ក្រុមមេដឹកនាំគណបក្សនយោបាយមួយចំនួននិយាយថាប្រសិនបើការឆ្លងជំងឺកូវីដ១៩មិនធូរស្រាល ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងធ្វើក្នុងខែមិថុនាឆ្នាំ២០២២ គួរត្រូវបានលើកពេល។
ការលើកឡើងបែបនេះបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់(គ.ជ.ប)បានសម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង ដោយលើកពីហេតុផលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ ការសម្រេចលុបចោលនេះធ្វើឡើងតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមូលហេតុជំងឺកូវីដ១៩។
ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ អះអាងថាអាយុជីវិតរបស់ប្រជាពលរដ្ឋសំខាន់ជាងការបោះឆ្នោតក្នុងពេលខាងមុខ ក្នុងករណីដែលការឆ្លងរាលដាលជំងឺកូវីដ១៩មិនថមថយ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំជាប្រធានគណបក្សយុវជននិងគណបក្សយុវជនកម្ពុជាទាំងមូលអត់ទោមនស្សរឿងលើកពេលឬអត់ដោយសារតែគណបក្សមិនទាន់ត្រៀមខ្លួនរួចជាស្រេចនោះឡើយ។ផ្ទុយទៅវិញគឺយើងទោមនស្សទៅលើតើការឆ្លងរីករាលដាលជំងឺកូវីដ១៩វាថមថយឬអត់ បើវាមិនថមថយវាមិនស្រាកស្រាន្តទេគួរលើកពេល។ តែបើសិនជាយើងអាចគ្រប់គ្រងការរីករាលដាលបានជំងឺកូវីដនៅកម្ពុជាថមថយអាហ្នឹងមិនបាច់លើកពេលទេ។យើងគួរតែធ្វើតាមច្បាប់និងតាមទម្លាប់ដូចការបោះឆ្នោតកន្លងទៅ»។
លោកបន្ថែមថាទោះមិនមានការពន្យារពេលបោះឆ្នោត គណបក្សរបស់លោកបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមការបោះឆ្នោត។
ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន ដែលទើបទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ឲ្យដំណើរការគណបក្សនយោបាយថ្មីមួយឈ្មោះ«គណបក្សកែទម្រង់កម្ពុជា» ប្រាប់វីអូអេថាពលរដ្ឋទាំងអស់នឹងមិនអាចបង្ហាញឆន្ទៈរបស់ពួកគេដើម្បីជ្រើសរើសគណបក្សនយោបាយក្នុងបរិយាកាសដែលជំងឺកូវីដ១៩បន្តវាយប្រហារប្រទេសកម្ពុជា។
សម្រាប់ការចាប់ផ្តើមគណបក្សនយោបាយថ្មី ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមតំណែងមេឃុំចៅសង្កាត់និងសមាជិកក្រុមប្រឹក្សានៅតាមឃុំសង្កាត់ទូទាំងប្រទេសសរុបចំនួន១.៦៤៦ឃុំសង្កាត់ ការពន្យារពេលការបោះឆ្នោត ក៏ជាការពិចារណាមួយដែរ។ នេះបើតាមបញ្ជាក់របស់លោកអ៊ូ ច័ន្ទរ័ត្ន។
លោកបញ្ជាក់ថា៖ «គ្រាន់តែថាបើពន្យារពេលគណបក្សប្រឆាំងដែលរៀបចំថ្មីអីហ្នឹងមានឱកាសអាចនឹងត្រៀមខ្លួនបានច្រើនគ្រាន់តែថាវាខាតពេល បណ្តោយឲ្យគណបក្សកាន់អំណាចហ្នឹងកាន់បន្តទៀតប៉ុណ្ណឹងទេយូរប៉ុណ្ណឹងទេ»។
លោកបន្ថែមថា៖ «ប៉ុន្តែសម្រាប់ខ្ញុំខ្ញុំមើលឃើញថាបើសិនជាកូវីដហ្នឹងនៅតែជាឧបសគ្គការពន្យារពេលវាប្រហែលជាមានភាពប្រសើរជាជាងមិនពន្យារពេលនោះដោយសារយើងគិតថាប្រជាពលរដ្ឋលោកអាចនឹងបញ្ចេញនូវឆន្ទៈរបស់លោកបានក្នុងស្ថានភាពដែលកូវីដហ្នឹងវាថមថយ»។
គេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើនឹងមានគណបក្សនយោបាយណាមួយដែលត្រូវបានមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ឬលោកកឹម សុខា ផ្តល់សេចក្តីទុកចិត្ត និងប្រកាសឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សនោះនៅឡើយទេ។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងថាបើសិនជាស្ថានការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ១៩អាចគ្រប់គ្រងបាននោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មិនគួរត្រូវបានពន្យារពេលនោះទេ។
លោកបញ្ជាក់ទៀតថាគណបក្សរបស់លោកបានត្រៀមរួចរាល់ហើយសម្រាប់ការចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខ។ លោកបានអធិប្បាយតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា៖ «GDP[គណបក្សប្រជាធិបតេយ្យមូលដ្ឋាន]ត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២។ខ្ញុំគិតថាស្ថានការណ៍កូវីដ១៩នឹងបានស្រាកស្រាន្តនៅឆ្នាំ២០២២ ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងដំណើរការបានល្អហើយគ.ជ.បអាចនឹងរៀបចំការបោះឆ្នោតដូចការគ្រោងទុក»។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូយល់ឃើញស្រដៀងគ្នានឹងប្រធានគណបក្សយុវជនកម្ពុជាចំពោះការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋដែលសំខាន់ជាងការដាក់ឲ្យដំណើរការបោះឆ្នោតនៅពេលខាងមុខប្រសិនបើស្ថានការណ៍ការឆ្លងរាតត្បាតជំងឺកូវីដ១៩មិនថមថយនោះ។
លោក ម៉ម សូណង់ដូ បញ្ជាក់ថា៖ «ពូអត់គិតរឿងនយោបាយទេពូគិតរឿងបច្ចេកទេសហើយអាចគ្រោះថ្នាក់ដល់ជីវិតរបស់មនុស្ស។ ពូអត់យកនយោបាយមកនិយាយទេហើយបើសិនជាអ្នកណាគិតនយោបាយក៏គិតទៅ។ ប៉ុន្តែពូគិតឃើញថាសមស្របអ្វីដែលកូវីដវាមិនទាន់ធ្លាក់ចុះហើយវាកាន់តែមានឡើងមានឡើងគួរតែគិតទៅដល់ជីវិតរបស់ប្រជាពលរដ្ឋច្រើនជាងការបោះឆ្នោតពូយល់ឃើញអីចឹងហើយបើអ្នកណាគេគិតយ៉ាងម៉េចជារឿងរបស់គេហើយជាពិសេសយើងមិនត្រូវយកនយោបាយមកនិយាយដែលអាចគ្រោះថ្នាក់ជីវិតរបស់ប្រជាពលរដ្ឋ។ យើងមិនគួរយកពាក្យនយោបាយយកមកឡូកឡំជាមួយទេ»។
អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់វីអូអេថាបើសិនជារដ្ឋាភិបាលកម្ពុជាមិនបើកលម្ហសេរីភាពក្នុងការធ្វើនយោបាយដល់អ្នកដែលមាននិន្នាការនយោបាយផ្សេងគ្នានោះទេ ការបោះឆ្នោតនៅពេលខាងមុខនឹងមិនអាចយកជាការបានទេ។
អ្នកស្រីមូរ សុខហួរ បញ្ជាក់ថា៖ «បើសិនជាអត់មានការគោរពសិទ្ធិមនុស្សដូចជាសព្វថ្ងៃនេះការគោរពឲ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិមានសិទ្ធិទទួលបានព័ត៌មានមានសិទ្ធិចូលនយោបាយដោយអត់មានការគំរាមកំហែងនោះយើងឈានទៅការបោះឆ្នោតក៏អត់បំពេញលក្ខណៈគ្រប់គ្រាន់ដើម្បីឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ដែរ»។
