ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី៖ «សមយុទ្ធ​នាគ​មាស»រវាង​ចិន​និង​កម្ពុជា​មិន​គំរាម​ប្រទេស​ណា​ឡើយ


សមយុទ្ធនាគមាស​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ចិន​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៣ ខែមីនា ដល់​ទី​៥ ខែ​មេសា ឆ្នាំ​២០២៣ ​​​នៅ​មជ្ឃម​ណ្ឌល​ហ្វឹក​ហ្វឺន​របស់​កង​រាជ​អាវុធ​ហត្ថ ភ្នំ​ជុំរី​ករាយ ​ភូមិ​សាស្ត្រ​ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង។ (Facebook/ក្រសួង​ការពារជាតិ)
សមយុទ្ធនាគមាស​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ចិន​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៣ ខែមីនា ដល់​ទី​៥ ខែ​មេសា ឆ្នាំ​២០២៣ ​​​នៅ​មជ្ឃម​ណ្ឌល​ហ្វឹក​ហ្វឺន​របស់​កង​រាជ​អាវុធ​ហត្ថ ភ្នំ​ជុំរី​ករាយ ​ភូមិ​សាស្ត្រ​ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង។ (Facebook/ក្រសួង​ការពារជាតិ)

ក្រោយ​ខក​ខាន​ពី​រឆ្នាំ​ជាប់​គ្នា កង​ទ័ព​កម្ពុជា និង​ចិន ចាប់​ផ្តើម​បើក​សម​យុទ្ធ​រួម​គ្នា​សាជាថ្មី​ ដើម្បី​រឹត​ចំណង​ទ្វេ​ភាគី​កាន់​តែ​រឹង​មាំ ហើយ​មន្រ្តី​កម្ពុជា​អះអាង​ថា​សម​យុទ្ធ​នេះ​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ណា​ឡើយ។

សមយុទ្ធ​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៣ ខែមីនា ដល់​ទី​៥ ខែ​មេសា ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​នៅ​មជ្ឃម​ណ្ឌល​ហ្វឹក​ហ្វឺន​របស់​កង​រាជ​អាវុធ​ហត្ថ ភ្នំ​ជុំរី​ករាយ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង។

សមយុទ្ធ​«នាគមាស​ឆ្នាំ២០២៣»ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ«ប្រតិ​បត្តិ​ការ​ការ​ពារ​សន្តិ​សុខ​ក្នុង​ព្រឹត្តិ​ការណ៍​ធំៗ​ និង​ការ​ជួយ​សង្គ្រោះ​មនុស្ស​ធម៌​នៃ​កង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​កម្ពុជា​-ចិន​» ដែល​មាន​គោល​បំណង​ធំ​នោះ​គឺ​«ផ្លាស់​ប្តូរ​បទពិសោធន៍»​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ។ នេះ​បើ​តាម​មន្រ្តី​កម្ពុជា។

ក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​អង្គារ ​លោក​ ថោង សូលីម៉ូ អ្នក​នាំ​ពាក្យ​អគ្គ​បញ្ជា​ការ​កង​យោធ​ពល​ខេ​ម​រ​ភូ​មិន្ទ លើក​ឡើង​ថា​សមយុទ្ធ​នេះ​មិន​មែន​ជា​ការ​ធ្វើ​ឡើង​ដើម្បី​គំរាម​នរណា​ឡើយ ខ​ណៈ​កម្ពុជា​ស្វា​គមន៍​ចំ​ពោះ​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ចង់​ធ្វើ​សមយុទ្ធ។

