ការសិក្សាថ្មីមួយរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលមានសមាជិកជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានរកឃើញថា វិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង។ ប៉ុន្តែកូនបំណុលមួយចំនួនតូចបានលក់ដីរបស់ពួកគេ ដើម្បីសងបំណុលដែលពួកគេបានខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។
ការសិក្សារបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានធ្វើការស្ទង់មតិក្នុងចំណោមអ្នកខ្ចីចំនួន ៣.២៦២នាក់ ក្នុង ១០ខេត្ត និងជាង ៤៥០ភូមិ ក្នុងប្រទេសកម្ពុជា។ ការសិក្សា ដែលចេញផ្សាយកាលពីពេលថ្មីៗនេះរកឃើញថា ស្ត្រីបានធ្វើកម្ចីឥណទានច្រើនជាងបុរស។
ក្នុងការដាក់បង្ហាញរបាយការណ៍នៃការសិក្សាអំពីការវាយតម្លៃពីផលជះមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក ថៃ សុភា អគ្គលេខាធិការរងធនាគារជាតិកម្ពុជា លើកឡើងថា ការសិក្សាបានបង្ហាញពីភាពចាំបាច់ និងតម្រូវការនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យមានវិស័យមីក្រូហិរញ្ញវត្ថុក្នុងស្រុកក្នុងឆ្នាំ ២០០៦ បន្ទាប់ពីមានការប្រកាសពីអង្គការសហប្រជាជាតិ ដោយបានជួយកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា។
លោកថ្លែងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ «មីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងការកាត់បន្ថយភាពក្រីក្រជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលបានហិរញ្ញប្បទានសង្គមដោយផ្អែកលើប្រាក់ចំណូលពីប្រាក់កម្ចី ដើម្បីអភិវឌ្ឍអាជីវកម្មខ្នាតតូចនៅក្នុងប្រទេស»។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ការសិក្សានេះវាយតម្លៃពីផលជះមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
លោកថ្លែងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ «ការរកឃើញនេះនឹងបង្ហាញពីរបៀបដែលមីក្រូហិរញ្ញវត្ថុមានឥទ្ធិពលវិជ្ជមានទៅលើការកែលម្អជីវិតរបស់អតិថិជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការរកឃើញនិងអនុសាសន៍នឹងកាន់តែមានសារៈសំខាន់សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងស្ថាប័នទាំងអស់ ព្រមទាំងអ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរៀបចំ និងអនុវត្តកិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និងឈានទៅជំហានបន្ទាប់ក្នុងការធានានិរន្តរភាពនៃការដាក់បញ្ចូលហិរញ្ញវត្ថុ និងផលប៉ះពាល់ជាវិជ្ជមានលើអតិថិជន»។
ថ្លែងនៅក្នុងការបង្ហាញរបាយការណ៍នៃការសិក្សាពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កញ្ញា Ratika Kathuria ទីប្រឹក្សាអភិវឌ្ឍន៍អន្តរជាតិនៃក្រុមហ៊ុនស្រាវជ្រាវអភិវឌ្ឍន៍ឯករាជ្យ M-CRIL ដែលជាអ្នកសិក្សារបាយការណ៍នេះ បានលើកឡើងថា កម្ចីជាមធ្យមដែលប្រជាជនកម្ពុជាបានខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារមានប្រមាណ ៥.០០០ដុល្លារអាមេរិក ដោយកញ្ញាបានសិក្សានិងបែងចែកកម្ចីឥណទានពីក្រុមគ្រួសារក្រីក្រដែលមានបណ្ណសម្គាល់ក្រីក្រពីអាជ្ញាធរ និងគ្រួសារមិនក្រីក្រ។ កញ្ញាបានរកឃើញថា កម្ចីរបស់ក្រុមគ្រួសារក្រីក្រតែងតែមានការបង្វិលសងពីមួយទៅមួយ ខណៈក្រុមគ្រួសារមិនក្រីក្របានយកកម្ចីទៅកែប្រែការធ្វើជំនួញរបស់ពួកគេ។
កញ្ញាថ្លែងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា ទំហំមធ្យមនៃប្រាក់កម្ចីគ្រួសារក្រីក្រប្រមាណ ៣.២០០ដុល្លារ ហើយសម្រាប់គំរូសរុប គឺប្រហែល៥.០០០ដុល្លារ ហើយគ្រួសារក្រីក្រពិបាកសងបំណុល បើប្រៀបធៀបនឹងគ្រួសារដែលមិនក្រីក្រ។
បើតាមលទ្ធផលនៃការសិក្សា ក្នុងចំណោមអ្នកខ្ចីចំនួន ៣.២៦២នាក់ មានតែប្រមាណ ៦០នាក់ ឬប្រមាណ ២% ទេ ដែលបានលក់ដីដើម្បីសងបំណុល។
ក្នុងពេលដាក់បង្ហាញការសិក្សា លោក Sanjay Sinha សហស្ថាបនិក និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាវជ្រាវអភិវឌ្ឍន៍ឯករាជ្យ M-CRIL បានលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនទទួលបានផលពីការធ្វើកម្ចីឥណទាននេះ ខណៈមួយចំនួនមានភាពតានតឹងក្នុងការទូទាត់សងបំណុលឱ្យទាត់ពេលវេលា ដែលធ្វើឱ្យពួកគេត្រូវលក់ដី ឬទ្រព្យសម្បត្តិមួយចំនួនដើម្បីសងបំណុលទាំងនោះ។
លោកថ្លែងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ «ដូច្នេះលទ្ធភាពនៃការលក់ដីជាយុទ្ធសាស្ត្រសម្រាប់ភាពតានតឹងក្នុងការទូទាត់សងនាពេលអនាគតក៏ជាសំណួរដែលយើងបានសួរថា តើមានភាពតានតឹងក្នុងការទូទាត់សងនាពេលអនាគតដែរ ឬទេ? ហើយប្រសិនបើអ្នកយកប្រាក់កម្ចីបន្ថែម តើអ្នកនឹងធ្វើអ្វី? វាត្រូវបានអ្នកខ្ចីចំនួន ១២% ទទួលស្គាល់ថា ការលក់ដីគឺជាលទ្ធភាពមួយដែលសងបំណុលបាន ហើយ ២០% ក៏បានទទួលស្គាល់ថា ពួកគេអាចបាត់បង់ទ្រព្យសម្បត្តិមានតម្លៃខ្ពស់ផងដែរ»។
កាលពីខែសីហា ឆ្នាំ ២០២៣ អង្គការការពារសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជាបានចេញផ្សាយរបាយការណ៍មួយស្ដីពីហានិភ័យនៃបំណុល ដែលជាការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ។ របាយការណ៍នេះបង្ហាញពីការរកឃើញនៅក្នុងការស្ទង់មតិមួយទៅលើប្រជាពលរដ្ឋចំនួន ៧១៧ខ្នងផ្ទះ។ ការសិក្សាស្រាវជ្រាវនេះបង្ហាញថា ការរីករាលដាលនៃភាពជំពាក់បំណុលច្រើនលើសលប់បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន រួមមានភាពអត់ឃ្លាន ពលកម្មកុមារ និងការលក់ដីដោយបង្ខំជាដើម នៅខេត្តកំពង់ស្ពឺ។
បើតាមការសិក្សា ប្រជាពលរដ្ឋតាមខ្នងផ្ទះ ៦,១% បានលក់ដីដើម្បីសងបំណុល។ របាយការណ៍បន្តថា ពលកម្មកុមារ និងកុមារបោះបង់ការសិក្សាដោយសារបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ គឺកើតឡើងញឹកញាប់ខ្លាំង។ ប្រមាណជា ៣% នៃប្រជាពលរដ្ឋតាមខ្នងផ្ទះបានឱ្យកូនបោះបង់ការសិក្សា ដោយសារតែកម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដោយកុមារជាច្រើនត្រូវទៅធ្វើការជួយរកប្រាក់ដើម្បីបង់សងកម្ចីទាំងនោះវិញ៕
វេទិកាបញ្ចេញមតិ