ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រាតត្បាត​វីរុសកូរ៉ូណា​នៅ​សិង្ហបុរី​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​រួសរាន់​ធ្វើ​តេស្ត​លើ​ពលករ​ចំណាកស្រុក


រូបឯកសារ៖ ប៉ូលិសពាក់សម្លៀកបំពាក់ការពារមកទទួលជនចំណាកស្រុកខុសច្បាប់ម្នាក់ អំឡុងពេលមានការបិទប្រទេស នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ប៉ូលិសពាក់សម្លៀកបំពាក់ការពារមកទទួលជនចំណាកស្រុកខុសច្បាប់ម្នាក់ អំឡុងពេលមានការបិទប្រទេស នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។

ប្រទេស​ម៉ាឡេស៊ីកំពុង​ប្រឹងប្រែង​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​លើ​ជន​ចំណាកស្រុក​រាប់​លាន​នាក់​ ដើម្បី​ជៀសវាង​មិន​ឲ្យ​មាន​ការ​រាតត្បាត​នៃ​វីរុស​នេះ​សារជាថ្មី ដូច​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​សិង្ហបុរី​ដែល​ជា​ប្រទេស​ជិតខាង ទី​ដែល​ពលករ​ចំណាកស្រុកត្រូវ​ស្នាក់អាស្រ័យ​ផ្តុំ​គ្នា​តាម​កន្លែង​ស្នាក់នៅ។ នា​ពេល​បច្ចុប្បន្ន​នេះ កន្លែង​ស្នាក់​នៅ​កកកុញ​របស់​ពលករ​ចំណាកស្រុក បាន​បង្ក​ឲ្យ​មានករណី​កើត​ជំងឺ​កូវីដ​១៩​ច្រើន​ជាង​គេ​នៅ​ប្រទេស​សិង្ហបុរី។

ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​មាន​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ជា​សាកល ប្រទេស​សិង្ហបុរី​ទទួល​បាន​ការកោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​នៅ​ក្នុង​ការ​គ្រប់គ្រង​វីរុស​ដែល​រាតត្បាត​យ៉ាង​ឆាប់រហ័ស​នេះ​ ដោយ​ការ​ចាត់វិធានការ​តាំង​ពី​ដំណាក់កាល​ដំបូង តាមរយៈ​ការ​អប់រំ​ពលរដ្ឋ​របស់​ខ្លួន​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ និង​ការ​ធ្វើ​ការ​តាមដាន​យ៉ាង​ដិតដល់។ យ៉ាងណាក្តី នៅ​ពាក់កណ្តាល​ខែ​មេសា​កន្លង​ទៅ​នេះ ការ​រាតត្បាត​នៅ​កន្លែង​ស្នាក់​នៅ​របស់​ពលកររាប់​សែន​នាក់ បាន​នាំ​ឲ្យ​មាន​ការ​កើនឡើង​ករណី​អ្នក​ឆ្លងជំងឺ​កូវីដ​១៩។ ឥឡូវ​នេះ​ ​សិង្ហបុរី​មាន​ករណី​អ្នកកើត​ជំងឺ​កូវីដ​១៩ ច្រើន​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​គិត​មក​ដល់​ត្រឹម​ថ្ងៃទី ១០ ខែឧសភា​កន្លង​ទៅ​នេះ មាន​ចំនួន​ជាង ២១.០០០ នាក់។

ផ្ទុយ​ទៅ​វិញ ម៉ាឡេស៊ី​មាន​ករណី​អ្នកជំងឺ​កូវីដ​១៩ ចំនួន ៦.៥៣៥នាក់ ហើយ​ចំនួន​តិច​ជាង ១០០០​នាក់ ក្នុង​ចំណោម​នោះ ជា​ជនចំណាកស្រុក។

