ទឹកជំនន់តាមបណ្តាខេត្តមួយចំនួនជាប់នឹងដងទន្លេមេគង្គបានចាប់ផ្តើមស្រកជាបណ្តើរៗ ក៏ប៉ុន្តែមន្ត្រីជំនាញបានព្រមានពីជំនន់ទឹកភ្លៀងដែលអាចបន្តកើនឡើងក្នុងខេត្តចំនួន១១។
លោក គន់ គីម ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា រហូតមកដល់ពេលនេះ ទឹកជំនន់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានស្រកទៅវិញជាបណ្តើរៗ។ ហើយប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាពក៏នឹងត្រៀមត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញដែរ។
«ឥឡូវនេះទឹកទាំងបីទាំងបួនខេត្តនេះបានស្រកផុតពីប្រកាសប្រុងប្រយ័ត្ន តែប្រជាជនយើងក៏មិនអាចមានលទ្ធភាពទាន់វិលត្រឡប់ទៅវិញដែរ។ កន្លែងណាដែលទឹកស្រកខ្លាំងមែនទែន គាត់ក៏សុំអនុញ្ញាតត្រឡប់ទៅវិញ ហើយយើងក៏ជួយជ្រោមជ្រែងជួយដឹកជញ្ជូនពួកគាត់ត្រឡប់ទៅវិញដែរ»។
ទឹកជំនន់ទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ខេត្តត្បូងឃ្មុំ ព្រៃវែង និងខេត្តកំពង់ធំ បានឆក់យកជីវិតមនុស្សចំនួន១២នាក់ និងរបួសចំនួន២នាក់។ នេះបើផ្អែកតាមតួលេខចុងក្រោយរបស់ក្រុមមន្ត្រីកម្ពុជា។
លោកទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គន់ គីម បានឲ្យដឹងបន្ថែមថា ប្រជាពលរដ្ឋចំនួន៨៧,៤៦៩គ្រួសារ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងនោះពលរដ្ឋចំនួនជាង១០,០០០ គ្រួសារត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។ ផ្ទះចំនួនជាង៦៥,៦០០ខ្នង សាលារៀនជាង៣២០ខ្នង មណ្ឌលសុខភាពចំនួន២៣កន្លែងរួមទាំងវត្តអារ៉ាមចំនួន១៥៣ បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គ។ ដោយឡែកដំណាំស្រូវចំនួន១,២៥០ហិកតាបានខូចខាត។
ជាមួយគ្នានេះលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ក៏បានអះអាងដូចគ្នានឹងលោកគន់ គីម ដែរថាជំនន់ទន្លេមេគង្គចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់។ ក៏ប៉ុន្តែលោកព្រមានថាខេត្តនៅតាមតំបន់មាត់សមុទ្រកំពុងស្ថិតក្រោមការគំរាមកំហែងពីជំនន់ទឹកភ្លៀង ស្របពេលដែលភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ។
«ជំនន់ទឹកភ្លៀងយើងចាប់ផ្តើមប្រឈមជាថ្មី យោងទៅលើស្ថានភាពអាកាសធាតុដែលក្រសួងបានជម្រាបជូននៅថ្ងៃនេះអីចឹង យើងឃើញមានបណ្តាខេត្តមួយចំនួន ជាពិសេសតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាលភាគពាយព្យ អាចប្រឈមនឹងជំនន់ទឹកភ្លៀង»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ចេញនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះឲ្យដឹងថាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ច្រើនចាប់ពីថ្ងៃទី១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារតែប្រព័ន្ធសម្ពាធទាប ដែលកំពុងហូរកាត់លើប្រទេសកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយមក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅបណ្តាខេត្តនានា ជាពិសេសខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ឲ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ដែលបង្កដោយភ្លៀងច្រើនលើសលុបនេះ៕