ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​នៅ​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ​និង​សុខាភិបាល


រូបឯកសារ៖ សិស្សវិទ្យាល័យអង្គុយក្នុងថ្នាក់រៀនមួយ នៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
រូបឯកសារ៖ សិស្សវិទ្យាល័យអង្គុយក្នុងថ្នាក់រៀនមួយ នៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ ២០២៥ ​ដែល​គ្រោង​ចំណាយ​ជាង ​៩​ពាន់​លាន​ដុល្លារ​អាមេរិក ​អ្នក​តាម​ដាន​ជំរុញ​ឱ្យ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​ចម្បង​ចំនួន​ពីរ​ គឺ​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិបាល។​

ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ក្រោយ​គណៈ​រដ្ឋមន្ត្រី​បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​ កាល​ពី​សប្តាហ៍​មុន ​ដោយ​អនុម័ត​គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ​ ២០២៥ ​ជាង ​៩.៣០០​លាន​ដុល្លារ​អាមេរិក។​

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ប៉ុន្មាន​លើ​វិស័យ​អប់រំ​ និង​សុខាភិបាល ​ដែល​អ្នក​តាម​ដាន​ចង់​ឃើញ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​ខ្ពស់។​

លោក​ ប៉ិច ពិសី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដោះស្រាយ​ភាព​ក្រីក្រ ​តាម​រយៈ​ការ​ពង្រឹង​នូវ​វិស័យ​អប់រំ ​និង​វិស័យ​សុខា​ភិបាល ​ដែល​លោក​ថា​ ជា​ឧបសគ្គ​សម្រាប់​ពលរដ្ឋ​ងាយ​រងគ្រោះ ​និង​ពលរដ្ឋ​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ ដែល​នៅ​តែ​ចំណាយ​ច្រើន​លើ​វិស័យ​ទាំង​ពីរ​នេះ។​

លោក​ថ្លែង​ថា៖​ «វិស័យ​អាទិភាព​សំខាន់​ពីរ​ ដែល​យើង​ត្រូវ​ដោះ​ជា​ប្រព័ន្ធ​ ជា​យុទ្ធ​សាស្ត្រ​ហ្នឹង​គឺ ​វិស័យ​អប់រំ ​និង​វិស័យ​សុខា​ភិបាល​តែ​ម្តង។ ​វិស័យ​ទាំង​ពីរ​នេះ​សំខាន់​ណាស់ ​ដោយសារ​ពលរដ្ឋ​ជា​អ្នក​ទទួល​ផល​ផ្ទាល់ ​ឬ​ក៏​អាច​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដែរ ​ប្រសិន​បើ​យើង​អត់​ដោះស្រាយ។ ​យើង​គិត​ថា​ ចំណាយ​លើ​ការ​អប់រំ​ ហើយ​ចំណាយ​សុខា​ភិបាល ​គឺ​ច្រើន​ណាស់​សម្រាប់​ពលរដ្ឋ​ ជាពិសេស​ពលរដ្ឋ​ដែល​ជា​ក្រុម​ងាយ​រងគ្រោះ ​ពលរដ្ឋ​ដែល​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រី​ក្រ​ហ្នឹង ​ដោយ​សារ​គាត់​អត់​លុយ​ ហើយ​ប្រព័ន្ធ​អប់រំ​យើង​ត្រូវ​ការ​ការ​រៀន​គួរ ​រៀន​អី​ច្រើន ​ធ្វើ​ឱ្យ​គាត់​ចំណាយ​សម្រាប់​កូន​រៀន​ច្រើន។ ​ហើយ​បើ​គាត់​អត់​លទ្ធភាព​ទេ ​កូន​គាត់​អាច​បោះបង់​ការ​សិក្សា​ អ៊ីចឹង​ធ្វើ​ឱ្យ​ពួក​គាត់​ក្រ​ស្រាប់​ហ្នឹង ​គឺ​រឹត​តែ​ក្រ»។

លោក​កត់​សម្គាល់​ថា​ គម្រោង​ថវិកា​ជាតិ​ឆ្នាំ ​២០២៥​ បាន​កើន​ឡើង​ចំនួន​ ២% ​ឬ​ប្រមាណ​ ២០០​លាន​ដុល្លារ​អាមេរិក​ បើ​ធៀប​នឹង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​ ២០២៤។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​ ២០២៥ ​នេះ ​យើង​ឃើញ​ថា​ មាន​ការ​កើន​ឡើង ​២%​ បើ​ផ្ទឹម​ទៅ​នឹង​ច្បាប់​ថវិកា​ឆ្នាំ ​២០២៤។ ​ ការ​កើន​ឡើង​នេះ ​យើង​បាន​មើល​ឃើញ​តាម​រយៈ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​គឺ​មាន​កំណើន ​៦% ​ទៅ​លើ​ចំណាយ​មូលធន​ រី​ឯ​ចំណាយ​ចរន្ត​កើន​ឡើង​តែ ​១% ​ទេ»។​