អ្នកស្រីក៏បង្ហាញការបារម្ភចំពោះឯករាជ្យភាពរបស់ស្ថាប័នរៀបចំការបោះឆ្នោតជាតិដែលអ្នកស្រីអះអាងថាកំពុងស្ថិតក្រោមការគ្រប់គ្រងដោយគណបក្សកាន់អំណាច ដោយសារសមាជិកច្រើនលើសលប់មានអតីតភាពជាមួយគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសានអះអាងថារដ្ឋាភិបាលនឹងមិនបំពានរដ្ឋធម្មនុញ្ញដោយលើកពេលការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នោះទេ។ លោកមានប្រសាសន៍ថាការពន្យារពេលអាចធ្វើទៅបានលុះត្រាតែមានករណី«ប្រធានស័ក្តិ»ធ្ងន់ធ្ងរណាមួយ ឬហេតុការណ៍ណាមួយដែលកើតឡើងហើយមិនអាចឃាត់ឃាំងបាន។
ប៉ុន្តែលោកជឿថារដ្ឋាភិបាលទោះក្នុងស្ថានភាពណាក៏ដោយក៏មិនអាចលើកពេលការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២បានដែរហើយថាគណបក្សកាន់អំណាចស្វាគមន៍ការចូលរួមរបស់គណបក្សនយោបាយផ្សេងទៀត។
លោក សុខ ឥសាន ថ្លែងថា៖ «ខ្ញុំយល់ថាគណបក្សនយោបាយដែលបង្កើតហើយប្រកួតប្រជែងនោះសុទ្ធតែមានក្តីសង្ឃឹមរបស់ខ្លួនរៀងៗខ្លួនហើយ...ទោះបីតូចទើបនឹងកើតថ្មីក៏ដោយក៏មានសង្ឃឹមដែរបានគេដាក់ពាក្យប្រឡងប្រកួតប្រជែង។ មិនមែនថាគ្រាន់តែថាទើបតែបង្កើតថ្មីឬមួយមានសមាជិកតិចហើយយើងអសកម្មអាហ្នឹងមិនកើតទេ។ ជំហរអ្នកនយោបាយហ្នឹងវាមិនស្លុយទេ»។
គ.ជ.បគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ទៅតាមការកំណត់របស់រដ្ឋាភិបាល។ នេះជាការបញ្ជាក់ឲ្យដឹងរបស់លោកសោម សូរីដាអគ្គលេខាធិការរងរបស់ស្ថាប័នរៀបចំការបោះឆ្នោត។
លោកថ្លែងថា៖ «កន្លែងនេះចង់ជម្រាបក្មួយដែរថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២នេះគឺត្រូវបានកំណត់កាលបរិច្ឆេទហើយគឺនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ អីចឹងគ.ជ.បគោរពអនុវត្តទៅតាមច្បាប់ហើយច្បាប់កំណត់ថាកាលបរិច្ឆេទនៃការបោះឆ្នោតហ្នឹងគឺកំណត់ដោយ នាយករដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋមន្ត្រីមហាផ្ទៃ។ អីចឹងកាលបរិច្ឆេទកំណត់រួចហើយគ.ជ.បបច្ចុប្បន្នកំពុងត្រៀមឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២២»។
លោកបន្តថាគ.ជ.បក៏កំពុងរៀបចំពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតមួយសម្រាប់ការបោះឆ្នោតឆ្នាំ២០២២។ លោកបញ្ជាក់ថាការសម្រេចលើកពេលដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ឬយ៉ាងណានោះ គឺអាស្រ័យលើរដ្ឋាភិបាល។
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថាខុមហ្វ្រែលលោកកន សាវាង្ស សង្ឃឹមថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាចដំណើរការជាប្រក្រតីបើមើលទៅលើកម្រិតនៃការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលបន្តកើនឡើងនិងបទពិសោធន៍នៃមន្ត្រីរៀបចំការបោះឆ្នោតដែលបានសង្កេតដំណើរការបោះឆ្នោតក្នុងប្រទេសផ្សេងទៀតតាមប្រព័ន្ធអនឡាញនៅគ្រាមានការឆ្លងរាតត្បាតជំងឺកូវីដ១៩។
ទាក់ទិនដំណើរការរបស់គណបក្សនយោបាយក្នុងការចូលរួមការបោះឆ្នោតថ្នាក់មូលដ្ឋាននេះអ្នកជំនាញខាងការបោះឆ្នោតរូបនេះយល់ឃើញថាគណបក្សកាន់អំណាចគួរផ្តល់ការសម្របសម្រួលខាងនយោបាយឲ្យអតីតគណបក្សសង្គ្រោះជាតិបានចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២ដើម្បីបង្ហាញនូវបរិយាកាសសេរីនៃការបោះឆ្នោតនៅកម្ពុជា៕