លោកថ្លែង​ថា​៖ «កម្ពុជា​ស្វាគមន៍​គ្រប់​បណ្តា​ប្រទេស​ទាំង​អស់​ដែល​មាន​បំណង​ចង់​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា ប៉ុន្តែ​អ្វី​ដែល​ជា​សំណូម​ពរ​របស់​កម្ពុជា​។ ទី​១សាមី​ប្រទេស​ដែល​ចង់​ធ្វើ​សម​យុទ្ធ​ជា​មួយ​កម្ពុជា ត្រូវ​តែ​ធ្វើ​សំណើ​មក​រាជ​រដ្ឋាភិ​បាល​កម្ពុជា ហើយ​រាល់​ប្រធាន​បទ​ដែល​លើក​យ​ក​មក​នោះគឺ​ត្រូវ​ឱ្យ​សម​ស្រប​ទៅ​នឹង​គោល​នយោ​បាយ​រប​ស់​រដ្ឋា​ភិ​បាល​កម្ពុជា​ ស្រប​ទៅ​នឹង​ច្បាប់​អន្តរ​ជាតិ​ ហើយ​នឹង​មិន​មាន​ការ​គំ​រាម​កំហែង​ឬ​ប្រ​ឆាំង​នឹ​ង​ប្រទេ​ស​ទី​៣ហើយ»។

លោក​បន្ថែម​ថា​កង​ទ័ព​របស់​កម្ពុជា​ចូល​រួម​នៅ​ក្នុង​សម​យុទ្ធ​មួយ​នេះ​មាន​ប្រមាណ​៥៨៣​នាក់​ ហើយ​សម្ភារៈ​ប្រើប្រាស់​ មាន​ដូច​ជា​ឧបករ​ណ៍​រាវ​មីន ការ​បំ​ផ្ទុះ​គ្រា​ប់​មី​ន​ និង​ការ​បន្សាប​ជាតិ​គីមី។ ចំណែក​ភាគី​ចិន មាន​កងទ័ព​ចំនួន​២៥៧​នាក់ ហើយ​សម្ភារៈ និង​គ្រឿង​បំពាក់ដែល​នឹង​ត្រូវ​បាន​ប្រើ​ប្រា​ស់​នៅ​ក្នុង​សម​យុទ្ធ​នេះ​ មាន​ដូច​ជា​រថយន្ត​៤៣​គ្រឿង​ អាវុធ​ថ្មើរ​ជើង សម្ភារៈ​ស៊ើប​ការណ៍​ គ្រឿង​បោស​សម្អាត​ជាតិ​ផ្ទុះ និង​ឧ​បករណ៍​បន្សាប​ជា​តិគីមី រួម​ទាំង​សម្ភារៈ​បរិក្ខារ​សុខា​ភិបា​ល​ជា​ដើម។

បើ​តា​ម​អ្នក​នាំ​ពាក្យ​រូប​នេះ កម្ពុជា​និង​ចិនក៏​បាន​អ​ញ្ជើ​ញ​អ្នក​ស​ង្កេត​ការ​មក​ពី​ប្រ​ទេ​ស​ទាំង​១០ដែ​ល​ជា​ស​មា​ជិក​អង្គ​ការ​តំប​ន់​អា​ស៊ា​ន​ផង​ដែរ។

សម​យុទ្ធ​នាគមាស​នេះ​ធ្លាប់​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​៤​លើក​មក​ហើយ​គឺ​នៅ​ក្នុ​ងឆ្នាំ​២០១៦ ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០។ ក្នុង​ឆ្នាំ​២០១៧ សម​យុទ្ធ​មួយ​នេះ​មិន​បាន​ធ្វើ​ឡើង​ដោយ​សារ​ភាគីក​ម្ពុជាជាប់​រវល់​ក្នុង​យុទ្ធ​នា​ការ​បង្ក្រាប​គ្រឿង​ញៀន និង​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ ចំណែក​ក្នុង​ឆ្នាំ​២០២១ និងឆ្នាំ២០២២ សម​យុទ្ធ​ខក​ខាន ដោយ​សារ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ ផ្សាយ​កាល​ពី​សប្តាហ៍​មុន នាវា​ដឹក​សម្ភារៈ​របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន សម្រាប់​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​កម្ពុជា បាន​មក​ដល់​កំពង់​ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​មីនា ឆ្នាំ​២០២៣។