លោក ​ប៉ិច ពិសី ​បន្ថែម​ថា​ បើ​ពិនិត្យ​តាម​រយៈ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​ ២០២៥​ គឺ​រដ្ឋា​ភិបាល​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការ​ជំរុញ​ការ​វិនិយោគ​សាធារណៈ ​ទាក់ទង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​ និង​ការ​ត​ភ្ជាប់​សេដ្ឋ​កិច្ច​ពី​ប៉ូល​មួយ​ទៅ​ប៉ូល​មួយ ​ការ​ស្តារ​សេដ្ឋ​កិច្ច ​និង​ការ​ដោះ​ស្រាយ​ឧបសគ្គ​ក្នុង​វិស័យ​ធុរកិច្ច ​និង​វិស័យ​ផ្សេង​ទៀត​ដែល​មាន​ការ​យឺត​យ៉ាវ​ក្នុង​ឆ្នាំ​២០២៤។​

លោក​ក៏​ជំរុញ​ឱ្យ​មាន​ការ​ចាត់ចែង​ថវិកា​ជាតិ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត ​ដើម្បី​កុំ​ឱ្យ​ចាយ​លើស​ខ្ទង់​ចំណាយ​ និង​ត្រូវ​ទប់​ស្កាត់​ការ​ចាយ​វាយ​ខ្ជះខ្ជាយ​ ​តាម​រយៈ​អំពើ​ពុក​រលួយ​ជា​ដើម​ ស្រប​ពេល​របាយ​ការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​បង្ហាញ​ថា​ ចំណូល​ជាតិ​ឆ្នាំ​ ២០២៤​ មាន​ការ​ធ្លាក់​ចុះ។​

ចំណែក​ស្ថាបនិក​ និង​ជា​អនុ​ប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា​លោក ​អ៊ូ ច័ន្ទរ័ត្ន ​ក៏​ចង់​ឃើញ​រដ្ឋា​ភិបាល​អាណត្តិ​ទី ៧ ​ប្រើប្រាស់​កញ្ចប់​ថវិកា​ជាតិ ​ដែល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​នានា​ ត្រូវ​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ ​និង​វិស័យ​សុខា​ភិបាល​ ជា​ជាង​ប្រើ​ប្រាស់​ក្នុង​វិស័យ​ផ្សេង​ទៀត​ ដែល​មិន​សូវ​មាន​ភាព​ចាំបាច់។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ក្នុង​ស្ថាន​ភាព​នេះ ​ប្រសិន​បើ​យើង​ទ្រាំ​វិនិយោគ​លើ​វិស័យ​អប់រំ​ច្រើន ​[គឺ]​ក្នុង​រយៈ​ពេល​បួន ​ដប់​ឆ្នាំ​ក្រោយ ​ប្រទេស​យើង​អាច​ងើប​រួច​ពី​ភាព​ក្រីក្រ​លឿន​ជាង ។​ នេះ​ជា​ការ​យល់​[ឃើញ​របស់​ខ្ញុំ]។ ​ហើយ​វិស័យ​សុខាភិបាល​ក៏​ដូច​គ្នា​ដែរ។​ វា​ជា​តម្រូវ​ការ​ចាំបាច់​ដែល​យើង​មើល​ឃើញ។ ​ដូចជា​វិស័យ​ការពារ​ជាតិ​ អ្នក​ខ្លះ​មិន​ហ៊ាន​លើក​ឡើង​ទេ។​ វិស័យ​ការពារ​ជាតិ​ វិស័យ​អីច្រើន​ណាស់​ដែល​ចំណាយ​ថវិកា ​ហើយ​យើង​ហាក់​ដូច​ជា​មិន​សូវ​មាន​ភាព​ចាំបាច់​ក្នុង​ស្ថានភាព​នេះ»។​

