ប្រទេសកម្ពុជានៅតែជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់បំផុតនៅឆ្នាំ២០១៥។ នេះបើយោងទៅតាមការផ្តល់ពិន្ទុរបស់អង្គការតម្លាភាពអន្តរជាតិ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាថ្លែងថា ការផ្តល់ពិន្ទុនេះ មិនបានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនោះទេ។
មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានច្រានចោលការផ្តល់ពិន្ទុរបស់អង្គការតម្លាភាពអន្តរជាតិ ដែលបានផ្តល់ពិន្ទុឲ្យប្រទេសកម្ពុជា២១ពិន្ទុលើ១០០នៅក្នុងសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ (CPI) ក្នុងឆ្នាំ២០១៥កន្លងទៅ ដែលនៅតែមានកម្រិតដូចគ្នាទៅនឹងឆ្នាំ២០១៤។
ពិន្ទុ២១នេះជាការកំណត់ថា ប្រទេសកម្ពុជានៅតែជាប្រទេសមួយដែលមានកម្រិតអំពើពុករលួយខ្ពស់បំផុតនៅឡើយ។ ការផ្តល់ពិន្ទុដោយអង្គការតម្លាភាពអន្តរជាតិនេះធ្វើឡើងដោយផ្អែកលើសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់វាស់វែងទំហំនៃអំពើពុករលួយ។
លោក សុខ ឦសាន អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់ VOA ថា ការផ្តល់ពិន្ទុនេះមិនបានឆ្លុះបញ្ចាំងដល់កិច្ចខិតខំរបស់ប្រទេសកម្ពុជាក្នុងការទប់ស្កាត់អំពើពុករលួយនោះទេ។ លោកថ្លែងថា៖
«ខ្ញុំមិនចាប់អារម្មណ៍រឿងពិន្ទុទេ។ បញ្ហាសំខាន់គឺលើលទ្ធផលថា តើយើងប្រៀបធៀបពីមុននឹងឥឡូវហ្នឹងវាមានការថយចុះកម្រិតណា? អាហ្នឹងបានយើងមើលដឹង។ បើចាំបាច់តែពិន្ទុ បានយើងធ្វើ វាមិនកើតទេ»។
សន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយនេះផ្តល់ការវាយតម្លៃជាប្រចាំនៃការយល់ឃើញអំពីអំពើពុករលួយក្នុងវិស័យសាធារណៈដោយដាក់ពិន្ទុឲ្យប្រទេសនានាទូទាំងសកលលោកផ្អែកលើមាត្រដ្ឋានពី០ពុករលួយខ្លាំងទៅ១០០ ស្អាតស្អំខ្លាំង ដែលក្នុងនោះ ប្រទេសកម្ពុជាទទួលបានពិន្ទុ២១ និងមានចំណាត់ថ្នាក់១៥០ ក្នុងចំណោមប្រទេសចំនួន១៦៨ ដែលត្រូវបានជ្រើសរើសដើម្បីវាយតម្លៃ។ នៅឆ្នាំ២០១៤កន្លងទៅ ប្រទេសកម្ពុជាទទួលបានពិន្ទុ២១និងមានចំណាត់ថ្នាក់១៥៦ ក្នុងចំណោមប្រទេសចំនួន១៧៥។
នៅឆ្នាំ២០១៣ ប្រទេសកម្ពុជាត្រូវបានអង្គការនេះចាត់ចំណាត់ថ្នាក់នៅបាតគេម្តងហើយក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ដោយកម្ពុជាត្រូវបានផ្តល់ពិន្ទុឲ្យត្រឹមតែ២០លើ១០០ប៉ុណ្ណោះនៅក្នុងឆ្នាំនោះ។
អ្នកជំនាញនៃអង្គការតម្លាភាពកម្ពុជាបានពន្យល់ពីការផ្តល់ពិន្ទុនេះថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយនោះ នៅមិនទាន់មានប្រសិទ្ធភាព និងគ្រប់គ្រាន់នៅឡើយទេ។ ការធ្វើកំណែទម្រង់វិស័យមួយចំនួនត្រូវបានកត់សម្គាល់ និងទទួលបានការស្វាគមន៍ ហើយរដ្ឋាភិបាលត្រូវបន្តធ្វើកំណែទម្រង់ទៅលើស្ថាប័នស្ថាធារណៈនានា ដោយផ្តោតទៅលើស្ថាប័នសំខាន់ៗ ដូចជាប្រព័ន្ធតុលាការ និងស្ថាប័នអនុវត្តច្បាប់ ព្រមទាំងស្ថាប័ន ដែលផ្តល់សេវាសាធារណៈជាដើម។
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាននិយាយថា ការផ្តល់ពិន្ទុនេះមិនបានធ្វើឡើងដោយផ្អែកលើទិន្នន័យគ្រប់ជ្រុងជ្រោយនោះទេ។ លោកថ្លែងថា៖
«យើងខ្ញុំគ្មានអីពាក់ព័ន្ធទៅលើការចាប់អារម្មណ៍ទៅលើពិន្ទុនេះទេ។ បើយើងចាប់អារម្មណ៍ បើយើងឆ្លើយឆ្លងទៅនឹងការដាក់ពិន្ទុ គឺយើងចូលក្នុងអន្ទាក់ ប្រឈមមុខដាក់គ្នា។ ឧទាហរណ៍បើយើងប្រកែកថា «ទេ! កម្ពុជាល្អជាងប្រទេសនេះ។ អ្ហេប្រទេសនេះឡូយជាងកម្ពុជា រឿងអីបានលេខល្អជាងយើង»។ តើផលវាយ៉ាងម៉េច? ផលគឺយើងប្រឈមមុខដាក់គ្នាក្នុងពេលដែលអំពើពុករលួយកំពុងឆ្លងដែន កំពុងតែកើតការធ្វើសហប្រតិបត្តិការពីប្រទេសមួយទៅប្រទេសមួយ»។
បើយោងទៅតាមសន្ទស្សន៍ដែលចេញផ្សាយសាធារណៈដោយអង្គការតម្លាភាពអន្តរជាតិ តាមរយៈអង្គការតម្លាភាពកម្ពុជា បង្ហាញថា ប្រទេស Burundi និង Zimbabwe ក្នុងទ្វីបអាហ្វ្រិក មានពិន្ទុ២១ស្មើកម្ពុជា រីឯប្រទេស Myanmar ទទួលបាន២២ពិន្ទុលើសប្រទេសកម្ពុជា១ពិន្ទុ។
លោកឱក សេរីសុភ័ក្ត្រ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងនៅក្នុងពេលចេញផ្សាយសន្ទស្សន៍នេះ នៅសណ្ឋាគារ Le Royal ក្នុងរាជធានីភ្នំពេញថា អង្គការតម្លាភាពកម្ពុជាបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការកែទម្រង់ជាច្រើនក្នុងស្ថាប័នសាធារណៈ រួមទាំងស្ថាប័នតុលាការ តែការកែទម្រង់នេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។
«ប៉ុន្មានឆ្នាំកន្លងមកនេះ អង្គការតម្លាភាពកម្ពុជាបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់ចម្បងៗ និងមានលក្ខណៈជាប្រព័ន្ធនៅក្នុងស្ថាប័នជាតិសំខាន់ៗ ដោយផ្តោតលើកំណែទម្រង់ប្រព័ន្ធតុលាការ ការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ច្បាប់ការពារសាក្សី និងអ្នករាយការណ៍ធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ប្រឆាំងអំពើពុករលួយ ដោះស្រាយបក្ខពួកឬគ្រួសារនិយម និងបញ្ហាទំនាស់ផលប្រយោជន៍ក្នុងស្ថាប័នសាធារណៈ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នកិច្ចការថ្ងៃនេះត្រូវបានអនុវត្តតិចតួច និងពុំបានអនុវត្តឲ្យបានពេញលេញនោះទេ»។
លោកសុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលកម្ពុជាជាង៣៥ឆ្នាំមកហើយនោះ បានថ្លែងការពារការកែទម្រង់របស់រដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យទាំងអស់យ៉ាងដូច្នេះថា៖
«បញ្ហាពុករលួយនេះគឺថា យើងរួមគ្នាគ្រប់ផ្នែកគ្រប់មជ្ឈដ្ឋានទាំងអស់ដើម្បីទប់ស្កាត់ ពីព្រោះបញ្ហានេះមិនអាចធ្វើតែមួយពេល ហើយអត់បាត់ឈឹងទេ។ វាទាមទារការធ្វើជាប្រចាំ ហើយរយៈពេលណាមួយជាកំណត់យូរអង្វែងទៀតបាទ»។
កម្ពុជាមានចំណាត់ថ្នាក់លើប្រទេសតែ១៦ប៉ុណ្ណោះក្នុងតារាងចំណាត់ថ្នាក់អំពើពុករលួយប្រចាំឆ្នាំ២០១៥របស់អង្គការតម្លាភាពអន្តរជាតិ ដែលមានទីស្នាក់ការធំនៅក្នុងប្រទេសអាល្លឺម៉ង់នោះ។
យោងតាមអង្គការដដែលនេះបានឲ្យដឹងថា អំពើពុករលួយនៅកម្ពុជានេះគឺដែលកាន់តែអាក្រក់ទៅ ដោយសារតែរដ្ឋាភិបាលនៅក្នុងប្រទេសកាន់តែរឹតត្បិតអង្គការសង្គមស៊ីវិល។
ប្រទេសដែលស្អាតស្អំជាងគេបង្អស់ក្នុងឆ្នាំ២០១៥ គឺប្រទេសដាណឺម៉ាក ដែលទទួលបានពិន្ទុ៩១លើ១០០ ហើយប្រទេសដែលជាប់ចំណាត់ថ្នាក់ពុករលួយជាងគេបង្អស់នោះគឺប្រទេសសូម៉ាលី និងកូរ៉េខាងជើង ដែលមានពិន្ទុតែ៨ដូចគ្នា៕