទាល់ខ្លួនរបស់មនុស្សចំពោះសុខភាពល្អ។ លោកបានបញ្ជាក់ថា ផ្ទះសម្បែង អាគារសុខាភិបាល និងសាលារៀនជាច្រើនខ្នង គ្មានសាប៊ូ និងទឹកប្រើប្រាស់សម្រាប់ការលាងដៃនោះទេ។
លោក Gordon បានបញ្ជាក់ថា៖ «តួលេខមួយដែលខ្ញុំចង់ផ្ដោតពេលឥឡូវនេះ គឺថា នៅក្នុងតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិក មានប្រជាពលរដ្ឋតែ ១៥ ភាគរយ ប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់អាគារនានា ដែលមានសាប៊ូ និងទឹកប្រើប្រាស់។ ហើយដូចដែលយើងដឹងហើយថា អនាម័យផ្ទាល់ខ្លួនល្អគឺជាវិធីដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុត នៅក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺ»។
គោលបំណងមួយនៃគោលបំណងអភិវឌ្ឍន៍ប្រកបដោយចិរភាពទាំង ១៧ ចំណុច របស់អង្គការសហប្រជាជាតិ គឺចង់ឲ្យមនុស្សទូទៅនៅលើពិភពលោក មានលទ្ធភាពស្មើភាពគ្នាក្នុងការទទួលបានទឹកស្អាតប្រើប្រាស់ និងអនាម័យបរិស្ថាន នៅត្រឹមឆ្នាំ ២០៣០។
លោក Wijesekera ប្រធានទទួលបន្ទុកផ្នែកទឹកប្រើប្រាស់ អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនរបស់មនុស្ស នៃអង្គការ UNICEF បាននិយាយថា ដំណើរវិវឌ្ឍន៍នេះអាចនឹងជះលទ្ធផលដោយប្រយោលដល់ផ្នែកអភិវឌ្ឍន៍ផ្សេងៗទៀត។
លោក Wijesekera បាននិយាយថា៖ «សម្រាប់កុមារ ការមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន មិនត្រឹមតែអាចជួយឲ្យពួកគេរស់រានមានជីវិត និងមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ផ្ដល់ឱកាសឲ្យពួកគេបានចូលសាលា និងទទួលបានការអប់រំផងដែរ។ វាជួយកាត់បន្ថយបញ្ហាវិសមភាព។ ហើយវាក៏អាចផ្ដល់នូវចំណុចចាប់ផ្ដើមនៃជីវិតមួយដ៏ល្អផងដែរ»។
គោលបំណងអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិនេះ មានគោលបំណងបញ្ចប់ការបន្ទោបង់តាមទីសាធារណៈ ដែលបណ្ដាលឲ្យជំងឺ និងភាពក្រីក្រកើតឡើងជាបន្តវិលចុះវិលឡើងជារៀងរហូត។ មនុស្សជាង ៨៩០ លាននាក់ នៅតែធ្វើការបន្ទោបង់តាមទីសាធារណៈ ដែលភាគច្រើននៅក្នុងតំបន់ជនបទ ដែលគ្មានបង្គន់នៅតាមផ្ទះ និងបង្គន់សាធារណៈប្រើប្រាស់៕
ប្រែសម្រួលដោយ ភី សុភាដា