ដូច​ប្រទេស​សិង្ហបុរី​ដែរ ម៉ាឡេស៊ី​ពឹងផ្អែក​ខ្លាំង​លើ​ពលកម្ម​តម្លៃ​ទាប​ពី​ប្រទេស​ជិតខាង​ដើម្បី​បំពេញ​តម្រូវការ​តាម​រោងចក្រ​ និង​សំណង់​ធំៗ​នៅ​ក្នុង​ប្រទេស។ ពលករ​មួយ ចំនួន​ក៏​បាន​ធ្វើ​ការ​នៅ​ចម្ការ​កៅស៊ូ និង​ដូងប្រេង​ផងដែរ។ រដ្ឋាភិបាល​ម៉ាឡេស៊ី​និយាយ​ថា ជនចំណាកស្រុក​ប្រមាណ ២លាន ៥​សែន​នាក់ បាន​មក​ធ្វើការ​ក្នុង​ប្រទេស​នេះ​ដោយ​ស្របច្បាប់ បើ​ទោះ​ជា​ចំនួន​ប្រហាក់ប្រហែលគ្នា​នេះ បាន​មក​ធ្វើ​ការ​ដោយ​ខុសច្បាប់​ក៏​ដោយ។ ហើយ​ដូច​ប្រទេស​សិង្ហបុរី​ដែរ ពលករ​ចំណាកស្រុក​មួយ​ចំនួននៅ​ម៉ាឡេស៊ី​បាន​មក​រស់នៅផ្តុំ​គ្នាតាម​កន្លែង​ស្នាក់​អាស្រ័យ​ទ្រង់ទ្រាយ​ធំ ឬ តាម​បន្ទប់​ជួល ដែល​មាន​ដាក់មនុស្ស​ពី​១០ ទៅ​២០​នាក់​ក្នុង​មួយ​បន្ទប់ ហើយ​ពេល​ខ្លះ​មាន​ច្រើន​ជាង​នេះ​ទៀត និង​មាន​បន្ទប់​ទឹក​តែ​មួយ​ប៉ុណ្ណោះ ក្នុង​មួយ​បន្ទប់។

សកម្មជន​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​លោក Andy Hall បាន​និយាយ​ថា៖

«នេះ​ពិតជា​សា្ថនភាព​ដ៏​គ្រោះថ្នាក់​មួយ»។

លោក​បាន​ថ្លែង​បន្ត​ថា «បន្ទប់​ជួល​ទាំង​នោះ​មិន​ត្រូវ​បាន​សាងសង់ឡើង​ដោយ​គិត​គូរ​ពីការ​រស់នៅឲ្យ​សមរម្យ​នោះ​ទេ ហើយពិត​ជា​មាន​ភាព​កកកុញ​ខ្លាំង​ណាស់»។

ដោយ​មាន​ការ​ព្រួយបារម្ភ​ថា ការ​រាប់​ចំនួន​អ្នក​ផ្ទុកវីរុស​កូរ៉ូណា​នៅ​ម៉ាឡេស៊ី​ប្រហែល​មិន​អាច​ធើ្វ​បាន​គ្រប់​ជ្រុងជ្រោយ ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា បាន​និយាយ​ថា ក្រសួង​កំពុង​តែ​រៀនសូត្រ​ពី​បទពិសោធន៍​នៅ​សិង្ហបុរី​ ដោយ​បាន​បិទ​តំបន់​ពលករ​រស់​នៅ​ដែល​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ និង​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​ទៅ​លើ​អ្នករស់​នៅ​ក្នុង​តំបន់​ទាំង​នោះ។

នៅ​ពេល​នោះ រដ្ឋមន្រ្តី​ក្រសូង​សុខាភិបាល​ម៉ាឡេស៊ី​លោក Noor Hisham Abdullah បាន​និយាយ​ក្នុង​សម្តី​ដើមថា៖

«យើង​បាន​រៀនសូត្រ​ពី​ប្រទេស​ជិត​ខាង​ដើម្បី​ពន្លឿន​ការ​ចាត់​វិធានការ​ផ្សេងៗ ដើម្បី​ឲ្យ​យើង​អាច​គ្រប់គ្រង​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ និង​ដោះស្រាយ​បញ្ហា​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​មិនមែន​ជា​ពលរដ្ឋ​ម៉ាឡេស៊ី»។

កាល​ពី​ថ្ងៃ​ទី០៤ ខែ​ឧសភា បន្ទាប់​ពី​មាន​ការ​កើន​ឡើង​នៃ​ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ នៅក្នុង​ក្រុម​មនុស្ស​ដែល​មិនមែន​ជា​ពលរដ្ឋ​ម៉ាឡេស៊ី រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​បាន​ចាត់​វិធានការ​កាន់​តែ​តឹងរ៉ឹង​ជាង​មុន។ ម៉ាឡេស៊ី​បាន​បញ្ជា​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​ទៅ​លើពលករ​ចំណាកស្រុកទាំងអស់​នៅ​ក្នុង​ប្រទេស។​

កិច្ចប្រឹងប្រែងធ្វើ​តេស្ត​នេះ នឹង​ត្រូវ​ការ​រយៈពេល​ជា​ច្រើន​ខែ។ នា​ពេល​បច្ចុប្បន្ន​ ម៉ាឡេស៊ី បាន​ធ្វើ​តេស្ត​លើ​មនុស្ស​យ៉ាងហោចណាស់ ១៥.០០០​នាក់ក្នុង​មួយ​ថ្ងៃ។ នៅ​ក្នុង​អត្រា​នេះ វា​នឹង​ត្រូវ​ការ​ពេលវេលា​លើស​ពី​ប្រាំ​ខែ​ដើម្បី​ធ្វើ​តេស្ត​លើ​រាល់​ពលករ​ចំណាកស្រុក​ដែល​មាន​ឈ្មោះ​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស ហើយ​នេះ​បើ​សន្មត​ថា គ្រប់​គ្រឿង​ប្រដាប់​ធ្វើ​តេស្ត​នឹង​ត្រូវ​ប្រើ​តែ​ទៅ​លើ​ពួកគេ ដែល​រឿង​នេះ វា​មិន​ពិត​នោះ​ទេ។ លើស​ពី​នេះ​ទៀត នៅ​មិន​ទាន់​រាប់​បញ្ចូល​ពលករ​ចំណាកស្រុក​រាប់លាន​នាក់​ដែល​បាន​មក​ធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ឡើយ​ទេ។

មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​បញ្ជា​ឲ្យ​ធ្វើ​តេស្ត​ទៅ​លើ​ពលករ​ចំណាកស្រុក សមាគម​វេជ្ជសាស្រ្ត​ម៉ាឡេស៊ី​បាន​ព្រមាន​ថា ការ​ជំរុញ​ឲ្យ​ធ្វើ​តេស្ត​ភ្លាមៗ នឹង​ដាក់​បន្ទុក​ខ្លាំង​ទៅ​លើ​មន្ទីរ​ពិសោធន៍​នៅ​ក្នុង​ប្រទេស និង​បង្ក​ជា​ឧបសគ្គ​ដល់​ផ្នែក​ដឹក​ជញ្ជូន​គ្រឿង​សម្ភារៈ។ សមាគម​នេះ បាន​ណែនាំ​ឲ្យ​មាន​ការ​ធ្វើ​តេស្តលើ​គោលដៅ​ជាក់លាក់​ និង​កិច្ចប្រឹងប្រែង​ខ្លាំង​ជាង​នេះ ក្នុង​ការ​អនុវត្តវិធានការ​រក្សា​គម្លាត​ពីគ្នា​នៅ​កន្លែង​ដែល​ពលករ​រស់នៅ​ និង​ធ្វើ​ការ។ ​

អ្នកស្រី Sumitha Shaanthinni Kisha នាយិកា​អង្គការ​គាំពារសិទ្ធិ​ពលករ​ចំណាកស្រុក​ម៉ាឡេស៊ី​ឈ្មោះ​ Our Journey បាន​និយាយ​ថា អ្នកស្រី​មាន​ «ការ​ព្រួយបារម្ភ​ខ្លាំង» ថា កន្លែង​រស់នៅ និង​ផ្ទះជួលដែល​ពលករ​រស់​នៅ អាច​ជា​កន្លែង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​សារ​ជា​ថ្មី ដូច​នៅ​ប្រទេស​សិង្ហបុរីដែរ។

ក្រៅ​ពី​ភាព​កកកុញ អ្នកស្រី​បាន​និយាយ​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«កន្លែង​ដែល​ពលករ​រស់​នៅ​ទាំង​នោះ ពេល​ខ្លះ​មិនមាន​ទឹកប្រើប្រាស់​ស្រួលបួល​នោះ​ទេ។ កម្រិត​អនាម័យ​នៅ​ទាប​នៅ​ឡើយ ដូច្នេះ​យើង​ពិត​ជា​មាន​ការ​បារម្ភ​ខ្លាំង​អំពី​កន្លែង​រស់​នៅ​របស់​ពួកគេ»។

ភាគច្រើន​នៃ​ការព្រួយបារម្ភ​ពី​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ក្នុង​ចំណោម​ពលករ​ចំណាកស្រុក​នៅ​ម៉ាឡេស៊ី គឺ​នៅ​ក្នុង​ឧស្សាហកម្មផលិត​ស្រោមដៃ​កៅស៊ូ ដែល​ផ្គត់ផ្គង់​ស្រោមដៃ​កៅស៊ូចំនួន​ពីរគូ ក្នុង​ចំណោម​រាល់​ស្រោមដៃ​កៅស៊ូចំនួន​បី​គូ នៅ​លើ​ពិភពលោក ក្នុង​នោះ​រួម​មាន​ស្រោមដៃ​កៅស៊ូ​ដែល​បុគ្គលិកពេទ្យ​ដែល​ជាអ្នក​ស្ថិត​នៅ​ជួរ​មុខ​ ប្រើប្រាស់​ផងដែរ។ រោងចក្រ​នៅ​ម៉ាឡេស៊ី​ភាគច្រើន ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ចំណាកស្រុក។

នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​អំឡុងពេលទិវា​ពលកម្ម​អន្តរជាតិ​ទៅ​កាន់​នយោជិក ក្រុមហ៊ុន​ Top Glove ដែល​ជា​ក្រុមហ៊ុន​ផលិតស្រោមដៃកៅស៊ូ​ធំជាង​គេ​ បាននិយាយ​ថា ខ្លួន​បាន​ត្រួត​ពិនិត្យ​កំដៅខ្លួន​របស់​កម្មករ​ជា​រៀងរាល់ថ្ងៃ ហើយ​ផ្តល់​ឲ្យ​ពួកគេនូវ​ម៉ាស់ និង​ស្រោមដៃ ការ​សម្អាត​មេរោគ​នៅ​កន្លែង​ធ្វើការ និង​ការ​អនុវត្ត​តាមវិធានការ​គឺ​ការរក្សា​គម្លាត​ពី​គ្នា «ដើម្បី​ធានា​ថា ​កម្មករ​នឹង​មាន​សុវត្ថិភាព​ និង​ការ​ការពារ​គ្រប់​ពេល​វេលា»។

អ្នក​ជំនាញ​ផ្នែក​សុខាភិបាល អ្នកគាំពារសិទ្ធិ​មនុស្ស និង​ពលករ​ខ្លួន​ឯង​ផ្ទាល់មាន​ការ​ព្រួយបារម្ភ​ពី​កន្លែង​ដែល​ពួកគេស្នាក់​អាស្រ័យ​ផងដែរ។

កម្មករ​ធ្វើការ​នៅ​រោងចក្រ Top Glove ម្នាក់​មក​ពី​ប្រទេស​នេប៉ាល់ បាន​ប្រាប់​ VOA ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ខ្លាច​មាន​ប្រតិកម្មពី​ក្រុមហ៊ុន យ៉ាងដូច្នេះ​ថា៖

«យើង​មាន​ការភ័យខ្លាច ដោយសារ​តែ​យើង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​នឹង​មនុស្ស​២៥​នាក់​ផ្សេង​ទៀត»។

កម្មករ​រូបនេះបាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«យើង​ធ្វើការ​នៅ​ក្នុង​ផ្នែក​ខុស​គ្នា និង​បាន​ជួបជាមួយ​នឹង​មនុស្ស​ផ្សេងៗ។ ពេល​ខ្លះ​ យើង​ធ្វើ​ការ​ជាមួយ​នឹង​អ្នកស្រុក​ដែល​មក​ពី​ក្រៅ។ ហើយ​ពេល​ខ្លះ​នៅ​ថ្ងៃ​ឈប់​សម្រាក​អ្នកស្នាក់​នៅ​ផ្ទះ​ជួល​បាន​ចេញ​ទៅ​ក្រៅ និង​ជួប​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត។ ដូច្នេះ ខ្ញុំ​ពិត​ជា​មាន​ការ​ភ័យខ្លាច​ថា នឹង​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ជា​មិន​បាន​ទទួល​ការ​ការពារសោះ​ឡើយ»។

រាល់​ប្រាំមួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ បន្ទាប់​ពី​ធ្វើការ១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ លោក​បាន​ជិះ​ក្នុង​រថយន្ត​បឺស​របស់​ក្រុមហ៊ុន​ដែល​មាន​ដាក់​មនុស្ស​យ៉ាង​កកកុញ​ត្រឡប់​ទៅ​ផ្ទះ​ជួល​ដែល​ជា​របស់​ក្រុមហ៊ុន​ដែរ នៅ​ជាយ​ក្រុង​កូឡាំឡាំពួរ។ នៅ​ក្នុង​បន្ទប់​ជួល​នោះ មាន​ការ​ព្យួរ​ខោអាវ​ហាល​លើ​ដែក ហើយ​ខ្នើយភួយ​ត្រូវ​បាន​ដាក់​អម​នឹង​ជញ្ជាំង​ទទេរ។ ដោយសារ​មិន​មាន​ផ្ទះ​បាយ កម្មករ​ត្រូវ​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង​នៅ​លើ​ឥដ្ឋ និង​ប្រើ​បន្ទប់​ទឹក​មួយ​រួម​គ្នា។ នៅក្នុង​បន្ទប់​នោះ មាន​កង្ហារ​តែ​ពីរបី ដែល​មិន​អាច​ផ្តល់​ភាពត្រជាក់​គ្រប់គ្រាន់​ទេ។

បុរស​ជា​កម្មករ​នោះ​បាននិយាយ​ថា ចំពោះ​កា​រ​ក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា «វា​ជា​រឿង​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​ទេ»។

លោក​បាន​និយាយ​ថា បន្ទប់​របស់​លោក​មិន​ត្រូវ​បាន​លាង​សម្អាត​មេរោគ​ទេ ហើយ​ថា ក្រុមហ៊ុន Top Glove មិន​បាន​ប្រាប់​កម្មករ​ពី​ការ​ធ្វើ​តេស្ត​នោះ​ទេ។ នៅ​កន្លែង​ធ្វើការ ក្រុមហ៊ុន​បាន​ឲ្យស្រោមដៃ ម៉ាស និង​ទឹកអាកុល​លាងដៃ​ទៅ​កម្មករ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​ការ​តម្រង់ជួរ​នៅ​ជិត​គ្នា​នៅ​មាត់​ច្រកចូល ដើម្បី​ពិនិត្យ​មើល​កំដៅ​ខ្លួន​នៅ​មុន​ពេល​ចាប់ផ្តើម​វេន​ធ្វើការ​ម្តងៗ និង​មិន​សូវ​បាន​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​រក្សា​គម្លាត​ពី​គ្នា​ប៉ុន្មាន​ទេ នៅ​ពេល​កម្មករ​ស្ថិត​នៅក្នុង​រោងចក្រ​។ វីដេអូ​ចែក​រំលែក​ដោយ​កម្មករ​នានា បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ដូច​ការរៀប​រាប់​ខាង​នេះ។

ក្រុមហ៊ុន Top Glove និង​សមាគម​ផលិត​ស្រោមដៃ​កៅស៊ូ​ម៉ាឡេស៊ី ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន Top Glove និង​វិស័យ​ទាំងមូល បាន​បដិសេធ​សំណើរ​សុំ​សម្ភាសន៍។

អង្គការ​គាំពារ​សិទ្ធិ​មនុស្ស បាន​អំពាវនាវ​ឲ្យ​មាន​ស្ថានភាព​នៅកន្លែង​ធ្វើការ​ និង​រស់នៅ​ប្រសើរ​ជាង​មុន​សម្រាប់ពលករ​ចំណាកស្រុក។ លោក Hall ដែល​ជា​អ្នក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​បាន​និយាយ​ថា ឥឡូវ​នេះ នៅ​ពេល​ដែល​ការប្រឈម​នឹង​វីរុស​កូរ៉ូណា អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទាំង​មូលនោះ អាជ្ញាធរ នយោជក និង​អតិថិជន​គួរ​តែចាប់ផ្តើម​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន ទៅ​លើ​ស្ថានភាព​នៅកន្លែង​ធ្វើការ​ និង​រស់នៅពលករ​ចំណាកស្រុក។

លោក​ Hall បាន​និយាយ​ក្នុងសម្តី​ដើម​ទៀត​ថា៖

«អ្នក​ទាំងអស់​គ្នា​ដឹង​ហើយ​ថា នៅ​ពេល​មាន​ជំងឺ​រាតត្បាត​នេះ​ កន្លែង​និង​ស្ថានភាព​រស់នៅរបស់​កម្មករ គឺ​អាច​បង្កគ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ​ទាំង​មូល​នៅ​ក្នុង​ប្រទេស»។

លោក​បាន​ថ្លែង​បន្ថែម​ក្នុងសម្តី​ដើម​ទៀត​ថា៖

«ដូច្នេះ ខ្ញុំ​គិត​ថា នេះ​ជាបញ្ហា​រយៈពេល​យូរ​មួយ ដែល​ត្រូវធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​កម្មករ​ទាំង​នោះ អាច​រស់នៅ​ក្នុង​កន្លែង​មួយ​ដែល​មាន​បរិស្ថាន​ល្អ​ ប្រកប​ដោយ​អនាម័យ និង​ទីធ្លា​ធំ​ទូលាយ​ជាង​មុន​នោះ»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG