កាលពីខែកុម្ភៈ ប្រទេសសិង្ហបុរីបានជួបប្រទះនូវការកើនឡើងយ៉ាងឆាប់រហ័សនៃការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ដែលមានប្រភពពីប្រទេសចិន។ ចំណែកនៅក្នុងប្រទេសថៃនិងប្រទេសម៉ាឡេស៊ី ទេសចរចិនដែលទៅកម្សាន្តនៅឆ្នេរសមុទ្ររបស់ខ្លួនដែលកាន់តែតិចទៅៗ ក្រោយពីជនជាតិត្រូវបានគេដាក់បម្រាមមិនឲ្យធ្វើដំណើរ។ រោងចក្រនៅក្នុងប្រទេសចិនដែលបានផ្អាក ឬបន្ថយដំណើរការរបស់ខ្លួន ដោយសារកម្មករត្រូវឲ្យនៅផ្ទះ បានកាត់បន្ថយតម្រូវការវត្ថុធាតុដើមពីប្រទេសឥណ្ឌូណេស៊ី។
យ៉ាងនេះក្តី អ្នកវិភាគនៅអាស៊ីអាគ្នេយ៍រំពឹងថា សេដ្ឋកិច្ចនៃតំបន់ដែលមានប្រជាជន ៦៥៤លាននាក់នេះ នឹងអាចឆ្លងផុតពីវិបត្តិការរាលដាលនៃមេរោគកូរ៉ូណានេះ។ ការជម្នះផលប៉ះពាល់សេដ្ឋកិច្ចពីការរាតត្បាតនៃមេរោគ Covid-19 នេះ គឺជារឿងចាំបាច់សម្រាប់តំបន់នេះ ដោយសារនៅតំបន់អាស៊ីអាគ្នេយ៍ ការហូរចូលនៃអ្នកទេសចរ មូលធនវិនិយោគនិងវត្ថុធាតុដើមមកកាន់តំបន់អាស៊ីអាគ្នេយ៍ គឺពាក់ព័ន្ធនឹងប្រទេសចិនជាងតំបន់ដទៃណាទាំងអស់។
ប្រទេសវៀតណាមនិងហ្វីលីពីនកំពុងរំពឹងទទួលបានមូលធនវិនិយោគពីអ្នកវិនិយោគបរទេស ដែលលែងហ៊ានវិនិយោគដោយប្រថុយប្រថាននៅក្នុងប្រទេសចិនទៀត។ រដ្ឋាភិបាលនានារបស់អាស៊ីអាគ្នេយ៍បានកាត់បន្ថយអត្រាការប្រាក់និងអនុម័តគម្រោងថវិកាជួយជំរុញសេដ្ឋកិច្ចដោយជួយឧបត្ថម្ភដល់ក្រុមហ៊ុននានាដែលត្រូវបាត់បង់អាជីវកម្មរបស់ខ្លួន។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក ១០ប្រទេស កំពុងធ្វើការចរចាដើម្បីឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយជាមួយប្រទេសចិននិងជប៉ុន ដើម្បីជំរុញពាណិជ្ជកម្ម។
លោក Ralf Matthaes ស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាមានមូលដ្ឋាននៅទីក្រុងហូជីមិញប្រទេសវៀតណាម ថ្លែងដោយសំដៅលើអ្នកវិនិយោគដែលមានរោងចក្រនៅប្រទេសចិន ដែលសង្ឃឹមថានឹងពង្រីកប្រតិបត្តិការនៅក្នុងប្រទេសមួយទៀតថា៖ «វាប្រាកដណាស់ថានឹងមានផលប៉ះពាល់ ប៉ុន្តែយើងក៏មានក្រុមហ៊ុនដែលមានយុទ្ធសាស្ត្រចិនបូក១ដែរ។ មានមនុស្សជាច្រើន ដែលកំពុងបានប្តូរទីតាំងរោងចក្ររបស់ខ្លួនមកប្រទេសវៀតណាមនេះរួចមកហើយ ដូច្នេះខ្ញុំគិតបញ្ហាមេរោគកូរ៉ូណានេះ គ្រាន់តែសង្កត់ធ្ងន់បន្ថែមទៅលើចំណុចថាអ្នកត្រូវពង្រាយមូលដ្ឋានផលិតកម្មរបស់អ្នកឲ្យបានច្រើនកន្លែង»។
អ្នកស្រី Tham Siew Yean សាស្ត្រាចារ្យចូលនិវត្តន៍នៅសាកលវិទ្យាល័យ Universiti Kebangsaan Malaysia ថ្លែងថា រោងចក្រផលិតកម្មនៅអាស៊ីអាគ្នេយ៍ក៏គួរបង្កើតប្រភពផ្គត់ផ្គង់វត្ថុធាតុដើមឲ្យបានច្រើនកន្លែង ដោយអ្នកស្រីបញ្ជាក់ថា៖ «ប៉ុន្តែការណ៍នេះនឹងមានផលប៉ះពាល់ដល់សោហ៊ុយចំណាយ ដោយសារប្រភពផ្គត់ផ្គង់ផ្សេង បើមានមានតម្លៃថ្លៃជាង»។
ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនសង្ឃឹមថា ការកាត់បន្ថយអត្រាការប្រាក់នឹងលើកទឹកចិត្តឲ្យមានការផ្តល់ឥណទានវិស័យឯកជនច្រើនជាងមុន។
ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសផ្តល់វត្ថុធាតុដើម ធ្យូងថ្ម ឧស្ម័ន និងកៅស៊ូ បានបន្ថយតម្លៃការប្រាក់មកនៅត្រឹម ៤.៧៥% កាលពីខែមុន ដោយសារមានការបារម្ភអំពីការធ្លាក់ថ្លៃវត្ថុធាតុដើម។ រោងចក្រផលិតទំនិញរបស់ចិនតែងតែទិញវត្ថុធាតុដើមទាំងនេះ ប៉ុន្តែរាល់ការបញ្ជាទិញបានថយចុះចាប់តាំងពីកម្មករជាច្រើនចាប់ផ្តើមនៅផ្ទះកាលពីខែមុន នៅក្រោយពិធីបុណ្យចូលឆ្នាំចិន។
ប្រទេសថៃបានបន្ថយអត្រាការប្រាក់របស់ខ្លួនមកត្រឹម ១% កាលពីខែកុម្ភៈ ដោយសារខ្លួនពឹងផ្អែកខ្លាំងទៅលើទេសចរណ៍ និងអ្នកផលិតរថយន្តរបស់ចិន នេះបើក្រុមហ៊ុនវាយតម្លៃឥណទាន Moody’s Analytics ដែលបានសរសេរនៅក្នុងកំណត់ត្រាស្រាវជ្រាវរបស់ខ្លួនកាលពីថ្ងៃទី២៦ ខែកុម្ភៈ។ ប្រទេសម៉ាឡេស៊ីអាចនឹងកាត់បន្ថយអត្រាការប្រាក់ដែរ ស្របពេលដែលការលក់ដូរចុះថយ នេះបើតាមកំណត់ត្រាដដែលនេះ។
ប្រទេសសិង្ហបុរីជាប្រទេសករណីឆ្លងមេរោគកូរ៉ូណា Covid-19 ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ដោយបានរាយការណ៍អំពីការឆ្លង ៩៨ករណី ប៉ុន្តែត្រូវបានសេចក្តីរាយការណ៍ព័ត៌មាននានាសរសើរប្រទេសកោះនេះថា បានចាត់វិធានការល្អក្នុងការទប់ទល់មិនឲ្យការឆ្លងមេរោគនេះមានផ្ទុះខ្លាំងបន្តទៀត។ ប្រទេសសិង្ហបុរីក៏បានបង្កើនការចំណាយរបស់រដ្ឋាភិបាលដល់ ៧%ថែមទៀត បើទោះបីមានការចាយលើលថវិកាកំណត់ក្តី ដោយសារបានរៀបចំកញ្ចប់ថវិកាជួយសង្គ្រោះចំនួនពីរដែលមានតម្លៃសរុប ៤ពាន់លានដុល្លារ។
ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី បានត្រៀមចំកញ្ចប់ថវិការៀងៗខ្លួនដើម្បីទប់ទល់នឹងផលប៉ះពាល់ពីជំងឺថ្មីនេះដែលមានឈ្មោះជាផ្លូវការថា Covid-19។
លោក Jonathan Ravelas ប្រធានខាងយុទ្ធសាស្ត្រទីផ្សារនៅធនាគារ Banco de Oro UniBank ថ្លែងថា សេដ្ឋកិច្ចហ្វីលីពីនទំនងនឹងមានកំណើនយ៉ាងតិច៦%នៅក្នុងឆ្នាំនេះ ដោយសារមានការកាត់អត្រាការប្រាក់និងការចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានរហូតដល់ឆ្នាំ២០២២។ ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការទស្សន៍ទាយថា សេដ្ឋកិច្ចនៃប្រទេសបណ្ដុំកោះមួយនឹងមានកំណើន ៦.២%។
គម្រោងសាងសង់ផ្លូវថ្មី អាកាសយានដ្ឋាន និងរោងចក្រអគ្គិសនី ដែលមានតម្លៃសរុប ១៨០ពាន់លានដុល្លារ ត្រូវគេរំពឹងថានឹងធ្វើឲ្យប្រទេសហ្វីលីពីនមានភាពទាក់ទាញជាងមុនសម្រាប់អ្នកវិនិយោគផលិតកម្ម។
លោក Jonathan Ravelas ថ្លែងថា៖ «ប្រសិនបើយើងដើរក្រឡាសេដ្ឋកិច្ចត្រូវដោយចំណាយច្រើនជាងមុនទៅលើហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនល្បឿននៃការចំណាយនេះ យើងនៅតែអាចមានកំណើនសេដ្ឋកិច្ច ៦ភាគរយ»។
វិធានការបែបនេះ បានកើតមានឡើងនៅមុនកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះ រវាងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាន។ មន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ានដំបូងគ្រោងនឹងជួបប្រជុំគ្នានៅក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក ប៉ុន្តែកិច្ចប្រជុំនោះត្រូវបានពន្យារពេលដោយសារមេរោគកូរ៉ូណា។
សមាគមអាស៊ានបាននិយាយកាលពីឆ្នាំ២០១៩ថា ខ្លួននឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ឬ RCEP ជាមួយនឹងប្រទេសអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង និងអាចឥណ្ឌាទៀត នៅក្នុងឆ្នាំ២០២០នេះ។ កិច្ចព្រមព្រៀងនេះត្រូវគេរំពឹងថានឹងកាត់បន្ថយពន្ធនាំចូល ដែលនឹងលើកទឹកចិត្តការនាំចេញ។
អ្នកស្រី Tham Siew Yean សាស្ត្រាចារ្យចូលនិវត្តន៍នៅសាកលវិទ្យាល័យ Universiti Kebangsaan Malaysia ថ្លែងថា៖ «កិច្ចព្រមព្រៀងនេះនឹងពង្រីកសមាហរណកម្ម ហើយដោយសារវាជាការជួបប្រជុំអន្តរជាតិដ៏ធំបំផុតមួយ វានឹងជាសញ្ញាដ៏ខ្លាំងក្លាដើម្បីគាំទ្រពាណិជ្ជកម្មអន្តរជាតិ ថ្វីបើពេលនេះកំពុងមានផលប៉ះពាល់អវិជ្ជមានពីមេរោគ Covid ក៏ដោយ»៕
ប្រែសម្រួលដោយ សឹង សុផាត