បន្ទាប់ពីជំនន់ទន្លេមេគង្គដែលបានសម្លាប់មនុស្សចំនួន១២នាក់ ចាប់ផ្តើមស្រក មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកផ្នែកគ្រោះមហន្តរាយនៅតែបារម្ភចំពោះទឹកជំនន់ថ្មីទៀតដោយសារភ្លៀងបន្តធ្លាក់មិនដាច់។ ស្របគ្នានេះដែរ មានសញ្ញាទឹកជំនន់តិចតួចនៅខេត្តពោធិ៍សាត់និងបាត់ដំបង។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានសម្តែងក្តីព្រួយបារម្ភថាទឹកជំនន់នឹងវាយប្រហារមកលើតំបន់ទន្លេមេគង្គនិងនៅតាមបណ្តាខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជាខណៈដែលភ្លៀងកំពុងបន្តធ្លាក់។
លោក គន់ គីម ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់វីអូអេនៅថ្ងៃពុធនេះថាទឹកជំនន់នៅតាមបណ្តាខេត្តជាប់នឹងដងទន្លេមេគង្គបានបន្តស្រកបន្ថែមទៀតនៅថ្ងៃនេះ ប៉ុន្តែលោកព្រួយបារម្ភថាទឹកជំនន់ទន្លេមេគង្គនឹងវិលត្រឡប់មកម្តងទៀតដោយសារតែភ្លៀងនៅតែបន្តធ្លាក់ ហើយខេត្តមួយចំនួនផ្សេងទៀតចាប់ផ្តើមទទួលរងទឹកជំនន់។
«យើងក៏នៅមានការព្រួយបារម្ភ ជំហានទីពីរនេះ ទឹកភ្លៀងមានការជន់ឡើងតាមដងទន្លេដែលធ្វើឲ្យមានការជន់ឡើងមួយសារទៀត។ប៉ុន្តែយើងកំពុងតាមដានបញ្ហានេះ ហើយធ្វើការណែនាំប្រជាជនយើងឲ្យមានការប្រុងប្រយ័ត្នបន្ត»។
ទឹកជំនន់ទន្លេមេគង្គបានប៉ះពាល់ដល់ខេត្តចំនួនប្រាំពីរ និងបណ្តាលឲ្យមនុស្សស្លាប់ចំនួន១២នាក់ ក្នុងនោះមានកុមារចំនួនប្រាំមួយនាក់។
ក្រសួងធនធានទឹកនិងឧត្តុនិយមបានព្រមានកាលពីថ្ងៃអង្គារថាខេត្តចំនួន១១អាចនឹងទទួលរងគ្រោះជំនន់ទឹកភ្លៀង ខណៈដែលភ្លៀងនឹងបន្តធ្លាក់ជាប់ៗគ្នាចន្លោះពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២៣ខែកញ្ញានេះ។ ខេត្តទាំងនោះមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
នៅថ្ងៃនេះខេត្តចំនួនពីរក្នុងចំណោមខេត្តទាំង១១ត្រូវគេរាយការណ៍ទឹកជំនន់បានចាប់ផ្តើមលិចតំបន់ខ្លះៗ ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនៅឡើយ។ នោះ គឺខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់។
លោក ងួត រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានប្រាប់ VOA នៅល្ងាចថ្ងៃពុធនេះថា ទឹកបានលិចទីប្រជុំជននៅក្នុងខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី១៧ ប៉ុន្តែទឹកបានស្រកអស់ទៅវិញនៅថ្ងៃទី១៨នេះ។ លោកអភិបាលខេត្ត ព្រួយបារម្ភថាទឹកជំនន់អាចវិលត្រឡប់មកម្តងទៀតនៅក្នុងរដូវភ្ជុំខាងមុខ។
«បាទ ជាទូទៅមកដល់នេះ ចុងឆ្នាំដែរហើយ បើតែរាល់ឆ្នាំខែនេះផុតហើយ។ ខែនេះវាជួនភ្ជុំអត់ បើជួនភ្ជុំ វាអាចនៅមានជំនន់ខាងលើម្តងអីទៀត អ៊ីចឹងណាបង ជួនកាល»។
មានប្រជាពលរដ្ឋចំនួនជិត៩ម៉ឺននាក់ទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំនិងខេត្តព្រៃវែង។ ប្រជាពលរដ្ឋជាងមួយម៉ឺនគ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
លោក គន់ គីម ទេសរដ្ឋមន្រ្តីនិងអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមួយចំនួនអាចវិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញបានមកទល់នឹងថ្ងៃនេះហើយដោយសារតែទឹកចាប់ផ្តើមស្រកជាបណ្តើរៗ។
កាលពីខែសីហា ជំនន់ទឹកភ្លៀងបាននាំឲ្យមនុស្សចំនួនបីនាក់ស្លាប់ក្នុងខេត្តព្រះសីហនុ៕