ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អនុវត្ត​តាម​បទដ្ឋាន​អន្តរជាតិ​ឱ្យ​បាន​ត្រឹមត្រូវ មុន​ផ្តល់​កម្ចី


រូបឯកសារ៖ ក្រដាស​ប្រាក់​ដុល្លារ​ត្រូវបានថត​កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រដាស​ប្រាក់​ដុល្លារ​ត្រូវបានថត​កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

អ្នកតាម​ដាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​និង​ធនាគារ​គោរព​និង​អនុវត្ត​តាម​លក្ខខណ្ឌ ​និង​បទដ្ឋាន​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ឱ្យ​បាន​ត្រឹមត្រូវ ​មុន​នឹង​ផ្តល់​កម្ចី ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​សិទ្ធិ​និង​សេដ្ឋកិច្ច​របស់​អតិថិជន។​ អ្នក​តាម​ដាន​លើក​ឡើង​ថា​ រដ្ឋ​ក៏​ត្រូវ​គិត​គូរ​ចរន្ត​សេដ្ឋកិច្ច​ផ្ទៃ​ក្នុង និង​ជំរុញ​សហគ្រាស​ធុនតូច ​និង​មធ្យម​ (SME) ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការងារ​ធ្វើ។​

ការ​លើក​ឡើង​បែប​នេះ ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ស៊ីប៊ីស៊ី​ដែល​ជា​ក្រុមហ៊ុន​កត់ត្រា​ទិន្នន័យ​នៃ​ទំហំ​ឥណទាន​របស់​រូបវន្តបុគ្គល​ គ្រឹះស្ថាន​ ឬ​សហ​គ្រាស ​បង្ហាញ​របាយ​ការណ៍​ថ្មី​របស់​ខ្លួន ​ដែល​លើក​ឡើង​ថា​ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២៣​ ប្រជាជន​ជិត​ ៥០%​ដែល​មាន​អាយុ​ ១៨​ឆ្នាំ​ឡើង​ ឬ​ប្រមាណ​ ៥​លាន​នាក់ ​បាន​ខ្ចី​លុយ​ពី​គ្រឹះ​ស្ថាន​មីក្រូ ​ហិរញ្ញ​វត្ថុ​និង​ធនាគារ ​ក្នុង​ទំហំ​ប្រមាណ​ ៥៧​ពាន់​លាន​ដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​របាយ​ការណ៍​ក្រុមហ៊ុន​ស៊ីប៊ីស៊ី​ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មីនា។​

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ប្រាប់​វីអូអេ​ថា​ ទំហំ​ទឹក​ប្រាក់​នៃ​កម្ចី​នេះ​ស្ថិត​ក្នុង​កម្រិត​មួយ​ខ្ពស់​ខ្លាំង ​ដែល​ជា​ចំណុច​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ ​ព្រោះ​ថា​ វា​អាច​ប៉ះពាល់​ដល់​ការ​សង​ត្រឡប់​របស់​អតិថិជន​ និង​ក្នុង​ករណី​ខ្លះ ​ពល​រដ្ឋ​បង្ខំ​ចិត្ត​លក់ដី​ និង​ឱ្យ​កូន​ឈប់​រៀន ​ដើម្បី​ទៅ​ធ្វើការ​រក​ចំណូល​បង់​សង​បំណុល។​

លោក​ថ្លែង​ថា៖ ​ «អ៊ីចឹង​ហើយ​ដែល​ធ្វើ​ឱ្យ​គាត់​អាច​បង្ខំ​ចិត្ត​ក្នុង​ការ​លក់ដី​ ដើម្បី​សង​បំណុល។ ​ទី ២​ អាច​ឱ្យ​កូន​ឈប់រៀន ​ហើយ​ជួយ​ធ្វើការ​រក​លុយ​បន្ថែម​ដើម្បី​សង​បំណុល ​ហើយ​ចំណុច​ទី ៣​ ធ្វើឱ្យ​គាត់​កាត់​នៃ​របប​អាហារ​មួយ​ចំនួន​ បាន​ន័យ​ថា​ បន្ថយ​ការ​បរិភោគ​ ដែល​វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព»។​

លោក​ អំ សំអាត ​បន្ថែម​ថា​ បើ​តាម​ការ​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​សិក្សា​កន្លង​មក ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ខ្ចី​បុល​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​និង​ធនាគារ ​លើស​ពី​ចំណូល​របស់​ពួកគេ​ ដោយ​ពលរដ្ឋ​ខ្លះ​ខ្ចីបុល​រហូត​ដល់​ ៧០% ​នៃ​ចំណូល ​និង​ខ្លះ​ទៀត​ខ្ចី​បុល ​រហូត​ដល់​ ១០០%​ នៃ​ចំណូល​តែ​ម្តង ​ដែល​វា​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។

លោក​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ​ទាំង​អស់​គោរព​តាម​លក្ខខណ្ឌ ​និង​បទដ្ឋាន​អន្តរ​ជាតិ​នៃ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ឱ្យ​បាន​ត្រឹមត្រូវ ​មុន​នឹង​ផ្តល់​កម្ចី​ដល់​អតិថិជន។​

លោក​បញ្ជាក់​ថា៖​ «មីក្រូ​ហិរញ្ញ​វត្ថុ ​និង​ធនាគារ​ត្រូវ​គោរព​គោល​ការណ៍​ឱ្យ​បាន​ ហើយ​អតិថិជន​មុន​នឹង​កម្ចី​ ឬ​មុន​ធ្វើ​ការ​ខ្ចី​ត្រូវ​គិតគូរ​ឱ្យ​បាន​ដិត​ដល់​ចំពោះ​លុយ​ដែល​ខ្ចី​មក ​ដើម្បី​យក​មក​ប្រើប្រាស់​ឱ្យ​បាន​ត្រូវ​ទិសដៅ។ ​ហើយ​មួយ​ទៀត ​រដ្ឋ​ត្រូវ​ធានា ​និង​ពិនិត្យ​មើល​បញ្ហា​ទាំង​អស់​នេះ ​ហើយ​ធ្វើ​ម៉េច​ឱ្យ​ធនាគារ ​ឬ​ក៏​មីក្រូ​ហិរញ្ញ​វត្ថុ​គោរព​ទៅ​តាម​ច្បាប់ ​គោរព​តាម​គោល​ការណ៍ ​និង​លក្ខខណ្ឌ​របស់​ខ្លួន»។​

កាល​ពី​ខែ​សីហា ​ឆ្នាំ​ ២០២៣ ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​និង​អង្គការ​សមធម៌​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ស្ដីពី​ហានិភ័យ​នៃ​បំណុល ​ដែល​ជា​ការ​សិក្សា​ស្រាវជ្រាវ​បែប​បរិមាណ​អំពី​អ្នក​ជាប់​ជំពាក់​កម្ចី​ខ្នាត​តូច​នៅ​ខេត្ត​កំពង់ស្ពឺ។ ​របាយ​ការណ៍​នេះ​បង្ហាញ​ពី​ការ​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ចំនួន​ ៧១៧​ ខ្នង​ផ្ទះ។ ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា​ ការ​រីក​រាលដាល​នៃ​ភាព​ជំពាក់​បំណុល​ច្រើន​លើស​លប់​បាន​នាំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ច្រើន ​រួម​មាន​ភាព​អត់​ឃ្លាន ​ពលកម្ម​កុមារ ​និង​ការ​លក់​ដី​ដោយ​បង្ខំ​ជាដើម​ ​នៅ​ខេត្ត​កំពង់ស្ពឺ។​

អាជីវករម្នាក់ដឹកទំនិញលក់តាមតូបចល័ត នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។
អាជីវករម្នាក់ដឹកទំនិញលក់តាមតូបចល័ត នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។

បើ​តាម​ការ​សិក្សា ​ប្រជា​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ ​៦,១% ​បាន​លក់​ដី​ដើម្បី​សង​បំណុល។ ​របាយ​ការណ៍​បន្ត​ថា​ ពលកម្ម​កុមារ​ និង​កុមារ​បោះបង់​ការ​សិក្សា​ដោយសារ​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឬ​ធនាគារ​ ​គឺ​កើត​ឡើង​ញឹក​ញាប់​ខ្លាំង។ ​ប្រមាណ​ជា​ ៣%​ នៃ​ប្រជា​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ​បាន​ឱ្យ​កូន​បោះ​បង់​ការ​សិក្សា ​ដោយ​សារ​តែ​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ ​ឬ​ធនាគារ​ ដោយ​កុមារ​ជា​ច្រើន​ត្រូវ​ទៅ​ធ្វើ​ការ​ជួយ​រក​ប្រាក់​ដើម្បី​បង់​សង​កម្ចី​ទាំង​នោះ​វិញ។​