សមយុទ្ធ​នេះ​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ការពារ​នូវ​សន្តិសុខ​ចំពោះ​ព្រឹត្តិការណ៍​ធំៗ និង​របៀប​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​មហន្ត​រាយ​នានា​ដែល​កើត​ចេញ​ពីយថា​ហេតុ​ណាមួយ។

ខណៈ​កម្ពុ​ជា​ត្រូវ​បាន​គេ​មើល​ឃើ​ញ​ថា​ងាក​កាន់​តែ​ខ្លាំងទៅ​រក​ចិន កម្ពុជា​បាន​សម្រេច​លុប​ចោល​សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា​«ឆ្មាំអង្គរ​»ជាមួយ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០១៧ ក្រោម​ហេតុផល​ថា​កាល​នោះ​កម្ពុជា​មមាញឹក​ជាមួយ​ការ​បង្ក្រាប​គ្រឿង​ញៀន​និង​ត្រៀម​សម្រា​ប់ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ​មាន​សញ្ញា​នៃ​ការ​ធ្វើ​សម​យុទ្ធ​ជា​មួយ​គ្នា​សា​ជា​ថ្មី​ឡើយ​ទេ។

អ្នកវិភាគ​នយោបាយ​ លោក មាស នី ប្រាប់​វីអូ​អេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​ធ្វើ​សម​យុទ្ធ​រវាង​កម្ពុ​ជា​និង​ចិន មិន​មាន​អ្វី​ជា​ការ​សង្ស័យ​ឡើយ ដោយ​សារ​តែ​ទំនាក់​ទំន​ង​កម្ពុជា​និង​ចិន​ បាន​ឈាន​ដល់​ដំណាក់​កាល «មិត្ត​ភាព​គ្រប់​ជ្រុង​ជ្រោយ»។ លោក​បន្ថែម​ថា​កម្ពុជា​នឹង​នៅ​តែ​បន្ត​រង​ការ​រិះ​គន់​ពី​ប​ណ្តា​ប្រ​ទេស​លោ​ក​ខាង​លិច​ ដោយ​ហេតុ​ថា​កម្ពុជា​មាន​តែ​សមយុទ្ធ​យោ​ធា​ជា​មួយ​ចិន។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ ប្រសិន​បើ​យើង​លម្អៀង​ធ្វើ​តែ​ម្ខាង​ ដូច​កាល​ដែល​យើ​ង​ឃើញ​កាល​ពី​មុន​នោះ ហើយ​យើង​លុប​ចោល​នូវ​ផែន​ការ​ផ្សេង​ជា​មួយ​ម្ខាង​ទៀត​នោះ​ អា​ហ្នឹង​វា​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​រអិល​ចូល​ទៅ​ក្នុង​ភូមិ​សាស្ត្រ​នយោ​បាយ​កាន់​តែ​ជ្រៅ»។

បើ​តាម​លោក មាស នី ការ​ដែល​កម្ពុជា​មិន​អាច​មាន​សម​យុទ្ធ​ជា​មួយ​សហ​រដ្ឋ​អាមេ​រិក ដោយ​សារ​តែ​កម្ពុ​ជា​ជាប់​ទៅ​ដោ​យ​វិបត្តិ​ន​យោបាយ​ ដូច​ជា​បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិប​តេយ្យ​ជាដើម។ លោក​បន្ត​ថា​កម្ពុជា​ងាក​ទៅ​ចិន​ខ្លាំង​នៅ​ពេល​ដែល​ស្ថាន​ការណ៍​នយោ​បាយ​ផ្លាស់​ប្តូរ​កាល​ពី​ឆ្នាំ​២០១៧ គ្រា​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​រំលាយ ហើយ​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​លោក​ខាង​លិច។

លោក មាស នី បញ្ជាក់​ថា​ពេល​នោះ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ងាក​កាន់​តែ​ខ្លាំង​ទៅ​រក​ចិន ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោ​បាយ៕

XS
SM
MD
LG