ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផាក​ពិន័យ​ធ្ងន់ធ្ង​រលើ​អ្នក​បើកបរ​បង្កឲ្យ​មានការ​តវ៉ា ​និង​ប្រតិកម្ម​ផ្សេងៗ


សកម្មភាព​ផាក​ពិន័យ​បទ​ល្មើស​ចរាចរ​របស់​ប៉ូលិស​នៅ​ព្រឹក​ថ្ងៃទី​០១ ឧសភា ឆ្នាំ២០២០​នេះ​បន្ទាប់ពី​មាន​ការរឹតបន្តឹង​និង​តម្លៃ​ផាកពិន័យ​បាន​កើនឡើង​ តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)
សកម្មភាព​ផាក​ពិន័យ​បទ​ល្មើស​ចរាចរ​របស់​ប៉ូលិស​នៅ​ព្រឹក​ថ្ងៃទី​០១ ឧសភា ឆ្នាំ២០២០​នេះ​បន្ទាប់ពី​មាន​ការរឹតបន្តឹង​និង​តម្លៃ​ផាកពិន័យ​បាន​កើនឡើង​ តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ដោយ​មានការ​ផាក​ពិន័យ​ធ្ងន់​ធ្ងរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​កំពុង​បង្ក​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត​ពី​អ្នក​បើកបរ​ និង​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ជា​បន្តបន្ទាប់ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ខែ​ឧសភា។​

នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ មាន​ការ​ចែក​រំលែក​ព័ត៌មាន ​រូបភាព និង​វីដេអូ ​ដែល​បង្ហាញ​ពី​អ្នក​បើកបរ​មួយ​ចំនួន​ត្រូវ​បាន​ប៉ូលិស​ចរាចរណ៍​ចាប់​វាយ​ខ្នោះ​ដៃ ​ដោយ​មាន​សេចក្តី​រាយ​ការណ៍​ថា​ ពួកគេ​មិន​មាន​លុយ​បង់​ប្រាក់​ផាក​ពិន័យ។​ អ្នក​ខ្លះទៀត​ត្រូវ​បង្ខំ​ចិត្ត​សម្រាក​នៅ​ប៉ុស្តិ៍​នគរបាល ​ដោយ​សារ​គ្មាន​លុយ​បង់​ប្រាក់​ផាក​ពិន័យ​។

លោក ​នុត បូពិនណារ័ត្ន​ អ្នក​សម្រប​សម្រួល​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ប្រចាំ​ខេត្ត​ស្វាយរៀង​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទនេះ​ថា ​ក្នុង​ខេត្ត​ស្វាយរៀង​មាន​ករណី​ដែល​អធិការ​រង​ស្រុក​មួយ​រូប ​គឺ​លោក ​សួគ៌ ធី​ បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ចាប់​វាយ​ខ្នោះ​អ្នក​បើក​បរ​រ៉ឺម៉ក​៣​នាក់​លើ​កំណាត់​ផ្លូវ​មួយ​ក្នុង​ឃុំ​ព្រៃ​គគីរ​ ស្រុក​ចន្ទ្រា ​នៅ​ពេល​ដែល​ម្ចាស់​រ៉ឺម៉ក​ទាំង​នោះ​ មិន​មាន​លទ្ធភាព​បង់​ប្រាក់​ផាក​ពិន័យ​នៅ​ហ្នឹង​កន្លែង។​ អ្នក​បើកបរ​ត្រូវ​បង់​១២​ម៉ឺនរៀល​ក្នុង​ម្នាក់ៗ ​ដោយសារ​មិន​មាន​បណ្ណ​បើក​បរ។​ នេះ​បើ​យោង​តាម​លោក ​នុត បូពិនណារ័ត្ន។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ចាត់​ទុក​ថា​សកម្មភាព​វាយ​ខ្នោះ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ ហើយ​ជា​សកម្មភាព​ដែល​គ្មាន​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅមក។​

«យើង​មើល​ទៅ​រូបភាព​ដែល​គេ​ថត​បាន​ យើង​មើល​ទៅ​វា​ឃោរ​ឃៅ​ណាស់ សាហាវ​ពេក​ ដូច​ជា​គាត់​ហ្នឹង​ប្រព្រឹត្ត​បទ​ល្មើស​ឧក្រិដ្ឋ​ណា​មួយ​ ដែល​ធ្វើ​យើង​ធ្វើ​ទៅ​លើ​មនុស្ស​ដែល​ជាប់​បទ​ឧក្រិដ្ឋ​សម្លាប់​មនុស្ស​អ៊ីចឹង។​ យើង​ឃើញ​ប៉ូលិស​ធ្វើ​ហ្នឹង​ណា៎​បាទ»។

ក្នុង​ឃ្លីប​វីដេអូ​ខ្លី​មួយ​មាន​រយៈពេល​ជាង​៣​នាទី​ដែល​គេ​ថត​បាន​និង​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្លាំង​សមត្ថ​កិច្ច​៥​នាក់​បាន​ចាប់​វាយខ្នោះ​ដៃ​បុរស​ម្នាក់ ​ដែល​ជា​អ្នក​បើក​រ៉ឺម៉ក​លក់​ពូក​ រួច​រុញ​ចូល​រថយន្ត​តូច​មួយ​ ដែល​ចត​នៅ​ក្បែរ​កន្លែង​ចាប់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ចរាចរណ៍។​

លោក ​នុត បូពិនណារ័ត្ន​ ឲ្យ​ដឹង​បន្ត​ថា​ បន្ទាប់​ពី​មាន​ការ​តវ៉ា​របស់​ប្រជាជន​ក្នុង​ឃុំ​ព្រៃ​គគីរ​ ដោយ​ការ​បិទ​ផ្លូវ​នោះ​ អ្នក​បើក​បរ​រ៉ឺម៉ក​ទាំង​៣​ដែល​រងការ​ចោទ​ថា​ គ្មាន​បណ្ណ​បើកបរ​ ត្រូវ​បាន​ដោះ​លែង​ពី​អធិការដ្ឋាន​នគរ​បាល​ស្រុក​ចន្ទ្រា ​ហើយ​លោក​ សួគ៌ ធី ​អធិការ​រង​ត្រូវ​ថ្នាក់​លើ​ដាក់​វិន័យ។​

សកម្មភាព​ផាក​ពិន័យ​បទ​ល្មើស​ចរាចរ​របស់​ប៉ូលិស​នៅ​ព្រឹក​ថ្ងៃទី​០១ ឧសភា ឆ្នាំ២០២០​នេះ​បន្ទាប់ពី​មាន​ការរឹតបន្តឹង​និង​តម្លៃ​ផាកពិន័យ​បាន​កើនឡើង​ តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)
សកម្មភាព​ផាក​ពិន័យ​បទ​ល្មើស​ចរាចរ​របស់​ប៉ូលិស​នៅ​ព្រឹក​ថ្ងៃទី​០១ ឧសភា ឆ្នាំ២០២០​នេះ​បន្ទាប់ពី​មាន​ការរឹតបន្តឹង​និង​តម្លៃ​ផាកពិន័យ​បាន​កើនឡើង​ តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

លោក ​ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ​ប្រាប់​VOA​ថា​លោក​ សួគ៌ ធី​ ត្រូវ​បាន​ព្យួរ​ការងារ​មួយ​រយៈ​ ដើម្បី​ទទួល​ការ​អប់រំ ​និង​ពង្រឹង​សីលធម៌​ក្នុង​ការ​បំពេញ​តួនាទី​ជា​មន្ត្រី​អនុវត្ត​ច្បាប់។

«ពាក់​ព័ន្ធ​នឹង​សីលធម៌​នេះ​សំខាន់​ណាស់។​ អ៊ីចឹង​ យើង​ឲ្យ​គាត់​សុំ​ទោស​ជា​សាធារណៈ​ទៅ​ប្រជា​ពលរដ្ឋ​ចំពោះ​ប្រជា​ពលរដ្ឋ​ទីមួយ។​ ទីពីរ​ យើង​ដក​គាត់​មក​អប់រំ​ រៀន​សូត្រ​ឡើង​វិញ​ បាទ​ មក​ដាក់​ឲ្យ​នៅ​មួយ​កន្លែង​ បញ្ឈរ​ជើង»។​

លោក​បន្ត​ថា​ មន្ត្រី​ប៉ូលិស​ចរាចរណ៍​ដទៃ​ទៀត​កំពុង​ដាក់​ឲ្យ​ទទួល​ការ​អប់រំ​ខាង​សីលធម៌​និង​កែ​លម្អ​អាកប្បករិយា​ នៅ​ពេល​ចេញ​ទៅអនុវត្ត​ច្បាប់។​

បើ​តាម​អនុក្រឹត្យ​លេខ​៣៩​របស់​ក្រសួង​មហា​ផ្ទៃ​ចុះ​ថ្ងៃ​ទី១៧ ​ខែ​មីនា អ្នក​បើកបរ​ទោចក្រ​យានយន្ត​ ត្រីចក្រ​យាន​យន្ត​ ត្រីចក្រ​យានយន្ត​សណ្តោង​រ៉ឺម៉ក ​និង​ម៉ូតូ​កង់​បួន​ ត្រូវ​បង់​ប្រាក់​ពិន័យ​ទៅ​តាម​ប្រភេទ​ល្មើស​មួយ​ចំនួន។​ ពួក​គេ​ត្រូវ​បង់​៦​ម៉ឺន​រៀល​សម្រាប់​ការ​មិន​ពាក់​មួក​សុវត្ថិភាព បង់​១០​ម៉ឺន​រៀល​សម្រាប់​ការ​មិន​គោរព​ភ្លើង ​និង​ស្លាក​សញ្ញា​ចរាចរណ៍ និង​បង់​១២​ម៉ឺន​រៀល ​បើ​យាន​ជំនិះ​របស់​ពួកគេ​គ្មាន​ស្លាក​លេខ។

ក្រៅ​ពីករណី​ឃាត់​ខ្លួន​អ្នក​បើកបរ​រ៉ឺម៉ក​ ដើម្បី​ផាក​ពិន័យ​នៅ​ខេត្ត​ស្វាយរៀង​ អ្នក​បើកបរ​ម៉ូតូ​មួយ​ចំនួន​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ​ បាន​ត្អូញ​ត្អែរ​ពី​ការ​ផាក​ពិន័យ ​ដែល​ពួក​គេ​មិន​អាច​រក​ប្រាក់​មក​បង់​ជូន​ភា្លមៗ។

អ្នក​បើកបរ​ម៉ូតូ​ចាស់ៗ​ខ្លះ​បាន​សម្រេច​លក់​ម៉ូតូ​ដែល​រង​ការ​ផាកពិន័យ​សម្រាប់​ការ​ប្រើប្រាស់​ម៉ូតូ​ដោយ​គ្មាន​ស្លាក​លេខ​និង​មិន​ដាក់​កញ្ចក់​ជាដើម។​ ចំណែក​ខ្លះ​ទៀត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស​ នៅ​ពេល​មិន​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​បង់​ការ​ផាក​ពិន័យ​ចំពោះ​ការ​បើកបរ​គ្មាន​ពាក់​មួក​សុវត្ថិភាព​ជា​ដើម។​ ករណី​ទាំង​នេះ​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ កើត​មាន​ឡើង​នៅខេត្ត​រតនគិរី និង​ខេត្ត​សៀមរាប។​

មន្ត្រី​នាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ​ឆាយ​ គឹមខឿន​ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ជឿ​សេចក្តី​រាយ​ការណ៍​ខាង​លើ​នេះ​ទេ ​ដោយ​លោក​សុំ​ពេល​សា្រវជ្រាវ​បន្ថែម។

«ខ្ញុំ​អត់​ទាន់​ទទួល​យក​១០០​ភាគ​រយ​ទេ​ ណ៎ា!​សិក្សា​សិន​ ស្រាវ​ជ្រាវ​សិន។​...វាអ៊ីចេះ​ព័ត៌មាន​បែប​នេះ​ វា​ចង់​ជា​ព័ត៌មាន​មួយ​ដែល​មាន​ការ​កេង​ចំណេញ​រឿង​ហ្នឹង​ លើ​ការ​អនុវត្ត​ច្បាប់​របស់​របស់​សមត្ថកិច្ច​»។

ទោះ​យ៉ាងណា​ លោក​បន្ត​ថា​ កាល​ពី​ថ្ងៃ​អាទិត្យ ​អគ្គ​ស្នងការ​នគរបាល​ជាតិ ​លោក​ នេត សាវឿន​ បាន​ចេញ​បញ្ជា​ថ្មី​មួយ​ឲ្យ​មាន​ការ​បង់​ថ្លៃ​ផាក​ពិន័យ​តាម​រយៈ​វិក្ក័យបត្រ​ ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខដាក់​គ្នា​រវាង​អ្នក​បើកបរ​និង​នគរបាល​ចរាចរណ៍​នៅ​កន្លែង​ត្រួត​ពិនិត្យ។

«កុំ​ឲ្យ​ថា​ ចេះ​តែ​លេច​ឮ​ថា​ អ្ហូ៎​អត់​លុយ​ប៉ូលិស​ អត់​ឲ្យ​ទៅ​អ៊ីចឹង​ណា៎។​ ឥឡូវ​ប៉ូលិស​អត់​យក​លុយ​គាត់​នៅ​កន្លែង​ត្រួត​ពិនិត្យ​ទេ។​ ត្រួត​ពិនិត្យ​គាត់​ឃើញ​កំហុស​ ណែនាំ​គាត់​ហើយ​ សរសេរ​រ៉ឺហ្សុយ​[វិក្កយបត្រ]​ឲ្យ​គាត់​យក​លុយ​ទៅ​បង់​នៅ​ប៉ុស្តិ៍​ដែល​គេ​កំណត់​តាម​ភូមិសាស្ត្រ​ជាក់​ស្តែង​ណា៎​ ព្រោះ​ជួន​កាល​កន្លែង​បង់​លុយ​អាច​នៅ​អធិការ​ខណ្ឌ​ ក្រុង​ ស្រុក​ ខណ្ឌ​ ឬ​ប៉ុស្តិ៍​នគរបាល​ដែល​នៅ​ជិត»។

សកម្មភាព​ផាក​ពិន័យ​បទ​ល្មើស​ចរាចរ​របស់​ប៉ូលិស​ នៅ​ព្រឹក​ថ្ងៃទី​០១ ឧសភា ឆ្នាំ២០២០​ ​បន្ទាប់ពី​មាន​ការរឹតបន្តឹង​និង​តម្លៃ​ផាកពិន័យ​បាន​កើនឡើង​ តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)
សកម្មភាព​ផាក​ពិន័យ​បទ​ល្មើស​ចរាចរ​របស់​ប៉ូលិស​ នៅ​ព្រឹក​ថ្ងៃទី​០១ ឧសភា ឆ្នាំ២០២០​ ​បន្ទាប់ពី​មាន​ការរឹតបន្តឹង​និង​តម្លៃ​ផាកពិន័យ​បាន​កើនឡើង​ តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ឆាយ គឹមខឿន​ ​យានយន្ត​ប្រមាណ​៨​ពាន់​គ្រឿង​ទទួល​ការ​ពិន័យ ​ក្នុង​នោះ​មាន​ម៉ូតូ​ជាង​៦​ពាន់​គ្រឿង​ និង​រថយន្ត​ជិត​២​ពាន់​គ្រឿង។​ លោក​កត់​សម្គាល់​ថា​ បទល្មើស​ភាគ​ច្រើន​គឺ​ការ​បើកបរ​ដោយ​គ្មាន​ពាក់​មួក​សុវត្ថិ​ភាព​ និង​ការ​បំពាន​ស្លាក​សញ្ញា​ចរាចរណ៍។ ​ចំពោះ​អ្នក​បើកបរ​រថយន្ត​ បទ​ល្មើស​ដែល​បង្ក​ឡើង​ច្រើន​ជាង​គេ​គឺ​មិន​ពាក់​ខ្សែ​ក្រវាត់។​ ក្រៅ​ពីនោះ គឺ​ការប្រើ​ប្រាស់​ទូរស័ព្ទ​ពេល​កំពុង​បើកបរ ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់ ​និង​ការ​ដឹក​ជញ្ជូន​លើស​ចំណុះ។ ​លោក​បន្ត​ថា ​ករណី​បើក​បរ​ក្រោម​ស្ថានភាព​ស្រវឹង បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។​

លោក​ គង់ រតនៈ​ ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ប្រាប់​VOA​ថា ​ទោះ​បី​មាន​ការ​ប្រកែក​គ្នា​រវាង​អ្នក​បើក​បរ​ និង​ប៉ូលិស​ចរាចរណ៍​នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ​លោក​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​រឹត​បន្តឹង​បន្ត​ទៀត។​ លោក​ជឿ​ថា​ជាប​ណ្តើរៗ ​អ្នក​បើកបរ​នឹង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួន​ឯង​ ព្រោះ​ពួក​គេ​មិន​ចង់​ទទួល​ការ​ផាក​ពិន័យ​ពី​ប៉ូលិស​ចរាចរណ៍​នោះ​ទេ។​

«ខ្ញុំ​លើក​ទឹក​ចិត្ត​ថា​ យើង​ធ្វើ​បន្ត​ ហើយ​ទាំង​សមត្ថ​កិច្ច​ ទាំង​ប្រជា​ពលរដ្ឋ​ត្រូវ​ចូល​រួម​ទាំង​អស់​គ្នា​ស្តាប់​គ្នា​ទៅវិញ​ទៅ​មក​ អំពី​ហេតុផល​ ពីព្រោះ​គោល​បំណង​នៃ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ គឺ​ដើម្បី​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ចរាចរណ៍​ទាំង​អស់​គ្នា​បាទ»។​

អ្នក​ជំនាញ​ខាង​ចរាចរណ៍​រូប​នេះ​បាន​ផ្តល់​ការ​កត់​សម្គាល់​អំពី​ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។​ លោក​ថា​ មាន​មនុស្ស​យ៉ាងហោច​ណាស់​៥​នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មុន​ពេល​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ​ប៉ុន្តែ​អ្នក​ស្លាប់​ថយ​មក​ត្រឹម​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។​

គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៩​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​២​ពាន់​នាក់​ ដែល​កើន​ឡើង​ជាង​២០០​នាក់ ​ឬ​ស្មើ​នឹង​ជិត​១៣​ភាគ​រយ​ បើ​ធៀប​នឹង​តួលេខ​ឆ្នាំ​២០១៨៕

XS
SM
MD
LG