លោក​បណ្ឌិត ​គី សេរីវឌ្ឍ​ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ​ថ្លែង​ថា ពលរដ្ឋ​មួយ​ចំនួន​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​មិន​មែន​សម្រាប់​ការ​វិនិយោគ​នោះ​ទេ។ ​ លោក​បន្ថែម​ថា​ ការ​ខ្ចី​បុល​មួយ​ចំនួន​ទៀត​ក៏​បាន​កប់​ទៅ​លើ​វិស័យ​អចលន​ទ្រព្យ​ ដែល​កំពុង​តែ​ជាប់​គាំង​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជា​ពលរដ្ឋ​ជួប​ការ​លំបាក។

បើ​តាម​លោក ​គី សេរីវឌ្ឍ​ អ្នក​លក់​ដូរ​ទំនិញ​រង​ផលប៉ះ​ពាល់​ខ្លាំង​ជាង​គេ ​ដោយ​សារ​តែ​ពលរដ្ឋ​កាត់​បន្ថយ​ការ​ចំណាយ​និង​ទិញ​ទំនិញ ​ព្រោះ​ពួកគេ​ទុក​លុយ​មួយ​ផ្នែក ​ដើម្បី​បង់​សង​បំណុល។

លោក​ថ្លែង​ថា៖​ «ក្រុម​អ្នក​ដែល​រង​ផល​ប៉ះពាល់ ​គឺ​ក្រុម​ដែល​ប្រកប​សេវា​លក់​ដូរ​រាយ​រង​ [គឺ]​សេវា​លក់​រាយ​នេះ ​គឺ​ត្រូវ​លក់​មិន​សូវ​ដាច់ ​ដោយ​សារ​តែ​អ្នក​ទិញ​បន្ថយ​ការ​ទិញ ​បង្កើន​ការ​សន្សំ​ច្រើន​ជាង ​និង​មួយ​ចំណែក​ត្រូវ​យក​ទៅ​បង់​នៅ​ធនាគារ។ ​អ៊ីចឹង​វា​ទាញ​ឱ្យ​សេដ្ឋកិច្ច​វិល​ដើរ​ថយ​ក្រោយ»។​

បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ​រដ្ឋ​ត្រូវ​លើក​ទឹកចិត្ត ​និង​ជំរុញ​ឱ្យ​ចរន្ត​សេដ្ឋ​កិច្ច​ផ្ទៃ​ក្នុង​ដើរ ​និង​ធ្វើ​ឱ្យ​សហគ្រាស​ធុនតូច​និង​មធ្យម ​(SME)​មាន​ភាព​ល្អ​ប្រសើរ​ឡើង ​ដើម្បី​ធានា​ការងារ​ធ្វើ​សម្រាប់​ពលរដ្ឋ ​ដែល​អាច​ជួយ​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​ដូរ​ទំនិញ​រាយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ​ជា សិរី ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ​និង​លោក ​ប៉ែន​ បូណា​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​បាន​នៅ​ឡើយ​ទេ។​

អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​លោក​ កាំង តុងងី ​បា្រប់​វីអូអេ​ថា​ ទំហំ​សរុប​ឥណទាន ​៥៧​ពាន់​លាន​ដុល្លារ​អាមេរិក ​ដែល​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​កម្ពុជា ​មិន​បាន​បង្ហាញ​សញ្ញា​ហានិភ័យ​ណា​មួយ​នោះ​ទេ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​វា​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ព្រោះ​ឥណទាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ដើម​ទុន​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ពង្រីក ​និង​ស្តារ​អាជីវ​កម្ម ​បើ​ទោះ​បី​ជា​វា​ ប៉ះពាល់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ក្តី។​

លោក​បញ្ជាក់​ថា៖ ​«វិស័យ​ធនាគារ​ហិរញ្ញ​វត្ថុ ​នៅតែ​មាន​ភាព​រឹងមាំ​ ក្នុង​ការ​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច ​ដូច​ដែល​បាន​កើត​ឡើង។ តែ​យ៉ាងណា​ក៏​ ​យើង​មើល​ឃើញ​ថា​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ចំណូល​របស់​ប្រជា​ពលរដ្ឋ​យើង​ ក៏​មាន​ការ​ធ្លាក់​ចុះ​ដែរ ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ ​ឬ​កំណើន​សេដ្ឋកិច្ច​មាន​ភាព​យឺត​យ៉ាវ​ បញ្ហា​ប្រឈម​ផ្សេងៗ​លើ​ពិភព​លោក។​ វា​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​យើង​មាន​ផល​ប៉ះពាល់​លើ​ប្រាក់​ចំណូល»។​

លោក ​គីម ហ៊ាង ​អគ្គ​នាយក​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ីស្ទេត​កម្ពុជា ​(Khmer Real Estate)​ ថ្លែង​ថា ​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​អាស្រ័យ​លើ​សេដ្ឋកិច្ច​ពិភព​លោក ​និង​ប្រទេស​មហា​អំណាច​ ដូច​ជា​សហ​រដ្ឋ​អាមេរិក​ និង​ចិន។​ លោក​មើល​ឃើញ​ថា​ ​ទិន្នន័យ​ទំហំ​ឥណទាន​ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន​ស៊ីប៊ីស៊ី​នេះ​ មិន​ប៉ះពាល់​វិស័យ​ដីធ្លី ​និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​ឡើយ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «បើ​យើង​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជា​ច្រើន ​ចំនួន​ហ្នឹង ​គឺ​វា​មិន​ទាន់​ច្រើន​ទេ។ អ៊ីចឹង​បើ​ថា​ វា​ប៉ះ​ពាល់​ដល់​វិស័យ​ដីធ្លី​អត់ ​គឺ​វា​មិន​ទាក់​ទង​នឹង​ចំនួន​នៃ​អ្នក​ជំពាក់​ទេ។ អ្វី​ដែល​ប៉ះពាល់​វិស័យ​អចលន​ទ្រព្យ ​គឺ​សេដ្ឋកិច្ច​របស់​កម្ពុជា ​សេដ្ឋកិច្ច​អាស៊ាន ​និង​សេដ្ឋកិច្ច​ពិភព​លោក។​ បើ​សេដ្ឋកិច្ច​ពិភពលោក ​សេដ្ឋកិច្ច​អាស៊ាន​ដើរ​ល្អ ​ខ្មែរ​យើង​ដើរ​ល្អ។​ប៉ុន្តែ​បើ​សេដ្ឋកិច្ច​ពិភព​លោក ​សេដ្ឋកិច្ច​អាស៊ាន​ដើរ​ថយ​ក្រោយ ​ខ្មែរ​ដើរ​ថយ​ក្រោយ»។​

ក្រុមហ៊ុន​ក្រេឌីត ​ប្យួរ៉ូ​ខេមបូឌា ខូអិល​ធីឌី ​ហៅ​កាត់​ថា ​ស៊ីប៊ីស៊ី​បាន​ឱ្យ​ដឹង​ថា​ ចំពោះ​ស្ថាន​ភាព​ឥណទាន​នៅ​កម្ពុជា​ឆ្នាំ​២០២៣ ​ប្រជា​ជន​ចំនួន​ ៤,៩៨​លាន​នាក់​ក្នុង​ ២៥​រាជធានី​ខេត្ត​ បាន​ខ្ចី​ឥណទាន ដោយ​ក្នុង​នោះ​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ​និង​សៀមរាប ​ខ្ចី​ជិត​ ៦០% ​នៃ​សមតុល្យ​ឥណទាន​សរុប។ ​ចំណែក​គុណភាព​ឥណទាន​នៃ​ការ​សង​ត្រឡប់​យឺត​លើស​ពី​៩០​ថ្ងៃ ​គិត​ត្រឹម​ចុង​ឆ្នាំ​២០២៣​ មាន​ចំនួន​ ៤,៦% ​ដែល​កើន​ឡើង ​២,៤%​ បើ​ធៀប​នឹង​ឆ្នាំ​២០២២។ ​កាល​ពី​ឆ្នាំ​២០២២​ ប្រជាជន​ចំនួន ​៤,៨​លាន​នាក់​ បាន​ខ្ចី​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG