ភ្នំពេញ — ខណៈមានការឆ្លងរាលដាលវីរុសកូរ៉ូណានៅទូទាំងពិភពលោក បណ្ដាពិធីជួបជុំតូចធំគ្រប់ប្រភេទ គ្រប់ទម្រង់ ស្ទើរតែទាំងអស់ត្រូវបានគេលុបចោល ឬពន្យារពេល។ តែវិបត្តិនេះមិនអាចបញ្ឈប់ការធ្វើលំហាត់ហ្វឹកហ្វឺនទ័ពជើងគោករួមគ្នារវាងកម្ពុជា និងចិនបានទេ។
កងកម្លាំងមកពីកងយោធពលខេមរភូមិន្ទរបស់កម្ពុជានិងកងទ័ពរំដោះប្រជាជនចិន បានប្រមូលផ្ដុំគ្នាធ្វើការហ្វឹកហាត់មួយឈ្មោះថា «សមយុទ្ធនាគមាស២០២០» ដែលប្រើប្រាស់កងកម្លាំងទាំងពីរប្រទេសប្រមាណ៣ពាន់នាក់។ សមយុទ្ធនេះបានចាប់ផ្ដើមកាលពីថ្ងៃទី១៥ខែមីនា និងគ្រោងបន្តធ្វើរហូតដល់ចុងខែមីនានេះ។
ការធ្វើសមយុទ្ធនាគ្រាមានជំងឺរាតត្បាតដ៏សាហាវដែលពិភពលោកបាននិងកំពុងព្រួយបារម្ភ នេះ បង្ហាញអំពីការស្រវាឱបក្រសោបគ្នាកាន់តែខ្លាំងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ គឺទីរដ្ឋាភិបាលក្រុងភ្នំពេញ។ អ្នកតាមដានស្ថានការណ៍គូសបញ្ជាក់ថា កត្តាមួយទៀតដែលរុញប្រទេសទាំងពីរជិតគ្នាថែមទៀត គឺការតទល់នឹងជំងឺកូវីដ១៩។
ខណៈប្រទេសចិនកំពុងមមាញឹកប្រយុទ្ធនឹងការរាតត្បាតវីរុសនេះ កាលពីដើមខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅក្រុងប៉េកាំង ក្រោយពីក្រសួងការបរទេសចិនមិនអនុញ្ញាតឱ្យលោកចូលទៅទីក្រុង Wuhan ចំណុចកណ្ដាលនៃការឆ្លងវីរុសកូរ៉ូណា។
លោកបានសម្រេចមិនបិទជើងហោះហើរពីប្រទេសចិន មិនជម្លៀសពលរដ្ឋកម្ពុជា និស្សិតនិងអ្នកការទូតពីប្រទេសចិនឡើយ ដោយថា ពួកគេ «ត្រូវរួមសុខរួមទុក្ខ» ជាមួយប្រជាជនចិនក្នុងកាលៈទេសៈលំបាក។ កាលពីថ្ងៃពុធ លោក ហ៊ុន សែន បានថ្លែងថា នេះជាការសម្រេចចិត្តត្រឹមត្រូវ ដោយលោកបញ្ជាក់ថា បើលោកយកយន្តហោះទៅដឹកនិស្សិតទាំងនោះ វានឹង «បំផ្លាញចំណងទាក់ទងកម្ពុជាចិន»។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសរសេរក្នុងសំណេរមួយផ្ញើទៅកាន់បណ្ដាសារព័ត៌មានគាំទ្ររដ្ឋាភិបាលដែលផ្សាយព្រមៗគ្នា កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយសរសើរជម្រើសកម្ពុជា។
លោកបានសរសេរថា៖ «មានតែវាយោបក់បោកខ្លាំង ទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ។ មានតែក្នុងកាលៈទេសៈនៃការលំបាក ទើបស្គាល់ពីមិត្តភ័ក្តិពិតប្រាកដ»។
នៅពេលអត្រាឆ្លងមេរោគកូរ៉ូណានៅចិនធ្លាក់ចុះ ករណីឆ្លងនៅកម្ពុជាបានកើនឡើងដល់ទៅជិត ១០០នាក់ហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ចិនបានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល៧នាក់ និងយោធា៤នាក់ មកជួយក្រសួងសុខាភិបាលកម្ពុជា ដោយភ្ជាប់ជាមួយជំនួយបរិក្ខារពេទ្យផងដែរ។
នៅទីតាំងធ្វើសមយុទ្ធនាគមាសទៀតសោត ចិនក៏បានប្រគល់បរិក្ខារវេជ្ជសាស្ត្រមួយចំនួនដល់សមភាគីកម្ពុជាបន្ថែមទៀត។
លោកបណ្ឌិត មាស នី អ្នកអត្ថាធិប្បាយនយោបាយកម្ពុជា បានលើកឡើងថា រូបភាពខាងលើបានបង្ហាញឱ្យឃើញអំពីចំណងទាក់ទង «មិនធម្មតា» លើផ្នែកនយោបាយនិងយោធារវាងប្រទេសទាំងពីរកម្ពុជាចិន។
លោកបានប្រាប់ VOA ថា៖ «ការជម្នះធ្វើសមយុទ្ធយោធាក្នុងពេលមានជំងឺឆ្លងនេះ គឺវាហាក់ដូចជាបង្ហាញនូវលក្ខណៈពិសេសមួយថាប្រទេសទាំងពីរនេះមានទំនាក់ទំនងខ្លាំង ខាងក្រោយឆាក ដែលធំធេងជាងចំណងការទូតមិត្តភាពធម្មតា ។ អានេះជាការយល់ឃើញរបស់ខ្ញុំ»។
សមយុទ្ធធំមិនធ្លាប់មាន
លោកឧត្ដមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា សមយុទ្ធនាគមាសលើកនេះកំពុងប្រព្រឹត្តទៅដោយបរិយាកាសប្រុងប្រយ័ត្នផ្នែកវេជ្ជសាស្ត្រខ្ពស់ក្នុងបរិវេណហ្វឹកហាត់ដែលរួមបញ្ចូលទាំងការប្រើប្រាស់រថក្រោះ កាំភ្លើងត្បាល់ធុនធ្ងន់ ការវាយប្រហារតាមឧទ្ធម្ភាគចក្រ និងការទប់ទល់អាវុធគីមី។
មន្ត្រីអ្នកនាំពាក្យកងទ័ពរូបនេះក៏បានបញ្ជាក់ផងដែរថា លំហាត់ហ្វឹកហ្វឺនលើកនេះក៏មានប្រើផងដែរ យន្តហោះគ្មានមនុស្សបើកដ្រូន ដើម្បីឈ្លបយកការណ៍សម្ងាត់ តែលោកមិនបានបញ្ជាក់លម្អិតនោះទេ ថា តើដ្រូនដែលចិនប្រើនេះមានទាក់ទងនឹងដ្រូនដែលគេរកឃើញធ្លាក់នៅខេត្តកោះកុង កាលពីខែមករា ឬយ៉ាងណាទេ។
លោកបានប្រាប់ VOA ថា៖ «សមយុទ្ធហ្នឹងវាក្លាយជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជាចិន។ ហើយអ្វីដែលយើងបានទទួលអត្ថប្រយោជន៍ពីសមយុទ្ធនេះ គឺការដកពិសោធន៍នៃប្រទេសទាំងពីរ ក៏ដូចជាចំណេះដឹងទាំងឡាយដែលយើងហាត់រួមគ្នា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងភេរវកម្ម»។
នេះជាឆ្នាំទីបួនហើយដែលកម្ពុជានិងចិន បានរៀបចំសមយុទ្ធនាគមាសនេះឡើង បន្ទាប់ពីបានធ្វើ កាលពីខែធ្នូ ឆ្នាំ២០១៦ និងរៀងរាល់ខែមីនា នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។ ការចាប់ធ្វើសមយុទ្ធជាប់លាប់ជាមួយចិននេះ កើតឡើងចំពេលកម្ពុជាបានផ្អាកលំហាត់ហ្វឹកហ្វឺនរួមជាមួយសហរដ្ឋអាមេរិកនិងអូស្ត្រាលី តាំងពីឆ្នាំ២០១៦មក។
មន្ត្រីយោធាកម្ពុជាមិនបានបង្ហើបឱ្យដឹងអំពីការចំណាយសរុបនៃការធ្វើសមយុទ្ធទាំងលើកនេះ និងទាំងលើកមុនឡើយ។
លោក ថោង សូលីម៉ូ ឱ្យដឹងថា កម្ពុជានៅតែចិញ្ចឹមចិត្ត ចង់ធ្វើសមយុទ្ធជាមួយបណ្ដាប្រទេសដទៃ ដោយមានលក្ខខណ្ឌបី គឺទីមួយ មូលបទនៃលំហាត់ហ្វឹកហ្វឺនសមតាមតម្រូវការជាក់ស្ដែងរបស់កម្ពុជា ទីពីរ ការស្រុះស្រួលគ្នាលើបញ្ហាបរិវេណទីតាំងរៀបចំ និងទីបី ការចំណាយរ៉ាប់រងមកលើសម្ភារៈបរិក្ខារស្នាក់នៅហូបចុករបស់សិក្ខាកាម។
ប្រឆាំងភេរវកម្ម
ការប្រឆាំងភេរវកម្មនិងបុព្វហេតុមនុស្សធម៌ជាមូលបទសំខាន់នៃការធ្វើលំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំនេះ។
នៅពេលសួរថា តើហេតុអ្វីបានជា «ភេរវកម្ម» ជាបញ្ហាអាទិភាព និងជាតម្រូវការចាំបាច់ដែលនាំឱ្យកម្ពុជាបំពេញគ្រប់លក្ខខណ្ឌធ្វើសមយុទ្ធជាមួយចិន នោះ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្ថែមថា៖«យើងមិនមានបញ្ហាអ្វីប្រឈមនឹងភេរវកម្មទេបច្ចុប្បន្នកម្ពុជា។ ក៏ប៉ុន្តែយើងមិនមែនមានន័យថា ទាល់តែយើងមានបញ្ហាទើបយើងធ្វើការហ្វឹកហាត់ទេ»។
ក៏ប៉ុន្តែ និយមន័យនៃពាក្យថា«ភេរវកម្ម»ដែលត្រូវបានកំណត់នៅប្រទេសចិននិងកម្ពុជា ទើបជាបញ្ហាចោទ។ នៅឯប្រទេសចិន សកម្មភាពរបស់បណ្ដាឥស្លាមសាសនិកអំបូរ Uyghur ប្រឆាំងនឹងការរឹតត្បឹតរបស់រដ្ឋាភិបាលមជ្ឈឹម ត្រូវបានរដ្ឋចិនចាត់ទុកថាជា «ភេរវករ» ដែលជាហេតុផលលើកឡើងដោយរដ្ឋាភិបាលចិនក្នុងការចាប់ប្រមូលបណ្ដាជន Uyghur ដែលគេប៉ាន់ប្រមាណថាមានច្រើនជាងមួយលាននាក់ ដាក់មន្ទីរប្រមូលផ្ដុំនានា ក្នុងខេត្ត Xinjiang ដើម្បីរៀនសូត្រធ្វើវិសុទ្ធកម្មមនោគមវិជ្ជានយោបាយនិងសាសនា ដែលរងការថ្កោលទោសពីក្រុមសិទ្ធិមនុស្សអន្តរជាតិ។
លោក Phil Robertson នាយករងផ្នែកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានឱ្យដឹងថា ការណ៍ដែល «ភេរវកម្ម»បានក្លាយជាមូលបទនៃការធ្វើសមយុទ្ធ ទំនងជាកើតឡើងក្នុងហេតុផលជា «និមិត្តរូប»មួយប៉ុណ្ណោះ ដើម្បីធានាថា ការធ្វើសមយុទ្ធនេះអាចប្រព្រឹត្តទៅជាប់ជាប្រចាំ។