រូបឯកសារ៖ អ្នក​មក​ព្យាបាល​ជំងឺ​ពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រីករាតដ្បាត​នៃ​ជំងឺ​កូវីដ១៩​ នៅ​មន្ទីរពេទ្យ​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)
រូបឯកសារ៖ អ្នក​មក​ព្យាបាល​ជំងឺ​ពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រីករាតដ្បាត​នៃ​ជំងឺ​កូវីដ១៩​ នៅ​មន្ទីរពេទ្យ​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)

អ្នក​នយោបាយ​ជើង​ចាស់​រូប​នេះ​ថា ​ការ​ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​លើ​វិស័យ​អប់រំ ​និង​វិស័យ​សុខា​ភិបាល ​គឺ​ដោយសារ​កម្រិត​ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​មិន​ទាន់​ឆ្លើយ​តប​តម្រូវ​ការ​ជាក់​ស្តែង​ ចំណែក​ក្មេងៗ​នៅ​តាម​សហគមន៍​មូលដ្ឋាន​មាន​ការ​បោះ​បង់​ការ​សិក្សា​ច្រើន​គួរឱ្យ​កត់​សម្គាល់។ លោក​បន្ថែម​ថា ចំពោះ​វិស័យ​សុខា​ភិបាល​ គឺ​ពល​រដ្ឋ​ដែល​មាន​លទ្ធភាព​ នៅ​តែ​មិន​ទុកចិត្ត​ការ​ព្យាបាល​តាម​មន្ត្រី​ពេទ្យ​រដ្ឋ​ ដែល​ងាក​ទៅ​ប្រើ​ប្រាស់​សេវា​ព្យាបាល​នៅ​បរទេស​ ខណៈ​ពល​រដ្ឋ​ក្រីក្រ ​នៅ​តែ​ត្អូញត្អែរ​អំពី​ការ​បម្រើ​សេវា​សុខា​ភិបាល​តាម​មណ្ឌល​សុខភាព​មិន​បាន​ដិត​ដល់។​

បើ​តាម​រដ្ឋាភិបាល ​ការ​ចំណាយ​ចរន្ត​ថវិកា​រដ្ឋ​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ​នឹង​ប្រើប្រាស់​សម្រាប់​ការ​ជ្រើស​រើស​ក្រប​ខណ្ឌ​ថ្មី ​ការ​ដំឡើង​បៀវត្សរ៍​មូលដ្ឋាន​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​ ​ប្រាក់​ឧបត្ថម​ប្រចាំ​ខែ​សម្រាប់​មន្ត្រី​ជាប់​កិច្ច​សន្យា ​និង​ការ​ចំណាយ​តាម​តម្រូវ​ការ​ចាំបាច់​របស់​ក្រសួង​ស្ថាប័ន​ក្នុង​ការ​អនុវត្ត​ការងារ​អាទិភាព​ និង​ការងារ​កែ​ទម្រង់​សំខាន់ៗ ​ដែល​គាំទ្រ​កម្មវិធី​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល។ ​ចំណែក​ចំណាយ​មូលធន​ នឹង​ផ្តោត​លើ​ការ​កសាង​និង​ការ​ជួស​ជុល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ​ស្ពាន ​លូ ​ប្រព័ន្ធ​ធារា​សាស្ត្រ ​ការ​លើក​កម្ពស់​ផលិត​កម្ម​កសិកម្ម ​ការ​បន្ត​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​វិស័យ​អប់រំ ​វិស័យ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​វិជ្ជា​ជីវៈ​ វិស័យ​សុខា​ភិបាល​ និង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល ​និង​បៃតង​ជាដើម។​

គម្រោង​ចំណាយ​ជាង ​៩​ពាន់​លាន​ដុល្លារ ​សម្រាប់​ឆ្នាំ​ ២០២៥ ​ស្មើនឹង​ ១៨,១៤% ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ នឹង​ត្រូវ​ចាត់​ចែង​សម្រាប់​ចំណាយ​ចរន្ត​ថវិកា​រដ្ឋ​ជាង​ ៦៤០០​លាន​ដុល្លារ​អាមេរិក ​និង​សម្រាប់​ចំណាយ​មូលធន​ជាង ​២៩០០​លាន​ដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​កាលពី​ថ្ងៃ​ទី ​២៥ ​ខែ​តុលា។​

បើ​តាម​លោក ​អ៊ូ ច័ន្ទរ័ត្ន ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់​មាន​តំណាង​រាស្រ្ត​ជាង​ ៥០ ​រូប​ក្នុង​រដ្ឋសភា ​ផែនការ​ចំណាយ​ថវិកា​ជាតិ​មិន​ឃើញ​មាន​ការ​ជជែក​វែកញែក​ផុស​ផុល​ទេ​ ដែល​ការណ៍​នេះ​ក៏​ជះឥទ្ធិ​ពល​ដល់​ប្រសិទ្ធ​ភាព​ការងារ ​និង​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​មួយ​ចំនួន​ផង​ដែរ។​

លោក​បន្ថែម​ថា៖ ​«ប្រទេស​ណា​ក៏​ដោយ​ត្រូវ​ការ​គណបក្ស​ជំទាស់​ គណបក្ស​ក្រៅ​រដ្ឋា​ភិបាល​ហ្នឹង​ក្នុង​ការ​ត្រួត​ពិនិត្យ​ ក្នុង​ការ​ដេញ​ដោល​ចំពោះ​ការ​ចាយ​វាយ ​ចំពោះ​ច្បាប់​ថវិកា​ជាតិ​ជាដើម។ ​ហើយ​អ្នក​ដែល​អនុវត្ត​ច្បាប់ ​អនុវត្ត​គោល​នយោ​បាយ​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ត​ច្រើន​ដែរ​ មិន​អាច​ខ្ជះខ្ជាយ​បាន​ទេ​ កាល​ណា​ខ្ជះ​ខ្ជាយ​យើង​មាន​លទ្ធភាព​កោះ​ហៅ​មក​សួរ​នាំ។​ ហើយ​កាល​ណា​មិន​មាន​ប្រសិទ្ធ​ភាព​យើង​អាច​ធ្វើ​ជា​លិខិត​ស្តី​បន្ទោស​ជាដើម។ ​ប៉ុន្តែ​ដោយ​សារ​យើង​មិន​មាន​គណបក្ស​ជំទាស់​នៅ​ក្នុង​សភា ​ នៅ​ក្នុង​រដ្ឋ​សភា​បែប​នេះ ​យើង​ដឹង​ហើយ​រដ្ឋាភិបាល ​ហើយ​នឹង​រដ្ឋ​សភា ​ហាក់​មិន​មាន​អ្វី​ខុស​គ្នា ​ព្រោះ​ចេញ​ពី​គណបក្ស​តែ​មួយ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ លោក ​មាស ​សុខ​សេនសាន បាន​នៅ​ឡើយ​ទេ។​

វីអូអេ​បាន​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​ជា​សមាជិក​រដ្ឋ​សភា​ លោក ​ញឿន រ៉ាដែន​ តែ​លោក​សុំ​ពេល​ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ ​២០២៥​ ឱ្យ​បាន​លម្អិត​ជាមុន​សិន។​

ថវិកា​ឆ្នាំ​ ២០២៥ ​នឹង​ដើរ​តួនាទី​ជា​ឧបករណ៍​គោល​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​ស័ក្កិ​សិទ្ធ​ភាព​របស់​រដ្ឋា​ភិបាល​ ក្នុង​ការ​រក្សា ​ការ​ការពារ​ និង​ការ​ពង្រឹង​ថែម​ទៀត​នូវ​សមិទ្ធ​ផល​ដ៏​ធំធេង​ ដែល​កម្ពុជា​សម្រេច​បាន​កន្លង​មក ​ក៏​ដូចជា​ការ​បន្ត​បុក​គ្រឹះ​សម្រាប់​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ត​ទៅ​មុខ​ទៀត។

អាទិ​ភាព​ចំណាយ​ថវិកា​ឆ្នាំ ​២០២៥ ​ក៏​នឹង​ឆ្លើយ​តប​នឹង​អាទិភាព​ និង​តម្រូវ​ការ​ចាំបាច់​របស់​ក្រសួង​ ស្ថាប័ន​នានា ​ដែល​នឹង​រួម​ចំណែក​សម្រេច​គោល​នយោបាយ​ជា​អាទិភាព​រួម​របស់​រដ្ឋាភិបាល​រួមមាន ​ការ​ពង្រឹង​សមត្ថ​ភាព​ស្ថាប័ន​ ការ​អភិវឌ្ឍ​មូលធន​មនុស្ស ​ការ​កសាង​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​និង​ការ​ជួស​ជុល​ ការ​ថែទាំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​ជាដើម។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ចុះ​ថ្ងៃ​ទី ​២៥ ​ខែ​តុលា។​

សេចក្តី​ព្រាង​ច្បាប់​ហិរញ្ញ​វត្ថុ​ប្រចាំ​ឆ្នាំ​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​ ដើម្បី​ពិនិត្យ​ អនុម័ត​ និង​ឱ្យ​យោបល់ ​មុន​នឹង​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG