គ្រាដែលការបោះឆ្នោត ឃុំ សង្កាត់កាន់តែខិតជិតមកដល់ អ្នកជំនាញបោះឆ្នោតស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) ពន្លឿនការរៀបចំបញ្ជីបោះឆ្នោតថ្មី។ អនុប្រធាន (គ.ជ.ប) ថ្លែងថា ក្រុមការងាររបស់ គ.ជ.ប នឹងធ្វើកិច្ចការងារនេះឲ្យបានឆាប់ បន្ទាប់ពីការពិគ្រោះយោបល់របស់ខ្លួនលើកដំបូងអំពីការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត និងរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦។
អ្នកសងេ្កតការណ៍បោះឆ្នោតកម្ពុជា បានជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) ពន្លឿនការរៀបចំបញ្ជីឆ្នោតថ្មីនៃឈ្មោះអ្នកបោះឆ្នោត ដើម្បីងាយស្រួលក្នុងការកែសម្រួលកំហុសឆ្គង នៅមុនពេលការបោះឆ្នោត ឃុំ សង្កាត់ ក្នុងឆ្នាំ២០១៧ខាងមុខនេះ។
ការជំរុញនេះកើតមាន បន្ទាប់ពី (គ.ជ.ប) បានបញ្ចប់ការពិគ្រោះយោបល់របស់ខ្លួនលើកដំបូងអំពីការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត និងរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅថ្ងៃព្រហស្បតិ៍នេះ។
លោក គល់ បញ្ញា នាយកប្រតិបតិ្តអង្គការ ខុមហ្វ្រែល ថ្លែងប្រាប់ VOA ថា (គ.ជ.ប) ត្រូវបញ្ចប់ការរៀបចំបញ្ជីបោះឆ្នោតថ្មីនេះឲ្យបាននៅខែឧសភា ដែលបានកំណត់ដោយ (គ.ជ.ប) ដោយលោកបានពន្យល់យ៉ាងដូច្នេះថា៖
«គ.ជ.បត្រូវតែខិតខំធ្វើម៉េចឲ្យបានចេញ ដូចគាត់បានគិតទុកមុន ថាចេញខែប្រាំ។ កាលណាចេញ ការចុះឈ្មោះបោះឆ្នោតនៅខែប្រាំ វាអាចថា មានពេលវេលាដើម្បីកែតម្រូវនៅពេលណា ដែលការរៀបចំការចុះឈ្មោះបោះឆ្នោតហ្នឹង វាមានការ Error មានការខុសខ្លះអីអញ្ចឹងទៅ គេអាចកែតម្រូវបានខ្លះ មុននឹងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ឆ្នាំ២០១៧»។
ការពិគ្រោះយោបល់របស់ (គ.ជ.ប) ដែលធ្វើឡើងនៅឯភោជនីយដ្ឋាន ទន្លេបាសាក់ II បានលើកពីចំណុចសំខាន់ចំនួនបី ដែល (គ.ជ.ប) ត្រូវធ្វើនោះ រួមមាននីតិវិធីនៃការផ្តល់នូវប័ណ្ណបោះឆ្នោត កិច្ចការបច្ចេកទេស ក្នុងការបញ្ជូនឈ្មោះរបស់អ្នកបោះឆ្នោត ការប្រើប្រាស់ឧបករណ៍សម្រាប់កំណត់អត្តសញ្ញាណនៃអ្នកបោះឆ្នោត និងការប្រើធនធានមនុស្សជាដើម។
លោក គួយ ប៊ុនរឿន អនុប្រធាន (គ.ជ.ប) បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិគ្រោះយោបល់នោះថា (គ.ជ.ប) នឹងជំរុញឲ្យការរៀបចំបញ្ជីបោះឆ្នោតថ្មីបញ្ចប់ទៅបានឆាប់រហ័ស បន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រុមជំនាញខាងបោះឆ្នោតរបស់ជប៉ុន និងសហភាពអឺរ៉ុប។
«យើងនឹងពិគ្រោះយោបល់បន្ថែមទៀត ជាមួយអ្នកជំនាញការជប៉ុនថែមទៀត ជាមួយ EU ទៀត នឹងអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ»។
ការរៀបចំបញ្ជីបោះឆ្នោតថ្មីនេះ ធ្វើឡើងនៅក្រោយពេលដែលមានសេចក្តីរាយការណ៍ពីភាពមិនប្រក្រតីនៃឈ្មោះអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតកាលពីពេលមុនៗ។ ភាពមិនប្រក្រតីនៃឈ្មោះអ្នកបោះឆ្នោត ក៏ត្រូវបានគេរាយការណ៍ឲ្យដឹងផងដែរ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣។
អ្នកសង្កេតការណ៍បោះឆ្នោតកម្ពុជា បានសម្តែងក្តីបារម្ភផងដែរ ក្នុងការរៀបចំបញ្ជីបោះឆ្នោតថ្មីនេះ ទាក់ទិននឹងឈ្មោះនៃអ្នកបោះឆ្នោតដែលជាកម្មករចំណាកស្រុក។
លោក គល់ បញ្ញា ថ្លែងថា (គ.ជ.ប) ត្រូវរកមធ្យោបាយ ដើម្បីឲ្យកម្មករទាំងអស់នោះមានលទ្ធភាពចុះឈ្មោះឆ្នោត។
លោកបញ្ជាក់ថា៖«ខ្ញុំព្រួយបារម្ភរឿងដែលសំខាន់ ដែលបានលើកនៅក្នុងអង្គប្រជុំថ្ងៃនេះ គឺរឿងប្រជាពលរដ្ឋចំណាកស្រុក ជាក់ស្តែងអ្នកដែលចំណាកស្រុក ដូចជានៅប្រទេសថៃ។ នៅអីហ្នឹងធ្វើម៉េចដើម្បីរៀបចំ ក្រុមចុះឈ្មោះចល័តអីហ្នឹងទៅតាមព្រំដែនថៃអីហ្នឹងបានចុះឈ្មោះ ព្រោះថាយើងមិនបានរៀបចំប្រព័ន្ធចុះឈ្មោះបោះឆ្នោតនៅតាមស្ថានទូត ស្ថានអី ដោយសារច្បាប់យើងមិនបានផ្តល់កិច្ចការហ្នឹងឲ្យទៅ(គ.ជ.ប) ធ្វើបាន ប៉ុន្តែ (គ.ជ.ប) អាចរៀបចំការចុះឈ្មោះ ក្រុមចុះឈ្មោះនៅក្នុងប្រទេសខ្លួនឯងបាន ដែលជាក្រុមចល័តអីអញ្ចឹងទៅធ្វើតាមព្រំដែនថៃ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាយើង ដែលគាត់ចំណាកស្រុកនៅថៃហ្នឹង គាត់បានមកចុះឈ្មោះអាហ្នឹងដែលខ្ញុំមានការព្រួយបារម្ភ»។
លោក គួយ ប៊ុនរឿន បានទទួលស្គាល់នៅក្តីបារម្ភនេះ ហើយលោកថា (គ.ជ.ប) នឹងពិនិត្យលទ្ធភាពនៃការចុះបញ្ជីឈ្មោះកម្មករចំណាកស្រុកនេះ បន្ទាប់ពីក្រសួងមហាផ្ទៃបានបញ្ចប់ការចេញអត្តសញ្ញាណប័ណ្ណនៅថ្ងៃអនាគត។
លោកថ្លែងថា៖«ថ្ងៃអនាគត ខ្ញុំគិតមើលឃើញថា បើកាលណាក្រសួងមហាផ្ទៃបញ្ចេញអត្តសញ្ញាប័ណ្ណដល់ប្រជាពលរដ្ឋគ្រប់រូបហើយ ដូច្នេះយើងអាចយកប្រព័ន្ធទិន្នន័យ»។
កម្ពុជានឹងរៀបចំការបោះឆ្នោត ឃុំ សង្កាត់ នៅដើមឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ ដែលអាចនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើតាមការលើកឡើងរបស់មន្ត្រីគណបក្សកាន់អំណាចក្នុងពេលកន្លងមក។ យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍បោះឆ្នោតថ្លែងថា មិនទាន់មានការកំណត់ច្បាស់អំពីខែនៃការបោះឆ្នោតជាតិយ៉ាងណានោះទេ ដោយការសម្រេចគឺអាស្រ័យលើប្រមុខរដ្ឋាភិបាលកម្ពុជា៕