អ្នកតាមដានសិទ្ធិមនុស្សនៅក្នុងតំបន់រូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖ «ប៉ុន្តែក្នុងស្ថានភាពជាក់ស្ដែងជាមួយនឹងរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសខាងចិន ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម តែងតែត្រូវបានប្រើជាលេសដ៏ងាយស្រួលក្នុងការចាប់សត្រូវរបស់ខ្លួនដាក់ពន្ធនាគារ។ ហេតុនេះយើងមិនចង់ឱ្យចិនផ្ទេរបង្រៀនវិធីសាស្ត្រនេះមកដល់កម្ពុជាឡើយ»។
លោក Phil Robertson បានបន្ថែមដែរថា៖«គួរឱ្យសោកស្ដាយអ្វីក៏ដោយដែលស្រដៀងៗនេះ តែងតែបានជំរុញនូវការលើកកម្ពស់នូវសហប្រតិបត្តិការខាងនយោបាយរវាងយោធាកម្ពុជានិងចិន ដែលអាចមានសក្ដានុពលក្នុងការបង្កើនការរំលោភបំពានសិទ្ធិប្រឆាំងនឹងពលរដ្ឋកម្ពុជា ហើយលំហាត់ហ្វឹកហ្វឺនលំដាប់ខ្ពស់បែបនេះ ក៏ចៀសមិនផុតពីការឈានទៅដល់ប្រការខាងលើដែរ»។
រដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំនោះ ក៏បានហៅក្រុមជំទាស់ដែលរស់និរទេសខ្លួននៅក្រៅប្រទេសថា ជាក្រុម «ភេរវកម្ម» ដែរ ខណៈមេបក្សជំទាស់ គឺលោក សម រង្ស៊ី ប៉ុនប៉ងវិលចូលស្រុកវិញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
រដ្ឋាភិបាលកម្ពុជាពឹងពាក់ចិនកាន់តែខ្លាំងឡើងកាលពីពេលថ្មីៗនេះ ក្រោយពីបានវាយបង្ក្រាបយ៉ាងចាស់ដៃទៅលើអ្នកនយោបាយជំទាស់ សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងបណ្ដាស្ថាប័នព័ត៌មានដែលមិនចំណុះរដ្ឋ មុនគណបក្សកាន់អំណាចបានគ្រប់គ្រងទាំងស្រុង ទាំងថ្នាក់ជាតិ ក្នុងសភា និងនៅថ្នាក់មូលដ្ឋាន។
ដំណាក់កាលថ្មីនៃទំនាក់ទំនង
តួនាទីសំខាន់របស់ចិនក្នុងសេដ្ឋកិច្ចកម្ពុជា ដែលរដ្ឋាភិបាលត្រូវពឹងពាក់ខ្លាំងនោះគឺអំឡុងការប្រយុទ្ធនឹងកូវីដ១៩នេះ។ លោក ហ៊ុន សែន បានព្យាយាមពន្យល់ជម្រើសរបស់លោក កាលពីដើមខែកុម្ភៈ ដែលហាក់ចង់បង្ហាញថា ការសម្រេចចិត្តរបស់លោកមិនត្រឹមតែមានចរិតនយោបាយរាប់អានចិនទេ តែក៏បង្កប់មូលហេតុសេដ្ឋកិច្ចផងដែរ។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលកាន់អំណាចបាន៣៥ឆ្នាំមកហើយ លើកឡើងថា លោកមិនអាចបិទរាំងខ្ទប់ជើងហោះ ឬមិនឱ្យជនជាតិចិនមកកាន់កម្ពុជាបានឡើយ ព្រោះថាការធ្វើដូច្នេះមានន័យស្មើនឹង «សម្លាប់» សេដ្ឋកិច្ចជាតិ។
ការផ្ទុះវីរុសកូរ៉ូណាកាលពីដើមខែកុម្ភៈ នាំឱ្យរអាក់រអួលការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់នៅកម្ពុជា ដែលនាំឱ្យកាលនោះ រោងចក្រប្រមាណ ៥០និងកម្មករជាង ២ម៉ឺននាក់ ត្រូវផ្អាកដំណើរឬការការងារ។
យ៉ាងណាក្ដី អន្តរាគមន៍ពិសេសមួយរបស់រដ្ឋាភិបាលចិនបាននាំឱ្យមានការបញ្ជូនវត្ថុធាតុដើមជាបន្ទាន់ដល់រោងចក្រនៅកម្ពុជា ដើម្បីបញ្ចៀសការព្យួរការងារកម្មករ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI បានលើកឡើងថា ទាំងការធ្វើសមយុទ្ធយោធា និងការបង្ហាញកាយវិការល្អូកល្អឺនយកអាសារគ្នារវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន បានគូសបង្ហាញនូវ «ចំណុចរបត់» មួយដែលថា ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងភ្នំពេញ ឈានចូលមកដល់ «សករាជថ្មី»។
អ្នកស្រាវជ្រាវរូបនេះបានប្រាប់ VOA យ៉ាងដូច្នេះថា៖ «អ៊ីចឹងហើយវាឆ្លុះបញ្ចាំងអំពីទំនាក់ទំនងស៊ីជម្រៅមួយ មិនត្រឹមតែការជឿទុកចិត្តគ្នាទេ វាមានការអនុវត្តជាក់ស្ដែង។ ហើយបើយើងមើលពីពេលនេះទៅថ្ងៃអនាគតទៀត ទំនាក់ទំនងហ្នឹងកាន់តែស្អិតល្មួតមែនទែន ហើយវត្តមានរបស់ចិននៅកម្ពុជា ក៏ដូចជាឥទ្ធិពលរបស់ចិន នៅកម្ពុជានឹងកើនឡើង»។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ក៏បានលើកឡើងដែរថា ក្រោយពេលចប់វិបត្តិកូវីដ១៩នេះ ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ដូចជាប្រទេសកម្ពុជាជាដើមអាចនឹងពិចារណាស្វះស្វែងរកជំហានបន្ទាប់របស់ខ្លួន ក្នុងរបៀបរបបយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយថ្មីរបស់សាកលលោក ដែលគេនឹងឃើញចិនកាន់តែមានឥទ្ធិពលពង្រីកគំរូនៃការអភិវឌ្ឍរបស់ខ្លួន។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្យាករថា វិបត្តិកូវីដ១៩ អាចនឹងនាំឱ្យសេដ្ឋកិច្ចកម្ពុជាខាតបង់ដល់ទៅជិត ១ពាន់លានដុល្លារក្នុងស្ថានភាពអាក្រក់បំផុត។ មុនវិបត្តិនេះមកដល់ វត្តមានដ៏ធំសម្បើមរបស់ចិនក្នុងទីផ្សារហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងទីក្រុងកំពង់ផែ បានស្ថិតស្ថិរនិងមានសន្ទុះខ្លាំងរួចជាស្រេច។
ការកើនឡើងខ្លាំងនៃឥទ្ធិពលរបស់ចិនបានបង្កក្ដីបារម្ភដល់រដ្ឋាភិបាលបស្ចិមលោក រហូតដល់សហរដ្ឋអាមេរិកថ្លែងចំៗថា ចេតនារបស់ចិនអាចឈានទៅដល់ការដាក់វត្តមានទីតាំងយោធានៅកម្ពុជាទៀតផង ជាប្រការមួយដែលទាំងកម្ពុជា និងចិនបានបដិសេធជាបន្តបន្ទាប់។
មានឬគ្មានវត្តមានយោធាក៏ដោយ ឥទ្ធិពលចិននៅកម្ពុជាហាក់នាំឱ្យតំបន់ទាំងមូលប្រែប្រួលរួចជាស្រេច។ នេះបើយោងតាមអ្នកវិភាគនិយមលោកខាងលិចដែលជានិច្ចកាលតែងចង្អុលទៅលើជំហរស្របគ្នារវាងកម្ពុជាចិនលើបញ្ហាសមុទ្រចិនខាងត្បូង ដែលចិនមិនចង់ឲ្យដោះស្រាយជាលក្ខណៈអន្តរជាតិរួម។ នេះជាជំហរផ្ទុយគ្នាពីបណ្ដាប្រទេសអ្នកជិតខាងក្នុងតំបន់អាស៊ានដូចគ្នាដែលភាគីជម្លោះ ដូចជាវៀតណាមដែលមិនចង់ដោះស្រាយបញ្ហានេះទ្វេភាគី ដោយខ្លាចមហាអំណាចមួយនេះបិទទ្វារគំរាមបង្ខំឱ្យទទួលយកការទាមទាររបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ប្រតិកម្មរបស់វៀតណាម?
លោកបណ្ឌិត មាស នី បានលើកឡើងថា ការធ្វើសមយុទ្ធជាមួយចិនក្នុងគ្រានេះ និងការអនុវត្តឆ្លើយតបនឹងវិបត្តិកូវីដ១៩ជាមួយចិន នឹងបង្កការសង្ស័យកាន់តែខ្លាំងពីសំណាក់វៀតណាម ដែលជាសម្ព័ន្ធមិត្តចាស់ តែជារដ្ឋដែលមានជម្លោះជាមួយចិនលើបញ្ហាទឹកដី។
អ្នកវិភាគរូបនេះបានលើកឡើងថា ការសម្រេចបិទព្រំដែនជាឯកតោភាគីរបស់វៀតណាម ដើម្បីទប់ស្កាត់ការរាលដាលវីរុសកូរ៉ូណា កាលពីថ្ងៃទី១៨ ខែមីនា ដោយមិនបានពិគ្រោះជាមួយភាគីកម្ពុជានោះបង្ហាញពីការប្រទាំងប្រទើសគ្នារវាងវៀតណាមនិងកម្ពុជា។ កន្លងទៅ ប្រទេសទាំងពីរបានព្យាយាមស្ដារទំនាក់ទំនង តាមរយៈការសម្រុះសម្រួលរឿងខណ្ឌសីមាផង និងការធ្វើសមយុទ្ធរួមនៅតំបន់ព្រំដែនផងដែរ។
«អ៊ីចឹងជាការមើលឃើញរបស់យើង ថាតើកាយវិការរបស់វៀតណាមដែលធ្វើនេះ វាអាចក្លាយជាចេតនាមួយដែលបង្ហាញថា វៀតណាមមានការអាក់អន់ចិត្តនឹងគ្នា អំឡុងពេលដែលសមយុទ្ធហ្នឹងធ្វើនៅខេត្តកំពត ទល់មុខក្បែរនឹងតំបន់កោះត្រល់ហ្នឹងណា៎។ យើងអត់ដឹងទេ នេះតាមការមើលរបស់ខ្ញុំ»។
បើយោងតាមកងយោធពលខេមរភូមិន្ទ សមយុទ្ធនាគមាសនេះនឹងបិទបញ្ចប់នាថ្ងៃទី៣០ ខែមីនាខាងមុខនេះ នៅទីតាំងហ្វឹកហ្វឺនផ្ទាល់តែម្ដង ក្នុងស្រុកជុំគីរី ខេត្តកំពត៕