អ្នកសង្កេតការណ៍បោះឆ្នោតថ្លែងថា ប្រទេសកម្ពុជាគួរតែសិក្សាពីរបៀបគ្រប់គ្រងសន្តិសុខក្នុងអំឡុងពេលបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា ដែលយកប្រជាពលរដ្ឋជាអ្នករក្សាសនិ្តសុខក្នុង និងក្រោយពេលបោះឆ្នោត ជំនួសឲ្យកម្លាំងប៉ូលិស និងកម្លាំងប្រដាប់អាវុធផ្សេងទៀត។
ពួកគេថា ការសិក្សាយកគំរូតាមប្រទេសមីយ៉ាន់ម៉ាក្នុងកិច្ចការសន្តិសុខនេះ អាចធ្វើឲ្យអ្នកបោះឆ្នោតក្នុងប្រទេសកម្ពុជា មានភាពជឿជាក់ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបោះឆ្នោត និងជៀសផុតពីការគំរាមកំហែង។
លោក គល់ បញ្ញា នាយកប្រតិបតិ្តអង្គការខុមហ្វ្រែល ដែលបានចុះទៅឃ្លាំមើលការបោះឆ្នោតជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៥ កន្លងទៅនេះ ថ្លែងប្រាប់ VOA ថា ប្រជាពលរដ្ឋត្រូវបានគេបណ្តុះបណ្តាលឲ្យទទួលខុសត្រូវក្នុងការរក្សាសន្តិសុខ និងសុវតិ្ថភាព ជូនអ្នកបោះឆ្នោតដោយមិនចាំបាច់ប្រើកម្លាំងសន្ធឹកសន្ធាប់សម្រាប់ដំណើរការបោះឆ្នោតទេ។
«បើយើងមើលពីចម្ងាយគិតថា វាប្រាកដជាមានការគំរាមកំហែង ប៉ុន្តែអត់។ នៅពេលថ្ងៃបោះឆ្នោត មួយដែលយើងរៀនសូត្រនោះគឺថា អ្នកដែលទទួលសន្តិសុខនៅពេលបោះឆ្នោតហ្នឹង កិច្ចការសន្តិសុខហ្នឹង គឺប្រជាពលរដ្ឋហ្នឹងឯង គេឲ្យប្រជាពលរដ្ឋហ្នឹងមករៀន តែការងារសន្តិសុខមកធ្វើសន្តិសុខនៅការិយាល័យបោះឆ្នោត»។
ប្រទេសមីយ៉ាន់ម៉ា ដែលគេដឹងថា ស្ថិតក្រោមការដឹកនាំដោយរបបយោធាជិត៥០ឆ្នាំ បានរៀបចំការបោះឆ្នោតបែបប្រជាធិបតេយ្យ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដោយពុំមានលេចឡើងនូវសេចក្តីរាយការណ៍ព័ត៌មានទាក់ទិននឹងបញ្ហាសន្តិសុខ និងការគំរាមកំហែងទេ។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិក) ថ្លែងថា បទពិសោធន៍នៃការគ្រប់គ្រងសន្តិសុខបានល្អរបស់កម្លាំងប្រជាពលរដ្ឋសាមញ្ញ ដែលបង្ហាញឲ្យឃើញក្នុងដំណើរការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា ជាមេរៀនដ៏ល្អមួយសម្រាប់កម្ពុជា។
លោកបញ្ជាក់ថា៖«យើងគួរយកគំរូតាមគេ ចំណុចហ្នឹងមួយល្អរបស់គេ។ គេរៀបចំបានល្អ អត់ដូចយើងធ្វើកន្លងមក មកដល់ពេលហ្នឹង យើងយកសុទ្ធតែកម្លំាងច្រូងច្រាងអញ្ចឹង ជាលក្ខណៈបង្ហាញមួយថា អសន្តិសុខពេក។ ហើយទីមួយ អ្នកបោះឆ្នោតហ្នឹងមានការ គេហៅថាមិនកក់ក្តៅ អត់មាន Free ហ្មង។ ទៅបោះឆ្នោត មើលទៅដោយសេរីភាពក្នុងការទៅ វាមានលក្ខណៈភិតភ័យនៅឡើយ»។
លោកបន្តថា កិច្ចការរក្សាសន្តិសុខ ដែលធើ្វឡើងក្នុងអំឡុងពេលបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាត្រូវបានធ្វើទៅតាមសំណូមពររបស់គណបក្សនយោបាយ។ លោកថា មានក្តីសង្ឃឹមតិចតួចសម្រាប់ប្រទេសកម្ពុជា ដែលចង់ធ្វើឱ្យដូចប្រទេសមីយ៉ាន់ម៉ា។
លោកពន្យល់ថា៖«ខ្ញុំមើលទៅភាគរយធ្វើដូចគេហ្នឹង ខ្ញុំសង្ឃឹមតិចណាស់ ព្រោះអ្វី ភាគីដែលពាក់ព័ន្ធហ្នឹងដូចក្រសួងមហាផ្ទៃ ហើយក្រសួងការពារជាតិ ដូចមានប៉េអឹម មានអ្វីអញ្ចឹងទៅ ខ្លាចរដ្ឋាភិបាល លោកអត់ទទួលយកបាន។ លោកធ្វើតាមលំនាំចាស់ដដែល»។
VOA ព្យាយាមទាក់ទងលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកាលពីថ្ងៃអាទិត្យ តែនៅមិនទាន់អាចទាក់ទងបាន។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ថ្លែងថា គ.ជ.ប. នឹងលើកយកពីបញ្ហាសន្តិសុខនេះ ទៅពិភាក្សាជាមួយក្រសួងមហាផ្ទៃ ខណៈដែល គ.ជ.ប. កំពុងធ្វើការលើការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធអេឡិកត្រូនិកជាផ្នែកមួយនៃការរៀបចំបញ្ជីបោះឆ្នោតថ្មី។
លោកថ្លែងថា៖«ផ្នែកសន្តិសុខក៏នឹងលើកយកមកពិភាក្សាគ្នាដែរ ពិសេសអ្វីដែលខ្ញុំនិយាយក្នុងពេលនេះ ខ្ញុំក៏ជាសមាជិកម្នាក់របស់ គ.ជ.ប។ អញ្ចឹងខ្ញុំនឹងលើកករណីហ្នឹងដាក់ទៅក្នុងអង្គប្រជុំរបស់ គ.ជ.ប.»។
លើសពីកិច្ចការថែរក្សាសន្តិសុខ ក្នុងពេលបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោត ក៏ស្នើឲ្យ គ.ជ.ប. ពិនិត្យលើលទ្ធភាពនៃតួនាទីរបស់ស្រ្តីក្នុងការផ្តល់តម្លាភាពលើការចាត់ចែងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ថ្លែងថា ប្រទេសកម្ពុជាអាចពិចារណាលើតួនាទីរបស់ស្រ្តី ដែលអាចនឹងផ្តល់តម្លាភាពដល់ការបោះឆ្នោតនាពេលខាងមុខ។
លោកមានប្រសាសន៍ថា៖«ចំណុចទីពីរដែលខ្ញុំមើលទៅរៀនសូត្រ គឺតម្លាភាពនៅពេលរាប់ហ្នឹង។ ពេលបោះហើយ និងពេលរាប់ហ្នឹងក៏សំខាន់ដែរ។ អ្នកដែលចាត់ចែងការងារ ដែលខ្ញុំមើលទៅ មានលក្ខណៈហ្មត់ចត់ល្អហ្នឹងគឺស្រ្តី។ ស្រ្តីតែម្តង ដែលភាគច្រើនពួកគេជាគ្រូ ជាអ្នកធ្វើកិច្ចការងារនៅថ្នាក់ឃុំ ថ្នាក់អីហ្នឹង គឺថា មានស្ត្រីច្រើនណាស់ មកចាត់ចែង ការបោះឆ្នោតនៅពេលថ្ងៃបោះឆ្នោត ហើយនិងរាប់សន្លឹកឆ្នោត។ អានេះជាចំណុចមួយដែរ ដែលធ្វើឲ្យមានទំនុកចិត្តទៅលើមន្ត្រីចាត់ចែងការបោះឆ្នោត នៅពេលថ្ងៃបោះឆ្នោត នៅពេលរាប់សន្លឹកឆ្នោត»។
ការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ ត្រូវបានក្រុមតំណាងរាស្ត្រនៃគណបក្សប្រឆាំងចោទថា បានធ្វើឡើងដោយមិនស្របទៅតាមឆន្ទៈរបស់ម្ចាស់ឆ្នោត ដោយសារសន្លឹកឆ្នោតត្រូវបានគេបន្លំ។ តែមេដឹកនាំគណបក្សកាន់អំណាចតែងតែអះអាងថា គ្មានការលួចបន្លំសន្លឹកឆ្នោតណាមួយកើតឡើងនោះទេ។ មេដឹកនាំគណបក្សកាន់អំណាចគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បបួលក្រុមប្រឆាំងមកស្បថស្បែរអំពីការចោទប្រកាន់ដែលថា មានការលួចសន្លឹកឆ្នោតនេះ។
យ៉ាងណាក៏ដោយ ស្ទើរតែរាល់លើកនៅមុន និងក្រោយការបោះឆ្នោត កម្លំាងប៉ូលិស និងកម្លាំងប្រដាប់អាវុធត្រូវគេដឹងថា បានដាក់ពង្រាយ ដើម្បីរឹតបន្តឹងសន្តិសុខ។
ជាឧទាហរណ៍ ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ អាជ្ញាធរមានសមត្ថកិច្ចបានដាក់ទីលានប្រជាធិបតេយ្យ ឲ្យស្ថិតក្នុងការឃុំឃាំង ដោយអាជ្ញាធរមិនឲ្យនរណាម្នាក់ចូលទៅធ្វើសកម្មភាពក្នុងទីលាននេះទេ បន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងលទ្ធផលឆ្នោតនោះ៕