ក្រោយមានការបដិសេធមិនផ្តល់សិទ្ធិនយោបាយដល់អតីតសមាជិកគណបក្សប្រឆាំងចំនួនពីររូប មន្រ្តីសិទ្ធិមនុស្សនិងអ្នកវិភាគនៅកម្ពុជា បានបង្ហាញការព្រួយបារម្ភពីលម្ហសេរីភាពនយោបាយកាន់តែរឹតត្បិត និងដំណោះស្រាយនយោបាយមិនទៅមុខ នៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានឲ្យដឹងថាក្រសួងមិនអាចអនុម័តសំណើសុំនីតិសម្បទានយោបាយឡើងវិញចំពោះលោក ជូង ជូងី អតីតសមាជិកគណបក្សសង្រ្គោះជាតិ និងជាមេធាវីការពារក្តីឲ្យសកម្មជននយោបាយគណបក្សប្រឆាំង និងលោក ញឹម គឹមញ៉ុល អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស ដោយមូលហេតុថាអ្នកទាំងពីរនៅជាប់បណ្តឹងតុលាការ។ នេះជាករណីបដិសេធការសុំសិទ្ធិនយោបាយលើកដំបូងចំពោះអតីតមន្រ្តីមកពីគណបក្សប្រឆាំង ខណៈមន្រ្តីបក្សប្រឆាំងជាង២០នាក់ក្នុងចំណោម១១៨នាក់ដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយ បានស្នើសុំសិទ្ធិនយោបាយ ហើយពួកគេត្រូវបានផ្តល់ឲ្យ ដោយមិនមានការសួរនាំ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូបានប្រាប់VOA ថាការបដិសេធមិនផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញដល់លោក ជូង ជូងី និងលោក ញឹម គឹមញ៉ុលជាការបង្ហាញទៅអតីតសមាជិកគណបក្សប្រឆាំងដទៃទៀត ដែលកំពុងរងបទចោទប្រកាន់ពីតុលាការឬជាប់ពាក់ព័ន្ធនឹងសំណុំរឿងនៅតុលាការ ថាពួកគេមិនអាចទទួលសិទ្ធិធ្វើនយោបាយបានទេ ដោយសារនៅជាប់បណ្តឹងនៅតុលាការ។ លោកបន្ថែមថាគួរមានការវែកញែកឲ្យដាច់ពីគ្នារវាងនីតិវិធីតុលាការ និងសិទ្ធិក្នុងការធ្វើនយោបាយ។
លោកថ្លែងថា៖ «អារឿងនីតិវិធីរបស់តុលាការវាជារឿងមួយ។ ប៉ុន្តែទាក់ទងនឹងសិទ្ធិធ្វើនយោបាយ វាជារឿងមួយផ្សេងគ្នា។ ប៉ុន្តែបើសិនជាគាត់ទទួលបានសិទ្ធិធ្វើនយោបាយហ្នឹងគាត់អនុវត្តខុសច្បាប់ អាហ្នឹងយើងអនុវត្តតាមវិធានការផ្លូវច្បាប់ទៅ។ ហើយបើសិនជាគាត់មានសំណុំរឿងតុលាការអាហ្នឹងអនុវត្តតាមផ្លូវតុលាការ។ អញ្ចឹងខ្ញុំគិតថាវាខុសគ្នាអញ្ចឹងណា»។
លោក អំ សំអាត ក៏បានជំរុញការសម្របសម្រួលផ្នែកនយោបាយណាមួយពាក់ព័ន្ធនឹងការផ្តល់នីតិសម្បទានយោបាយដល់អតីតមន្រ្តីនិងសកម្មជននយោបាយដែលបានបាត់បង់សិទ្ធិនយោបាយតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីបញ្ចៀសការរិះគន់ពីសាធារណជន។
ចំណែកអ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ VOA ថាសង្គមស៊ីវិលធ្លាប់សង្កេតឃើញការតាក់តែងច្បាប់ ឬចំណាត់ការតាមផ្លូវច្បាប់ត្រូវបានប្រើជាមធ្យោបាយ ដើម្បីរារាំងបុគ្គលជាសកម្មជននយោបាយក្នុងការធ្វើសកម្មភាពរបស់ពួកគេ។
អ្នកស្រីបន្ថែមថាទោះបីជាមានការដាក់ចេញជាវិធានការផ្លូវច្បាប់ដូចជាការបើកផ្លូវឲ្យមានការស្នើសុំសិទ្ធិនយោបាយមួយ ការបដិសេធនៅតែអាចមានចំពោះបុគ្គលមួយចំនួនផងដែរ ដោយសារប្រវតិ្តសកម្មភាពរបស់ពួកគេ។
អ្នកស្រីថ្លែងថា៖ «យើងឃើញថានៅក្នុងករណីចុងក្រោយនេះហាក់ដូចជាមានការកំណត់គោលដៅចំពោះបុគ្គលមួយចំនួនដែលយើងដឹងហើយកន្លងមកដូចជាករណីលោក ជូង ជូងីហ្នឹង។ លោកជាមេធាវីផងដែលតំណាងឲ្យករណីសម្រាប់សកម្មជនសិទ្ធិមនុស្ស ឬក៏តំណាងឲ្យសមាជិកគណបក្សនយោបាយមួយចំនួនដែរ។ អញ្ចឹងយើងឃើញថា ករណីគាត់កន្លងមកដូចថាគាត់ត្រូវបានទទួលបានរហ័សនាមមួយថាមេធាវីការពារក្តីមិនដែលឈ្នះហ្នឹងចា។ អញ្ចឹងជាទិដ្ឋភាពមួយដែលថាការបដិសេធហ្នឹងសកម្មភាពគាត់កន្លងមក ដែលគាត់សកម្មនៅក្នុងការការពារសិទ្ធិរបស់អ្នកពាក់ព័ន្ធទាំងអស់ហ្នឹង»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ បានថ្លែងប្រាប់ VOA ថា ការបដិសេធមិនផ្តល់សិទ្ធិនយោបាយឡើងវិញអាចធ្វើឲ្យអ្នកនយោបាយ ឬសកម្មជននយោបាយផ្សេងទៀត រារែកពីការស្នើសុំសិទ្ធិនយោបាយឡើងវិញ ឬពន្យារពេលក្នុងការស្នើសុំសិទ្ធិធ្វើនយោបាយ។ លោកបន្ថែមថាលម្ហនយោបាយនៅក្នុងប្រទេសអាចបន្តជាប់គាំងបន្ថែមទៀតប្រសិនបើនិន្នាការច្រានចោលការស្នើសុំសិទ្ធិនយោបាយ បន្តកើតមានចំពោះអ្នកនយោបាយមួយចំនួនទៀតនាពេលខាងមុខ។
លោកបញ្ជាក់ថា៖ «ចរន្តនេះប្រសិនបើតុលាការ ឬរដ្ឋាភិបាលមិនទម្លាក់បទចោទ លើកលែងឲ្យគាត់ចូលធ្វើនយោបាយវិញ បានន័យថាចរន្តនយោបាយនៅកម្ពុជាវាជាប់គាំងហើយចង់និយាយថាវាអត់មានការស្រុះស្រួលគ្នារវាងអ្នកនយោបាយនិងអ្នកនយោបាយទេ។ វាអាចជានយោបាយមួយប្រឈមមុខដាក់គ្នាហើយមិនអាចឈានទៅដល់ការត្រូវរ៉ូវគ្នានៅក្នុងរូបភាពនេះទេបាទ»។
លោក ជូង ជូងី អតីតសមាជិកគណបក្សសង្រ្គោះជាតិ បានបដិសេធសុំមិនបញ្ចេញយោបល់ពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ហើយទុកឲ្យសាធារណជនជាអ្នកវិនិច្ឆ័យលើបញ្ហានេះ។
លោកបានថ្លែងថា៖ «អត់មានអីអត្ថាធិប្បាយទេ ទុកឲ្យក្រសួងមហាផ្ទៃធ្វើសុភវិនិច្ឆ័យរបស់គេចុះ។ គេយល់ថាធ្វើយ៉ាងម៉េចត្រូវ មហាជនជាអ្នកវិនិច្ឆ័យពីលើក្រសួងមហាផ្ទៃទៅទៀត»។
លោក ជូង ជូងី បានរងបទចោទប្រកាន់ពីការបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកដោយហាមឃាត់ពលរដ្ឋមិនឲ្យចូលរួមក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៨ តាមការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស។ នេះជាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
ចំណែកលោក ញឹម គឹមញ៉ុល អតីតសមាជិកបក្សប្រឆាំងដែលជាប់បណ្តឹងរឿងគាំទ្រគម្រោងវិលចូលប្រទេសរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ ក៏បានបដិសេធមិនអត្ថាធិប្បាយនៅថ្ងៃចន្ទនេះ លើការសម្រេចរបស់ក្រសួងមហាផ្ទៃ។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ធ្លាប់ប្រាប់ VOA ថា មន្រ្តីបក្សប្រឆាំងអាចសុំសិទ្ធិធ្វើនយោបាយឡើងវិញ ប៉ុន្តែករណីអ្នកជាប់បណ្តឹងនៅតុលាការ មិនអាចទទួលបានសិទ្ធិនយោបាយទេ លុះត្រាតែមានការដោះស្រាយបណ្តឹងតាមផ្លូវតុលាការជាមុនសិន៕