ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​និយាយ​អំពី​លក្ខខណ្ឌ​ជនភៀស​ខ្លួន​ពី​អូស្ត្រាលី ខណៈ​មាន​ការ​រិះគន់


លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​នៅ​ក្នុ​ងសន្និសីទ​ព័ត៌មាន​រួម​ក្នុង​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ច័ន្ទ​​ទី​២៩ ខែ​កញ្ញា ឆ្នាម​២០១៤ អំពី​បញ្ហា​កិច្ចព្រមព្រៀង​ចម្រូងចម្រាស់​រវាង​កម្ពុជា​និង​អូស្ត្រាលី។ (Reuters)
លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​នៅ​ក្នុ​ងសន្និសីទ​ព័ត៌មាន​រួម​ក្នុង​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ច័ន្ទ​​ទី​២៩ ខែ​កញ្ញា ឆ្នាម​២០១៤ អំពី​បញ្ហា​កិច្ចព្រមព្រៀង​ចម្រូងចម្រាស់​រវាង​កម្ពុជា​និង​អូស្ត្រាលី។ (Reuters)

មន្ត្រី​ផ្លូវការ​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​ដែល​នឹង​ត្រូវ​បញ្ជូន​ពី​ប្រទេស​អូស្រ្តា​លី​នឹង​ត្រូវ​ដាក់​ឲ្យ​ស្នាក់​នៅក្រៅ​ដែន​ដី​រាជធានី​ភ្នំពេញ​ ក៏​ប៉ុន្តែ​មិន​មាន​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​ទីតាំងជាក់​លាក់​និង​ចំនួន​នៃ​ជន​ភៀស​ខ្លួន​នៅ​ឡើយ​ទេ។

លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​នៅ​ក្នុ​ងសន្និសីទ​ព័ត៌មាន​រួម​ក្នុង​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ជន​ស្វែង​រក​សិទ្ធិជ្រក​កោណ​ចម្រុះ​ជាតិ​សាសន៍​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូនជា​ក្រុម​តូច​ហើយ​នឹង​ត្រូវ​ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​បណ្តោះ​អាសន្ន​ក្នុង​រាជធានី​ភ្នំពេញ​រយៈ​ពេល​មួយ​ឆ្នាំ​មុន​នឹង​បញ្ជូន​ពួក​គេ​ទៅ​រស់​នៅ​ទីតាំង​មួយ​ដែល​នឹង​ត្រូវ​កំណត់​នៅ​ពេល​ក្រោយ។

«នៅ​ទីណា​នោះ ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ថា នៅ​ក្រៅ​រាជធានី​ភ្នំពេញ តែ​មណ្ឌល​ស្នាក់​នៅ​បណ្តោះ​អាសន្ន យើង​ដាក់​ឲ្យ​ស្នាក់​នៅ​ភ្នំពេញ»។

លោក ឡុង វីសាលោ ពន្យល់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ជនភៀស​ខ្លួន​ទាំង​នេះ​ស្នាក់​នៅ​ទី​ក្រុង​ភ្នំពេញ​ដោយសារ​តែ​នៅ​ភ្នំពេញ​មាន​ចំនួន​ប្រជាពល​រដ្ឋ​ច្រើន​ពេក​ទៅ​ហើយ។ មួយ​វិញ​ទៀត ជនភៀស​ខ្លួន​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ចំណែក​កម្ម​សិទ្ធិ​ដី​ធ្លី​សម្រាប់​រស់​នៅ​និង​ប្រកប​របប​ចិញ្ចឹម​ជីវិត​ផង​ដែរ។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ​នេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​និង​លោក​ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី​បាន​ចុះ​ហត្ថលេខាជា​ផ្លូវការ​លើអនុ​ស្សរណៈ​នៃការ​យោគ​យល់​គ្នា​ស្តី​អំពី​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​អូស្រ្តាលី​ឲ្យ​ស្នាក់​នៅ​កម្ពុជា។ កិច្ច​ព្រមព្រៀង​នេះ​ទទួល​រង​ការ​រិះ​គន់​ជា​ច្រើន​និង​មាន​ការ​ប្រឆាំង​តវ៉ា​ពី​សកម្មជននិង​ជន​រង​គ្រោះ​ដោយសារ​ជម្លោះ​ដី​ធ្លី​នៅ​ក្នុងទី​ក្រុង​ភ្នំពេញ។

កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​យក​ជន​ភៀសខ្លួន​ពី​អូស្ត្រាលី
សូម​រង់ចាំ

No media source currently available

0:00 0:04:56 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

មាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​មាន​ជនជាតិ​ផ្សេងៗ​ប្រមាណ​១.០០០​នាក់កំពុង​ស្ថិត​ក្នុង​ជំរំ​បណ្តោះ​អាសន្ននៃ​សាធារណរដ្ឋ ណូរូ (Nauru) ដែល​ជា​ដីកោះ​ដ៏​តូច​មួយក្នុង​ដែន​មហា​សមុទ្រ​ប៉ាស៊ីភិក​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​អូស្ត្រាលី។

