លោក David Wong ដែលជាអ្នកដុតនំ និងជាម្ចាស់ហាងកាហ្វេមួយដឹងពីចំណង់ចំណូលចិត្តរបស់អតិថិជនប្រចាំហាងរបស់លោក មិនថាពួកគេចង់ញ៉ាំកាហ្វេឡាតេទឹកកក ឬសាច់មាន់ប្រឡាក់ជាមួយនឹងម្ហូបក្នុងស្រុកដែលសម្បូរទៅដោយខ្ទិះដូង ដែលគេហៅថា Nasi Lemak នោះទេ។
ប៉ុន្តែអ្វីដែលល្បីបំផុតនៅក្នុងហាងរបស់លោក គឺនំធ្វើពីម្នាស់ ដែលរូបមន្តធ្វើនំនោះ ជារបស់ម្តាយលោក។ លោក Wong បាននិយាយក្នុងសម្តីដើមថា៖
«គាត់បង្រៀនខ្ញុំដុតនំ។ នោះ ជាអ្វីដែលគាត់បានបណ្តុះបណ្តាលខ្ញុំ។ តាំងពីតូចមកម្ល៉េះ ខ្ញុំជួយម្តាយខ្ញុំដុតនំ»។
បន្ទាប់ពីចាកចេញពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ឪពុកលោក លោក Wong ក្នុងវ័យ៤៦ឆ្នាំ បានបើកហាងដុតនំមួយ ដែលក្រោយមក លោកបានពង្រីកវាទៅជាហាងកាហ្វេមួយឈ្មោះថា Swee Bee by Baker Dave។ ឈ្មោះហាងកាហ្វេនេះ គឺជាឈ្មោះរបស់ម្តាយលោក។ លោក Wong បាននិយាយបន្ថែមក្នុងសម្តីដើមថា៖
«អ្វីៗទាំងអស់គឺជាចំណង់ចំណូលចិត្ត និងការស្រឡាញ់ការដុតនំ និងការចម្អិនម្ហូបអាហារ។ ខ្ញុំចង់បញ្ចេញស្នាដៃ និងចែករំលែកជាមួយនឹងអតិថិជន មិត្តភក្តិ និងគ្រួសាររបស់ខ្ញុំ»។
នៅពេលរសៀលមួយកាលពីពេលថ្មីៗនេះ អតិថិជនម្នាក់ឈ្មោះ Shamir Chakrabarty ពេញចិត្តនឹងអាហារថ្ងៃត្រង់របស់លោក។ លោក Chakrabarty និងភរិយារបស់លោក បានមកហាងកាហ្វេ Swee Bee នេះ អស់រយៈពេល៤ឆ្នាំមកហើយ។ លោក Chakrabarty បានថ្លែងក្នុងសម្តីដើមថា៖
«អាហារនៅទីនេះឆ្ងាញ់។ បរិយាកាសល្អ ហើយលោក Dave រួសរាយរាក់ទាក់ណាស់»។
ហាងកាហ្វេនេះស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម និងពឹងផ្អែកយ៉ាងខ្លាំងលើភ្ញៀវដែលជាបុគ្គលិកការិយាល័យ។ ប៉ុន្តែបុគ្គលិកដែលមកធ្វើការនៅក្បែរនេះកាន់តែមានចំនួនតិចទៅៗក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែនៅមានការរឹតត្បិតសកម្មភាព ដែលបង្កឡើងដោយជំងឺកូវីដ១៩។ ទោះជាសេដ្ឋកិច្ចក្នុងស្រុក បានបើកដំណើរការឡើងវិញជាដំណាក់កាលក្តី ហើយអតិថិជនត្រូវបានគេអនុញ្ញាតឱ្យទទួលទាននៅក្នុងហាងក៏ដោយ ក៏អតិថិជនប្រចាំរបស់ហាងកាហ្វេនេះ នៅតែធ្វើការពីផ្ទះនៅឡើយ។
លោក Wong និយាយថា នៅក្នុងខែមេសា និងខែឧសភាកន្លងទៅនេះ អាជីវកម្មបានធ្លាក់ចុះ៧០% បើប្រៀបធៀបទៅនឹងពេលធម្មតា នៅពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីថ្ងៃទី១៩ ខែមិថុនា លោកបានបិទហាងកាហ្វេរបស់លោក។ លោក Wong បាននិយាយក្នុងសម្តីដើមថា៖
«ក្នុងពេលតែមួយពព្រិចភ្នែក ខ្ញុំត្រូវចាកចេញ។ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្ត ដោយសារតែបើនិយាយតាមបែបសេដ្ឋកិច្ច ខ្ញុំមិនអាចបន្តទៀតបានទេ»។
មានរឿងរ៉ាវប្រហាក់ប្រហែលនេះជាច្រើនទៀត ដែលកើតឡើងនៅទូទាំងប្រទេសម៉ាឡេស៊ី។ ក្រុមអ្នកធ្វើជំនួញក្នុងស្រុកនិយាយថា ភោជនីយដ្ឋានបែបគ្រួសារចំនួនពី៥% ទៅ១០% ព្រមទាំងហាងលក់រាយ បានឈប់ធ្វើអាជីវកម្មក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
អ្នកវិភាគនិយាយថា អាជីវកម្មតូចៗមួយចំនួន មិនអាចសម្របខ្លួនបានលឿនឲ្យទាន់សភាពការណ៍នោះទេ បន្ទាប់ពីការរឹតត្បិតត្រូវបានអនុវត្ត ដោយសារតែជំងឺកូវីដ១៩ ជាពិសេសអាជីវកម្មដែលពឹងផ្អែកលើអតិថិជន ដែលមកទិញដោយផ្ទាល់នៅហាង។
លោក Lau Zheng Zhou នៃវិទ្យាស្ថានស្រាវជ្រាវសម្រាប់កិច្ចការសេដ្ឋកិច្ច និងប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងកូឡាឡាំពួ បានថ្លែងក្នុងសម្តីដើមថា៖
«អាជីវកម្មមួយចំនួនព្យាយាមសម្របខ្លួនដោយប្រើប្រាស់ដំណោះស្រាយឌីជីថល ព្យាយាមបង្កើតកម្មវិធី app សម្រាប់អាជីវកម្មអនឡាញ និងប្រើប្រាស់សេវាតាក់ស៊ីដើម្បីបញ្ជូនទំនិញ ប៉ុន្តែការធ្វើបែបនេះមិនជោគជ័យនោះទេសម្រាប់សហគ្រាសធុនតូច និងមធ្យមទាំងនេះ ឬអាជីវកម្មតូចៗទាំងនេះ។ ការរំពឹងទុកថា អាជីវកម្មទាំងនេះនឹងផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនដើម្បីសម្របខ្លួន និងដើម្បីរស់ គឺជាតម្រូវការដ៏ខ្ពស់មួយសម្រាប់អាជីវកម្មជាច្រើន»។
លោក Lau បាននិយាយថា កញ្ចប់ថវិកាជំនួយរបស់រដ្ឋាភិបាល ដែលរួមមានប្រាក់ឧបត្ថម្ភទៅលើប្រាក់ឈ្នួលបុគ្គលិក និងការផ្តល់ថវិកាដល់ក្រុមហ៊ុន ដើម្បីបន្ថយការចំណាយ គឺមិនមានចំនួនគ្រប់គ្រាន់ អាចឱ្យម្ចាស់អាជីវកម្មមួយចំនួនបន្តដំណើរការអាជីវកម្មរបស់ពួកគេបាននោះទេ។
លោក Lau បាននិយាយបន្ថែមក្នុងសម្តីដើមថា៖
«ម្ចាស់អាជីវកម្មគិតថា ប្រហែលខ្ញុំគួរតែបិទហាងហើយ។ ដោយសារវាអាចនឹងចំណាយច្រើនជាងនេះ ក្នុងការបង់ប្រាក់ប្រចាំថ្ងៃនានា ដូចជាប្រាក់ឈ្នួល ថ្លៃភ្លើង និងថ្លៃដឹកជញ្ជូនជាដើមនោះ»។
លោក Wong និយាយថា បន្ថែមពីលើបញ្ហាទាំងនេះ លោកក៏មិនអាចបញ្ចុះបញ្ចូលម្ចាស់កន្លែងឱ្យបញ្ចុះថ្លៃឈ្នួលទៀត។ កត្តាទាំងនេះរួមបញ្ចូលគ្នា ធ្វើឱ្យលោកសម្រេចចិត្តបិទហាងកាហ្វេរបស់លោក។ លោកបាននិយាយក្នុងសម្តីដើមថា៖
«បើនិយាយពីអារម្មណ៍ គឺវាពិបាកណាស់ក្នុងការបញ្ចប់អ្វីមួយដែលខ្ញុំស្រឡាញ់ ដែលខ្ញុំបានធ្វើវាអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
មុនពេលមានវិបត្តិជំងឺកូវីដ១៩ លោក Wong មានគម្រោងបើកហាងដុតនំបែបពាណិជ្ជកម្មមួយ ដូច្នេះលោកអាចដុតនំធ្វើពីម្នាស់កាន់តែច្រើន ដើម្បីលក់ទៅឱ្យហាងលក់រាយ និងភោជនីយដ្ឋាន។ លោក នឹងបន្តគម្រោងនេះ ប៉ុន្តែលោកនិយាយថា វានឹងមិនអាចប៉ះប៉ូវបានទេ ចំពោះអ្វីដែលលោកបានបាត់បង់ នោះគឺការប្រាស្រ័យទាក់ទងជាប្រចាំថ្ងៃជាមួយនឹងអតិថិជននៅហាងកាហ្វេរបស់លោក។ លោកបាននិយាយក្នុងសម្តីដើមទៀតថា៖
«ទំនាក់ទំនងដែលខ្ញុំបានសាងជាមួយពួកគេក្នុងរយៈពេល៨ឆ្នាំមកនេះ គឺមិនអាចបំភ្លេចបានទេ។ ខ្ញុំនឹងនឹកវាខ្លាំងបំផុត»៕