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន ថ្លែង​ក្នុ​ងពិធី​ចែក​សញ្ញាបត្រ​មួយ​ក្នុ​ងទី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃនេះ​ដែរ​ថា កម្ពុជា​បាន​ឈរ​លើ​គោលការណ៍​មនុស្ស​ធម៌​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​អូស្ត្រាលី​ឲ្យ​មក​ស្នាក់​នៅ​អចិន្ត្រៃយ៍​នៅ​កម្ពុជា។ បើ​យោង​តាម​លោក ឡុង វិសាលោ និង​លោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋ​មន្ត្រី​អន្តោ​ប្រវេសន៍​អូស្ត្រាលី ជន​ភៀស​ខ្លូន​ចម្រុះ​ជាតិសាសន៍​នឹង​ត្រូវ​មក​ដល់​កម្ពុជា​នៅ​ចុង​ឆ្នាំ​២០១៤​នេះ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

យោង​តាមកិច្ច​ព្រម​ព្រៀង​រួម​កម្ពុជាអូស្ត្រាលី​ដែល​ស្រង់​ដោយ​លោក ឡុង វិសាលោ ទី​ក្រុង​កង់ប៊ែរ៉ា ត្រូវ​ទទួល​បន្ទុក​ចំណាយ​និង​សោហ៊ុយ​ទំនុក​បម្រុង​ជនភៀស​ខ្លួន​នៅ​កម្ពុជា​ចាប់​តាំង​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ចាក​ចេញ​ពី​ជំរុំ ណោរូ រហូត​មក​ដល់​ការ​ស្នាក់​នៅ​កម្ពុជា ដូច​ជា​ការ​រៀន​មុខ​ជំនាញ​សម្រាប់​ប្រកប​របប​ចិញ្ចឹម​ជីវិត ការ​តាមដាន​ផ្នែក​សុខភាព​រយៈ​ពេល​ប្រាំ​ឆ្នាំ​នៅ​កម្ពុជា ​ការ​អប់រំ​និង​សិក្សា​ភាសា​ខ្មែរ​សម្រាប់​ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម​កម្ពុជា។ ភាគី​អូស្ត្រាលី​នឹង​គាំពារ​រហូត​ដល់​ជន​ភៀស​ខ្លួន​មាន​លទ្ធភាព​រស់​ដោយ​ខ្លួន​ឯង​បាន ដោយ​បូក​រួមជាមួយ​នឹង​ប្រទេស​អូស្ត្រាលី​នឹង​ជូយ​អភិវឌ្ឍ​នៅ​តំបន់​សមាហរណកម្ម​របស់​ពួក​គេ។

លោក​រដ្ឋលេខាធិការ​ការ​បរទេស​កម្ពុជា​បញ្ជាក់​ថា ក្រោយ​ពី​ការ​ស្នាក់​នៅ​ក្នុង​មណ្ឌល​បណ្តោះអាសន្ន​ក្នុ​ងទី​ក្រុង​ភ្នំពេញ​រយៈ​ពេល​មួយ​ឆ្នាំ​រួច​ហើយ ប្រសិន​បើ​ជន​ភៀស​ខ្លួន​មិន​ពេញ​ចិត្ត​អាច​នឹង​ស្នើ​សុំ​ការ​ស្នាក់​នៅ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ឬ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​បាន។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ពួក​គេ​ស្នាក់​នៅ​កម្ពុជា​ពួក​គេ​នឹង​មាន​សិទ្ធិ​ពេញ​លេញ​ដូច​ជន​បរទេស​ដទៃ​ទៀត​ដែរ​រួម​ទាំង​សិទ្ធិ​ទទួល​សញ្ជាតិ​កម្ពុជា​ព្រម​ទាំង​សិទ្ធិ​ធានា​ក្រុម​គ្រួសារ​របស់​ពួក​គេ​មក​រស់​នៅ​កម្ពុជា​បន្ថែម​ទៀត​ផង។

លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​នៅ​ក្នុ​ងសន្និសីទ​ព័ត៌មាន​រួម​ក្នុង​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ច័ន្ទទី​២៩ ខែ​កញ្ញា ឆ្នាម​២០១៤ អំពី​បញ្ហា​កិច្ចព្រមព្រៀង​ចម្រូងចម្រាស់​រវាង​កម្ពុជា​និង​អូស្ត្រាលី។ (Reuters)
លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​នៅ​ក្នុ​ងសន្និសីទ​ព័ត៌មាន​រួម​ក្នុង​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ច័ន្ទទី​២៩ ខែ​កញ្ញា ឆ្នាម​២០១៤ អំពី​បញ្ហា​កិច្ចព្រមព្រៀង​ចម្រូងចម្រាស់​រវាង​កម្ពុជា​និង​អូស្ត្រាលី។ (Reuters)

អង្គការ​ការពារសិទ្ធិមនុស្ស​ធំៗ​ដូចជា ​Amnesty International ដែល​មាន​មូលដ្ឋាន​ក្នុង​ទី​ក្រុង​ឡុងដ៍ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​រិះ​គន់​ការ​សម្រេច​ចិត្ត​របស់​រដ្ឋា​ភិបាល​ទាំង​ពីរ​ក្នុ​ងការ​បញ្ជូន​ជន​ស្វែង​រក​សិទ្ធិជ្រក​កោណ​ពី​អូស្ត្រាលី​មក​កាន់​កម្ពុជា។

កាល​ពី​ថ្ងៃ​សុក្រ ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​បាន​លើក​ពី​កង្វល់​របស់​ខ្លួនចំពោះ​កិច្ច​ព្រម​ព្រៀង​កម្ពុជា​អូស្ត្រាលី​ក្នុ​ង​ការ​តាំង​លំនៅ​ថ្មី​នៃ​ជនភៀស​ខ្លួន​ទាំង​នោះ។ ឧត្តម​ស្នង​ការ​សហប្រជា​ជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​បញ្ជាក់​ថា ជន​ភៀស​ខ្លួន​ទាំង​នេះ​មិន​គួរ​ត្រូវ​គេ​បញ្ជូន​ចេញ​ពី​ប្រទេស​គោលដៅ​ដែល​គេ​មាន​បំណង​ស្វែង​រក​សិទ្ធិជ្រក​កោណ​នោះទេ។

លោក អ៊ូ វីរៈ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាបាន​បន្ទោស​ថា កម្ពុជា​គិត​ខ្លី​ពេក​ចំពោះ​រឿង​នេះ។

«រដ្ឋាភិបាល​គិត​ថា ប្រហែល​ជា​មួយ​ឆ្នាំ​ទៅ ជនភៀស​ខ្លួន​ទាំង​នេះ​នឹង​ស្មគ្រ័​ចិត្ត​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​ខ្លួនឯង។ តែ​ប្រសិន​បើ​មើល​មែន​ទែន​ពួក​គាត់​មក​ពី​តំបន់ អារ៉ាប់ តំបន់​មជ្ឈឹមបូព៌ា​ គឺ​ជា​តំបន់​ដែល​កំពុង​មាន​សង្គ្រាម​ មាន​ភេរវកម្ម និង​ជា​តំបន់​ដែល​មាន​បញ្ហា​ច្រើន។ ចឹង​បើ​រំពឹង​ថា ពួក​គាត់​ទៅ​ប្រទេស​វិញ មិន​ងាយ​ទេ។ នេះ​ជា​ការ​គិត​ងាយ​ស្រួល​ជ្រុល។ ទី២ រដ្ឋា​ភិបាល​គិត​ថា ជំនួយ​ប៉ុណ្ណឹង អាច​ជួយ​ឲ្យ​ជន​ភៀស​ខ្លួន​ចេះ​ភាសា​ខ្មែរ ចូល​ក្នុង​សង្គម​ខ្មែរ​ អាច​រក​ការងារ​ធ្វើ​ចិញ្ចឹម​ខ្លួន​ឯង​នៅ​អនាគត​បាន។ ប៉ុន្តែ ខ្ញុំជា​អតីត​ជន​ភៀស​ខ្លួន​ម្នាក់​ដែរ ខ្ញុំ​មើល​ទៅ​មិន​អាច​ទៅរួច​ទេ។​សូម្បី​តែ​យើង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​អ្នក​មាន​ផង យើង​ត្រូវ​ការ​រយៈ​ពេល​បួន​ប្រាំ​ឆ្នាំ យើងមិន​ទាន់​ធ្វើ​ខ្លួន​យើង​ឲ្យ​រស់​នៅ​ត្រឹម​ត្រូវ។ យើង​ត្រូវ​ការ​ជួយ​ជំនួយ​ដល់​ប្រាំ​ឆ្នាំ​ឯណោះ»។

យ៉ាង​ណា​ក៏​ដោយ​លោកឡុង វិសាលោ រដ្ឋលេខាធិការ​ការបរទេស​បញ្ជាក់​ថា​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​អូស្ត្រាលី​ស្តី​ពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​រស់​នៅ​កម្ពុជា​អាច​នឹង​ធ្វើ​ត្រូវ​បាន​វិសោធនកម្ម ឬ​មាន​ន័យ​ថា កែ​សម្រួល​បាន​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ទៀត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG